មុខងារនៃការធ្វើទីផ្សារចំនួន ៧ សម្រាប់អាជីវកម្មរបស់អ្នក

ការធ្វើទីផ្សារ គឺជាដំណើរការនៃការកំណត់យកគោលដៅ ការចូលរួម ការបង្កើតថ្មី និងការបំពេញតម្រូវការរបស់អតិថិជន និងតម្រូវការនៃផលិតផល ឬ/និងសេវាកម្មផ្សេងៗ។ បន្ថែមលើសពីនេះការធ្វើទីផ្សារ រួមមានដូចជាការសិក្សាអំពីទីផ្សារ (Market Research) ការកំណត់នូវអតិថិជនគោលដៅ (Target Audience) ការផ្សព្វផ្សាយពាណិជ្ជកម្ម ការសិក្សាស្វែងយល់អំពីឥរិយាបថនៃការទិញរបស់អតិថិជន ក៏ដូចជាការវិភាគទៅលើការធ្វើយុទ្ធនាការទីផ្សារទាំងមូលឲ្យបានល្អិតល្អន់ ដើម្បីតាមដាន និងស្វែងរក ក៏ដូចជាពង្រឹងបន្ថែមនូវចំណុចខ្វះខាតដែលមានក្នុងគោលបំណងធ្វើយ៉ាងណាឲ្យលោកអ្នកអាចបំពេញនូវតម្រូវការរបស់អតិថិជនឲ្យបានកាន់ល្អប្រសើរជាងមុន។

មុខងារធំៗនៃការធ្វើទីផ្សាររួមមាន៖

  • ការវិភាគលើអតិថិជន
  • ការលក់ផលិតផល និងសេវាកម្ម
  • ការរៀបគម្រោងផលិតផលិតផល និងសេវាកម្ម
  • ការកំណត់ថ្លៃ
  • ការចែកចាយផលិតផល ឬសេវាកម្ម
  • ការស្រាវជ្រាវយុទ្ធសាស្ត្រទីផ្សារ
  • ការវិភាគថ្លៃចំណាយ និងការចំណេញមកវិញ

១. ការវិភាគលើអតិថិជន

ជំហានដំបូងមុនពេលកំណត់យកយុទ្ធសាស្ត្រទីផ្សារណាមួយ យើងត្រូវស្គាល់ថាអតិថិជនគោលដៅរបស់យើងជានរណាឲ្យបានច្បាស់សិន។ ការវិភាគលើអតិថិជន គឺជាការស្វែងរក និងការវាយតម្លៃលើតម្រូវការ, ចំណង់ចំណូលចិត្ត និងការចង់បានរបស់អ្នកប្រើប្រាស់ផលិតផល ឬសវាកម្មរបស់អ្នក។ ដើម្បីកំណត់យកអតិថិជនគោលដៅបានច្បាស់ ត្រូវឆ្លងកាត់តិចនិកច្បាស់លាស់ ពោលគឺមិនមែនគ្រាន់តែស្មានយកនោះឡើយ។ ដើម្បីអាចស្គាល់អតិថិជនបានច្បាស់ អ្នកអាចធ្វើតាមវិធីស្ទង់មតិ, ការវិភាគព័ត៌មានមួយចំនួនរបស់អតិថិជន, ការវាយតម្លៃយុទ្ធសាស្ត្រ(របស់អ្នក)នៅក្នុងទីផ្សារ, ការអភិវឌ្ឍព័ត៌មានរបស់អតិថិជន, និងការកំណត់យកការស្រាវជ្រាវទីផ្សារតាមរបៀបផ្សេងៗទៀត។

២. ការលក់

នៅក្នុងការធ្វើទីផ្សារ មុខងារលក់រួមបញ្ចូលសកម្មភាពទីផ្សារផ្សេងៗដូចជា ការផ្សព្វផ្សាយពាណិជ្ជកម្ម, ប្រម៉ូសិនលក់(ការលក់បញ្ចុះតម្លៃ,ការទិញថែម…), បុគ្គលិកផ្នែកលក់, ការគ្រប់គ្រងបុគ្គលិកផ្នែកលក់, បង្កើតទំនាក់ទំនងល្អរវាងអតិថិជន និងទំនាក់ទំនងជាមួយតំណាងចែកចាយ។

ក្រុមហ៊ុនខ្លះពុំមានបុគ្គលិកផ្នែកលក់ទេ ដូចជាសាលារៀនឯកជនជាដើម ពោលគឺពួកគេធ្វើតែទីផ្សារប៉ុណ្ណោះ។ ក្រុមហ៊ុនខ្លះទៀតមិនជួលបុគ្គលិកផ្ទាល់ខ្លួនទេ ប៉ុន្តែពួកគេជួលក្រុមហ៊ុនដែលផ្តល់សេវាកម្មលក់ ដើម្បីលក់ទំនិញ ឬសេវាកម្មឲ្យពួកគេ ដោយគិតកម្រៃជាភាគរយ។ ប្រសិនបើអ្នកមានបុគ្គលិកផ្នែកលក់ អ្នកត្រូវមានប្រព័ន្ធគ្រប់គ្រងពួកគេថែមទៀត ដើម្បីជំរុញឲ្យពួកគេលក់បានកាន់តែច្រើន។

៣. គម្រោងផលិតផល ឬសេវាកម្ម

មុខងារនេះផ្តោតលើផលិតផល ឬសេវាកម្មរបស់អ្នក ដែលរួមមានការតេស្តទីផ្សារ, ការកំណត់យកតំណែងក្នុងទីផ្សារ, ការធានាគុណភាពផលិតផល(មានការទទួលស្គាល់ដោយស្ថាប័នជំនាញទាំងរដ្ឋ និងឯកជន…), ការវេចខ្ចប់, ការកំណត់ជម្រើសផលិតផល(ផលិតទំនិញច្រើនជាងមួយប្រភេទឲ្យអតិថិជនរើស) មុខងារ រូបរាង និងគុណភាពផលិតផល, ការដកផលិតផលចាស់ៗចេញ, និងការផ្តល់សេវាកម្មអតិថិជន។ មុខងារនេះសំខាន់ខ្លាំងនៅពេលក្រុមហ៊ុនរបស់អ្នកព្យាយាមអភិវឌ្ឍផលិតផល ឬធ្វើកំណែទម្រង់ផលិតផល។

៤. ការកំណត់ថ្លៃ

តម្លៃផលិតផលមិនមែនកំណត់តាមចិត្តនឹកឃើញទេ វាត្រូវបានឆ្លងកាត់ការវិភាគ និងវាយតម្លៃជាច្រើនដំណាក់កាល។ កត្តាដែលត្រូវបានគេយកទៅសម្រេចចិត្តកំណត់ថ្លៃផលិតផលជាទូទៅមានចំនួន ៥ រួមមាន កត្តាអ្នកប្រើសប្រាស់, កត្តារាជរដ្ឋាភិបាល, កត្តាអ្នកផ្គត់ផ្គង់(វត្ថុធាតុដើម, គ្រឿងបង្គុំ…) , កត្តាតំណាងចែកចាយ, និងកត្តាគូប្រជែង។

  • កត្តាអ្នកប្រើប្រាស់ (អតិថិជនដែលទិញផលិតផល ឬសេវាកម្មរបស់អ្នកទៅប្រើ)៖ ការកំណត់ថ្លៃផលិតផលដោយផ្អែកលើអតិថិជនគោលដៅ មានន័យថា អ្នកត្រូវកំណត់ថ្លៃតាមលទ្ធភាពទិញរបស់អតិថិជន។ ប្រសិនបើអតិថិជនគោលដៅរបស់អ្នកជាក្រុមមនុស្សមានជីវភាពខ្ពស់ អ្នកអាចកំណត់ថ្លៃខ្ពស់បាន ប៉ុន្តែបើអតិថិជនគោលដៅរបស់អ្នកស្ថិតក្នុងក្រុមមនុស្សមានជីវភាពទាបដល់មធ្យម អ្នកត្រូវកំណត់ថ្លៃផលិតផលទាបដែរ។
  • កត្តារាជរដ្ឋាភិបាល៖ ផលិតផល ឬសេវាកម្មខ្លះត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាល។
  • កត្តាអ្នកផ្គត់ផ្គង់៖ បើអ្នកទិញវត្ថុធាតុដើមមកថ្លៃ ដូច្នេះផលិតផលសម្រេចរបស់អ្នកក៏ត្រូវលក់ថ្លៃដែរ។ ឧទាហរណ៍ ក្រុមហ៊ុន Apple ទិញអេក្រង់ទូរស័ព្ទពីក្រុមហ៊ុន Samsung ក្នុងតម្លៃខ្ពស់ ដូច្នេះតម្លៃ iPhone ក៏ត្រូវបានលក់ក្នុងតម្លៃខ្ពស់ដែរ។ ក្រោយមកក្រុមហ៊ុន Apple រកបានអ្នកផ្គត់ផ្គង់ថ្មីដែលលក់អេក្រង់ថោកជាង ហើយជ្រើសយកអ្នកផ្គត់ផ្គង់នោះវិញ។ ក្រុមហ៊ុនខ្លះ ដើម្បីគ្រប់គ្រងការចំណាយ ពួកគេសាងសង់រោងចក្រផលិតវត្ថុធាតុដើម ឬគ្រឿងបង្គុំដោយខ្លួនឯង ឬទិញយក ឬវិនិយោគក្នុងរោងចក្រដែលផលិតវត្ថុធាតុដើមដែលពួកគេត្រូវការ។ 
  • កត្តាតំណាងចែកចាយ៖ ការកំណត់តម្លៃលក់រាយ ត្រូវទុកគម្លាតចំណេញឲ្យតំណាងចែកចាយដែលទិញផលិតផលរបស់អ្នកទៅលក់បន្ត។ ឧទាហរណ៍ ទឹកសុទ្ធបធំចំណុះ ១,៥លីត្រ ដែលក្រុមហ៊ុនសរសេរលើដបថាមានតម្លៃ ១៥០០រៀល ប៉ុន្តែតូបនានាលក់តម្លៃមួយដប ២០០០រៀល។ នេះគឺដោយសារក្រុមហ៊ុនកំណត់តម្លៃលក់រាយ ដោយទុកគម្លាតចំណេញឲ្យអ្នកលក់បន្តតិចពេក។ ផលិតផលខ្លះត្រូវឆ្លងកាត់តំណាងចែកចាយជាច្រើនដំណាក់ ទើបទៅដល់អ្នកប្រើប្រាស់ ដែលធ្វើឲ្យតម្លៃលក់ចុងក្រោយកាន់តែថ្លៃ។
  • កត្តាគូប្រកួតប្រជែង៖ អ្នកមិនអាចលក់ថ្លៃបានទេ បើគូប្រជែងរបស់អ្នកលក់ថោក និងមានគុណភាពប្រហាក់ប្រហែលគ្នា ព្រោះអតិថិជននឹងមិនទិញអ្នកឡើយ។ ការកំណត់ថ្លៃត្រូវបានគេយកទៅប្រៀបធៀបតម្លៃជាមួយគូប្រជែង។ ឧទាហរណ៍ តម្លៃទូរស័ព្ទ iPhone ជំនាន់ថ្មី ដែលជាយីហោស្មាតហ្វូនថ្លៃជាងគេ។ អ្នកទីផ្សាររបស់ Apple តែងប្រៀបធៀបតម្លៃម៉ូឌែលថ្មីនោះជាមួយម៉ូឌែលស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុនគូប្រជែងដូចជា Samsung ។ អតិថិជននឹងមិនទិញ iPhone ឡើយ ប្រសិនបើវាមានតម្លៃថ្លៃជាង និងមានមុខងារចាញ់ម៉ូដែលថ្មីរបស់ Samsung ។

៥. ការចែកចាយ

បន្ទាប់ពីមានផលិតផល និងកំណត់ថ្លៃលើវា និងផ្សព្វផ្សាយពីវារួចហើយ តើអតិថិជនអាចទិញផលិតផលរបស់អ្នកនៅកន្លែងណា? អ្នកត្រូវការចែកចាយផលិតផលរបស់អ្នកឲ្យទៅដល់ជិតអតិថិជន បើមិនដូច្នេះទេអតិថិជននឹងទិញយីហោផ្សេង។ ការចែកចាយរួមបញ្ចូល ឃ្លាំងស្តុក ឧបករណ៍ចែកចាយ (ឡាន, ម៉ូតូ…) ការដាក់ទីតាំងលក់រាយ ការលក់ចែកចាយពីឃ្លាំងស្តុកទៅទីតាំងលក់រាយតូចៗ ការលក់ដុំ និងការលក់រាយ។

៦. ការតាមដាន និងស្រាវជ្រាវការធ្វើទីផ្សារ

តើអ្នកគួរប្រើយុទ្ធសាស្ត្រអ្វីដើម្បីជំរុញការលក់? តើអ្នកអាចដឹងថាយុទ្ធសាស្ត្រទីផ្សាររបស់អ្នកទទួលបានប្រសិទ្ធភាពបានដោយរបៀបណា? អ្នកត្រូវការប្រព័ន្ធប្រមូលផ្តុំទិន្នន័យ និងវិភាគទិន្នន័យអំពីបញ្ហាពាក់ព័ន្ធទៅនឹងការធ្វើទីផ្សារសម្រាប់ផលិតផល និងសេវាកម្មរបស់អ្នក។ មុខងារនេះ ក៏អាចបើកបង្ហាញអំពីចំណុចខ្លាំង និងចំណុចខ្សោយនៅពេលចូលទីផ្សារជាក់ស្តែងនៃអាជីវកម្មរបស់អ្នកផងដែរ។

៧. ការវិភាគលើថ្លៃចំណាយ និងផលចំណេញ

ការធ្វើទីផ្សារតែងត្រូវការចំណាយ ប៉ុន្តែបន្ទាប់ពីចាយលុយធ្វើវាហើយ តើវាអាចរកចំណូលមកវិញបានប៉ុន្មាន? មុននឹងសម្រេចប្រើយុទ្ធសាស្ត្រទីផ្សារណាមួយ អ្នកត្រូវវិភាគមើលរវាងការចំណាយ និងផលចំណេញពីវាវិញ បើឃើញថាចំណេញសឹមធ្វើ។ ពេលខ្លះមិនអាចចំណេញជាលុយភ្លាមៗ ប៉ុន្តែយុទ្ធសាស្ត្រនោះអាចធ្វើឲ្យយីហោរបស់អ្នកចំណេញនៅថ្ងៃខាងមុខ។ មុខងារវិភាគនេះមានជំហានចំនួន ៣ ៖

  • គណនាថ្លៃចំណាយនៃជម្រើសយុទ្ធសាស្ត្រធ្វើទីផ្សារដែលអ្នកចង់ធ្វើ
  • វាយតម្លៃផលចំណេញសរុបដែលអាចទទួលបានពីវាវិញ
  • ប្រៀបធៀបថ្លៃចំណាយ និងផលចំណេញ តើគួរធ្វើ ឬប្តូរយុទ្ធសាស្ត្រមួយទៀត។

បើនិយាយអំពីការធ្វើទីផ្សារ (Marketing) គឺធំទូលាយណាស់ក្នុងការបកស្រាយលម្អិត ហើយអត្ថបទនេះគ្រាន់តែសរសេរចំណុចគោលៗប៉ុណ្ណោះអំពីមុខងារនៃការធ្វើទីផ្សារ។


អត្ថបទទាក់ទង

សារៈសំខាន់នៃការស្រាវជ្រាវទីផ្សារ សម្រាប់ការធ្វើសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រ

 

Leave a Reply

Your email address will not be published.