ជំនឿមិន​សម​​ហេតុ​ផលចំនួន ៥ ពាក់ព័ន្ធ​នឹង​សហគ្រិនភាព

សហគ្រិន គឺជានរណាម្នាក់ដែលចាប់ផ្តើម និងប្រតិបត្តិការអាជីវកម្មមួយដែលថ្មី ដោយសកម្ម ជាអ្នកដែលស្វែងរកការផ្លាស់ប្តូរទៅកាន់ការរីកចម្រើន វិធានការឆ្លើយតបទៅនឹងការផ្លាស់ប្តូរទាំងនោះ ព្រមទាំងស្វែងរកឱកាសរីកចម្រើនផ្សេងៗ។

សហគ្រិនភាព គឺជាដំណើរការប្រព្រិត្តិទៅ ដែលតាមរយៈនេះបុគ្គលម្នាក់ ឬ មួយក្រុមប្រើប្រាស់ការប្រឹងប្រែងនិងមធ្យោបាយដែលបានរៀបចំដើម្បីស្វែងរកឱកាសនានាក្នុងការបង្កើតតម្លៃ និងស្វែងរកការលូតលាស់ដោយបំពេញចំណង់ និងតម្រូវការតាមរយៈនវានុវត្តន៍ និង ភាពមានតែមួយ (Uniqueness) ។ សហគ្រិនភាព គឺជាដំណើរការនៃការបង្កើតអ្វីដែលថ្មី និងទទួលយកនូវហានិភ័យ ព្រមទាំងអត្ថប្រយោជន៍នានា (Hisrich Peter, ១៩៩៨)។

ខាងក្រោមនេះគឺជាជំនឿខុសឆ្គង និងមិន​សម​​ហេតុ​ផល ៥​យ៉ាង ពាក់ព័ន្ធ​នឹង​សហគ្រិនភាព៖

១. ពាណិជ្ជកម្ម​របស់​អ្នក នឹង​ដំណើរ​ការ​ទៅ​មុខ​ដោយ​មិន​ចាំ​បាច់​ធ្វើ​ទីផ្សារ

មាន​សហគ្រិន​ថ្មីថ្មោង​ជាច្រើន​រូប ដែល​យល់​ខុស​ថា អោយ​តែ​ផលិតផល​ឬ​សេវាកម្ម​របស់​ខ្លួន មាន​លក្ខណៈ​ល្អ​តាម​ស្ដង់ដារ​ហើយ​នោះ ខ្លួន​គឺ​មិន​ចាំ​បាច់​ត្រូវ​ផ្សព្វផ្សាយ ឬ​ធ្វើ​ទីផ្សារ​ច្រើន​ពេក​ទេ។

នេះ​គឺ​ជា​ការ​គិត​ខុស​ទាំង​ស្រុង ពីព្រោះ​ដើម្បី​ធ្វើ​អោយ​ពាណិជ្ជ​កម្ម​មួយ​អាច​ដំណើរ​ការ​ទៅ​មុខ នឹង​ទទួល​បាន​ជោគជ័យ​នោះ ទាម​ទារ​អោយ​សហគ្រិន​ដែល​ជា​ម្ចាស់​អាជីវកម្ម​ទាំង​អស់ ត្រូវ​ធ្វើ​ការ​កសាង និមិត្តសញ្ញា និង​ធ្វើ​ទីផ្សារ​អោយ​បាន​ខ្លាំង​ក្លា​ជាមុន​សិន មុន​ពេល​ដែល​អតិថិជន​អាច​ស្គាល់ និង​ទុក​ចិត្ត​លើ​ផលិតផល​ឬ សេវាកម្ម​របស់​ពួក​គេ។

២. ដើម្បី​ឲ្យ​អាជីវកម្ម​មួយ​អាច​ដំណើរ​ការ​បាន​ ទាមទារ​នូវ​កម្លាំង​ពលកម្ម និង​បុគ្គលិក​ច្រើន​ជា​មុន​សិន

នេះ​ជា​គំនិត​យល់​ខុស​របស់​មនុស្ស​ជា​ច្រើន ពាក់ព័ន្ធ​ទៅ​នឹង​សហគ្រិន​ភាព ឬ​ការ​ធ្វើ​ពាណិជ្ជកម្ម នោះ​ក៏​ដោយសារ​តែ​ពួក​គេ​បាន​មើល​ឃើញ ពី​សាជីវកម្ម​ធំៗ​ជាច្រើន ដែល​បាន​រើស​បុគ្គលិក​រាប់​រយ​ពាន់​នាក់ អោយ​បម្រើ​ការ​ងារ​ក្នុង​ក្រុមហ៊ុន​របស់​ខ្លួន។

ហើយ​ដោយ​សារ​តែ​មើលឃើញ និង​យល់​ខុស​ដូច​នេះ​ហើយ ទើប​បាន​ជា​មនុស្ស​ជា​ច្រើន​នៅ​ពេល​ចាប់​ផ្ដើម បែរ​ជា​ធ្វើ​ការ​ជ្រើសរើស​បុគ្គលិក​ និង​ចំណាយ​ប្រាក់​ជា​ច្រើន ទៅលើ​ពាណិជ្ជកម្ម​របស់​ខ្លួន ទាំង​ដែល​ពាណិជ្ជកម្ម​នោះ​មិន​ទាន់​អាច​រក​ប្រាក់​អោយ​ខ្លួន​បាន​សូម្បី​តែ​មួយ​កាក់​មួយ​សេន។ លើស​ពី​នេះ​ទៅ​ទៀត ដោយ​សារ​តែ​ការ​យល់​ខុស​ដូច​នេះហើយ ទើប​មាន​មនុស្ស​ជាច្រើន​ដែល​មិន​ហ៊ាន​ចាប់​ផ្ដើម​ធ្វើ​ពាណិជ្ជកម្ម នោះ​ក៏​ដោយ​សារ​តែ​យល់​ថា វា​ត្រូវ​ការ​ដើម​ទុន​ច្រើន​នោះ​ឯង។

ជា​ការ​ពិត​ទៅ​ បើ​យើង​ត្រួត​ពិនិត្យ​ពី​ប្រវត្តិ​ក្រុមហ៊ុន​ធំៗ ទាំង​នោះ​អោយ​បាន​ច្បាស់​លាស់ ពួក​គេ​គឺ​ចាប់​ផ្ដើម​ដោយ​តូច​តាច​បំផុត ពេល​ខ្លះ​ស្ថាបនិក​របស់​ក្រុមហ៊ុន​ទាំង​នោះ ធ្វើ​ជា​បុគ្គលិក​ផង និង​ធ្វើ​ជា​មេ​ផង ហើយ​នៅ​ពេល​ដែល​ពួក​គេ​អាច​រក​ចំណូល​បាន ទើប​ពួក​គេ​គិតគូរ​ដល់​រឿង​ស្វែង​រក​បុគ្គលិក ដើម្បី​យក​មក​ជួយ​រំលែក​ការ​ងារ​របស់​ខ្លួន។

៣. សហគ្រិន​ គឺ​ជា​មនុស្ស​ដែល​ទំនេរ​ច្រើន

មាន​មនុស្ស​ជា​ច្រើន ហើយ​សូម្បី​តែ​បុគ្គល​ដែល​ជា​សហគ្រិន​ផ្ទាល់​ក្ដី ឧស្សាហ៍​បង្ហាញ​ថា​ខ្លួន​គឺ​នៅ​សល់​ពេល​ទំនេរ​ច្រើន ចង់​ធ្វើ​ការ​ពេលណា​ក៏​បាន ចង់​ឈប់​ពេល​ណា​ក៏​បាន​។ល។ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ពិត​នោះ​គឺ ក្នុង​កំឡុង​ពេល​ប្រាំ​ ទៅ​ដប់​ឆ្នាំ​ដំបូង​នៃ​ពាណិជ្ជកម្ម​របស់​ខ្លួន សហគ្រិន​រូប​ណា​ក៏​ដោយ​គឺ​ប្រឹងប្រែង និង​ព្យាយាម​ខ្លាំង​សម្បើម​ណាស់ អ្នក​ខ្លះ​ធ្វើ​ការ​ពី ៨០ រហូត​ដល់ ១០០​ម៉ោង ក្នុង​មួយ​សប្ដាហ៍​ឯណោះ។

ត្រូវ​ចាំ​ថា​មាន​តែ​សហគ្រិន​ប៉ុណ្ណោះ ដែល​ជា​មនុស្ស​ហ៊ាន​លះបង់​ហើយ​សុខ​ចិត្ត​ធ្វើ​ការ ចាប់​ពី​៨០​ម៉ោង​ក្នុង​មួយ​អាទិត្យ ដើម្បី​គេច​ពី​ការ​ធ្វើ​ការ​ ៤០ម៉ោង​ក្នុង​មួយ​អាទិត្យ​ (ការងារ​ជាបុគ្គលិក) ដើម្បី​សម្រេច​នូវ​គោលដៅ នឹង​មហិច្ឆតា​របស់​ខ្លួន។

៤. ការ​ចាប់​ផ្ដើម​អាជីវកម្ម នឹង​ធ្វើ​ឲ្យ​អ្នក​អាច​រក​ប្រាក់​បាន​លឿន​បំផុត

ចំណុច​ចុង​ក្រោយ​នេះ ក៏​ជា​ការ​យល់​ខុស​របស់​មនុស្ស​ទូទៅ​ដែរ ពាក់ព័ន្ធ​ទៅ​នឹង​សហគ្រិន​ភាព។ ដោយ​ពួក​គេ​យល់​ថា នៅ​ពេល​ចាប់​ផ្ដើម​អាជីវកម្ម ហើយ​ធ្វើ​ជា​មេ នៅ​ក្នុង​ក្រុមហ៊ុន​ខ្លួន​ឯង ពួក​គេ​ប្រាកដ​ជា​អាច​រក​ប្រាក់​បាន​ច្រើន និង​ក្លាយ​ទៅ​ជា​អ្នក​មាន​លឿន​បំផុត ដោយ​ប្រើ​ពេល​ត្រឹម​ពីរ​ទៅ​បី​ឆ្នាំ​ប៉ុណ្ណោះ។

បើ​សិន​ជា​ប្រិយមិត្ត​ ធ្លាប់​តែ​យល់​ឃើញ​ដូច​នេះ ចំណេះ សូម​ចូល​រួម​សោក​ស្ដាយ​ផង ពី​ព្រោះ​ជា​ការ​ពិត​ទៅ មុន​ពេល​ដែល​ពាណិជ្ជកម្ម​ណា​មួយ​អាច​ស្វែង​រក​ផល​ចំណេញ​បាន នៅ​ត្រឹម​រយៈពេល​ពីរ​ទៅ​បី​ឆ្នាំ​ដំបូង​នោះ​គឺ​មាន​ភាគរយ​តិចតួច​បំផុត។

មួយ​វិញ​ទៀត ប្រសិន​បើ​ប្រិយមិត្ត​គិត​ថា ចង់​ក្លាយ​ខ្លួន​ទៅ​ជា​សហគ្រិន ឬ​ធ្វើ​ពាណិជ្ជកម្ម​ដើម្បី​តែ​ផល​ចំណេញ​តែ​មួយ​មុខ​នោះ ប្រិយមិត្ត​ក៏​មិន​អាច​ជោគជ័យ​ទៅ​រួច​ដែរ។ គោល​ដៅ​របស់​សហគ្រិន​ដែល​ជោគជ័យ ពួក​គេ​មិន​មែន​គិត​តែ​ពី​ផល​ចំណេញ​តែ​មួយ​មុខ​ប៉ុណ្ណឹង​ទេ ប៉ុន្តែ​ពួក​គេ​ធ្វើ​ការងារ​របស់​ខ្លួន​ដើម្បី​បម្រើ​ និង​ផ្ដល់​ជាប្រយោជន៍ ទៅ​អោយ​ដល់​មនុស្ស​ជា​ច្រើន​នាក់​ទៅ​វិញ​ទេ។ ហើយ​នៅ​ពេល​ដែល​ពួក​គេ​ អាច​ផ្ដល់​ជា​ប្រយោជន៍​ទៅ​អោយ​អ្នក​ដទៃ​បាន​ច្រើន​ នោះ​ផល​ចំណេញ​ដែល​ពួក​គេ​នឹង​ទទួល​បាន​ក៏​ច្រើន​ដូច​គ្នា​ដែរ។

៥. ធនាគារ​តែង​ជួយ​ជ្រោមជ្រែង​សហគ្រិន និង​ក្រុមហ៊ុន​ថ្មីថ្មោង

នេះ​ជា​ការ​យល់​ឃើញ ដែល​ខុសឆ្គង​ទាំង​ស្រុង។ ​ចំណេះ​ ហ៊ាន​និយាយ​ថា សម្រាប់​ពាណិជ្ជកម្ម ឬ​ក្រុមហ៊ុន​ថ្មី​ថ្មោង ពេល​ដែល​ចង់​ស្វែង​រក​ទុន​ឬ ការ​វិនិយោគ​ពីសំណាក់​ធនាគារ​នោះ គឺ​មហា​ពិបាក​ខ្លាំង​ជា​ទី​បំផុត ហើយ​លទ្ធផល​តែង​តែ​អវិជ្ជមាន។ មូល​ហេតុ​នោះ​គឺ​ងាយ​ស្រួល​យល់​បំផុត ប្រិយមិត្ត​ត្រូវ​ដឹង​ថា​ធនាគារ​គឺ​ដំណើរ​ការ និង​រក​ផល​ចំណេញ​ ដោយ​ទាញ​យក​ការ​ប្រាក់​ពី​ កម្ចី​របស់​អតិថិជន​ខ្លួន ហើយ​សម្រាប់​សហគ្រិន​ឬ​ពាណិជ្ជកម្ម​ថ្មី​ថ្មោង​វិញ គឺ​ជា​ប្រភេទ​កម្ចី​ដែល​ផ្ដល់​ហានិយភ័យ​ខ្ពស់​បំផុត​សម្រាប់​ធនាគារ ហេតុ​ដូច​នេះ​ហើយ ពួក​គេ​មិន​សូវ​ហ៊ាន​ប្រថុយ​ប៉ុន្មាន​នោះ​ទេ។

ជា​ការ​ពិត​ទៅ ធនាគារ​គឺ​ចូល​ចិត្ត​អោយ​កម្ចី ទៅ​ក្រុម​មនុស្ស​ដែល​មិន​សូវ​ត្រូវ​ការ​ប្រាក់ ឬ​អ្នក​ដែល​សម្បូរ​ប្រាក់​រួច​ទៅ​ហើយ ជា​ពិសេស​នោះ​គឺ​បុគ្គលិក​ដែល​មាន​លំហូរ​សាច់​ប្រាក់​ទៀងទាត់​ប្រចាំ​ខែ ដែល​ផ្ទុយ​ស្រលះ​ពី​សហគ្រិន​ដែល​ប្រភព​ចំណូល​របស់​ពួក​គេ​ក្នុង​ដំណាក់​កាល​ដំបូង​គឺ មិន​មាន​ស្ថេរភាព និង​មាន​ហានិភ័យ​ខ្ពស់។

អ្វី​ដែល​ប្រិយមិត្ត​ត្រូវ​ដឹង​នោះ​គឺ នៅ​ពេល​ដែល​សហគ្រិន​ទទួល​បាន​ជោគជ័យ​រួច​ទៅ​ហើយ​ ហើយ​មិន​សូវ​ត្រូវ​ការ​ប្រាក់​សោះ​នោះ ទើប​ជា​ពេល​វេលា​ដែល​ធនាគារ​ចង់​អោយ​កម្ចី​ទៅ​ពួក​គេ។

សរុបមក ចំណុចចំនួនខាងលើនេះ ជា​ការ​យល់​ខុស​របស់​មនុស្ស​ទូទៅ​ពាក់ព័ន្ធ​នឹងសហគ្រិន​ភាព។


អត្ថបទទាក់ទង

ចំណុចសំខាន់ៗដែលអ្នកត្រូវដឹងអំពីភាពជាដៃគូអាជីវកម្ម

 

Leave a Reply

Your email address will not be published. Required fields are marked *