បញ្ហាប្រឈមចំនួន ៥ ក្នុងពេលចាប់ផ្តើមធ្វើអាជីវកម្មដែលអ្នកពិបាកដឹងមុន

អាជីវកម្ម (ច្បាប់) សកម្មភាពសេដ្ឋកិច្ចរបស់បុគ្គល ដែលមានគោលបំណងទាញយកប្រាក់ចំណូលអំពីផលិតកម្ម និងការផលិត និងលក់ទំនិញ ការផ្គត់ផ្គង់សេវា ភតិសន្យា ឬលក់ទ្រព្យសម្បត្តិ ឬសកម្មភាពផ្សេងទៀត។

នៅពេលចាប់ផ្តើមធ្វើអាជីវកម្មមថ្មី លោកអ្នកដឹងថានឹងប្រឈមការប្រថុយអ្វីខ្លះមិនខាន។ លោកអ្នកដឹងថា លោកអ្នកនឹងមិនមានប្រាក់ចំណូលទៀងទាត់ទេ លោកអ្នកដឹងថានឹងត្រូវលះបង់ការងារដែលកំពុងតែមានចោល ហើយលោកអ្នកដឹងថាពាណិជ្ជកម្មថ្មីរបស់លោកអ្នកប្រហែលនឹងដួលរលំនៅពេលណាមួយ។ ទាំងអស់នេះ ជាចំណេះដឹងទូទៅ ហើយសហគ្រិនជើងថ្មីភាគច្រើនត្រៀមខ្លួនរង់ចាំលទ្ធភាពទាំងអស់នេះដោយការយល់ដឹង និងការប្តេជ្ញាចិត្ត។

ប៉ុន្តែ បើលោកអ្នកធ្លាប់ធ្វើពាណិជ្ជកម្ម លោកអ្នកដឹងថាបញ្ហាប្រឈមដែលលោកអ្នកបានប្រុងប្រៀបខ្លួនត្រៀមចាំនោះកម្រជាកត្តាបំផ្លាញលោកអ្នកណាស់។ ជាបញ្ហាប្រឈមដែលលោកអ្នកមើលមិនឃើញ ឬបានគិតដល់នោះទេ ដែលជាឃាតកសម្លាប់ពាណិជ្ជកម្មរបស់លោកអ្នក។ ខាងក្រោមនេះ ជាបញ្ហាប្រឈមដែលពិបាកដឹងមុន៖

១. ចំណាយដែលមិនបានគិតទុក

មនុស្សពូកែខាងគិតគូរគម្រោងថវិកានឹងស្អប់ចំណុចមួយនេះ។ ឧទាហរណ៍ថាលោកអ្នកបានគណនាចំណាយទាំងអស់សម្រាប់ផលិតផល និងតម្រូវការនីមួយៗក្នុងពាណិជ្ជកម្ម។ លោកអ្នកមិនបានទុកលទ្ធភាពចំណាយណាមួយចោលទេ ហើយលោកអ្នកក៏បានគិតទុកទាំងលទ្ធភាពនៃផលចំណេញថែមទៀត។ គម្រោងល្អិតល្អន់ទាំងអស់នេះត្រូវការតែកំហុសមួយគត់ដើម្បីធ្វើឱ្យរលំរលាយ។ តើគម្រោងចំណាយរបស់លោកអ្នកនឹងទៅជាយ៉ាងណា បើតម្លៃវត្ថុធាតុដើមប្រែប្រួល? តើលោកអ្នកនឹងត្រូវធ្វើយ៉ាងណាបើសម្ភារដែលទិញយកមកហើយប្រើប្រាស់មិនបានលទ្ធផលដូចការរំពឹងទុក? តើលោកអ្នកនឹងត្រូវធ្វើយ៉ាងណាបើបុគ្គលិកលាឈប់ភ្លាមៗ? ទាំងអស់នេះគ្រាន់តែជាលទ្ធភាពមួយចំនួនដែលគ្មាននរណាអាចមើលដឹងមុន ហើយសុទ្ធតែមានសក្តានុពលអាចផ្តួលរំលំពាណិជ្ជកម្មរបស់លោកអ្នកបាន។

២. ដំណើរការមិនស្របគ្នានឹងគម្រោង

នៅពេលលោកអ្នកចាប់ផ្តើមដំបូងៗ អ្វីៗស្ទើរគ្រប់យ៉ាងនឹងស្ថិតនៅក្នុងស្ថានភាពមិននឹងធឹង។ លោកអ្នកនឹងមិនមានពេល សមត្ថភាព ឬសូម្បីតែបទពិសោធដើម្បីរៀបចំផែនការលម្អិតអំពីរបៀបធ្វើកិច្ចការគ្រប់ផ្នែកនៅក្នុងក្រុមហ៊ុនទេ។​ ជាលទ្ធផល បុគ្គលិករបស់លោកអ្នកខិតខំធ្វើការអស់ពីសមត្ថភាពមែន ប៉ុន្តែដំណើរការរបស់លោកអ្នកនឹងមិនបានស្រួលដូចការចង់បានទេ។

នេះមិនមែនជាបញ្ហាធំទេក្នុងដំណាក់កាលដំបូងៗនៃពាណិជ្ជកម្មថ្មី ពីព្រោះលោកអ្នកនឹងអាចអភិវឌ្ឍនៅក្នុងផ្នែកជាច្រើនបាន។ ប៉ុន្តែនៅពេលត្រូវចាប់ផ្តើមរៀបចំដំណើរការផ្លូវការ លោកអ្នកនឹងត្រូវឈឺក្បាលខ្លាំងមិនខាន។

៣. រឿងក្លែងបន្លំ

មនុស្សនឹងទាញប្រយោជន៍ពីលោកអ្នក។ នេះជាការពិតនៃពាណិជ្ជកម្មសម័យទំនើបនេះ។ បើលោកអ្នកបម្រើអតិថិជនតាមអ៊ីនធឺណេត គេអាចនឹងប្រើប្រាស់គោលការណ៍មួយចំនួនប្រឆាំងនឹងលោកអ្នក។ ពេលខ្លះទៀត លោកអ្នកក៏ត្រូវប្រឈមនឹងរឿងក្តីក្តាំនៅតុលាការដោយសារតែបញ្ហាបន្តិចបន្តួច។ លោកអ្នកដឹងច្បាស់ថាការក្លែងបន្លំនឹងកើតមានជាធម្មតាទាក់ទងនឹងផលប្រយោជន៍ ឬលុយកាក់។ ប៉ុន្តែក្រោយពីបង្កើតដំណើរពាណិជ្ជកម្មបានល្អមួយរយៈ លោកអ្នកងាយនឹងភ្លេចខ្លួនលែងមានឃើញប្រភពបញ្ហាដែលឥតរំពឹងទុកណាស់។

៤. កម្លាំងចិត្ត

ពាណិជ្ជកម្មថ្មី តម្រូវឱ្យមានការប្រឹងប្រែងច្រើនណាស់។ ការងារហត់នឿយគ្រប់ពេល បញ្ហាកើតឡើងមិនចេះចប់ និងពេលវេលាលំបាកទាក់ទងនឹងហិរញ្ញវត្ថុ ជារឿងទូទៅ។ ពេលចាប់ផ្តើមដំបូងៗ លោកអ្នកអាចប្រុងប្រៀបចិត្តដើម្បីទទួលយកបញ្ហាទាំងអស់នេះ ប៉ុន្តែនៅពេលលោកអ្នកអនុវត្តបានមួយរយៈ ឥទ្ធិពលផ្លូវចិត្តនឹងដាក់សម្ពាធលើលោកអ្នកកាន់តែខ្លាំង។ ការរក្សាកម្លាំងចិត្ត ជារឿងសំខាន់ដើម្បីធ្វើឱ្យពាណិជ្ជកម្មឈរជើងបាន ប៉ុន្តែ កម្លាំងចិត្ត មិនមែនជារបស់ដែលលោកអ្នកអាចយកលុយទៅទិញបានទេ។ គ្មានអ្វីអាថ៌កំបាំងក្នុងការបង្កើតកម្លាំងចិត្តទេ ប៉ុន្តែក្នុងនាមជាមេដឹកនាំ នេះជាការងារដែលលោកអ្នកត្រូវតែរក្សាឱ្យបាន។

៥. ភាពឯកោ

មានមនុស្សតិចនាក់ណាស់និយាយអំពីបញ្ហានៃភាពឯកោដែលសហគ្រិនប្រឈម។ លោកអ្នកនឹងអង្គុយមើលតួលេខ គិតអំពីបំណុល និងរងសម្ពាធគ្រប់យ៉ាងពីការសម្រេចចិត្តរាល់ថ្ងៃ។ ប៉ុន្តែ រឿងដែលអាក្រក់បំផុត គឺលោកអ្នកមិនអាចបង្ហាញការភ័យខ្លាច ឬសម្ពាធអារម្មណ៍ទាំងអស់នៅក្នុងភាពជាអ្នកដឹកនាំរឹងមាំបានទេ។ ជាងនេះទៅទៀត ការងារច្រើនម៉ោង និងហៀរទៅដល់ពេលចុងសប្តាហ៍ថែមនឹងធ្វើឱ្យលោកអ្នកមានពេលផ្ទាល់ខ្លួនកាន់តែតិច។ លោកអ្នកនឹងមានអារម្មណ៍នៅដាច់ឆ្ងាយ ហើយមិនអាចស្វែងរកជំនួយអ្វីបាន។

ប្រភព៖ Entrepreneur


អត្ថបទទាក់ទង

កំហុសចៀសវាងចំនួន ៤ ដើម្បីរៀបចំដំណើររបស់ក្រុមហ៊ុនទៅរកជោគជ័យ

Leave a Reply

Your email address will not be published.