ការពិត ៩យ៉ាង ដើម្បីក្លាយជាអ្នកដឹកនាំដ៏ល្អម្នាក់
ទោះបីជាអ្នកមើលឃើញខ្លួនអ្នកបែបណាក៏ដោយ ទោះបីជាអ្នកមានអាយុប៉ុន្មានក៏ដោយ ដរាបណាអ្នកបានជួលបុគ្គលិកជាលើកទីមួយមានន័យថាអ្នកបានឈានជំហានទីមួយនៃការក្លាយជាអ្នកដឹកនាំដែលពោរពេញដោយថាមពល។
នៅពេលដែលប្រាក់អ្នកមានចំនួនតិចតួច កម្រិតសម្ពាធខ្ពស់ ហើយចក្ខុវិស័យចំពោះភាពជោគជ័យ មិនកើតឡើងដូចដែលអ្នកគិតនោះអារម្មណ៍ទាំងនោះនឹងងាយគ្រប់គ្រងលើខ្លួនអ្នកបាន ហើយក៏ដូចជាក្រុមអ្នកផងដែរ។
សូមដកដង្ហើមឲ្យស្រួល ទប់អារម្មណ៍ខ្លួនឯង និងរំឮកខ្លួនអ្នកថា អ្នកជាអ្នកដឹកនាំ ហើយអ្នកចង់ក្លាយជាអ្នកដឹកនាំដ៏ល្អ។ ខាងក្រោមនេះ គឺជាគុណសម្បត្តិ ចំនួន៩ ដែលអ្នកដឹកនាំល្អគ្រប់រូបគួរមាន និងរៀនបង្កើនគុណសម្បត្តិទាំងនេះឲ្យបានល្អប្រសើរឡើង។
១. អព្ភន្តរញ្ញាណ (សមត្ថភាពក្នុងការយល់ដឹងដោយមិនបាច់ពិចារណា)
នៅពេលដឹកនាំមនុស្សមួយក្រុមតាមរយៈខ្សែទឹក ដែលមិនស្គាល់ ពុំមានផែនទីដែលបង្ហាញផ្លូវដែលអ្នកត្រូវដើរឡើយ គ្រប់យ៉ាងមិនប្រាកដប្រជា ហើយនៅពេលហានិភ័យកាន់តែខ្ពស់សម្ពាធក៏កាន់តែខ្ពស់ដែរ។ នោះគឺជាចំណុចដែលត្រូវប្រើប្រាស់សមត្ថភាព ក្នុងការយល់ដឹងអ្វីៗដោយមិនបាច់ពិចារណាដែលអ្នកមានពីធម្មជាតិ។
ការណែនាំក្រុមការងារ តាមរយៈដំណើរការនៃការងារពីមួយថ្ងៃទៅមួយថ្ងៃអាចមានភាពអន់ខ្សោយទៅតាមការប្រើប្រាស់ផ្នែកវិទ្យាសាស្រ្ត ប៉ុន្តែនៅពេលដែលរឿងដែលមិនបានរំពឹងទុកជាមុនកើតឡើង ឬនៅពេលដែលអ្នកត្រូវបង្ខំឲ្យស្ថិតនៅក្នុងសេណារីយ៉ូថ្មីមួយ ក្រុមការងាររបស់អ្នកនឹងមករកអ្នកដើម្បីស្នើសុំការណែនាំ។
ការងាកទៅសម្លឹងមើលបទពិសោធន៍ពីអតីតកាល គឺជាការឆ្លុះបញ្ចាំងដ៏ល្អមួយ ដូចជាអ្នកកំពុងស្វែងរកទីប្រឹក្សា ដើម្បីស្នើសុំការគាំទ្រផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ នៅចុងក្រោយ ការសម្រេចចិត្តដ៏ល្អ ហើយពិបាក នឹងអាស្រ័យលើអ្នក អ្នកនឹងត្រូវសម្រេចចិត្ត ហើយអ្នកនឹងត្រូវពឹងផ្អែកលើសភាវគតិរបស់អ្នកសម្រាប់ស្វែងរកចម្លើយ។
ការរៀនទុកចិត្តលើខ្លួនឯង គឺពិតជាសំខាន់ណាស់ ដូចដែលក្រុមការងាររបស់អ្នករៀនទុកចិត្តអ្នកដែរ។
២. ការទំនាក់ទំនង
ស្គាល់អំពីអ្វីដែលអ្នកចង់សម្រេចបានអាចមានភាពច្បាស់លាស់នៅក្នុងខួរក្បាលរបស់អ្នក ប៉ុន្តែប្រសិនបើអ្នកព្យាយាមពន្យល់វាទៅកាន់អ្នកដទៃ ហើយចម្លើយតបមកវិញ គឺគេមិនយល់អ្វីទាំងអស់វិញនោះអ្នកដឹងថាវាមានបញ្ហា។
ប្រសិនបើអ្នកធ្លាប់មានបទពិសោធន៍បែបនេះ នោះអ្នកអាចមានបំណងផ្តោតការយកចិត្តទុកដាក់ទៅលើការពង្រឹងជំនាញក្នុងការទំនាក់ទំនង។ លទ្ធភាពក្នុងការបរិយាយយ៉ាងច្បាស់លាស់ និងចំចំណុចអំពីអ្វីដែលអ្នកចង់សម្រេចបាន គឺមានសារៈសំខាន់យ៉ាងខ្លាំង។
ប្រសិនបើអ្នកមិនអាចធ្វើឲ្យក្រុមការងារ មានការពាក់ព័ន្ធនឹងចក្ខុវិស័យរបស់អ្នកបានទេ នោះអ្នកទាំងអស់គ្នានឹងមិនអាចធ្វើការងារឆ្ពោះទៅកាន់គោលដៅតែមួយបានឡើយ។
ទាំងការបណ្តុះបណ្តាលសមាជិកថ្មី និងទាំងការបង្កើតបរិយាកាសការងារប្រកបដោយផលិតភាព សុទ្ធតែត្រូវពឹងផ្អែកលើបន្ទាត់ទំនាក់ទំនងដ៏ល្អ។ ទោះបីជាការទំនាក់ទំនងនោះ ជជែកវែកញែកជាមួយបុគ្គលិករបស់អ្នកជារៀងរាល់ថ្ងៃក៏ដោយ ការធ្វើឲ្យខ្លួនអ្នកមានភាពទំនេរក្នុងការពិភាក្សាអំពីបញ្ហារវាងការិយាល័យជាច្រើននៅក្នុងអង្គភាពរបស់អ្នក គឺសំខាន់។
ក្រុមការងាររបស់អ្នកនឹងរៀនទុកចិត្ត និងពឹងផ្អែកលើអ្នក ហើយពួកគេនឹងកាត់បន្ថយភាពរារែកក្នុងការខិតខំធ្វើការងារកាន់តែខ្លាំង។
ទឹកចិត្តមានការផ្សារភ្ជាប់ទៅនឹងផលិតភាពហើយ វាគឺជាកិច្ចការរបស់អ្នកក្នុងនាមជាអ្នកដឹកនាំក្រុមក្នុងការបញ្ចូលថាមពលវិជ្ជមានទៅក្នុងចិត្តរបស់ពួកគេ។ ការលើកទឹកចិត្តឲ្យក្រុមការងាររបស់អ្នកសើចជំនួសឲ្យការយំ នៅពេលដែលពួកគេមានកំហុស។ ប្រសិនបើអ្នកបន្តរកឃើញភាពរីករាយនៅក្នុងការលំបាក បរិយាកាសការងាររបស់អ្នកនឹងក្លាយជាសប្បាយរីករាយ និងមានផាសុខភាពជាកន្លែងដែលបុគ្គលិករបស់អ្នកចង់ធ្វើការ មិនមែនជាកន្លែងដែលបុគ្គលិករបស់អ្នកមកធ្វើការដោយភាពភ័យខ្លាចនោះទេ។
ស្វែករកការបង្កើតការនិយាយលេងសើចជាមួយក្រុមការងាររបស់អ្នក និងលើកទឹកចិត្តឲ្យមានការកិច្ចពិភាក្សាផ្ទាល់ខ្លួនអំពីគម្រោង និងការដើរកំសាន្តនាចុងសប្តាហ៍។ការសម្រាកពីការងាររយៈពេលខ្លីទាំងនេះហើយ ដែលធ្វើឲ្យជួយរក្សាកម្រិតផលិតភាពឲ្យនៅតែមានកម្រិតខ្ពស់ និងរក្សាទឹកចិត្តរបស់បុគ្គលិកបានកាន់តែល្អ។
៣. សមត្ថភាពក្នុងការបំផុសគំនិត
ការបង្កើតអាជីវកម្ម តែងតែរួមបញ្ចូលការទស្សន៍ទាយជាមុនបន្តិចបន្តួច ជាពិសេសនៅដំណាក់កាលដំបូងនៃការចាប់ផ្តើម។ ការបំផុសគំនិតក្រុមរបស់អ្នក ឲ្យមើលឃើញចក្ខុវិស័យនៃភាពជោគជ័យដែលនឹងចូលមកដល់ គឺជារឿងសំខាន់។ ចូរធ្វើឲ្យក្រុមការងាររបស់អ្នកមានអារម្មណ៍ថា ពួកគេបានបណ្តាក់ទុននៅក្នុងការសម្រេចសមិទ្ធផលនានារបស់ក្រុមហ៊ុន។
សមត្ថភាពក្នុងការបំផុសគំនិតក្រុមការងាររបស់អ្នក គឺអស្ចារ្យ ដោយអ្នកត្រូវផ្តោតលើគោលដៅនាពេលអនាគត ប៉ុន្តែការផ្តោតលើបញ្ហាបច្ចុប្បន្នក៏មានសារៈសំខាន់ផងដែរ។នៅពេលដែលជួបប្រទះនឹងការលំបាកនៅក្នុងការងារ កម្លាំងចិត្តក្នុងការធ្វើការនឹងធ្លាក់ចុះ ហើយកម្រិតនៃថាមពលក៏ចុះខ្សោយផងដែរ ដូច្នេះចូរទទួលស្គាល់ថាអ្នករាល់គ្នាត្រូវការសម្រាកម្តងម្កាល។ សូមទទួលស្គាល់ការងារដែលអ្នករាល់គ្នា បានប្តេជ្ញា បានរួមចំណែកធ្វើ និងកោតសរសើរក្រុមការងារ ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ។
វាគឺជាការងាររបស់អ្នកក្នុងការរក្សាស្មារតីក្រុមឲ្យនៅតែខ្ពស់ ហើយវាចាប់ផ្តើមពីការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងធ្វើការងាររបស់ពួកគេ។
៤. គំនិតច្នៃប្រឌិត
ការសម្រេចចិត្តមួយចំនួន តែងតែមិនមានភាពដាច់ស្រេចឡើយ។ អ្នកអាចត្រូវបានបង្ខំឲ្យចេញឆ្ងាយពីផ្លូវដែលអ្នកបានកំណត់ ហើយធ្វើការសម្រេចចិត្តដោយមិនបានត្រៀមខ្លួនជាមុន។ នេះគឺជាចំណុចដែលគំនិតច្នៃប្រឌិតរបស់អ្នក នឹងបញ្ជាក់ថាវាមានសារៈសំខាន់។
នៅក្នុងអំឡុងពេលនៃស្ថានភាពសំខាន់ៗទាំងនេះហើយ ដែលក្រុមការងារនឹងមកជួបអ្នក ដើម្បីស្នើសុំការណែនាំ ហើយអ្នកអាចត្រូវបង្ខំឲ្យធ្វើការសម្រេចចិត្តបន្ទាន់មួយ។ ក្នុងនាមជាអ្នកដឹកនាំម្នាក់ វាមានសារៈសំខាន់ណាស់ ដែលអ្នកត្រូវរៀនគិតប្រកបដោយគំនិតច្នៃប្រឌិត ហើយធ្វើការជ្រើសរើស រវាងជម្រើសអាក្រក់ៗទាំងពីរ ថាតើមួយណាជាជម្រើសដ៏ល្អបំផុត។
ចូរកុំជ្រើសរើសយកជម្រើសទីមួយភ្លាមៗ ឬជម្រើសដែលអ្នកអាចធ្វើទៅបាន ដោយងាយស្រួលបំផុត ពេលខ្លះ វាជារឿងដ៏ល្អបំផុតក្នុងការគិតអំពីបញ្ហាទាំងនេះឲ្យបានច្រើនដង និងងាកទៅស្នើសុំការណែនាំពីក្រុមការងាររបស់អ្នក។
តាមរយៈការប្រើប្រាស់ជម្រើសទាំងអស់មុនពេលធ្វើការសម្រេចចិត្តដ៏ប្រញាប់ប្រញាល់ តាមធម្មតា អ្នកនឹងអាចឈានទៅដល់ការធ្វើសេចក្តីសន្និដ្ឋានចុងក្រោយ ដែលអ្នកចង់ឈានទៅដល់។
៥. ទំនុកចិត្ត
អាចមានថ្ងៃមួយណាមួយ នាពេលអនាគត ដែលក្រុមហ៊ុនរបស់អ្នក ជួបប្រទះនឹងបញ្ហា ហើយគ្រប់យ៉ាងមិនដំណើរតាមអ្វីដែលបានគ្រោងទុក។ នេះជាការពិតចំពោះអាជីវកម្មមិនចំពោះថាខ្នាតធំ មធ្យម ឬតូចនោះទេ ហើយចំណុចដែលសំខាន់បំផុតនោះ មិនមែនជាការតក់ស្លុតនោះទេ។ ផ្នែកមួយនៃការងាររបស់អ្នកក្នុងនាមជាអ្នកដឹកនាំម្នាក់ គឺការពន្លត់ភ្លើង និងរក្សាទំនុកចិត្តរបស់ក្រុមការងារ។
រក្សាកម្រិតនៃភាពជឿជាក់របស់អ្នក និងបញ្ជាក់ឲ្យមនុស្សគ្រប់រូបដឹងថា ឧបសគ្គ គឺរឿងធម្មជាតិ ហើយអ្វីដែលសំខាន់ គឺការផ្តោតលើគោលដៅដែលកាន់តែធំ។ ក្នុងនាមជាអ្នកដឹកនាំ តាមរយៈការសម្រួលអារម្មណ៍ និងការមានទំនុកចិត្ត អ្នកនឹងជួយរក្សាទឹកចិត្តក្រុមការងារឲ្យនៅដូចដើម។
ប្រសិនបើអ្នកមិនអាចសម្រួលអារម្មណ៍ខ្លួនឯងបាននោះ ក្រុមការងាររបស់អ្នកនឹងទទួលយកអារម្មណ៍បែបនោះពីអ្នក។ គោលបំណងចម្បង គឺធ្វើឲ្យអ្នកគ្រប់គ្នាបន្តធ្វើការ និងដំណើរការទៅមុខជានិច្ច។
៦. ភាពស្មោះត្រង់
ទោះបីជាផែនការរបស់អ្នក គោរពតាមក្រមសីលធម៌យ៉ាងណាក៏ដោយ នៅពេលដែលមានទំនួលខុសត្រូវចំពោះមនុស្សមួយក្រុម សារៈសំខាន់របស់វាក្នុងការបង្កើនគុណតម្លៃនៃភាពជាអ្នកដឹកនាំ គឺកាន់តែខ្លាំងក្លា។ អាជីវកម្មអ្នក និងបុគ្គលិកនៅក្នុងអាជីវកម្មនេះ គឺជាការឆ្លុះបញ្ចាំងអំពីខ្លួនអ្នក ហើយប្រសិនបើយកភាពស្មោះត្រង់ និងអាកប្បកិរិយាប្រកបដោយក្រមសីលធម៌ជាគុណតម្លៃដ៏សំខាន់នោះ ក្រុមរបស់អ្នកនឹងដើរតាមអ្នក។
៧. សមត្ថភាពក្នុងផ្ទេរសិទ្ធិអំណាច
វាមានសារៈសំខាន់ក្នុងការចងចាំថា ការទុកចិត្តក្រុមដែលកំពុងធ្វើការងារជាមួយនឹងគំនិតរបស់អ្នក គឺជាសញ្ញាមួយនៃកម្លាំង មិនមែនជាភាពទន់ខ្សោយឡើយ។ ការផ្ទេរសិទ្ធិអំណាចការងារ ទៅឲ្យផ្នែកដែលសមស្រប គឺជាជំនាញដ៏សំខាន់បំផុតមួយដែលអ្នកអាចអភិវឌ្ឍខ្លួនអ្នក ក៏ដូចជាធ្វើឲ្យអាជីវកម្មរបស់អ្នកមានភាពរីកចម្រើន។
អ៊ីមែល និងការងារនឹងចាប់ផ្តើមមានចំនួនកើនឡើង គរដូចជាភ្នំ ហើយប្រសិនបើកាន់តែបន្ទាបខ្លួនអ្នកឲ្យទាបដើម្បីទប់ទល់នឹងទម្ងន់ភ្នំនោះ គុណភាពនៃការងាររបស់អ្នក នឹងកាន់តែធ្លាក់ចុះ ហើយអ្នកនឹងសម្រេចបានលទ្ធផលកាន់តែតិច។
ចំណុចសំខាន់ក្នុងការផ្ទេរសិទ្ធិអំណាច គឺសម្គាល់អំពីភាពខ្លាំងនៃក្រុមការងារ និងទាញយកប្រយោជន៍ពីភាពខ្លាំងទាំងនោះ។ ចូរស្វែងរកអ្វីដែលសមាជិកម្នាក់ៗនៃក្រុមការងាររបស់អ្នកចូលចិត្តធ្វើជាងគេ។
ឱកាស គឺប្រសិនបើពួកគេរកឃើញការងារ ដែលពួកគេកាន់តែចូលចិត្តធ្វើ នោះពួកគេទំនងជានឹងផ្តោតចិត្តគំនិត និងខិតខំប្រឹងប្រែង ធ្វើការងារនោះកាន់តែខ្លាំង។ ចំណុចនេះមិនត្រឹមតែបញ្ជាក់ឲ្យក្រុមការងាររបស់អ្នកដឹងថា អ្នកទុកចិត្ត និងជឿជាក់លើពួកគេប៉ុណ្ណោះទេ ប៉ុន្តែវានឹងធ្វើឲ្យអ្នកមានពេលទំនេរកាន់តែច្រើន សម្រាប់ចំណាយទៅលើការងារ ដែលមានកម្រិតខ្ពស់ជាងនេះ ដែលមិនគួរធ្វើការផ្ទេរសិទ្ធិអំណាចឡើយ។ វាបង្កើតតុល្យភាពដ៏ល្អមួយ ប៉ុន្តែវាគឺជាតុល្យភាពមួយដែលនឹងជះឥទ្ធិពលយ៉ាងខ្លាំងក្លាទៅលើផលិតភាពនៃអាជីវកម្មរបស់អ្នក។
៨. ការប្តេជ្ញាចិត្ត
ប្រសិនបើអ្នករំពឹងថា ក្រុមការងាររបស់អ្នកនឹងខិតខំប្រឹងប្រែងធ្វើការ និងសម្រេចបាននូវសមិទ្ធផលដែលមានគុណភាពល្អនោះ អ្នកត្រូវដឹកនាំដោយប្រើសកម្មភាព។ “គ្មានការជម្រុញទឹកចិត្តមួយណា មានកម្លាំងជម្រុញខ្លាំងជាងការឃើញចៅហ្វាយនាយរបស់ខ្លួនធ្វើការប្រកៀកស្មាធ្វើការងារជាមួយអ្នកទេ” ដែលនេះបង្ហាញថា ការខិតខំធ្វើការងារ ត្រូវបានធ្វើឡើងដោយអ្នកធ្វើការនៅគ្រប់កម្រិតទាំងអស់។
តាមរយៈការបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់អ្នកចំពោះក្រុមហ៊ុន និងតួនាទីរបស់អ្នក អ្នកនឹងមិនត្រឹមតែទទួលបានមកវិញ នូវការគោរពពីក្រុមការងារប៉ុណ្ណោះទេ ប៉ុន្តែអ្នកថែមទាំងបញ្ជាក់ថា ថាមពលនៃការខិតខំប្រឹងប្រែងធ្វើការ គឺមានដូចៗគ្នាក្នុងចំណោមបុគ្គលិកទាំងអស់។ វាមានសារៈសំខាន់ណាស់ ក្នុងការបង្ហាញការប្តេជ្ញាចិត្ត មិនត្រឹមតែចំពោះការងារនៅក្នុងដៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះការសន្យាផងដែរ។
ប្រសិនបើអ្នកសន្យាថានឹងរៀបចំពិធីជប់លៀងនាថ្ងៃឈប់សម្រាកមួយ ឬផ្តល់ការឧបត្ថម្ភសម្រាប់ថ្ងៃឈប់សម្រាកនៅថ្ងៃសុក្រ ឬថ្ងៃសៅរ៍ ចូររក្សាពាក្យសម្តីរបស់អ្នក។ អ្នកចង់បង្កើតកេរ្តិ៍ឈ្មោះមួយដែលមិនត្រឹមតែសម្រាប់ការខិតខំប្រឹងប្រែងធ្វើការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានការទទួលស្គាល់ថាជាអ្នកដឹកនាំដែលមានសុក្រិតភាព។
នៅពេលដែលអ្នកបានទទួលការគោរពពីក្រុមការងារ នោះពួកគេទំនងជានឹងខិតខំប្រឹងប្រែងធ្វើការងារប្រកបដោយគុណភាពក្នុងបរិមាណដែលច្រើនបំផុត តាមដែលពួកគេអាចធ្វើបាន។
៩. ឥរិយាបថវិជ្ជមាន
អ្នកមានបំណងបន្តជម្រុញទឹកចិត្តក្រុមការងារ ដើម្បីឆ្ពោះទៅកាន់ភាពជោគជ័យជាបន្តបន្ទាប់ក្នុងក្រុមហ៊ុន និងបន្តផ្តល់ថាមពលដល់ពួកគេ។ ទោះបីជាសំដៅដល់ការផ្តល់នំចំណី កាហ្វេ ដំបូន្មានអំពីទំនាក់ទំនង ឬសូម្បីតែការជប់លៀងម្តងម្កាលនៅក្នុងការិយាល័យក៏ដោយ ចូរចងចាំថា អ្នកគ្រប់គ្នានៅក្នុងក្រុមការងារ គឺជាមនុស្ស។
ចូររក្សាបរិយាកាសដែលមានតុល្យភាពល្អរវាងផលិតភាព និងភាពរីករាយ។ ប្រសិនបើក្រុមការងាររបស់អ្នកមានអារម្មណ៍រីករាយ និងមានសុទិដ្ឋិនិយម នោះពួកគេនឹងមិនប្រកាន់ធ្វើការបន្ថែមម៉ោង ដើម្បីបញ្ចប់របាយការណ៍មួយ ឬលះបង់ការធ្វើការងារដ៏ល្អបំផុតរបស់ពួកគេ ដើម្បីធ្វើឲ្យម៉ាកសញ្ញាមានកេរ្ត៍ឈ្មោះល្អនោះទេ។
សរុបមក បើមានគំនិតល្អហើយ អ្នកក៏ត្រូវមានក្រុមមួយ ដែលអាចធ្វើឲ្យគំនិតនោះលេចចេញជារូបរាងនៅក្នុងជីវិតពិត នោះវាជាជំហានដំបូងក្នុងការការវិនិយោគលើអាជីវកម្មឲ្យទទួលបានជោគជ័យ។ រីឯសមត្ថភាពក្នុងការអនុវត្តគំនិតឲ្យបានជោគជ័យ គឺជាការបែងចែកការស្រមើលស្រមៃដាច់ដោយឡែកពីភាពពិតនៃសហគ្រិនភាព។
អត្ថបទទាក់ទង