តើអ្វីជាគោលប្រយោជន៍៧យ៉ាងសម្រាប់ជំនួញ? (ត)
យើងបានសិក្សារួចមកហើយនៅអត្ថបទមុនៗអំពី ១. សំដី និងភាសា ២. អក្សរនិងលេខ ៣. សេពមិត្តនិងស៊ើបសួរ ៤. ផ្សាយដំណឹង និងតែងពាក្យ ៥. ស្គាល់យើង ស្គាល់គេ និង ៦. អត់ធន់ និងព្យាយាម។ ក្នុងអត្ថបទនេះយើងនឹងនិយាយអំពីចំណុចទី៧ ដែលជាចំណុចចុងក្រោយ នៃគោលប្រយោជន៍៧យ៉ាងសម្រាប់ជំនួញនោះ គឺ បានទ្រព្យរក្សាឲ្យគង់ ៖
ប្រាក់កាសដែលបានមកហើយ តែខ្ជះខ្ជាយទៀងតែនឹងវិនាសទៅវិញ សូម្បីអ្នកជំនួញពូកែយ៉ាងណាក៏ដោយ គង់តែមិនបានសម្រេចដូចក្តីប្រាថ្នាឡើយ ដូចជាកញ្ជើធ្លុះបាត ម្ចាស់មិនដឹងចេះតែច្រកចូលតាមមាត់ មិនដឹងជាបាតខាងក្រោមវាធ្លាក់អស់។ អ្នកជំនួញបើគ្មានគំនិតទុកដាក់ប្រាក់ឲគង់ទេ មុខតែវិនាសដោយហេតុ១០យ៉ាង៖
១. វិនាសដោយចោរខាងក្នុង និងចោរខាងក្រៅ
២. វិនាសដោយគេបោកបញ្ឆោតឆបោក
៣. វិនាសដោយភ្លើងឆេះ
៤. វិនាសដោយល្បែងស្រី
៥. វិនាសដោយស្រា
៦. វិនាសដោយល្បែងភ្នាល់ បៀ ប៉ោ
៧. វិនាសដោយខុសច្បាប់រដ្ឋ
៨. វិនាសដោយសង្គ្រាម
៩. វិនាសដោយប្តឹងផ្តល់ផ្ចាញ់ផ្ចាលគ្នា
១០. វិនាសដោយដើរលេងយប់ សេពគប់នឹងមនុស្សអាក្រក់ ប៉ោឡែ