តើអ្វីជាគោល​ប្រយោជន៍​៧​យ៉ាង​សម្រាប់​ជំនួញ​?

យោងតាមសៀវភៅ​រៀន​ធ្វើ​ជំនួញ​ គ្រឿង​ពន្យល់​ឲ្យទិញ​ថោក​ លក់​បាន​ដាច់​ មាន​របៀប​នាំ​មនុស្ស​ឲ្យ​ចូល​ទិញ​ច្រើន និពន្ធ​ដោយ​ លោកគ្រូ ស៊ីវ ប៉ាវ បោះ​ពុម្ព​ ឆ្នាំ​១៩៤២​ បានលើក​ឡើង​គោល​ប្រយោជន៍​៧​យ៉ាង​សម្រាប់​ជំនួញ​មានដូចជា៖

១. សំដី និង​ភាសា

២. អក្សរ​ និង​លេខ

៣. សេព​មិត្ត ​និង​ស៊ើប​សួរ

៤. ផ្សាយ​ដំណឹង​ និង​តែង​ពាក្យ

៥. ស្គាល់​យើង​ ស្គាល់​គេ

៦. អត់​ធន់​ និង​ព្យាយាម

៧. បាន​ប្រាក់​រក្សា​ឲ្យគង់

សំដី និង​ភាសា

អ្នក​ខ្លះ​មាន​សំដី​ពីរោះ​ពី​កំណើត​ អ្នកខ្លះ​ទៀត​មិន​មាន​សំដី​ពីរោះ​ពី​កំណើត​ទេ​តែ​គេ​រៀន​ហាត់​ឲ​បាន​ពីរោះ​ យក​មក​ប្រើ​ការ​ឲ​កើត​ប្រយោជន៍​ក្នុង​ជំនួញ។ សំដីនេះ​សំខាន់​ណាស់ សូម្បី​អ្នក​មាន​វិជ្ជា​ខ្ពស់​យ៉ាង​ណា​ក៏​ដោយ បើ​អន់​សំដីហើយ​ក៏​នៅ​តែ​ខាត​លាភ​ខាត​ប្រយោជន៍។ អ្នក​ជំនួញ​បើ​អន់​សំដី​ហើយ​ ធ្វើ​ម្តេច​នឹង​ចម្រើន​បាន។ អ្នក​មាន​សំដី​ពីរោះ​ក្បោះ​ក្បាយ​ គេ​បាន​ស្តាប់​សេចក្តី​ត្រូវ​ទំនង។​ ធ្វើ​ការជំនួញ ប្រៀប​ដូច​ជា​ពន្លឺ​ភ្លើង​ម៉ាំង​សុង​ ឬ​ពន្លឺ​អគ្គិសនី​អញ្ជឹង​។ អ្នក​មាន​សំដី​មិន​ពីរោះ​ក៏​ប្រើ​ការ​ក្នុង​ជំនួញ​បាន​ដែរ ប៉ុន្តែ​មិន​ពេញ​លេញ​ ប្រៀប​ដូច​ជា​ប្រទីប​អុជ​ដោយ​ចង្កៀង​ខ្លាញ់​ត្រី ឬ​ប្រេង​ដូង ក៏​តែ​បាន​ភ្លឺ​ប៉ុន្តែ​មិន​ច្បាស់។ ការ​ធ្វើ​ជំនួញ​ទាល់​តែ​សំដីពីរោះ​ហើយ​ត្រូវ​ទំនង​ទៀត ទើប​បាន​ចម្រើន។ មនុស្ស​មាន​ច្រើន​ជំពូក​ណាស់​ ចេះ​សំដីពីរោះ​ហើយ​ ប៉ុន្តែ​ប្រើ​សំដីខុស​ទំនង​ ក៏​នាំឲ​ខាត​ប្រយោជន៍​ខ្លួន​ទទេ។ ខ្លះ​និយាយ​ហើយ​ស្តាប់​សំដីខ្លួន​ឯង​មិនទាំ​ង​យល់​ផង។ ពាក្យ​បូរាណ​លោក​ថា សំដី​ជា​ឯក លេខ​ជា​ទោ​។ ពិត​មែន​ណាស់ សំដី​ជា​គំនរ​សម្បត្តិ​របស់​អ្នក​ជំនួញ ប៉ុន្តែ​បើ​ប្រើ​ឲ​ខុស​ទំនង​វា​ទៅ​ជា​ឥត​ប្រយោជន៍​ នាំ​ឲ​អ្នក​ស្តាប់​ធុញ​ទ្រាន់​ក៏​សឹង​មាន។

ហេតុ​នេះ​អ្នក​លក់​ដូរ​ក្នុង​ហាង​ធំ​ក្តី​តូច​ក្តី ត្រូវ​ឲ​ចេះ​រៀប​រយ​សំដី និង​ចេះ​ធ្វើ​ទឹក​មុខ​ស្រស់​ស្រាយ​ផង សូម្បី​យើង​កំពុង​ខឹង​នឹង​គ្នា​ឯង​ក្នុង​ផ្ទះ​ក៏ដោយ តែ​ពេល​ណា​មាន​ភ្ញៀវ​មក​ដល់ ត្រូវ​ប្រើ​ទឹក​មុខ​ស្រស់​ស្រាយ​ភ្លាម។ ធ្វើ​ដូច្នេះ​ទើប​ ត្រូវ​តាម​គន្លង​ច្បាប់​ជំនួញ​ ព្រោះ​ថា​មាន​មនុស្ស​ភាគច្រើន​ចូល​ទៅ​ក្នុង​ហាង​លក់​ដូរ ហើយ​ឃើញ​ម្ចាស់​ហាង​មុខ​ក្រញ៉ូវ​មិន​អើ​ពើ មិន​រាក់​ទាក់​សួរ​នាំ​ទេ គេ​ក៏​មិន​សួរ​យើង​ដែរ ព្រោះ​គេ​យល់​ថា​យើង​ជា​មនុស្ស​ក្រអឺត​ក្រ​អោង​ឆ្មើងឆ្មៃ។ ដោយ​ឡែក​ យើង​ក៏​ត្រូវ​ចេះ​សំគាល់​មនុស្ស​ដែរ តើ​គេ​ចូលហាង​យើង​គ្រាន់​តែ​ដើរមើល​ព្រោះ​ប្លែក​ភ្នែក​ ឬ​ចូល​មក​មាន​បំណង​ទិញ។ បើគ្រាន់​តែ​មើល​លេង​ទេ យើង​មិន​បាច់​ដើរ​តាម​ទេ គ្រាន់​តែ​ក្រឡេក​មើល​មួយ​ភ្លែត​ៗ​បាន​ហើយ ក្រែង​លោ​គេ​ទាក់​ចិត្ត​ហើយ​គេ​សួរ​យើង​ យើង​ត្រូ​វស្ទុះ​ទៅ​ប្រាប់​ឲ​រួស​រាន់ បើ​ទំនង​ជា​គេ​ចង់​បាន​ តោង​យក​វត្ថុ​នោះ​មក​បង្ហាញ​គេ​ភ្លាម​។​ តើត្រូវ​សំគាល់​ដូច​ម្តេច​ថា​គេ​ចូល​មក​ចង់​ទិញ? ពិត​មែន​តែ​ចិត្ត​មនុស្ស​គ្មាន​រូប​រាង​ពិបាក​មើល​ឃើញ ប៉ុន្តែ​គេ​មើល​ដឹង​ថា​​មនុស្សនោះ​មាន​បំណង ព្រោះអ្នក​នោះ​​ដើរ​សំដៅ​មក​តែ​ម្តង​ ចូល​ដល់​ក្នុង​ផ្ទះ​ទើប​រក​មើល​ មនុស្ស​បែប​នេះ​យើង​ត្រូវ​រាក់​ទាក់​ហើយ​នៅ​ឈរ​ជិតៗ។​ មនុស្ស​មួយ​បែប​ទៀត គេ​ដើរ​មើល​នាយ​មើល​អាយ​រៀង​ៗ​មក មនុស្ស​បែប​នេះ​គឺ​គ្មាន​បំណង​ទេ យើង​មិន​បាច់​សួរ​ក៏​បាន​ ប៉ុន្តែ​មិន​ត្រូវ​អង្គុយ​ជជែក​គ្នា​លេង​បែប​ហី​នោះ​ក៏​មិន​កើត​ដែរ។ អ្នក​រក​ទទួល​ទាន​ធំ​បំផុត​គឺ​សំដី ពី​ព្រោះ​សំដីធ្វើ​ឲ​មនុស្ស​ជាប់​ចិត្ត​ ជ្រះ​ថ្លា​រីក​ថ្លើម​រីក​ប្រម៉ាត់។ បើ​អ្នក​ទិញ​ព្រម​ទិញ​យើង​ហើយ ត្រូវ​យក​របស់​នោះ​ខ្ចប់​រុំ​ឲ​ល្អ ប្រយ័ត្ន​ក្រែង​វា​ខ្ចាត់​ខ្ចាយ​តាម​ផ្លូវ​ នំា​ឲ​លំបាក​អ្នក​ទិញ​គេ​អាក់​អន់​ចិត្ត​ជា​ខាង​ក្រោយ។ ពេល​គេ​បង់​ប្រាក់​ឲ​ ត្រូវ​ទទួល​ដោយ​ទឹក​មុខ​ញញឹម​បែប​ត្រេក​អរ​ ហើយ​ឱនក្បាល​បន្តិច​ចេញ​ពាក្យ​ថា​អរគុណ។

អ្នក​ជំនួញ​មិនត្រូវ​ប្រកាន់​ឫក​ចេញ​សំដី​កិរិយា​ថា​ អញ​ជា​អ្នក​មាន​ទ្រព្យ ជា​អ្នក​មាន​វង្ស​ត្រកូល រួច​មើល​ងាយ​អ្នក​ដទៃ​ថា​ថោក​ទាប​នោះ​ឡើយ។ អ្នក​ជំនួញ​ គឺពេល​ដែល​ឈរ​លក់​របស់ គួរ​ចេញ​កិរិយា​រាក់​ទាក់​តាម​អាធ្យាស្រ័យ​របស់​មហា​ជន​ដែល​មក​ទិញ​ យើង​ត្រូវ​មាន​ពាក្យ​ឱន​លំទាន​ពីរោះ។ ប្រសិន​បើ​ជា​យើង​មាន​​គ្រោះ​ថ្នាក់ ឬ​សត្រូវ​មក​បៀត​បៀន បើ​មាន​សំដី​ល្អ​គង់​តែ​ចៀស​វាង​ពី​សត្រូវ​បាន (មនុស្ស​ម្យ៉ាង​បើ​យើង​ចេញ​​សំដី​ទន់​ភ្លន់​យ៉ាង​នេះ​ហើយ ហើយ​ត្រឡប់​ជា​មើល​ងាយ​យើង​វិញ​មនុស្ស​បែប​នេះ​មានតិច​ណាស់)។ សំដី​ និង​ភាសា​នេះ​នាំ​មក​ឲ​ចម្រើន​គ្រប់​យ៉ាង​មិនមែន​ចម្រើន​ចំពោះ​តែ​ការ​ ជំនួញ​នោះ​ទេ សូម្បី​ឈ្មោះ​យើង​ក៏​ល្អ​ដែរ​។

អ្នក​ដែល​ក្រី​ក្រ​ធ្វើ​ជំនួញ​ដោយ​ដើម​ទុន​តិច​តួច​ បើ​មាន​សំដី​ពីរោះ ​និងចេះ​ភាសា​ច្រើន​សាសន៍ នេះហើយ​ជាយាន​ជំនិះ​របស់​អ្នក​ជំនួញ អាច​នឹង​នាំ​អ្នក​ជំនួញ​នោះ​ឲ្យឆ្លង​ដល់​ត្រើយ​ដូច​សេចក្តីប្រាថ្នា។ សំដី​នេះ​ជាឯក​ពិត​ណាស់ សំដី​ពីរោះ​ជាទី​គាប់​ចិត្ត​មនុស្ស មនុស្ស​ណា​បាន​ស្តាប់​ហើយ​ មនុស្ស​នោះ គង់​ជាប់​ចិត្ត​នឹង​សំដី​នោះ​ពុំ​ខាន ទុក​ជារបស់​ដែល​ទិញ​នោះ មិន​ទាន់​បាន​បរិភោគ​ក៏​ដោយ​ ក៏​វា​ឆ្ងាញ់​ត្រង់​សំដី​នោះ​ជាមុន​រួច​ទៅ​ហើយ។ បើ​អ្នក​លក់​មាន​សំដីពីរោះ ឧស្សាហ៍និយាយ​ចេះទាំង​ភាសា​ច្រើន​សាសន៍​ថែម​ទៀត ជាការ​មាន​ប្រយោជន៍​ណាស់។ ប្រៀប​ដូច​ជា​កូន​ក្រមុំ​មាន​រូប​ល្អ​ ទាំង​ប្រដាប់​តុប​តែង​រាង​កាយ​ក៏​សមរម្យ​ គឺ​អាវ​ សំពត់ មាស​ ពេជ្រ​ ហើយ​បើ​នាង​នោះ​ចេះ​ទាំង​ភាសា​ដទៃ​ថែម​ទៀត ជា​ការសំខាន់បំផុត ជាហេតុ​នាំ​ឲ​អ្នក​ទិញជាប់​ចិត្ត។ ជាតិ​ខ្មែរ​យើង​គួរ​ណាស់​យក​ចិត្ត​ទុក​ដាក់​រៀន​ភាសា​ជាតិ​ដទៃ​ក្នុង​ប្រទេស​យើង​។ ប្រសិន​បើ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ហើយ​ចេះ​ភាសា​ក៏​ច្រើន​សាសន៍​ នោះ​រឹត​តែ​នាំឲ​មាន​ប្រយោជន៍​ណាស់​ទៅ​ទៀត​។

សូមមេត្តារង់ចាំតាមដានអំពីចំណុច អក្សរ​ និង​លេខ ដែលនឹងចុះផ្សាយជូននៅអត្ថបទបន្ទាប់…

Leave a Reply

Your email address will not be published. Required fields are marked *