គន្លឹះធ្វើទីផ្សារចំនួន ៥ របស់បិតាផ្សព្វផ្សាយពាណិជ្ជកម្មលោក ដេវីដ អូហ្គីវលី  (David Ogilvy)

ទីផ្សារ គឺជាការសិក្សាអំពីការគ្រប់គ្រងជំនួញដ៏សំខាន់ពាក់ព័ន្ធនឹងតម្រូវការរបស់អ្នកប្រើប្រាស់ទៅលើផលិតផល និងសេវាកម្ម និងយល់អំពីសមត្ថភាពរបស់អតិថិជនក្នុងការចំណាយ ដើម្បីបំពេញបំណងប្រាថ្នារបស់ពួកគេ។ ការផ្តោតលើយុទ្ធសាស្ត្រផ្សេងៗដែលធ្លាប់មានការទាក់ទាញ និងលើកទឹកចិត្តប្រជាជនឱ្យទិញ ឬជាវផលិតផល និងសេវាកម្មណាមួយ ហើយក៏មានវិធីសាស្រ្តជាច្រើននៃការចែកចាយផងដែរ។ ជំនាញក្នុងវិស័យនេះរួមមាន ការលក់ ការផ្សព្វផ្សាយ ការគ្រប់គ្រងការលក់រាយ ការគ្រប់គ្រងម៉ាក និងការស្រាវជ្រាវទីផ្សារ។

ការធ្វើទីផ្សារ គឺជាដំណើរការនៃការកំណត់យកគោលដៅ ការចូលរួម ការបង្កើតថ្មី និងការបំពេញតម្រូវការរបស់អតិថិជន និងតម្រូវការនៃផលិតផល ឬ/និងសេវាកម្មផ្សេងៗ។ 

អ្នកជំនាញកំពូលខាងផ្សព្វផ្សាយពាណិជ្ជកម្ម លោក ដេវីដ អូហ្គីលវី (David Ogilvy) បានចូលរួមយ៉ាងច្រើនក្នុងការបង្កើតពិភពពាណិជ្ជកម្មដូចយើងឃើញសព្វថ្ងៃនេះ។ តាមរយៈក្រុមហ៊ុន Ogilvy & Mather លោក អូហ្គីលវី បានធ្វើការជាមួយក្រុមហ៊ុនល្បីឈ្មោះជាច្រើនតាំងពី Rolls Ryce រហូតដល់ Dove ដើម្បីបង្កើតយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានឥទ្ធិពលបំផុត។

ខាងក្រោមនេះ ជាពាក្យពេចន៍មួយចំនួនដែលបិតាទីផ្សារម្នាក់នេះធ្លាប់និយាយ និងអនុវត្តទទួលបានជោគជ័យ ហើយសហគ្រិនគ្រប់គ្នាអាចរៀនតាមបាន៖

១. “បើអ្នកប្រាប់ការពិតបានកាន់តែច្រើន អ្នកនឹងលក់បានកាន់តែច្រើនដែរ។ ឱកាសជោគជ័យក្នុងការផ្សព្វផ្សាយ កើតឡើងក្នុងកម្រិតខុសគ្នាទៅតាមចំនួននៃការពិតដែលដាក់បញ្ចូលក្នុងសារផ្សព្វផ្សាយនោះ។”

លោក អូហ្គីលវី ជាអ្នកជឿជាក់ក្នុងការផ្តល់ព័ត៌មាននិងការពិតដល់អ្នកប្រើប្រាស់។ គន្លឹះដើម្បីទទួលបានជោគជ័យគឺត្រូវសន្យាផ្តល់ប្រយោជន៍ឱ្យអ្នកប្រើប្រាស់ ដូចជារសជាតិកាន់តែឆ្ងាញ់ ល្បឿនកាន់តែរហ័ស សកាន់តែខ្លាំង ។ល។ ប៉ុន្តែការសន្យាទាំងអស់នេះមិនគួរណាជំនួសការពិតអំពីផលិតផលនោះទេ។

២. “ប្រាប់ការពិត ប៉ុន្តែត្រូវធ្វើឱ្យការពិតនោះទាក់ទាញផង។”

ការប្រាប់ការពិត ជារឿងល្អជាងការពឹងផ្អែកជ្រុលលើបច្ចេកទេស និងការនាំឱ្យយល់ខុស។ ទោះជាយ៉ាងណា រឿងសាមញ្ញងាយយល់ គួរតែមានប្រៀបជាងរឿងពិត។ អ្នកប្រើប្រាស់មិនមែនជាមនុស្សភ្លើមិនដឹងអីទេ ជាពិសេសនៅក្នុងពេលសព្វថ្ងៃនេះ។ បើលោកអ្នកក្លែងបន្លំការពិតនៅត្រង់ចំណុចណាមួយ លោកអ្នកនឹងត្រូវគេចាប់បានជាក់ជាមិនខាន។ ទោះជាយ៉ាងណា ការពិតរបស់លោកអ្នក មិនគួរមានលក្ខណៈគួរធុញទ្រាន់នោះទេ។ លោកអ្នកក៏អាចធ្វើការពិតទាំងអស់ឱ្យមានលក្ខណៈទាក់ទាញបានដែរ។

៣. “គន្លឹះចំណេញមួយទៀត គឺត្រូវផ្តល់ដំបូន្មានឬសេវាមានប្រយោជន៍ដល់អ្នកប្រើប្រាស់។ ការប្រាប់ព័ត៌មានលម្អិតអំពីផលិតផល ជារឿងល្អមួយហើយ ប៉ុន្តែបើអ្នកបន្ថែមព័ត៌មានល្អទូទៅផ្សេងទៀតនឹងកាន់តែប្រសើរ។”

លោក អូហ្គីលវី បែងចែករឿងមានប្រយោជន៍ទៅជាពីរប្រភេទ គឺការជួយអ្នកប្រើប្រាស់ឱ្យយល់អំពីផលិតផល និងការផ្តល់ជូនដំបូន្មាន និងព័ត៌មានដែលមានប្រយោជន៍ដោយមិនបាច់អស់លុយកាក់។ ចំណុចខាងក្រោយនេះ មានទំនាក់ទំនងកាន់តែខ្លាំងនៅក្នុងការធ្វើទីផ្សារអំពីខ្លឹមសារ។ តាមរយៈការផ្តល់គំនិត ឬដំបូន្មានអ្វីមួយដល់នរណាម្នាក់ដោយមិនអស់លុយកាក់ គេនឹងចង់មករកលោកអ្នកវិញនៅពេលអនាគត។

៤. “លុះត្រាតែយុទ្ធនាការផ្សព្វផ្សាយរបស់អ្នកមានគំនិតធំ មិនអ៊ីចឹងវានឹងអណ្តែតទៅបាត់ដូចនាវាធំបើកនៅពេលយប់ដែលគ្មាននរណាកត់សម្គាល់អ្វីទាំងអស់។”

ទោះជាលោកអ្នកសរសេរពាក្យផ្សព្វផ្សាយ រចនាគេហទំព័រថ្មី ឬធ្វើយុទ្ធនាការផ្សព្វផ្សាយថ្មីៗក៏ដោយ ក៏រឿងសំខាន់ គឺលោកអ្នកត្រូវមានតម្លាភាពទាំងស្រុងអំពីគោលបំណងរបស់លោកអ្នកដែរ។ លោក អូហ្គីលវី  បញ្ជាក់ថា យុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មភាគច្រើន មានលក្ខណៈស្មុគស្មាញជ្រុល។ តាមរយៈការប្រឹងប្រែងគ្របដណ្តប់គោលបំណងច្រើនពេក យុទ្ធនាការផ្សព្វផ្សាយបែរជាមិនទទួលបានអ្វីតបមកវិញ។

៥.​ “អ្នកមិនអាចធ្វើឱ្យមនុស្សធុញទ្រាន់ ហើយទិញផលិតផលរបស់អ្នកបានទេ អ្នកអាចត្រឹមតែធ្វើឱ្យមនុស្សចាប់អារម្មណ៍ហើយ ទើបគេទិញផលិតផលរបស់អ្នក។”

កំហុសដ៏ធំមួយនៅក្នុងការធ្វើទីផ្សារ ក៏ដូចជាក្នុងផ្នែកផ្សេងទៀតនៃជីវិតដែរ គឺការធ្វើមិនគួរឱ្យចាប់អារម្មណ៍។​ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ លោកអ្នកត្រូវធ្វើខ្លួនឱ្យគេចូលចិត្ត។ បើលោកអ្នកកំពុងតែព្យាយាមចង់លក់ផលិតផលឱ្យនរណាម្នាក់ លោកអ្នកមិនអាចធ្វើខុសពីនេះបានទេ។ ទោះជាផលិត ឬសេវាកម្មរបស់លោកអ្នកល្អយ៉ាងណាក៏ដោយ ក៏តែងតែមានការប្រកួតប្រជែងជានិច្ចដែរ។ ដូច្នេះ អ្វីដែលសំខាន់ គឺត្រូវទាក់ទាញចំណាប់អារម្មណ៍។ ហើយដើម្បីទាញចំណាប់អារម្មណ៍របស់មនុស្ស លោកអ្នកត្រូវយល់ថាអតិថិជននោះជានរណា គេចង់បានអ្វី គេចាប់អារម្មណ៍លើរឿងអ្វីខ្លះ ហើយមានកត្តាអ្វីដែលជំរុញឥរិយាបថតរបស់គេ។

ចំណុចទាំងអស់នេះ មានពន្យល់ក្បោះក្បាយក្នុងសៀវភៅរបស់លោកចំណងជើង “Confessions of an Advertising Man” ដែលបោះពុម្ពផ្សាយលើកដំបូងក្នុងឆ្នាំ១៩៦៣។ ហើយបើទោះជាគោលការណ៍ទាំងនេះមានអាយុកាលយូរមកហើយ ក៏វានៅតែជាឧបករណ៍ដែលមានប្រយោជន៍សម្រាប់អ្នកធ្វើទីផ្សារសព្វថ្ងៃនេះដែរ។


អត្ថបទទាក់ទង

យុទ្ធសាស្ដ្រចំនួន ៤ ដើម្បីជួយ​ឲ្យការ​ព្រមព្រៀងលក់​ប្រព្រឹត្តិទៅបាន​​សម្រេច

Leave a Reply

Your email address will not be published.