វិធីសាស្រ្ត ចំនួន៨ ដើម្បីធ្វើឲ្យបុគ្គលិកក្នុងភោជនីយដ្ឋានរីករាយខិតខំធ្វើការ និងទាក់ទាញអតិថិជន
មនុស្សជាច្រើនសុបិនចង់រកស៊ីដោយខ្លួនឯង ប៉ុន្តែនរណាក៏ដឹងដែរថា ការបើកអាជីវកម្ម គឺជាកិច្ចការដ៏លំបាកបំផុតមួយជាពិសេសនៅពេលអ្នកចាប់ផ្តើម។ ទោះបីអ្នកជាសហគ្រិនមានបទពិសោធន៍រាប់ឆ្នាំ និងមើលទៅដើរទៅយ៉ាងរលូននៅដំបូងដៃក៏ដោយ អ្នកនៅតែមិនអាចព្យាករណ៍បានដឹងជាមុន ១០០% ដែរថា ជំនួញរបស់អ្នកនឹងស្ថិតស្ថេរបានយូរអង្វែង។ ជាពិសេស មានម្ចាស់ភោជនីយដ្ឋានជាច្រើនសម្រេចចិត្តបើកអាជីវកម្មហាងអាហារឡើងដោយសារពួកគេជាមនុស្សដែលចូលចិត្តចម្អិនម្ហូបអាហារ ឬដោយសារពួកគេចង់មានអាជីវកម្មផ្ទាល់ខ្លួនជាជាងធ្វើការឲ្យគេ។ ក្នុងចំណោមពួកគេ ភាគតិចណាស់ដែលដឹងអំពីសារៈសំខាន់នៃផ្នែកធនធានមនុស្សនៅក្នុងប្រតិបត្តិការភោជនីយដ្ឋាន។ ភោជនីយដ្ឋានជាប្រភេទអាជីវកម្មសេវាកម្ម ដូច្នេះទោះម្ហូបអាហារនៅហាងរបស់អ្នកឆ្ងាញ់ប៉ុណ្ណា ឬមានទីតាំងល្អប៉ុណ្ណាក៏ដោយ បើបុគ្គលិករបស់អ្នកមិនមានភាពរាក់ទាក់ដាក់ភ្ញៀវ និងគ្មានស្មារតីបម្រើសេវាកម្ម នោះអតិថិជននឹងមិនចង់ត្រឡប់មកហាងរបស់អ្នកម្តងទៀតឡើយ។
ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗ ចំនួន៨ ក្នុងការពង្រឹងកូនក្រុម ឬបុគ្គលិកក្នុងភោជនីយដ្ឋានរបស់អ្នក។
១. សួរគំនិតយោបល់ពីបុគ្គលិករបស់អ្នក
ស្នើសុំមតិកែលម្អពីបុគ្គលិក ដើម្បីស្វែងរកវិធីធ្វើយ៉ាងណាបង្កើនការលូតលាស់នៃភោជនីយដ្ឋានរបស់អ្នក។ ពួកគេអាចនឹងមានគំនិតកែប្រែមុខម្ហូបលើ Menu គំនិតបង្កើតកម្មវិធីប្រូម៉ូសិន គោលការណ៍ ឬច្បាប់ទម្លាប់ផ្សេងៗក្នុងភោជនីយដ្ឋាន ពណ៌ថ្នាំលាបបន្ទប់ទឹក…។ល។ ដើម្បីធ្វើវា អ្នកត្រូវការបង្កើតប្រអប់មួយដែលសម្រាប់តែឲ្យបុគ្គលិកដាក់មតិកែលម្អ មានន័យថាមតិទាំងនោះផ្តល់ឲ្យជាឯកជន និងអាចបញ្ចេញឈ្មោះ ឬមិនបង្ហាញឈ្មោះ។ អ្នកអាចមើលក្រដាសទាំងនោះម្តងក្នុងមួយសប្តាហ៍ ហើយអ្នកនឹងអាចដឹងថាបុគ្គលិករបស់អ្នកមានគំនិតអស្ចារ្យប៉ុណ្ណា។ លើសពីនេះទៅទៀត វានឹងធ្វើឲ្យពួកគេយល់ថាពួកគេជាផ្នែកមួយនៃម្ចាស់ភោជនីយដ្ឋាន នៅពេលអ្នកធ្វើតាមមតិរបស់ពួកគេ។ កុំភ្លេចនិយាយពាក្យអរគុណដល់ការខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការចូលរួមលើកស្ទួយភោជនីយដ្ឋានរបស់អ្នក ជាពិសេសនៅក្នុងពិធីជប់លៀងបំណាច់ឆ្នាំ។
២. បង្កើតបរិយាកាសរីករាយដល់បុគ្គលិកក្នុងកិច្ចប្រជុំ
ចំណាយពេលប៉ុន្មាននាទីដើម្បីបង្កើតសកម្មភាពរីករាយមួយចំនួនតាមតែអ្នកអាចធ្វើបាន និងសកម្មភាពបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងក្រុមការងារ ដូចជាសកម្មភាពហុចផ្លែឈើតគ្នាយកទៅដាក់ក្នុងកន្ត្រក សកម្មភាពធ្វើកាយវិការត្រាប់គ្នា និងសកម្មភាពធ្វើជាក្រុមផ្សេងៗទៀតតាមតែអ្នកពេញចិត្ត។ សកម្មភាពទាំងនេះអាចធ្វើឲ្យកូនក្រុមរបស់អ្នកមានការសហការគ្នាកាន់តែខ្លាំង ដែលអាចជួយជម្រុញប្រសិទ្ធភាពការងារកាន់តែខ្ពស់។
៣. លើកទឹកចិត្តឲ្យមានកម្មវិធីសប្បាយៗនៅកន្លែងការងារ
ការបើកដំណើរការអាជីវកម្មមួយ គឺត្រូវការភាពម៉ត់ចត់ច្បាស់លាស់ និងមានការទទួលខុសត្រូវខ្ពស់ ប៉ុន្តែមិនមែនមានន័យថាអ្នកមិនគួរបង្កើតការសប្បាយខ្លះនៅកន្លែងការងារឡើយ។ ស្មារតីរីករាយនៅកន្លែងការងារនឹងលើកទឹកចិត្តឲ្យបុគ្គលិកមានឥរិយាបទល្អ ទោះបីជាពួកគេហត់នឿយក្នុងការធ្វើការក៏ដោយ។ នៅក្នុងថ្នាក់រៀនវេនយប់ គ្រូខ្លាំងតែងដឹងស្ថានភាពរបស់សិស្សដែលនឿយហត់ក្រោយចេញពីធ្វើការ ដូច្នេះគាត់តែងលើកយកប្រធានបទកំប្លែងផ្សេងៗដើម្បីពញ្ញាក់អារម្មណ៍សិស្សកុំឲ្យធុញទ្រាន់ និងងងុយគេង។ នៅក្នុងកន្លែងធ្វើការក៏ដូចគ្នា ក្នុងនាមជាអ្នកគ្រប់គ្រង អ្នកគួរធ្វើអ្វីម៉្យាងនៅពេលឃើញបុគ្គលិកនឿយហត់នឹងការងារ ដូចជានៅពេលរដូវលក់ដាច់ខ្លាំងជាដើម។
៤. បង្ហាញការគោរពដល់បុគ្គលិកទាំងអស់
នៅក្នុងភោជនីយដ្ឋានតែងមានច្បាប់ទំលាប់ និងឋានៈខុសៗគ្នា ប៉ុន្តែមនុស្សគ្រប់គ្នាដែលជាបុគ្គលិករបស់អ្នក គឺជាអ្នកដែលធ្វើឲ្យប្រតិបត្តិការអាជីវកម្មដំណើរការទៅរួចជាប្រចាំថ្ងៃ និងជាអ្នកដែលរួមគ្នាបង្កើតភាពជោគជ័យដល់ភោជនីយដ្ឋានទាំងមូល។ អ្នកត្រូវធ្វើឲ្យប្រាកដថា អ្នកផ្តល់ការគោរពឲ្យតម្លៃទៅដល់បុគ្គលិកក្រោមបង្គាប់ក្នុងនាមជាអ្នកគ្រប់គ្រង និងអ្នកដឹកនាំដ៏គួរឲ្យគោរព ហើយបុគ្គលិករាល់គ្នានឹងមើលគំរូរបស់អ្នកសម្រាប់ធ្វើការគោរពដល់បុគ្គលិកដទៃ។
៥. បញ្ចេញឥរិយាបទគំរូ ដើម្បីឲ្យបុគ្គលិករបស់អ្នកធ្វើតាម
ក្នុងនាមជាម្ចាស់ ឬអ្នកគ្រប់គ្រងភោជនីយដ្ឋានមួយ អ្នកគឺជាតំណាងឲ្យយីហោហាងទាំងមូល។ ចង់ ឬមិនចង់ឲ្យបុគ្គលិកធ្វើតាម ក៏ពួកគេចាំចម្លងសកម្មភាពរបស់អ្នកដែរ។ ប្រសិនបើអ្នកចូលមកក្នុងភោជនីយដ្ឋានទាំងទឹកមុខក្រញ៉ូវ ឬខឹងសម្បារ ហើយឡូឡាដាក់គេដាក់ឯង សាកទាយទៅមើលថាបុគ្គលិករបស់អ្នកនឹងបម្រើសេវាកម្មដល់អតិថិជនដោយរបៀបណា! ផ្ទុយទៅវិញ ប្រសិនបើអ្នកចូលមកក្នុងហាងជាមួយទឹកមុខញញឹមស្រស់ថ្លា និងមានឥរិយាបទល្អ វានឹងនាំឲ្យបុគ្គលិករបស់អ្នកយកជាគំរូតាម។
៦. ផ្តល់រង្វាន់ដល់បុគ្គលិករបស់អ្នក
បង្កើនការលើកទឹកចិត្តដល់បុគ្គលិកទទួលភ្ញៀវក្នុងភោជនីយដ្ឋានរបស់អ្នក តាមរយៈការឲ្យពួកគេប្រកួតប្រជែងដោយជំហរ។ ឧទាហរណ៍ដូចជាការផ្តល់រង្វាន់លើកទឹកចិត្តប្រចាំសប្តាហ៍ ឬប្រចាំខែ ដល់បុគ្គលិកណាដែលទទួលបានការមតិយោបល់ (Feedback) ខ្ពស់លើការបម្រើសេវាកម្មជូនអតិថិជន (ធ្វើបែបនេះទាល់តែបុគ្គលិករបស់អ្នកមានឈ្មោះ ឬលេខសម្គាល់នៅលើអាវ ហើយឲ្យពួកគេផ្តល់ក្រដាសមតិយោបល់ និងស្នើឲ្យអតិថិជនជួយផ្តល់មតិយោបល់)។
៧. កុំដាក់កំហុសឲ្យតែលើបុគ្គលិកទទួលភ្ញៀវ
បុគ្គលិកទទួលភ្ញៀវ គឺជាបុគ្គលិកជួរមុខនៃភោជនីយដ្ឋានរបស់អ្នក ពេលខ្លះពួកគេត្រូវប្រឈមមុខជាមួយភ្ញៀវដែលមិនសប្បាយចិត្ត ទោះបីបញ្ហានោះនៅក្រៅការទទួលខុសត្រូវរបស់ពួកគេក៏ដោយ។ តួរយ៉ាងដូចជាចុងភៅក្នុងផ្ទះបាយចេញម្ហូបមកយឺត ដែលធ្វើឲ្យភ្ញៀវមិនសប្បាយចិត្តដោយការចាំយូរ តើករណីនេះភ្ញៀវបញ្ចេញឥរិយាបទមិនល្អដាក់នរណា? ប្រាកដជាដាក់អ្នកទទួលភ្ញៀវហើយ មិនមែនដាក់ចុងភៅ ឬអ្នកគ្រប់គ្រងឡើយ។ ក្នុងករណីមានកំហុសក្រៅការទទួលខុសត្រូវរបស់បុគ្គលិកទទួលភ្ញៀវបែបនេះ ហើយមានភ្ញៀវស្តីឲ្យ ឬបញ្ចេញអាកប្បកិរិយាមិនសមរម្យដាក់ពួកគេ អ្នកគួរផ្តល់ជាអាហារពិសេសក្នុងហាងហ្វ្រីលើកទឹកចិត្តដល់បុគ្គលិកនោះ។
៨. កំណត់មូលហេតុនៃបញ្ហាឲ្យបានលឿន
បញ្ហាមិនចុះសម្រុងរវាងបុគ្គលិក និងបុគ្គលិកតែងតែមាននៅក្នុងអាជីវកម្មភោជនីយដ្ឋាន ឬមានបក្សពួក។ បុគ្គលិកខ្លះយល់ថាអ្នកគ្រប់គ្រង ឬចៅហ្វាយនាយ មិនបានផ្តល់ការគាំពារ ឬការលើកទឹកចិត្តដល់បុគ្គលិកស្មើភាពគ្នា។ ខ្លះទៀតយល់ថាខ្លួនខិតខំធ្វើការល្អជាងគេ ប៉ុន្តែមិនទទួលបានការលើកទឹកចិត្តដូចបុគ្គលិកផ្សេងទៀត…។ មិនថាវាជាបញ្ហាអ្វីក៏ដោយ អ្នកត្រូវកំណត់បញ្ហានោះឲ្យបានលឿន កុំទុកចាំពេលក្រោយនាំឲ្យវាបង្កើតបញ្ហាថែមកាន់តែច្រើន។
សរុបមក ការបណ្តុះស្មារតីលើឥរិយាបទ និងសុជីវធម៌នៅកន្លែងការងារដល់បុគ្គលិករបស់អ្នក គឺជាជម្រើសដ៏ត្រឹមត្រូវមួយសម្រាប់ដណ្តើមយកប្រជាប្រិយភាព ក្រៅពីការមានតារាងមុខម្ហូបល្អ (ការរើសមុខម្ហូបដាក់លើមីនុយមុខម្ហូប ឬ Menu គឺត្រូវបានរើសដាក់ប្រកបដោយយុទ្ធសាស្ត្រ ពោលគឺមិនមែននឹកឃើញរើសដាក់នោះទេ) និងបរិយាកាសល្អនៅក្នុងហាង។
ឯកសារយោង៖
វិធីធ្វើឲ្យបុគ្គលិកក្នុងភោជនីយដ្ឋានរបស់អ្នក ខិតខំធ្វើការកាន់តែល្អ និងធ្វើឲ្យអតិថិជនពេញចិត្ត
មេរៀនដ៏ចាំបាច់ចំនួន ៦ ដែលសហគ្រិនគួរសិក្សាស្វែងយល់នៅពេលធ្វើជំនួញ
អត្ថបទទាក់ទង