ប្រើប្រាស់វិធីសាស្រ្ត៣នេះ ដើម្បីធ្វើឲ្យផលិតផលរបស់អ្នកទទួលបានជោគជ័យ
ការកសាងផលិតផលឲ្យបានជោគជ័យ ត្រូវការការគិតគូរជាច្រើនយ៉ាងដូចជា ការរចនា គុណភាព ការអភិវឌ្ឍ និងបទពិសោធន៍រីករាយ និងមិនអាចបំភ្លេចបាន ដែលអតិថិជននឹងទទួលបានពីផលិតផលរបស់អ្នក។ ផលិតផលត្រូវបានគេមើលឃើញថាជាតម្រូវការរបស់អ្នកប្រើប្រាស់។ វាអាចជាទំនិញរូបីយ ឬសេវាកម្ម។ ផលិតផលនីមួយៗតែងតែមានវដ្តជីវិតរបស់វារួមមាន កំណើនថេរ លែងសូវពេញនិយម និងនៅទីបញ្ចប់ការលក់ថយចុះ ឈានរហូតដល់លែងមានតម្រូវការ។ តើមានវិធីសាស្ត្របែបណាដើម្បីកសាងផលិតផលរបស់អ្នកឲ្យបានជោគជ័យ? ខាងក្រោមនេះ គឺជាវិធីសាស្ត្រទាំង៣យ៉ាងដែលអ្នកអាចយកទៅសិក្សា និងអនុវត្តបាន ៖
១. ផ្ដោតទៅលើផលិតផល មិនមែនទៅលើការប្រកួតប្រជែងនោះទេ
មានម្ចាស់អាជីវកម្មជាច្រើនដែលច្រើនតែយកចិត្តទុកដាក់ទៅលើការប្រកួតប្រជែង និងមិនសូវគិតគូរទៅលើថាតើត្រូវធ្វើយ៉ាងណាដើម្បីឲ្យផលិតផលរបស់ខ្លួនឯងមានគុណភាព និងជាទីត្រូវការរបស់មនុស្សជាច្រើននោះឡើយ។ ការចាប់អារម្មណ៍តែទៅលើការប្រជែងជាមួយអ្នកដទៃ គឺធ្វើយ៉ាងណាដើម្បីឲ្យទស្សនីយភាពនៅក្នុងក្រុមហ៊ុនរបស់គេគួរជាទីទាក់ទាញដល់សាធារណជន តែវាអាចជាអន្ទាក់អូសទាញពួកគេឲ្យឈានទៅរកការបរាជ័យដោយចៀសមិនផុតនៅទីចុងបញ្ចប់បាន។
២. កាត់បន្ថយបញ្ហាបច្ចេកទេស ឬភាពរអាក់រអួលនៅក្នុងការជាវផលិតផលរបស់អ្នក
បើអ្នកបានបង្កើតគេហទំព័រផ្ទាល់ខ្លួនមួយ (ទំព័រហ្វេសប៊ុក…) សម្រាប់ឲ្យអតិថិជនទាក់ទងជាវទិញផលិតផលរបស់អ្នក នោះអ្នកត្រូវប្រាកដថាអំឡុងពេលអតិថិជនចូលមកកាន់គេហទំព័ររបស់អ្នក ពួកគេនឹងមិនជួបប្រទះនឹងភាពរអាក់រអួលដោយប្រការណាមួយដែលអាចកើតឡើងក្នុងពេលនោះឡើយ។ វាគឺជាបញ្ហាបច្ចេកទេសដែលអ្នកត្រូវយកចិត្តទុកដាក់ដោះស្រាយឲ្យបានឆាប់ មុនពេលបញ្ហានេះក្លាយជាបញ្ហាធំបាន។
៣. លើកទឹកចិត្តសមាជិកក្រុមឲ្យទទួលស្គាល់កំហុសរបស់ខ្លួន
កំហុស គឺមិនអាចចៀសវាងបាននោះទេ ប៉ុន្តែអ្នកដឹកនាំគួរតែស្វែងរកកំហុសនៅក្នុងដំណើរការកិច្ចការណាមួយនោះ មិនគួរនៅក្នុងបុគ្គលណាម្នាក់នោះឡើយ។ នៅពេលអ្នកធ្វើបែបនេះ នោះអ្នកនឹងកំពុងតែបង្កើតវប្បធម៌ល្អៗនៅក្នុងក្រុមការងារ ឬក្រុមហ៊ុនរបស់អ្នកទាំងមូលហើយ ហើយសមាជិកក្រុមម្នាក់ៗនឹងរីករាយពេញចិត្តធ្វើការជាមួយគ្នា និងហ៊ានទទួលយកនូវកំហុសដែលខ្លួនគេអាចនឹងមានចំណែក។ អ្នកទាំងអស់គ្នានឹងអាចជជែកគ្នាដោយស្មោះត្រង់ចេញពីចិត្ត ដែលអាចនាំក្រុមរបស់អ្នកឆ្ពោះទៅកាន់ការសម្រេចគោលដៅបាន។
អត្ថបទទាក់ទង
យុទ្ឋសាស្រ្តសំខាន់ៗ ចំនួន៦ ដើម្បីឲ្យអាជីវកម្មខ្នាតតូចរបស់អ្នកចូលក្នុងទីផ្សារប្រកួតប្រជែង