វិធីសាស្រ្តទាំង៥នេះ ជាទុនគំនិតអ្នកលក់ឆ្លាតវៃ
ដើម្បីជោគជ័យ ក្នុងការលក់ ដំបូងអ្នកត្រូវផ្លាស់ប្តូរទស្សនៈរបស់អ្នក ស្តីពីការលក់ជាមុនសិន។ ជំនួសឲ្យការស្វែងរកនូវចំណុចអវិជ្ជមាន អ្នកត្រូវចាប់ផ្តើមបង្ហាញនូវភាពខុសប្លែកទាំងអស់។ ការលក់ គឺជាការបម្រើ និងជួយអ្នកដទៃទៅដល់កន្លែងណាមួយដែលពួកគេចង់ទៅ។ នៅក្នុងការលក់ អ្នកអាចទទួលជោគជ័យបានតែមួយគត់ នៅពេលដែលអ្នកអាចជួយមនុស្សដទៃឲ្យជោគជ័យ។ វាពិតជាមានភាពលំបាកខ្លាំងក្នុងការជោគជ័យដើម្បីលក់ ប្រសិនបើអ្នកបន្តរក្សាការប្រាប់ខ្លួនឯងថា តើអ្នកស្អប់ការលក់ប៉ុណ្ណា ហើយប្រសិនបើអ្នកមិនដែលព្យាយាមផ្លាស់ប្តូរនូវទស្សនៈអវិជ្ជមានរបស់ខ្លួន អំពីអត្ថន័យនៃការលក់ពិតប្រាកដ។ ដើម្បីក្លាយជាអ្នកលក់ដ៏ពូកែម្នាក់ ត្រូវការធាតុរួមផ្សំជាច្រើន។ ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗ ៥យ៉ាង ដែលអាចជាទុនគំនិតជួយអ្នកឱ្យក្លាយលក់ដ៏ឆ្លាតវៃម្នាក់បាន៖
១. ឈ្វេងយល់តម្រូវការស្នូលរបស់អតិថិជន
នេះជាចំណុចសំខាន់បំផុតដែលអ្នកលក់គួរធ្វើ។ លោកអ្នកត្រូវឈ្វេងយល់ពីតម្រូវការស្នូលអតិថិជនរបស់អ្នកឱ្យបានច្បាស់ថា តើពួកគេចង់បានអ្វីឱ្យពិតប្រាកដ។ ត្រូវឆ្លាតក្នុងការស្វែងរកផលិតផល ឬសេវាកម្ម និងរបៀបបង្ហាញវាឱ្យទាក់ចិត្តអតិថិជន។ លោកអ្នកដឹងកាន់តែច្រើនអំពីការចង់បានរបស់អតិថិជន លោកអ្នកនឹងមានឱកាសខ្ពស់ក្នុងការលក់ទំនិញ ឬសេវាកម្មនោះ។
បើតាមការស្រាវជ្រាវ បុគ្គលដែលពូកែខាងការទំនាក់ទំនង តែងតែចាប់ផ្តើមចរចាលក់ ដោយការប្រើសំនួរនៅពេលចាប់ផ្តើមដំបូង។ ដើម្បីទំនាក់ទំនងការចរចាលក់ប្រកបដោយប្រសិទ្ធភាព នៅពេលជជែកជាមួយអតិថិជន អ្នកគួរចាប់ផ្តើមការសន្ទនាដំបូងរបស់អ្នកជាមួយនឹងសំនួរ ដោយអ្នកត្រូវធ្វើការស្រាវជ្រាវ និង រៀបចំរាល់សំនួរដែលល្អទុកជាមុនដើម្បីសួរពេលជួបជាមួយអតិថិជន។
នៅពេលដែលអ្នកសួរសំនួរ ដែលល្អ នោះមានន័យថាអ្នកកំពុងធ្វើរឿង ២ សំខាន់ដើម្បីជួយអ្នកក្នុងការចរចាលក់។ ទី១ គឺអ្នកបានបង្ហាញ ការដាក់ខ្លួនទាប គ្មានអំនួត ដែលវានឹងជួយធ្វើឲ្យការលក់របស់អ្នក ធ្វើឡើងក្នុងវិធីមួយវិជ្ជមាន។ ទី២ អ្នកចាប់ផ្តើមការសន្ទនាជាមួយនឹងការទទួលបាន ចម្លើយមួយដែលអ្នកអាចនឹងពិបាកស្វែងរក។
២. ពន្យល់ពីគុណវិបត្តិ បើសិនអតិថិជនមិនទិញផលិតផលរបស់អ្នក
ក្រៅពីលក្ខណៈពិសេសនៃផលិតផល ឬសេវាកម្មរបស់អ្នក លោកអ្នកអាចនឹងពន្យល់ពីគុណវិបត្តិ ឬការសោកស្ដាយ បើសិនជាអតិថិជនមិនសម្រេចចិត្តទិញផលិតផល ឬសេវាកម្មរបស់អ្នកនោះទេ។ ឧទាហរណ៍៖ ពួកគេអាចនឹងចំណាយពេលច្រើនដើម្បីស្វែងរកផលិតផលប្រភេទនេះ ផលិតផលប្រហែលគ្នានេះអាចនឹងថ្លៃគុណភាពអន់ជាងនេះ មិនត្រូវនឹងតម្រូវការក្រុមហ៊ុនជាដើម ។ល។
៣. បង្ហាញ ឬណែនាំដល់អតិថិជនរបស់អ្នក
បើអតិថិជននៅតែស្ទាក់ស្ទើរក្នុងការទិញផលិតផល ឬសេវាកម្មរបស់អ្នក លោកអ្នកគួរតែព្យាយាមណែនាំបន្ថែមទៀតពីគុណតម្លៃ ឬចំណុចពិសេសនៃផលិតផលរបស់អ្នក។ ព្យាយាមប្រៀបធៀបផលិតផលរបស់អ្នកទៅនឹងដៃគូប្រកួត បើសិនជាអតិថិជនប្រៀបធៀបមុន។ ការណែនាំ ឬបង្ហាញបានល្អ ឬនិយាយដោយខ្លី គឺពន្យល់ចាក់ចំបេះដូងរបស់អតិថិជន នោះអតិថិជនអាចនឹងសម្រេចចិត្តទិញ។
ការក្លាយខ្លួនជាអ្នកដោះស្រាយបញ្ហា ហើយផ្ដល់ជូននូវតម្លៃពិតនៅក្នុងទីផ្សារ ធ្វើឲ្យអ្នកមានភាពខុសប្លែក និងមានលក្ខណៈពិសេសខុសពីមនុស្សដទៃផ្សេងទៀត។ បុគ្គលជោគជ័យខ្លាំងក្នុងការលក់ ពួកគេមិនត្រឹមតែមើលលើការលក់ប៉ុណ្ណោះទេ ពួកគេក៏ជាមនុស្សដែលស្វែងរកឱកាសដើម្បីដោះស្រាយបញ្ហាទៀតផង។ នៅពេលអ្នកចាប់ផ្ដើម ដោះស្រាយបញ្ហា ហើយត្រូវបានគេស្គាល់ច្បាស់ ថាជាបុគ្គលពូកែដោះស្រាយបញ្ហា នៅមុនពេលគេស្គាល់អ្នក ថាជាអ្នកដែលពូកែលក់ នោះអាជីវកម្មរបស់អ្នក រួមទាំងជីវិតរបស់អ្នកផងនឹងមានការផ្លាស់ប្ដូរ។
៤. លើកឧទាហរណ៍ជាក់ស្ដែង ដើម្បីបន្ធូរបន្ថយការបារម្ភរបស់អតិថិជន
អតិថិជនតែងមានការបារម្ភជានិច្ចនៅពេលដែលពួកគេចង់ទិញផលិតផលអ្វីមួយ ជាពិសេសផលិតផល ឬសេវាកម្មដែលមានលក្ខណៈស្មុគស្មាញ។ ពួកគេអាចនឹងបារម្ភថា វានឹងអាចមានអ្វីកើតឡើងក្រោយពីប្រើប្រាស់មួយរយៈពេល។ អតិថិជនខ្លះទៀត អាចនឹងស្ទាក់ស្ទើរ មិនហ៊ានសម្រេចចិត្តទិញ ព្រោះបារម្ភថាមិនចេះប្រើ។ ដូច្នេះអ្នកគួរលើកយកឧទាហរណ៍ដែលមានសាច់រឿងប្រហាក់ប្រហែលគ្នាមកពន្យល់ដល់អតិថិជន។
៥. ចាប់ផ្តើមលក់ពីតិចទៅច្រើន
នៅពេលដែលតម្លៃក្លាយជាបញ្ហាដែលគួរឱ្យបារម្ភចំពោះអតិថិជនរបស់អ្នក លោកអ្នកគួរស្វែងយល់ពីកម្រិតនៃថវិការបស់អតិថិជនដែលអាចមានលទ្ធភាពទិញបាន។ បើទំនិញរបស់អ្នកមានតម្លៃថ្លៃ ការលក់ដំបូងកុំរំពឹងខ្ពស់ពេក ហើយបើផលិតផលរបស់អ្នកមានច្រើនប្រភេទ ច្រើនសន្ធាន អ្នកគួរពិចារណាលក់បរិមាណតិចសិនទៅកាន់អតិថិជន ហើយនាពេលក្រោយបន្ទាប់ពីមានទំនុកចិត្តមកលើផលិតផលរបស់អ្នកហើយ គឺអាចលក់ក្នុងបរិមាណច្រើន។
ជារួមមកវិញ ដើម្បីក្លាយជាអ្នកលក់ដ៏ពូកែម្នាក់ ត្រូវការធាតុរួមផ្សំជាច្រើន ហើយគន្លឹះសំខាន់ៗខាងលើនេះ អាចជាទុនគំនិតជួយអ្នកឱ្យក្លាយលក់ដ៏ឆ្លាតវៃម្នាក់បាន។
អត្ថបទទាក់ទង