តើត្រូវធ្វើដូចម្ដេចដើម្បីគណនាថ្លៃដើម?

អាជីវកម្ម (ច្បាប់) សកម្មភាពសេដ្ឋកិច្ចរបស់បុគ្គល ដែលមានគោលបំណងទាញយកប្រាក់ចំណូលអំពីផលិតកម្ម និងការផលិត និងលក់ទំនិញ ការផ្គត់ផ្គង់សេវា ភតិសន្យា ឬលក់ទ្រព្យសម្បត្តិ ឬសកម្មភាពផ្សេងៗទៀត។

ថ្លៃដើម គឺជាចំនួនទឹកប្រាក់ដែលត្រូវបង់ ឬចំណាយដើម្បីទិញ ឬទទួលបានអ្វីមួយ ឬថ្លៃចំណាយទិញទំនិញសម្រាប់លក់។

បើនិយាយពីពាក្យថ្លៃដើម ស្តាប់ទៅវាមានន័យថា ថ្លៃដើមនៃទំនិញដែលយើងទិញ ឬផលិតបន្ទាប់ពីលក់ឲ្យអតិថិជន។ ប៉ុន្តែវាមិនដូច្នោះទេ វាត្រូវបានគេគណនាតាមស្តង់ដាគណនេយ្យ ដោយមានរួមបញ្ចូលការចំណាយដទៃទៀត ដូចជាថ្លៃដឹកជញ្ជូន និងថ្លៃធ្វើដំណើរជាដើម។ ប៉ុន្តែ ថ្លៃដើម មិនត្រូវបានបូកជាមួយថ្លៃចំណាយក្នុងប្រតិបត្តិការដូចជា ចំណាយលើប្រាក់ខែបុគ្គលិក ថ្លៃទឹកភ្លើង និងថ្លៃជួលជាដើមនោះទេ។ ការដឹងអំពីថ្លៃដើម គឺសំខាន់ណាស់ ជាពិសេសសម្រាប់អ្នកបើកហាងលក់ទំនិញ ព្រោះវាជួយយើងក្នុងការប្រៀបធៀបតម្លៃជាមួយគូប្រជែងរបស់យើង។ ឧទាហរណ៍ថា យើងបើកលក់ហាងលក់រាយ មានហាងមួយរកស៊ីដូចយើងដែរ ហើយគេលក់នៅជាប់យើង គេទិញទំនិញពីកន្លែងលក់ដុំមួយបានធូថ្លៃជាងយើង ដើម្បីយកមកលក់បន្ត។ នេះហើយគឺជាបញ្ហា យើងលក់ចាញ់គេដោយសារតែយើងលក់ក្នុងតម្លៃថ្លៃជាងគេ ព្រោះថ្លៃដើមដែលយើងទិញតមកពីគេថ្លៃដែរ។ 

រូបមន្ត

ថ្លៃដើម = ទំនិញដើមគ្រា + ថ្លៃទំនិញទិញចូលថ្មីក្នុងគ្រា – ទំនិញចុងគ្រា

ឧទាហរណ៍ថា អ្នកបើកហាងថ្មីលក់កាបូប ហើយនៅពេលបិទបញ្ជីចុងខែ អ្នកចង់ដឹងថាក្នុងរយៈពេលមួយខែហ្នឹង មានថ្លៃដើមប៉ុន្មាន ដើម្បីយកទៅគណនាចំណេញខាត។ ប្រសិនបើបើកដំបូង អ្នកចាយលុយ $១០,០០០ ទិញកាបូបដាក់លក់ អញ្ចឹង $១០,០០០ នេះត្រូវបានកត់ត្រាជាទំនិញដើមគ្រា។ នៅពាក់កណ្តាលខែ អ្នកទិញកាបូបចូលថែម គិតជាលុយអស់ $៣,០០០ ទៀត ហើយនៅចុងខែអ្នករាប់ទំនិញទៅ ឃើញសល់ទំនិញគិតជាលុយស្មើរ $៦,០០០ ដូច្នេះមានន័យថា ថ្លៃដើមរបស់អ្នកក្នុងខែទីមួយមានចំនួន $៧,០០០ ។ (១០,០០០ + ៣,០០០ – ៦,០០០ = $៧,០០០)

ប្រសិនបើអ្នកទិញកាបូបមួយតម្លៃ $២០ ពីអ្នកលក់ដុំ ហើយអ្នកត្រូវចំណាយថ្លៃដឹកជញ្ជូនវាចំនួន $២ ទៀត អញ្ចឹងថ្លៃដើមនៃកាបូបនោះឡើងដល់ $២២ ។ ហើយនៅពេលដែលអ្នកទិញកាបូបដដែលនោះលើកក្រោយ ប៉ុន្តែវាឡើងថ្លៃដល់ $២៥ ហើយអ្នកចំណាយលើថ្លៃដឹកជញ្ជូន $២ ដដែល ដូច្នេះថ្លៃដើមនៃកាបូបនោះក៏កើនដល់ $២៧ ដែរ។ ប៉ុន្តែអ្នកមិនត្រូវកែថ្លៃដើមរបស់កាបូបដែលអ្នកទិញលើកទីមួយនោះទេ។ 

ទោះបីជាយ៉ាងណា វានៅមានរបៀបចាត់ចែងថ្លៃដើម តាមដែលអ្នកគណនេយ្យរបស់អ្នកប្រើប្រាស់ នៅពេលដែលទំនិញត្រូវបានលក់ចេញ។ វិធីធំពីរនៃការគណនាមាន “ទំនិញទិញចូលមុន-ដាក់លក់មុន” និង “ទំនិញទិញចូលក្រោយ-ដាក់លក់មុន”។ 

ទំនិញទិញចូលមុន-ដាក់លក់មុន៖ សំដៅលើទំនិញដែលយើងទិញចូលមុន ឬទំនិញចាស់ យើងត្រូវដាក់វាលក់មុន។ ទំនិញប្រើប្រាស់ដែលមានកំណត់ថ្ងៃផុតកំណត់ នៅពេលយើងទិញវាចូលមុន យើងត្រូវដាក់លក់វាមុន ហើយទំនិញទិញចូលក្រោយ ដាក់លក់ក្រោយ ជៀសវាងសល់ទំនិញចាស់នាំឲ្យផុតកំណត់ប្រើប្រាស់។

ទំនិញទិញចូលក្រោយ-ដាក់លក់មុន៖ សំដៅលើទំនិញដែលយើងទិញចូលក្រោយ តែយើងដាក់វាលក់មុន។ ទំនិញទាំងនោះគឺជាទំនិញដូចជាខោរអាវ និងអាហារស្រស់ជាដើម។ បើយើងបើកហាងលក់ខោរអាវទាន់សម័យ យើងមិនអាចដាក់តាំងម៉ូតចាស់នៅមុខហាងទេ យើងតែងតែដាក់តាំងម៉ូតដែលទិញចូលថ្មី។ បើយើងលក់បន្លែ ផ្លែឈើ ឬសាច់ស្រស់ យើងមិនអាចដាក់តាំងបន្លែ ឬសាច់ដែលសល់យូនៅមុខគេនោះទេ។ 

ស្តុកទំនិញច្រើនពេក ធ្វើឲ្យមានបញ្ហារំហូរសាច់ប្រាក់

នៅកម្ពុជា មានម្ចាស់ហាងលក់ទំនិញជាច្រើនមិនសូវយល់អំពីការគ្រប់គ្រងទំនិញឲ្យបានត្រឹមត្រូវ។ ពួកគាត់មិនមានរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់ មិនបានកត់ត្រាចំនួនទំនិញទិញចូល-លក់ចេញ មិនដែលរាប់ទំនិញ និងមិនដឹងទំនិញបាត់ជាដើម។

បើយើងទិញទំនិញស្តុកច្រើនពេក ខណៈការលក់នៅយឺត យើងនឹងមានបញ្ហាក្នុងការបង្វិលសាច់ប្រាក់ ហើយបើទំនិញនោះឆាប់ខូចទៀត ពេលយើងលក់មិនទាន់ យើងនឹងខាតបង់ទាំងស្រុង។ 

ស្តុកទំនិញតិចពេក ធ្វើឲ្យមានបញ្ហាលក់

មូលហេតុដែលហាងលក់ទំនិញបាត់បង់អតិថិជន គឺដោយសារតែអស់ទំនិញនៅពេលអតិថិជនទៅទិញ។ អ្នកប្រហែលជាមានអារម្មណ៍មិនល្អ នៅពេលដែលអ្នកទៅទិញទំនិញនៅហាងដែលអ្នកតែងតែទៅ តែបែរជាអ្នកលក់ថាអស់វាបាត់ទៅហើយ។

នៅពេលយើងស្តុកទំនិញតិចពេក ហើយមិនមានទំនិញលក់គ្រប់នៅពេលអតិថិជនមកទិញ ពួកគេនឹងទៅទិញកន្លែងផ្សេង ហើយបើហាងនោះល្អជាងអ្នក អតិថិជននឹងបោះបង់អ្នកចោល។ ដូច្នេះ ការស្តុកទំនិញច្រើនពេកក៏មិនល្អ ហើយតិចពេកក៏មិនល្អ។ អ្នកគួររៀនសូត្រតាមហាងលក់រាយធំៗនៅតាមផ្សារទំនើប ថាពួកគេគ្រប់គ្រងទំនិញដូចម្តេច។ ពួកគេតែងតែរាប់ទំនិញដែលដាក់លក់ ដើម្បីដឹងថាទំនិញណាខ្លះជិតអស់ ទើបពួកគេទិញចូលបន្ថែមកុំឲ្យអស់ទាន់ ហើយទំនិញណាដែលសល់ច្រើន ពួកគេបិទស្លាកបញ្ចុះតម្លៃ ដើម្បីឲ្យឆាប់អស់។

ប្រភពយោង៖

  • Wikipedia
  • Khem Sarith

អត្ថបទទាក់ទង

ការកាត់បន្ថយថ្លៃដើម ៥ ប្រភេទ ជាមួយមជ្ឈដ្ឋានខាងក្នុងនៃក្រុមហ៊ុន

 

Leave a Reply

Your email address will not be published. Required fields are marked *