យុទ្ឋសាស្រ្តសំខាន់ៗ ចំនួន៦ ដើម្បីឲ្យអាជីវកម្មខ្នាតតូចរបស់អ្នកចូលក្នុងទីផ្សារប្រកួតប្រជែង

ដើម្បីបង្កើនចំនួនអតិថិជនទាំងនៅលើអ៊ីនធឺណិត និងដោយផ្ទាល់ អ្នកចាំបាច់ត្រូវការអភិវឌ្ឍ ប្រ៊េន (Brand) និងវេទិការបស់អ្នកដើម្បីបង្កភាពងាយស្រួលដល់អតិថិជនក្នុងការស្វែងរកអាជីវកម្មរបស់អ្នក និងចង់បន្តត្រឡប់មកវិញម្ដងហើយម្តងទៀត។

ពេលខ្លះ មនុស្សទូទៅមិនមែនគ្រាន់តែចូលទៅកាន់ក្រុមហ៊ុនសម្រាប់ជាវផលិតផលនោះទេ ប៉ុន្ដែពួកគេក៏កំពុងស្វែងយល់ពីបទពិសោធន៍ក្នុងការទិញផងដែរ។ អាជីវកម្មដែលអាចកំណត់អត្តសញ្ញាណអតិថិជនរបស់ខ្លួន​ និងតម្រូវការដែលពួកគេចង់បាននោះនឹងអាចធ្វើឱ្យប្រ៊េនរបស់ពួកគេមានការប្រកួតប្រជែងបានកាន់តែទូលំទូលាយ ព្រមទាំងទទួលបានអតិថិជនកាន់តែច្រើន និងការលក់ក្នុងរយៈពេលវែង។

ខាងក្រោមនេះ ជាយុទ្ឋសាស្រ្តសំខាន់ៗ ចំនួន៦ ដើម្បីឲ្យអាជីវកម្មខ្នាតតូចរបស់អ្នកចូលក្នុងទីផ្សារប្រកួតប្រជែង៖

១. ស្វែងរក និងកំណត់អតិថិជនគោលដៅរបស់អ្នក

មុនពេលដែលអ្នកអាចប្រមូលបានអតិថិជនដែលចាប់អារម្មណ៍ចង់ចូលទៅកាន់វេបសាយ ហ្វេសប៊ុក ឬហាងរបស់អ្នក អ្នកត្រូវស្វែងយល់ជាមុនសិនថា មនុស្សបែបណាដែលអ្នកចង់ទាក់ទាញ? ហេតុអ្វីបានជាពួកគេជ្រើសយកអាជីវកម្មរបស់អ្នក ជាងអាជីវកម្មរបស់អ្នកដទៃ? វិធីល្អបំផុតដើម្បីធ្វើបែបនេះ គឺចងក្រងសំណួរសួរទៅកាន់ពួកគេ។

កត់ត្រាទុកការឆ្លើយតបរបស់អតិថិជននីមួយៗ ហើយប្រៀបធៀបភាពស្រដៀងគ្នា និងភាពខុសគ្នារវាងអ្វីដែលនាំពួកគេចាប់អារម្មណ៍លើអាជីវកម្មរបស់អ្នក។ នៅពេលចាប់ផ្តើម អ្នកត្រូវកត់សំគាល់ប្រជាសាស្ត្រដែលគួរចែករំលែកដូចជា មនុស្សចាស់ ក្មេង និស្សិត ជនបរទេស​ ។ល។ នោះអ្នកអាចរកវិធីដើម្បីអំពាវនាវដោយផ្ទាល់ទៅក្រុមមនុស្សទាំងនោះ។ ឧទាហរណ៍៖ អ្នកអតិថិជនវ័យចាស់អាចចូលហាងរបស់អ្នកដោយសារតែពួកគេឃើញសញ្ញាតាមចិញ្ចើមថ្នល់ ហើយបានឮការនិយាយតគ្នា ខណៈដែលអតិថិជនវ័យក្មេងរកឃើញអ្នកតាមរយៈ អ៊ីនស្តាក្រាម (Instagram) ។ ការយល់ដឹងពីគោលដៅ និងប្រភេទអតិថិជនក៏ជួយអ្នកក្នុងការកំណត់ថាតើអ្នកគួរតែផ្តល់សេវាកម្មទូទៅជាភាសាខ្មែរ ឬ ខ្មែរ-អង់គ្លេស ឬ ខ្មែរ-ចិន ឬទាំងបីភាសាតែម្តង។

២. បង្កើតបណ្តាញឱ្យបានច្រើនសម្រាប់ទំនាក់ទំនង

ទោះបីជាអតិថិជនរបស់អ្នក គ្រាន់តែតាមដានអាជីវកម្មរបស់អ្នកនៅលើហ្វេសប៊ុក (Facebook) ក៏ដោយ តែវាមានសារៈសំខាន់ណាស់ ដើម្បីឱ្យមានផ្លូវបើកចំហជាច្រើនដល់ក្រុមហ៊ុនរបស់អ្នកតាមដែលអាចធ្វើទៅបាន។

នៅពេលអ្នកបើកទូលាយនៃទំនាក់ទំនង អ្នកចាំបាច់ត្រូវតែឆ្លើយតបទៅនឹងសារដែលអ្នកទទួលបាន។ អ្នកគួរតែឧស្សាហ៍ពិនិត្យអ៊ីម៉ែល និងហ្វេសប៊ុករបស់ក្រុមហ៊ុនយ៉ាងហោចណាស់មួយដងក្នុងមួយថ្ងៃ ឬច្រើនជាងនេះទៀតដើម្បីប្រាកដប្រជា។ ប្រសិនបើអ្នកមិនអាចឆ្លើយសំណួររបស់អតិថិជនបានភ្លាមៗ ឬរហ័សទេ អ្នកគួរតែប្រាប់ដំណឹងដល់ពួកគេថាអ្នកកំពុងព្យាយាមឆ្លើយតប។

អតិថិជនមានអារម្មណ៍ថាពួកគេសំខាន់នៅពេលពួកគេទទួលបានការឆ្លើយតបពីក្រុមហ៊ុន ហើយពួកគេនឹងបង្ហាញភាពស្មោះត្រង់ចំពោះក្រុមហ៊ុនណាដែលឆ្លើយតបឆាប់រហ័សចំពោះតម្រូវការតែមួយគត់របស់ពួកគេ។

៣. ការធ្វើទីផ្សារតាមរយៈការនិយាយពីមាត់មួយទៅមាត់មួយ

មិនថាអ្នកប្រកបអាជីវកម្មនៅក្នុងសហគមន៏តូចមួយ ឬនៅក្នុងទីក្រុងធំនោះទេ ការនិយាយតគ្នា គឺពិតជាសំខាន់ និងមានឥទ្ធិពលខ្លាំងណាស់ចំពោះអាជីវកម្មរបស់អ្នក។ អតិថិជនភាគច្រើន តែងសួរគ្នាដើម្បីស្វែងរកទំនុកចិត្ត មុនពេលសម្រេចចិត្តទិញនូវទំនិញអ្វីមួយ។ ដូចនេះហើយ ការបង្កើតកេរ្តិ៍​ឈ្មោះល្អ​ គឺជារឿងសំខាន់ និងចាំបាច់ដើម្បីទទួលបានជោគជ័យ។

សំណួរសួរថា តើអ្នកគួរធ្វើដូចម្តេចដើម្បីទទួលបានការនិយាយល្អៗ (វិជ្ជមាន) ដោយរបៀបណា? ពិតណាស់ វាមិនមែនជារឿងងាយទេក្នុងការទទួលបានការសរសើរ​ ប៉ុន្តែ​វាក៏មិនមែនជារឿងពិបាកនោះទេ​អ្នកអាចទទួលវាបាន​តាមរយៈការ​ផ្តល់នូវសេវាកម្មល្អ​ប្រកបដោយវិជ្ជាជីវៈ​ ការបង្កើន និងត្រួតពិនិត្យកេរ្តិ៍​ឈ្មោះតាមរយៈការផ្តល់មតិឆ្លើយតប (Feedback) ក៏ដូចជាសំណូមពរ (Suggestion) របស់អតិថិជនរបស់អ្នក​ (ពួកគេនឹងប្រាប់ពីកម្រិតអាជីវកម្មរបស់អ្នកទាំងអ្វីដែលជាចំណុចល្អ និងកង្វះខាតដែលអ្នកគួរកែប្រែ) ហើយម៉្យាងវិញទៀត គឺការចូលរួមធ្វើការងារសង្គម ឬទំនួលខុសត្រូវសង្គម (Social Responsibility) ដូចដែលអ្នកបានឃើញអ្នកជំនួញធំៗចូលរួមបរិច្ចាកប្រាក់ និងធ្វើការងារសង្គមផ្សេងៗ រួចហើយថតវីឌីអូបង្ហោះក្នុងហ្វេសប៊ុក ឬបណ្តាញសង្គមផ្សេងៗ។ ទោះបីជាពួកគេរកស៉ីមិនល្អខ្លះ ប៉ុន្តែពួកគេយកការចូលរួមជួយសង្គមដើម្បីលាងឈ្មោះ ថែមទាំងជួយបង្កើនកេរិ៍ឈ្មោះផ្ទាល់ខ្លួន និងអាជីវកម្មរបស់គេផងដែរ។

៤. ការទាញយកចំណាប់អារម្មណ៍អតិថិជនរបស់អ្នក

វិធីដ៏ល្អមួយដើម្បីទទួលបានចំណាប់អារម្មណ៍ និងការគោរពពីអតិថិជនរបស់អ្នក គឺការទាញយកចំណាប់អារម្មណ៍របស់ពួកគេហើយភ្ជាប់ពួកគេទៅក្រុមហ៊ុនរបស់អ្នក។ 

ប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជាវិធីដ៏កំពុងពេញនិយមមួយ ដើម្បីតភ្ជាប់ជាមួយអតិថិជនថ្មីរបស់អ្នក។

វាត្រូវការពេលវេលាខ្លះ ដើម្បីតភ្ជាប់ទំនាក់ទំនងទាំងនេះ ប៉ុន្តែក្រុមហ៊ុនតូចមួយអាចចាប់ផ្តើមដោយអំពាវនាវដោយប្រើចំណាប់អារម្មណ៍ផ្សេងៗនៅក្នុងបណ្តាញសង្គមរបស់ខ្លួន។ ការសរសេររឿងរ៉ាវវិជ្ជមាន និងរឿងសប្បាយអាចមានអំណោយផលច្រើនទៅលើហ្វេសប៊ុក និង អ៊ីនស្តាក្រាម។ អ្នកគួរតែចំណាយពេលខ្លះដើម្បីបង្ហោះរឿងដែលឡូយៗ និងរឿងដែលជួយបំផុសគំនិតអំពីជំនួញរបស់អ្នក នោះបុគ្គលិក ឬអតិថិជន ព្រមនឹងអ្នកអានមួយចំនួននឹងចែករំលែកបន្ត។

៥. ពង្រឹងយុទ្ធសាស្ត្រទីផ្សារ

យុទ្ធសាស្ត្រទីផ្សារ គឺជាគន្លឹះគោលក្នុងការបង្កើនការលក់របស់អ្នក។ វាមានដូចជាការការធ្វើប្រមូលសិន (Promotion) ដូចជាការលក់បញ្ចុះតម្លៃជាដើម។​ ហើយអ្វីដែលកំពុងពេញនិយមនោះ គឺ​ការទិញថែម (ទិញ២ ថែម១) និងការផ្តល់ជាគូប៉ុង ឬ Voucher ដែលវាមានពីរប្រភេទដូចជា ការផ្តល់ជូនជាតម្លៃប្រាក់ ឬភាគ​រយ (គូប៉ុង ឬ Voucher ១០ដុល្លារ ឬ បញ្ចុះតម្លៃ១០ភាគរយសម្រាប់ការទិញលើក​ក្រោយ)​។​ យុទ្ធសាស្ត្រពីរនេះ គឺល្អបំផុតសម្រាប់អាជីវកម្មប្រភេទសម្លៀកបំពាក់ ព្រោះអាជីវកម្មប្រភេទនេះតម្រូវអោយអ្នកឆាប់បញ្ចេញទំនិញចាស់ឲ្យអស់ពីស្តុកដើម្បីនាំចូលទំនិញថ្មី​ (មិនកប់ម៉ូត)។

៦. ទៅមុខយឺត ប្រសើរជាងដើរថយក្រោយ

គ្មានអ្វីអាចសម្រេចទៅបានដោយគ្មានការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងនោះទេ។ ពេលខ្លះដោយសារស្ថានភាពទីផ្សារប្រកួតប្រជែងខ្លាំង និងកត្តាខាងក្រៅមួយចំនួន ទើបធ្វើឲ្យល្បឿនលូតលាស់របស់អ្នកយឺត ប៉ុន្តែធ្វើយ៉ាងណាកុំដើរថយក្រោយ ព្រោះទម្រាំបានទៅមុខមួយជំហានៗ គឺពិតជាពិបាកណាស់។ បើសិនជាអ្នកចង់អោយអាជីវកម្មខ្នាតតូចរបស់អ្នកកាន់តែមានភាពជោគជ័យខ្ពស់នៅក្នុងឆ្នាំនេះ នោះអ្វីដែលអ្នកគួរធ្វើ គឺត្រូវតែព្រមទទួលយក និងធ្វើការផ្លាស់ប្តូរដែលអាចធ្វើអោយវាកើតឡើងទៅជាការពិតបាន វាអាចជាការកែប្រែនូវទម្លាប់មិនល្អមួយចំនួន ឬអាចជារបៀបដឹកនាំ និងគ្រប់គ្រងអាជីវកម្មមួយចំនួនផងដែរ ដើម្បីប្រាកដថាវាត្រូវតែជាឆ្នាំដ៏អស្ចារ្យបំផុតសម្រាប់អ្នក។


អត្ថបទទាក់ទង

គន្លឹះសំខាន់ៗ ចំនួន៤ ក្នុងការចាប់ផ្តើមអាជីវកម្មជាមួយនឹងដើមទុនតិច

Leave a Reply

Your email address will not be published. Required fields are marked *