បច្ចេកទេសចំនួន ៧ ដើម្បីបង្កើតទំនុកចិត្តក្នុងមុខជំនួញ
អង្គភាព ឬស្ថាប័នមួយដែលមានទំនាក់ទំនងល្អជាមួយអតិថិជន គឺមានភាគរយទទួលបានជោគជ័យខ្ពស់។ គេអាចកាត់បន្ថយការចំណាយលើការផ្សព្វផ្សាយស្ទើរតែមិនបាច់ខំប្រឹងបូរបាច់បញ្ចុះបញ្ចូលឲ្យគេមកគាំទ្រខ្លួនក៏ថាបាន។ អ្នកត្រូវតែធ្វើឲ្យបានល្អបំផុតនូវការងារទាំងឡាយដែលដើម្បីទទួលបានទំនុកចិត្តពីអតិថិជន តែនៅក្នុងរង្វង់ចក្ខុវិស័យរបស់ស្ថាប័ន។ តើធ្វើយ៉ាងណាទើបអាចកសាងទំនុកចិត្តជាមួយអតិថិជនបាន?
ការធ្វើឲ្យអតិថិជន និងបុគ្គលិកទុកចិត្តអ្នក អាចជារឿងពិបាកនឹងធ្វើ ប៉ុន្តែវាជាកត្តាដ៏ចាំបាច់ដើម្បីជោគជ័យ អាចនឹងសំខាន់ជាងការលក់ទៅទៀត។ ប្រសិនបើអ្នកមានមនុស្សផ្សេងទុកចិត្តអ្នក មុខជំនួញរបស់អ្នកនឹងលូតលាស់លឿន ហើយអាចផ្ដល់សេវាកម្មយ៉ាងល្អដល់អ្នកគ្រប់គ្នា។ ប៉ុន្តែការទុកចិត្តគឺផុយស្រួលណាស់។ ប្រសិនបើអ្នកធ្វើអោយបាត់បង់វាហើយ វាពិបាកនឹងកសាងឡើងវិញ ឬមិនអាចកសាងឡើងវិញ។
ទោះជាយ៉ាងណាអ្នកជំនាញបានរកឃើញទិចនិកចំនួន ៧ ដើម្បីបង្កើតទំនុកចិត្តនៅក្នុងបរិយកាសមុខជំនួញ។ សកម្មភាពទាំងនេះសាងទំនុកចិត្តតាមរយៈការឆ្លើយឆ្លង តាំងចិត្ត និងសមត្ថភាព។
១. និយាយការពិត
សូមកុំគិតថាមនុស្សមួយចំនួនមិនអាចស្វែងរកការពិតឃើញ។ សូមស្មោះត្រង់ចំពោះអតិថិជន និងនិយោជិតឲ្យដូចដែលអ្នករំពឹងការស្មោះត្រង់ពីពួកគេដែរ។ ប្រសិនបើអ្នកត្រូវបានគេចាប់បានពីការកុហកណាមួយ អ្នកនឹងមិនត្រូវបាននរណាម្នាក់ទុកចិត្តទេ។
២. លើកបញ្ហាមកនិយាយដោយចំៗ
បញ្ហានៅក្នុងទំនាក់ទំនង គឺជារឿងជៀសមិនផុត។ វិធីដែលអ្នកដោះស្រាយជាមួយបញ្ហាទាំងនោះ គឺជាអ្វីដែលបង្កើតការទុកចិត្ត និងភាពស្មោះត្រង់។ នៅក្នុងមុខជំនួញ ការដាច់ទំនាក់ទំនង គឺជាបញ្ហាដែលងាយនឹងប្រឈម។
ទំនុកចិត្តរបស់អតិថិជន ចាប់ផ្ដើមកើតមានពីការទាក់ទងលើកទីមួយរហូតដល់ការបញ្ជូនសេវាកម្ម ការអនុវត្ត ការយកចិត្តទុកដាក់ និងជួយ។ នៅគ្រប់ដំណាក់កាលទាំងអស់ អ្នកសុទ្ធតែអាចបំផ្លាញ និងពង្រឹងទំនុកចិត្តអតិថិជនបាន។
ប្រសិនបើអ្នកចង់អោយមនុស្សទុកចិត្តអ្នក អ្នកត្រូវតែយកចិត្តទុកដាក់។ សូមដោះស្រាយបញ្ហាដែលត្រូវបានលើកឡើងឲ្យបានលឿន។ សូមចែករំលែកព័ត៌មាន។ សូមដោះស្រាយទំនាស់ឲ្យបានលឿន។
៣. បង្ហាញថាអ្នកទុកចិត្តអ្នកដទៃ
វិធីមួយដើម្បីធ្វើរឿងនេះបានគឺធ្វើជាមនុស្សមានទឹកចិត្តល្អ និងចេះលើកលែងទោស នៅពេលនរណាម្នាក់ធ្វើអោយមានកំហុស ឬធ្វើអោយអ្នកខកចិត្ត។
៤. បង្កើតទំនាក់ទំនងដែលមានប្រយោជន៍ដល់ភាគីទាំងសងខាង
អតិថិជន អ្នករួមការងារ និយោជិត ទាំងអស់គ្នាសុទ្ធតែចង់ជឿជាក់ថាពួកគេបានសម្រេចចិត្តត្រូវដែលរួមការងារជាមួយអ្នក។ អតិថិជនគួរតែស្គាល់ពីគុណតម្លៃនៃផលិតផល និងសេវាកម្មដែលអ្នកផ្ដល់អោយពួកគេ។ ដូចគ្នានេះដែរ បុគ្គលិកគួរតែមានអារម្មណ៍ល្អពីការធ្វើជាម្ចាស់។
៥. ចេះបត់បែន និងអត់ធ្មត់
អ្នកត្រូវចាំថា ការទុកចិត្តត្រូវការពេលវេលាដើម្បីបង្កើត ជាពិសេសពេលដែលអ្នកជួបមនុស្សដែលមិនងាយនឹងជឿទុកចិត្តនរណាម្នាក់នៅក្នុងជីវិតពួកគេ ឬធ្លាប់ជួបរឿងខកចិត្តពាក់ព័ន្ធនឹងទំនុកចិត្ត។ អ្នកត្រូវចេះសម្លឹងមើលពីចំណុចវិជ្ជមាន និងអវិជ្ជមាន ស្វែងយល់ពីឱកាស និងចេះអត់ធ្មត់ ដើម្បីបង្កើតទំនុកចិត្តរវាងមនុស្សដែលមានបទពិសោធន៍មិនល្អនៅក្នុងរឿងនេះ។
៦. គោរពពេលវេលារបស់ពួកគេ
ដើម្បីទទួលបានការទុកចិត្ត អ្នកត្រូវតែដឹងអោយច្បាស់ពីពេលវេលារបស់អ្នកដទៃ កាលវិភាគ និងតម្រូវការ។ មានន័យថាអ្នកត្រូវ៖
- ខលទៅវិញភ្លាមៗប្រសិនបើអ្នកខកខានមិនបានលើក
- ឆ្លើយអ៊ីមែលភ្លាមៗ និងឆ្លើយតបទៅគ្រប់ចំណុចដែលត្រូវបានលើកឡើង
- ទៅអោយទាន់ពេលណាត់ជួប
៧. ផ្ដល់ជូននូវអ្វីដែលគេនឹកស្មានមិនដល់
វិធីដល់ល្អបំផុតដើម្បីបង្កើតទំនុកចិត្ត គឺធ្វើអោយអតិថិជនភ្ញាក់ផ្អើល និងសប្បាយចិត្ត។ សូមផ្ដល់ឲ្យពួកគេនូវអ្វីដែលពួកគេស្នើ ប៉ុន្តែពីលើនោះអ្នកត្រូវផ្ដល់សេវាបន្ថែមដល់ពួកគេ ពេលវេលាច្រើន ភាពងាយស្រួល និងអ្វីដែលកាន់តែទាក់ចិត្ត។ សូមផ្ដល់ជូននូវអ្វីដែលពួកគេមិនរំពឹងថាទទួលបាន ព្រោះវានឹងធ្វើឲ្យពួកគេកាន់តែទុកចិត្ត។