ការពិតចំនួន ៤ ដើម្បីអាជីវកម្មយូរអង្វែង

វាជាការពិតដែលថាយើងតែងតែលឺគេនិយាយពីការលំបាកនៅពេលចាប់ផ្តើមអាជីវកម្ម ឬ ស្វែងរកអាជីវកម្ម ប៉ុន្តែយើងកម្រលឺគេនិយាយពីការបញ្ហានៅក្នុងពេលកំពុងប្រកបអាជីវកម្ម ដើម្បីធ្វើឲ្យអាជីវកម្មមានភាពយូរអង្វែងណាស់ ហើយធាតុពិតនោះ គឺថាការបន្តឲ្យអាជីវកម្មមួយអាចដំណើរការបានយូរអង្វែងនោះគឺវាពិបាកខ្លាំងជាងការចាប់ផ្តើមអាជីវកម្មទៅទៀត។ ខាងក្រោមនេះជាវិធីសាស្ត្របួនយ៉ាង ឬ ការពិតបួនយ៉ាងដែលអ្នកគួរពិចារណា​​ ប្រសិនបើអ្នកចង់ឲ្យអាជីវកម្មរបស់អ្នកអាចបន្តបានយូរអង្វែង។

១. ការធ្វើបានតាមការសន្យា

វាជាការងាយស្រួលណាស់ដែលថា អ្នកអាចប្រាប់អតិថិជនរបស់អ្នកយ៉ាងម៉េចក៏បានអំពីផលិតផលរបស់អ្នក ដើម្បីឲ្យពួកគេទិញពួកវា ប៉ុន្តែសួរថា នៅពេលពួកគេយកមកប្រើហើយ តើវាដូចជាអ្វី ដែលអ្នកបានប្រាប់ពួកគេឬអត់។ យើងត្រូវគិតថា យើងអាចកុហក់អតិថិជនបានតែម្តងប៉ុណ្ណោះ ព្រោះពួកគេមិនអាចចាញ់បោកអ្នកជាលើកជាទីពីរនោះទេ ហើយក៏មានផលិតផលផ្សេងទៀតនៅលើទីផ្សារ ដែលអាចជំនួសផលិតផលរបស់អ្នកបានដែរ។ ដូច្នេះហើយ បើពួកគេមិនអាចទទួលបានផលិតផលដែលមានគុណភាពតាមដែលអ្នកប្រាប់នោះទេ ពួកគេនឹងទៅកាន់អ្នកផ្សេងមិនខាន។ ដូច្នេះហើយ ទំនុកចិត្តជារឿងសំខាន់។ បើអ្នកសន្យានឹងអតិថិជនអ្នកយ៉ាងម៉េច អ្នកត្រូវធ្វើតាមវាឲ្យបាន ព្រោះនេះជាអ្វីដែលអាចចងចិត្តអតិថិជន ដោយសារអតិថិជនមិនចង់រើសអ្នកផ្សេងនោះទេ បើអ្នកអាចផ្តល់អ្វីដែលពួកគេត្រូវការហើយនោះ។ ជាងនេះទៅទៀត ពួកគេនឹងជាអ្នកជួយផ្សព្វផ្សាយផលិតផលដ៏ល្អនិងគួរឲ្យទុកចិត្តបំផុតសម្រាប់អ្នកដែលពួកគេស្គាល់។ ដូច្នេះសរុបមក ភាពស្មោះត្រង់គឺជាកត្តាសំខាន់បំផុតសម្រាប់និរន្តរភាពរបស់អាជីវកម្ម។ 

២. ការឲ្យតម្លៃនិយោជិតល្អ

វាជាការពិតដែលថា អាជីវម្មអាចដំណើរការទៅមុខនិងមាននិរន្តភាពបាន លុះត្រាតែមានចំណូលនិងប្រាក់ចំណេញ។ ហេតុនេះបានជាគេថា ដោយសារអតិថិជនជាប្រភពចំណូលនោះ ទើបគេថាអតិថជិនគឺមានសារៈសំខាន់ជាងគេសម្រាប់អាជីវកម្ម។ ប៉ុន្តែសូមកុំភ្លេចដើម្បីរក្សាអតិថិជន និង ទទួលបានអតិថិជនថ្មីបាន គេក៏ត្រូវការនិយោជិតល្អដែរ។ ដូច្នេះនិយោជិតល្អ ហើយនិងមានអតិថិជនគឺជារឿងមួយដែលសំខាន់ដូចគ្នា ដោយសារនិយោជិតជាអ្នកទទួលខុសត្រូវគ្រប់លទ្ធផលនៃប្រតិបត្តិការរបស់អាជីវកម្ម ហេតុនេះការផ្តល់សេវាកម្មល្អ និង ផលិតផលដែលមានគុណភាពល្អ គឺកើតចេញពីពួកគេ។ ដូច្នេះ អ្នកគួរចេះជួលនិយោជិតដែលល្អ ព្រមទាំងចេះថែរក្សាពួកគេទុកផងដែរ។

៣. ត្រូវមានសេចក្តីក្លាហាននៅចំពោះមុខការលំបាក

ត្រូវចាំថា គ្មានអ្វីដែលស្ថិតស្ថេរបានជានិច្ចនោះទេ ដូច្នេះនៅពេលដែលដំណើរការអាជីវកម្មកំពុងមានភាពរលូនោះ ជាមួយគ្នានោះក៏ត្រូវគិតដែរថា បញ្ហាក៏អាចកើតមាននៅពេលខាងមុខដែរ។ ដូច្នេះត្រូវរៀនរៀបចំផែនការទុកជាមុនសម្រាប់ដោះស្រាយបញ្ហាដែលអាចកើតមានឡើង។ ហើយនៅពេលបញ្ហាមានការលំបាកខ្លាំង ក៏ត្រូវរៀនចេះលើកទឹកចិត្តខ្លួនឯងដែរ ព្រោះបើអ្នកមិនចេះលើកទឹកចិត្តខ្លួនឯងដើម្បីបន្តទៅមុខនោះទេ គ្មានអ្នកណាគេនឹងមកទទួលខុសត្រូវសម្រាប់បញ្ហាអាជីវកម្មដែលអ្នកកំពុងប្រឈមនោះទេ។ អ្វីដែលគួរចាំទុកនោះគឺ រាល់បញ្ហានិងកំហុសឆ្គងគឺជាមេរៀនសម្រាប់យើងក្នុងការប្រកបអាជីវកម្ម ហើយក៏ត្រូវចេះធ្វើឲ្យខ្លួនឯងត្រលប់មកសភាពដើមវិញដែរ នៅពេលខ្លួនឯងធ្លាក់ចុះខ្លាំងនោះ ដោយប្រកាន់យកផ្នត់គំនិតវិជ្ជមាន។ 

៤. ត្រូវចេះរក្សាទំនាក់ទំនងជាមួយអតិថិជន

មិនថាអតិថិជនចាស់ ឬ ថ្មីនោះទេ អ្នកត្រូវចេះថែរក្សាទំនាក់ទំនងជាមួយនឹងពួកគេ ព្រោះត្រូវចាំថា ពួកគេអាចផ្តល់នូវអត្ថប្រយោជន៍មួយសម្រាប់អាជីវកម្មរបស់អ្នក ដូចជា បើអតិថិជនចាស់ អ្នកអាចសុំការយល់ឃើញរបស់ពួកគេមកលើផលិតផលរបស់អ្នក ហើយអ្នកក៏អាចប្រើវាដើម្បីកែលម្អផលិតផលរបស់អ្នកបានផងដែរ។ ជានេះទៅទៀត ថ្ងៃណាមួយ ពួកគេអាចមកប្រើផលិតផលរបស់អ្នកវិញបានទៀតផងក៏មានដែរ។ 

សរុបមក ការធ្វើឲ្យអាជីវកម្មមួយបានយូរអង្វែងគឺត្រូវមានភាពស្មោះត្រង់ ឲ្យតម្លៃនិយោជិត មានភាពតស៊ូមិនបោះបង់ និង រក្សាទំនាក់ទំនងជាមួយអតិថិជនឲ្យបានល្អ។ 

សម្រួលពី៖ inc.com


អត្ថបទទាក់ទង

បញ្ហាចំនួន ១០ របស់​​សហគ្រិនដែលត្រូវដោះស្រាយ​

Leave a Reply

Your email address will not be published. Required fields are marked *