យុទ្ឋសាស្រ្តធ្វើទីផ្សារតាមឥន្ទ្រីយារម្មណ៍ទាំង ៥ ដែលអ្នកត្រូវដឹង

ការធ្វើទីផ្សារ គឺជាដំណើរការនៃការកំណត់យកគោលដៅ ការចូលរួម ការបង្កើតថ្មី និងការបំពេញតម្រូវការរបស់អតិថិជន និងតម្រូវការនៃផលិតផល ឬ/និងសេវាកម្មផ្សេងៗ។ ហើយគោលបំណងនៃការធ្វើទីផ្សារ គឺដើម្បីទទួលបានចំណាប់អារម្មណ៍ពីអតិថិជនលើផលិតផល ឬសេវាកម្ម តាមរយៈការសិក្សាពីទីផ្សារ ការវិភាគទីផ្សារ និងយល់ពីគំនិត ឬអារម្មណ៍ដែលអតិថិជនចាប់អារម្មណ៍។ ហើយទីផ្សារទាក់ទងនឹងគ្រប់ទិដ្ឋភាពនៃអាជីវកម្មទាំងអស់ រួមទាំងការអភិវឌ្ឍន៍ផលិតផល យុទ្ធសាស្រ្តចែកចាយ ការលក់ និងការផ្សព្វផ្សាយផងដែរ។ 

ដោយសារការធ្វើទីផ្សារបែបប្រពៃណីមិនសូវមានភាពទាក់ទាញដូចពីពេលមុនៗ ក្រុមហ៊ុនបានចាប់ផ្តើមស្វែងរកវិធី ដើម្បីធ្វើឱ្យខ្លួនគេទទួលបានចំណាប់អារម្មណ៍តាមរយៈការបង្កើតការផ្សព្វផ្សាយដែលឆាបយកអារម្មណ៍របស់អតិថិជន ដែលវាខុសប្លែកពីការផ្សព្វផ្សាយធម្មតា។ ទីផ្សារចាប់យកអារម្មណ៍ (Sensory Marketing) ទទួលបានលទ្ធផលយ៉ាងល្អក្នុងការភ្ជាប់ទំនាក់ទំនងទៅកាន់អតិថិជនមកកាន់អាជីវកម្ម។

ទីផ្សារចាប់យកអារម្មណ៍ ជាផ្នែកមួយនៃទីផ្សារដែលត្រូវបានគេយកមកអនុវត្តនៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មដែលវានឹងមានទំនាក់ទំនងផ្លូវអារម្មណ៍ជាមួយអតិថិជនតាមរយៈ ឥរិយាបទ សកម្មភាពរស់នៅ ឬការយល់ឃើញរបស់ពួកគេ។

ទីផ្សារចាប់យកអារម្មណ៍ ត្រូវបានគេលើកមកសិក្សាតាមអារម្មណ៍ដែលយើងអាចទទួលបានទាំង ៥ដែលមានដូចជា៖

១. រសជាតិ (Taste)

រសជាតិឆ្ងាញ់អាចធ្វើឱ្យអតិថិជនជាប់ចិត្ត និងទិញនៅពេលពួកគេបានភ្លក់វាហើយ។ តែក្នុងសម័យឌីជីថលនេះ ការផ្សព្វផ្សាយតាមរយៈឌីជីថល អ្នកមិនអាចឱ្យអតិថិជនភ្លក់អាហារបានឡើងតាមរយៈកញ្ចក់ឧបករណ៍នោះឡើង។ ប៉ុន្តែជាដំណោះស្រាយគឺ ការធ្វើទីផ្សារយ៉ាងណា ផ្តល់សារមួយដល់អតិថិជនឱ្យពួកគេឆាប់ទទួលបានអារម្មណ៍ថា អ្វីដែលពួកគេឃើញគឺមានរសជាតិឆ្ងាញ់ ចង់បានវា។

២. សម្លេង (Sound)

សម្លេង ដើរតួបានច្រើនបែបយ៉ាងណាស់ក្នុងការធ្វើទីផ្សារ ដែលរាប់បញ្ចូលរួមដូចជា ភ្លេង ច្រៀង និយាយ ជាដើម។ ទោះជាយ៉ាងណាក៏ដោយ ក្នុងការធ្វើទីផ្សារគ្រប់សកម្មភាព ឬអ្វីមួយវាត្រូវតែមានគោលដៅច្បាស់លាស់អំពីសារអ្វីមួយ។

ជាឧទាហរណ៍ក្នុងការប្រើប្រាស់សម្លេងដូចជា ការចាក់ចម្រៀងក្នុងហាងទិញទំនិញដើម្បីឱ្យអតិថិជនទិញកាន់តែច្រើន ការប្រើប្រាស់សម្លេងខ្លីៗពីធម្មជាតិ ឬសម្លេងដែលបន្លឺអំពីពាក្យស្លោករបស់អាជីវកម្មដែលវាអាចធ្វើឱ្យអ្នកដឹងបានភ្លាមពីអាជីវកម្មមួយដោយគ្រាន់តែលឺសម្លេង។

៣. ការប៉ះពាល់ (Touch)

ការប៉ះពាល់ក៏ជាផ្នែកមួយនៃទីផ្សារចាប់យកអារម្មណ៍ដែរ ហើយវាពិបាកខ្លាំងណាស់ក្នុងការប្រើប្រាស់វាក្នុងពិភពឌីជីថល ដែលត្រូវការធ្វើដោយផ្ទាល់ច្រើនជាង។ ដែលក្នុងចំណុចនេះវាសំខាន់ណាស់ទៅលើការរចនាសំបកវេចខ្ទប់ ក៏ដូចជាផ្ទុកទម្ងន់នៃផលិតផលផងដែរ។ ដោយយោងតាមការស្រាវជ្រាវមួយបានបង្ហាញថា អតិថិជនច្រើនជាង៥០% ប្រើប្រាស់អារម្មណ៍ចាប់កាន់ផលិតផលមុនពេលដែលពួកគេទិញវា។

៤. ការមើល (Sight)

នេះគឺជាផ្នែកដែលងាយស្រួលជាងគេបំផុតក្នុងការផ្សព្វផ្សាយពីផលិតផលរបស់អ្នកទៅកាន់អតិថិជនគោលដៅ។ អតិថិជនអាចឃើញផលិតផលរបស់អ្នកនៅគ្រប់ទីកន្លែង គ្រប់ពេលទៅតាមលទ្ធភាពដែលអ្នកអាចផ្សព្វផ្សាយបាន តែចំណុចសំខាន់នោះគឺថា អ្នកត្រូវធ្វើបែបណាដើម្បីចាប់យកអារម្មណ៍អ្នកដែលបានឃើញ ឬនៅពេលដែលអតិថិជនបានឃើញហើយ តើពួកគេនឹងមានអារម្មណ៍បែបណា?

៥. ក្លិន (Smell)

មកដល់ចំណុចក្នុងការចាប់យកអារម្មណ៍របស់អតិថិជនចុងក្រោយហើយគឺ ក្លិន។ ក្នុងការប្រើប្រាស់ក្លិនដើម្បីចាប់យកអារម្មណ៍ វាមានប្រសិទ្ធិភាពណាស់ នៅពេលដែលអតិថិជនទទួលបានក្លិនមួយដែលទាក់អារម្មណ៍ពួកគេបាន។ តើអ្នកមានអនុសាវរីយ៍ល្អជាមួយក្លិនអ្វីដែលឬទេ? ជាមួយគ្នានោះដែរ ក្លិនក៏ជាចំណុចបង្កើតការចងចាំមួយមិនភ្លេចដែរចំពោះការទទួលបានបទពិសោធន៍មិនល្អ។

សព្វថ្ងៃនេះ ការទាញយកអត្ថប្រយោជន៍ពីទីផ្សារចាប់យកអារម្មណ៍ គឺជាវិធីដ៏ឆ្លាតវៃមួយសម្រាប់ម៉ាកអាជីវកម្មដើម្បីបង្កើតអារម្មណ៍ និងរក្សាទំនាក់ទំនង។ លើសពីនេះទៅទៀត មិនថាអាជីវកម្មរបស់អ្នកជាប្រភេទអាជីវកម្មបែបណានោះទេ គឺសុទ្ធតែអាចប្រើប្រាស់យុទ្ធសាស្ត្រមួយនេះបានទាំងអស់។ មិនខ្វល់ថាអ្នកលក់សម្លៀកបំពាក់ ឬផលិតផលបច្ចេកវិទ្យានោះឡើយ ការចាប់យកអារម្មណ៍ គឺជាវិធីសាស្រ្តមួយដែលអ្នកអាចប្រើ ដើម្បីធ្វើឱ្យម៉ាកអាជីវកម្មរបស់អ្នករីកចម្រើនដោយប្រើយុទ្ធសាស្រ្តទីផ្សារចាប់យកអារម្មណ៍ក្នុងចំណោម៥ នេះចម្រុះគ្នា ដើម្បីជាផលវិជ្ជមានសម្រាប់អាជីវកម្មរបស់អ្នក។


អត្ថបទទាក់ទង

តើការពិគ្រោះយោបល់ផ្នែកគ្រប់គ្រង (Management Consulting) គឺជាអ្វី?

Leave a Reply

Your email address will not be published. Required fields are marked *