សហគ្រិនជំនាន់ថ្មី គួរយល់ដឹងអំពីចំណុចសំខាន់ៗទាំង៣នេះ
សហគ្រិនជាច្រើន ប្រាកដជាធ្លាប់ឆ្លងកាត់ និងជួបប្រទះការលំបាកក្នុងការវិនិយោគប្រាក់ឲ្យមានប្រសិទ្ធភាព និងមានលទ្ឋផលផ្លែផ្កាល្អ ស្របជាមួយគ្នានេះដែរ ការថ្លឹងថ្លែងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងការរក្សាស្ថេរភាពជំនួញរបស់ខ្លួនដោយឯករាជ្យប្រាកដជាមានការលំបាកច្រើន។ ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗ ចំនួន៣ ដែលសហគ្រិនជំនាន់ថ្មីគួរយល់ដឹងក្នុងការរៀបចំហិរញ្ញវត្ថុផ្ទាល់ខ្លួនឲ្យមានប្រសិទ្ធភាព៖
១. ការជម្នះបំណុល និងសាងស្ថេរភាព
ពេលខ្លះ បន្ទាប់ពីបញ្ចប់មហាវិទ្យាល័យ យុវជនមួយចំនួនអាចនឹងមិនទាន់ដកខ្លួនរួចពីបំណុល ឬប្រាក់កម្ចីសម្រាប់ថ្នាក់ឧត្តមសិក្សារបស់ពួកគេ ឬមិនទាន់មានហិរញ្ញវត្ថុគ្រប់គ្រាន់។ ហេតុដូចនេះហើយ ទើបយុវជនមួយចំនួនមានភាពស្ទាក់ស្ទើរក្នុងការបណ្ដាក់ទុន ឬចាប់ផ្ដើមមុខជំនួញ។ យ៉ាងណាមិញ នេះមិនមែនជាបញ្ហាចោទនោះទេ ដរាបណាអ្នកមានឆន្ទៈ គម្រោងផែនការ ការសន្សំ និងបញ្ជីថវិការឲ្យច្បាស់លាស់ នោះមុខជំនួញរបស់អ្នកនឹងមានការរីកចម្រើនទៅមុខ ស្របពេលនេះអ្នកក៏អាចយកប្រាក់នោះទៅរំលោះបំណុលចាស់ផងដែរ។
២. ការបែងចែកហិរញ្ញវត្ថុផ្ទាល់ខ្លួន និងសម្រាប់អាជីវកម្ម
សហគ្រិនខ្មែរយើង ជាទូទៅ រមែងបែងចែកមិនដាច់រវាងប្រាក់ផ្ទាល់ខ្លួន និងសម្រាប់ជំនួញ។ ពេលខ្លះ ពួកគាត់យកប្រាក់ផ្ទាល់ខ្លួនទៅវិនិយោគក្នុងមុខជំនួញ ស្របគ្នានេះដែរពេលខ្លះពួកគេយកប្រាក់សម្រាប់ជំនួញមកបំពេញតម្រូវការចាយវាយផ្ទាល់ខ្លួន។ ការធ្វើបែបនេះ គឺខុស ហើយថែមទាំងអាចប៉ះពាល់អនាគតរបស់អាជីវកម្មផងដែរ។ ជាការល្អ អ្នកគួរបង្កើតគណនីពីរផ្សេងគ្នា មួយសម្រាប់អាជីវកម្ម និងមួយទៀតសម្រាប់ការចាយវាយផ្ទាល់ខ្លួន។
៣. ការផ្ដល់ប្រាក់ឧបត្ថម្ភ ឬប្រាក់ខែឲ្យខ្លួនឯង
ជាការពិតណាស់ ទោះបីអ្នកជាម្ចាស់ក្រុមហ៊ុន ឬថៅកែសហគ្រាសណាមួយក៏ដោយ ក៏អ្នកចាំបាច់ត្រូវខ្វល់ខ្វាយពីសុខទុក្ខ និងសុវត្ថិភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកដែរ។ នៅពេលដែលអ្នកក្រុមហ៊ុនរបស់អ្នកមានលំនឹងស្រួលបួល និងរកបានចំណូលសម្រាប់ទប់ទល់ការចាយវាយនានា និងប្រាក់ខែបុគ្គលិកហើយ អ្នកគួរពិចារណាដកទុកមួយចំណែកសម្រាប់ជាប្រាក់បៀវត្សន៍ប្រចាំខែផ្ទាល់ខ្លួន និងប្រាក់សន្សំសម្រាប់ពេលចូលនិវត្តន៍។
អត្ថបទទាក់ទង
យុទ្ឋសាស្រ្តសំខាន់ៗ ចំនួន៣ ក្នុងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មឲ្យដំណើរការរលូន