ប័ណ្ណទូទាត់ចំនួន ៤ ដែលប្រើប្រាស់ទូលំទូលាយនាពេលបច្ចុប្បន្ន

ប័ណ្ណទូទាត់ដែលប្រើប្រាស់ទូលំទូលាយនាពេលបច្ចុប្បន្នមានបួនប្រភេទ គឺ ប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ ប័ណ្ណម៉ាស៊ីនទូទាត់សងប្រាក់ដោយស្វ័យប្រវត្តិ និងប័ណ្ណបង់ប្រាក់ជាមុន។

១. ប័ណ្ណឥណទាន 

ប័ណ្ណឥណទាន គឺជាប័ណ្ណមួយប្រភេទដែលផ្តល់សិទ្ធិឲ្យអ្នកកាន់ប័ណ្ណប្រើប្រាស់ សម្រាប់ធ្វើការទូទាត់សងលើការទិញទំនិញ និងសេវា ដោយផ្អែកលើការសន្យាសងប្រាក់វិញរបស់អ្នកកាន់ប័ណ្ណលើការទិញទំនិញ និងសេវានេះ។ អ្នកចេញប័ណ្ណផ្តល់នូវកម្រិតឥណទាន ដែលអនុញ្ញាតឱ្យអ្នកកាន់ប័ណ្ណ (អ្នកប្រើប្រាស់) ទិញទំនិញ និងសេវា ឬដកសាច់ប្រាក់ សម្រាប់ប្រើប្រាស់ជាមុន រហូតដល់កម្រិតឥណទានដែលបានផ្តល់ឲ្យ។ ធនាគារពាណិជ្ជជាច្រើន បានផ្តល់ទៅឱ្យអតិថិជនរបស់ពួកគេនូវប័ណ្ណឥណទានដោយមានការភ្ជាប់ជាមួយក្រុមហ៊ុន Visa និង Master ។

២. ប័ណ្ណឥណពន្ធ

ប័ណ្ណឥណពន្ឋ គឺជាប័ណ្ណមួយប្រភេទដែលអាចធ្វើការទូទាត់ជំនួសឲ្យសាច់ប្រាក់ នៅពេលទិញទំនិញ។ បើមើលតាមមុខងាររបស់វា ប័ណ្ណឥណពន្ធ អាចត្រូវបានគេហៅថាជាមូលប្បទានបត្រអេឡិចត្រូនិក ដោយសារតែសាច់ប្រាក់ត្រូវបានដកដោយផ្ទាល់ចេញពីគណនីរបស់អ្នកកាន់ប័ណ្ណ តាមកម្រិតសមតុល្យដែលនៅសល់។ ប័ណ្ណឥណពន្ធក៏អាចឱ្យអ្នកកាន់ប័ណ្ណដកសាច់ប្រាក់ពីគណនីប្រាក់បញ្ញើរបស់ពួកគេតាមរយៈម៉ាស៊ីន ATM ដោយបំពេញមុខងារជាប័ណ្ណ ATM ។

៣. ប័ណ្ណ ATM

ប័ណ្ណ ATM គឺជាប័ណ្ណដែលអាចប្រើបានជាមួយម៉ាស៊ីន ATM សម្រាប់ធ្វើប្រតិបត្តិការ ដូចជាការមើលសមតុល្យគណនី និងការដកប្រាក់ជាដើម។ ប័ណ្ណនេះមានលក្ខណៈស្រដៀងគ្នាទៅនឹងប័ណ្ណឥណពន្ធដែរ ព្រោះថាប័ណ្ណនេះត្រូវបានភ្ជាប់ដោយផ្ទាល់ទៅគណនីធនាគារមួយ ប៉ុន្តែមិនអាចត្រូវបានប្រើសម្រាប់ទិញទំនិញបាននោះទេ។

៤. ប័ណ្ណបង់ប្រាក់ជាមុន

ជាប័ណ្ណមួយប្រភេទដែលប្រាក់ត្រូវបានបញ្ចូលតាមរយៈការដាក់ប្រាក់ក្នុងគណនីមួយដែលភ្ជាប់ ទៅនឹងប័ណ្ណនោះ ហើយចំនួនប្រាក់នោះអាចត្រូវបានចំណាយ នៅតាមហាងលក់ទំនិញដែលចូលរួមជាសមាជិក។ នៅក្នុងករណីខ្លះ ប័ណ្ណនេះត្រូវបានរៀបចំឡើងសម្រាប់ប្រើតែនៅលើប្រព័ន្ធអ៊ីនធឺណែតប៉ុណ្ណោះ ដូច្នេះហើយវាអាចមិនមានរូបរាងជារូបវ័ន្តនោះទេ។ ជាធម្មតា ការប្រើប្រាស់ប័ណ្ណបង់ប្រាក់ជាមុនទាំងនេះរួមមាន ប័ណ្ណទូរស័ព្ទ ប័ណ្ណអំណោយ និងប័ណ្ណធ្វើដំណើរ ជាដើម។

ប្រតិបតិ្តការប័ណ្ណទូទាត់សងប្រាក់ មានការកើនឡើងទាំងប្រតិបត្តិការជាប្រាក់រៀល និងជាប្រាក់ដុល្លារអាមេរិក ប៉ុន្តែចំនួនប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិកមានរហូតដល់ជាង ៧០% ។ ចំណែកប្រតិបត្តិការដូចជាការដាក់ប្រាក់ និងការទូទាត់តាមរយៈ POS គឺអាចធ្វើបានតែជាប្រាក់ដុល្លារអាមេរិកប៉ុណ្ណោះ។ ទោះបីជាចំនួននៃប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធ ដែលអាចប្រើប្រាស់ជាមួយម៉ាស៊ីន POS កំពុងតែមានការកើនឡើងក៏ដោយ ក៏ប័ណ្ណទូទាត់ ត្រូវបានប្រើជាចម្បង សម្រាប់ការដកសាច់ប្រាក់ពីម៉ាស៊ីន ATM ជាជាងការទិញដោយប្រើម៉ាស៊ីន POS ។

នៅប្រទេសកម្ពុជា ម៉ាស៊ីន ATM និង ម៉ាស៊ីន POS អាចឲ្យអ្នកកាន់ប័ណ្ណប្រើប្រាស់សេវា ដូចជាមើលសមតុល្យប្រាក់បញ្ញើ ដកសាច់ប្រាក់ និងទិញទំនិញ។ បច្ចុប្បន្ននេះ នៅពុំទាន់មានប្រព័ន្ធ Shared Switch សម្រាប់ប័ណ្ណទូទាត់ជាអេឡិចត្រូនិកថ្នាក់ជាតិនៅឡើយទេ។ ប៉ុន្តែយើងមាន ATM Switch អន្តរធនាគារមួយ ដែលហៅថា “Easy Cash” ។

Easy Cash

វាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៨ ដោយក្រុមហ៊ុន Visa ដោយមានធនាគារពាណិជ្ជមួយ ចំនួនជាសមាជិក ។ Easy Cash មិនមែនជាស្ថាប័នឯករាជ្យមួយនោះទេ ប៉ុន្តែវាមានរូបរាងដូចសហគមន៍មួយ ។ រហូតមកដល់ខែមិថុនា ឆ្នាំ២០១៤ Easy Cash មានសមាជិកជាធនាគារពាណិជ្ជចំនួន ៨ និងបានតភ្ជាប់ម៉ាស៊ីន ATM ចំនួន ២៨៥ ។ ធនាគារពាណិជ្ជដែលជាសមាជិកទាំងនោះរួមមាន៖

១. សាជីវកម្មធនាគារកាថេយូណៃធីតចំកាត់
២. ធនាគារកាណាឌីយ៉ា
៣. ធនាគារសហពាណិជ្ជ
៤. ធនាគារកម្ពុជាសាធារណៈ
៥. ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា
៦. ធនាគារកម្ពុជាអាស៊ី
៧. ធនាគារ ប៊ី អាយ ឌី ស៊ី
៨. ធនាគារវឌ្ឍនៈអាស៊ីចំកាត់

Easy Cash អនុញ្ញាតឲ្យអតិថិជនមើលសមតុល្យគណនី និងដកប្រាក់ជាអន្តរធនាគារ និងអាចធ្វើឡើង សម្រាប់តែប្រាក់ដុល្លារអាមេរិកប៉ុណ្ណោះ។ សម្រាប់សេវាផ្សេងទៀតដូចជា ការដាក់ប្រាក់ ផ្ទេរប្រាក់ និងការទូទាត់ វិក័យបត្រមិនទាន់អាចប្រើបាននៅឡើយទេ។ អតិថិជនដែលប្រើសេវា ដើម្បីពិនិត្យមើលសមតុល្យគណនីខ្លួន ឬដកសាច់ប្រាក់នៅតាមម៉ាស៊ីន ATM របស់ធនាគារដទៃទៀតត្រូវបង់កម្រៃ ០,៣ ដុល្លារអាមេរិក និង ០,៥ ដុល្លារអាមេរិកសម្រាប់ប្រតិបត្តិការនីមួយៗ។

ម្យ៉ាងទៀត បណ្តាញម៉ាស៊ីន POS ជាអន្តរធនាគារក្នុងស្រុកនៅមិនទាន់មាននៅឡើយទេ។ រាល់ប្រតិបត្តិការទូទាត់ជាប័ណ្ណនៅកម្ពុជា ត្រូវបានដំណើរការតែនៅក្នុងប្រព័ន្ធរបស់ធនាគារចេញប័ណ្ណតែមួយ ឬ តាមរយៈបណ្តាញអន្តរជាតិ ដូចជាក្រុមហ៊ុន Visa ។

ប្រភព៖ ធនាគារជាតិ នៃ កម្ពុជា


អត្ថបទទាក់ទង

ដំណាក់កាលទាំង ៥ នៃវដ្តជីវិតអាជីវកម្ម (Business Life Cycle) ដែលអ្នកគ្រប់គ្រងត្រូវដឹង

Leave a Reply

Your email address will not be published. Required fields are marked *