អាថកំបាំងក្នុងការគ្រប់គ្រងសាច់ប្រាក់ប្រកបដោយប្រសិទ្ឋភាព សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម

ភាព​វិជ្ជមាន​នៃ​លំហូរ​សាច់ប្រាក់ គឺជា​ការ​សម្រេច​បាន​នូវ​តម្រូវការ​មូលធន​ក្នុង​ការ​រក្សា​ប្រតិបត្តិការ​ពាណិជ្ជកម្ម ក៏​ដូច​ជា​មុខ​ជំនួញ​របស់​លោក​អ្នក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ អ្វី​ដែល​ជា​ការ​ស្នើ​នូវ​បច្ចេក​ទេស​ដ៏​មាន​សារសំខាន់​ក្នុង​ការ​គ្រប់គ្រង​សាច់ប្រាក់​ឲ្យ​បាន​ល្អ​បំផុត​នោះ គឺជា​សាច់ប្រាក់​មាន​ក្នុង​ដៃ និង​សាច់ប្រាក់​ត្រូវ​ចំណាយ​លើ​ការងារ​ប្រចាំ​ថ្ងៃ ផ្ទុយ​ពី​ទ្រព្យសកម្ម​ ដូច​ជាកុង ឬ​គណនី គឺ​សម្រាប់​​ទទួល​ប្រាក់ ឬ​អចលនទ្រព្យ ដែល​អាច​ដោះ​ដូរ​ជា​សាច់ប្រាក់​បាន។ 

ការរកស៊ីខាតអាចឱ្យក្រុមហ៊ុនក្ស័យធនលើរយៈពេលវែង តែបើការគ្រប់គ្រងសាច់ប្រាក់មិនបានត្រឹមត្រូវ អាចនាំឱ្យក្រុមហ៊ុនក្ស័យធនក្នុងរយៈពេលខ្លី។ ខាងក្រោមនេះ គឺជាអាថកំបាំងសំខាន់ៗចំនួន ៣ នៃការគ្រប់គ្រងសាច់ប្រាក់ សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម៖

១. ផលវិបាកនៃការគ្រប់គ្រងសាច់ប្រាក់មិនបានត្រឹមត្រូវ

ការគ្រប់គ្រងសាច់ប្រាក់មិនបានត្រឹមត្រូវ មានន័យថា ក្រុមហ៊ុនមិនបានប្រើប្រាស់សាច់ប្រាក់ ដែលមានក្នុងដៃ ឱ្យមានប្រសិទ្ធភាពបំផុត ឬក្នុងករណីធ្ងន់ធ្ងរជាងនេះ គឺមិនបានដឹង ជាមុន ថាក្រុមហ៊ុននឹងអស់សាច់ប្រាក់ប្រើប្រាស់។

ការមានសាច់ប្រាក់សល់ទំនេរច្រើនពេក នាំឱ្យក្រុមហ៊ុនខាតបង់ ពីព្រោះ តម្លៃរបស់ សាច់ប្រាក់ តែងថយចុះដោយសារអតិផរណា ហើយក្រុមហ៊ុនគួរតែបានប្រើប្រាស់នោះ ដើម្បី ទទួលបានប្រយោជន៍ខ្លះ ។ ប្រសិនបើការមានសាច់ប្រាក់ច្រើនពេកនៅក្នុងគណនីសន្សំ⁣ដែល⁣ គ្មានការប្រាក់ ឬមានការប្រាក់ទាបបំផុត គឺជាការខាតបង់មួយ ។

ការអស់សាច់ប្រាក់ប្រើប្រាស់ដោយមិនបានគ្រង់ទុកមុន នឹងនាំឳ្យមាន ការខាតបង់ជាច្រើន៖

  • ចំណាយការប្រាក់ លើការចងការប្រាក់ ឬការខ្ចីប្រាក់ពីធនាគារ ដោយមិនបានរៀបចំខ្លួនទុកមុន ដែលប្រឈមនឹងការចំណាយខ្ពស់ជាងធម្មតា។
  • ការខាតបង់ ដែលបណ្ដាលមកពីការខកខានបំពេញកាតព្វកិច្ចទូទាត់ ជាមួយដៃគូពាណិជ្ជកម្មដែលរួមមាន ការពិន័យ ការបាត់បង់ឱកាសបញ្ចុះថ្លៃ ការខូចខាតកេរ្តិ៍ឈ្មោះ ។ល។
  • អាចជាករណីមូលប្បទានបត្រគ្មានសំវិធានធន ក្នុងករណីដែលមានការទូទាត់តាមមូលប្បទានបត្រ ដែលជាទោសព្រហ្មទណ្ឌនៅកម្ពុជា។

២. មូលដ្ឋាននៃការគ្រប់គ្រងសាច់ប្រាក់

ការគ្រប់គ្រងសាច់ប្រាក់បានត្រឹមត្រូវ មានន័យថា នៅគ្រប់ពេលវេលា ក្រុមហ៊ុនគ្មានបញ្ហា​សល់សាច់ប្រាក់ច្រើនពេកដែលមិនផ្ដល់ចំណូល ឬ ខ្វះខាតសាច់ប្រាក់ ពោលគឺនឹងមានសាច់ប្រាក់ហូរនៅពេលមានតម្រូវការសាច់ប្រាក់ ហើយនឹងមានសាច់ប្រាក់ហូរចេញ នៅពេលមានសំណល់សាច់ប្រាក់ឥតប្រយោជន៍។

ដូច្នេះ អ្នកគ្រប់គ្រងហិរញ្ញវត្ថុ ត្រូវអាចព្យាករណ៍បាននូវចលនាសាច់ប្រាក់ប្រចាំខែ (ឬបានប្រចាំសប្ដាហ៍រឹតតែល្អ) ទាំងចេញ និងចូល ពាក់ព័ន្ធ​នឹងប្រតិបត្តិការទាំងអស់របស់ក្រុមហ៊ុន លើរយៈពេល ១២ខែ ឬលើសពីនេះ ហើយប៉ាន់ស្មានអំពីលំហូរសាច់ប្រាក់ដែលពាក់ព័ន្ធ។

  ខែ ១ ខែ ២ ខែ ៣ ខែ ៤ ខែ ៥
ចំណាយ ១២០ ១២០ ១១៦ ១២៥ ១២០
ចំណូល ២១០ ១៥០ ១២០ ២០០ ១៣៥
សមតុល្យដើមគ្រា ១០០ ១៥០ -១០ -២០ ២១០
សាច់ប្រាក់ចេញ ១៣០ ៣០០ ១២០ ១២០ ១១៥
សាច់ប្រាក់ចូល ១៨០ ១៤០ ១១០ ៣៥០ ១៣០
សមតុល្យចុងគ្រា ១៥០ -១០ -២០ ២១០ ២២៥

 

ចេញពីតារាងបែបនេះ ក្រុមហ៊ុនអាចដឹងមុនអំពីតម្រូវការ និងភាពលើសនៃសាច់ប្រាក់ ហើយអាចត្រៀមដំណោះស្រាយសម្រាប់ការខ្វះខាតសាច់ប្រាក់នៅក្នុង ខែ២ និង ខែ៣  និងត្រៀមប្រើប្រាស់សាច់ប្រាក់ដែលទំនេរ សម្រាប់ ខែ៤ និង ខែ៥ ។

៣. ដំណោះស្រាយនៃការគ្រប់គ្រងសាច់ប្រាក់

សម្រាប់សាច់ប្រាក់ដែលទំនេរសម្រាប់រយៈពេលវែង

យើងអាចប្រាក់ប្រាស់ ដើម្បីពង្រីកអាជីវកម្មដូចជា៖

  • បង្កើនសមត្ថភាពផលិត
  • បង្កើនទីតាំងលក់
  • បង្កើនទំនិញក្នុងស្តុក (ប្រសិនបើអាចបង្កើនការលក់) ឬ
  • កែលម្អលក្ខខណ្ឌឥណទានអតិថិជន (ប្រសិនបើការកែលម្អនេះ នឹងធ្វើឳ្យយើងបង្កើនការលក់) ជាដើម។

សម្រាប់សាច់ប្រាក់ទំនេររយៈពេលខ្លី

យើងអាច៖

  • ដាក់ផ្ញើ នៅក្នុងគណនីមានកាលកំណត់នៅធនាគារ ដែលកាលកំណត់ នោះស៊ីគ្នាជាមួយរយៈពេលទំនេររបស់សាច់ប្រាក់
  • ផ្ដល់កម្ចីដែលមានហានីភ័យទាប ឬ
  • ទិញមូលបត្រដែលសន្ទនីយភាពខ្ពស់ ជាដើម។

សម្រាប់ស្ថានភាពដែលរំពឹងថាខ្វះខាតសាច់ប្រាក់រយៈពេលខ្លី

យើងត្រូវត្រៀមរក ដំណោះស្រាយដូចជា៖

  • អាចត្រៀមយន្តការជំរុញទីផ្សារ ដូចជា ការបញ្ចុះថ្លៃពិសេស
  • អាចយុទ្ធនាការបញ្ចុះថ្លៃពិសេស សម្រាប់អតិថិជន ដែលបង់ថ្លៃ មុនកាលកំណត់
  • អាចកាត់បន្ថយស្តុកទំនិញខ្លះ ដែលមិនប៉ះពាល់ខ្លាំងចំពោះការលក់
  • ចរចាជាមួយធនាគារ ដើម្បីទទួលបានឥណទានរយៈពេលខ្លី ដែល អំណោយផលបំផុត (ការអាចព្យាករណ៍បានមុន នាំឳ្យក្រុមហ៊ុនអាច ចៀសវាងការប្រើប្រាស់ បន្ទាត់ឥណទាន ដែលមានចំណាយខ្ពស់)។

សម្រាប់ស្ថានភាពខ្វះខាតសាច់ប្រាក់រយៈពេលវែង យើងត្រូវត្រៀមដំណោះស្រាយដូចជា៖

  • ចរចារកម្ចីរយៈពេលវែងជាមួយធនាគារ ឬភាគីផ្ដល់កម្ចីផ្សេងទៀត
  • លក់ទ្រព្យសកម្មដែលគ្មានប្រយោជន៍ដល់ការលក់
  • ទំលាក់ចោលប្រភេទទំនិញខ្លះដែលលក់មិនសូវដាច់
  • កៀងគររកអ្នកចូលហ៊ុនបន្ថែម ។ល។

៤. ប្រការសំខាន់ៗដែលអ្នកគួរចងចាំ និងប្រតិបត្តិ

* រក្សា​ការ​ចុះបញ្ជី​ឲ្យ​បាន​ទៀងទាត់

ការ​តាមដាន​ប្រាក់​ចំណូល និង​ចំណាយ​ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នឹង​សាច់ប្រាក់ គឺជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​គ្រប់គ្រង។ ទោះជា​ប្រព័ន្ធ​ដែល​ផ្ទុក​ក្នុង​កុំ​ព្យូ​រ​ទ័​រ​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​តាមដាន និង​រក្សា​តុល្យភាព​រវាង​ទ្រព្យសកម្ម​ចរន្ត និង​បំណុល​អកម្ម​ក៏​ដោយ ក៏​ការ​ធ្វើ​ផ្ទាល់​ដៃ​អាច​អនុវត្ត​នូវ​កិច្ចការ​នេះ​ផង​ដែរ។

* ការ​គ្រប់គ្រង​ផ្ទៃក្នុង

ការ​គ្រប់គ្រង​សាច់ប្រាក់ គឺជា​កត្តា​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ភាព​ជាក់លាក់ ឬ​ទៀងទាត់។ ដើម្បី​ការពារ​ចោរ និង​ធ្វើ​ឲ្យ​ច្បាស់​ថា អជីវកម្មកម្មរបស់​លោក​អ្នកមាន​សាច់ប្រាក់​គ្រប់គ្រាន់​សម្រាប់​ទូទាត់​បំណុល ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​សរសេរ​គោលនយោបាយ​ប្រើប្រាស់​សាច់ប្រាក់​ឲ្យ​បាន​ច្បាស់លាស់ ក៏​ដូច​ជា​នីតិវិធី​ប្រតិបត្តិការ​មាន​លក្ខណៈ​ស្តង់ដា ដែល​បង្កើត​ឡើង​នូវ​ឥរិយាបថ​រំពឹង​ទុក និង​បង្កើត​ភាព​អាច​ទទួលខុសត្រូវ​បាន ។

* ការ​ព្យាករ​ទុក និង​ការ​រៀបចំ​ផែនការ

ការ​រៀបចំ​ផែនការ​ពី​គម្រោង​លំហូរ​សាច់ប្រាក់​ក្នុង​រយៈពេល​វែង​ប្រចាំឆ្នាំ និង​អំឡុង​ពេល​ខ្លី​ប្រចាំខែ វា​អាច​ជួយ​ឱ្យ​អ្នក​យល់​ដឹង​ពី​ការ​គ្រប់គ្រង​សាច់ប្រាក់​ប្រចាំ​ថ្ងៃ​ដែល​ចាំបាច់ ក៏​ដូច​ជា​អភិវឌ្ឍន៍​នូវ​យុទ្ធសាស្ត្រ​ដែល​អាច​សម្រេច​ទិស​ដៅ​រយៈពេល​វែង។ ការ​បញ្ចេញ​គំនិតល្អ​ៗ​ថា ពេល​ណា ទីណា និង​សាច់ប្រាក់​ប៉ុន្មាន ដែល​ជា​និច្ចកាល​មុខ​ជំនួញ​របស់​អ្នក​ត្រូវការ​ច្រើន​បំផុត​ដើម្បី​រៀបចំ​ឱ្យ​ប្រសើរ​ជាង​មុន ហើយ​អាច​កាត់​បន្ថយ ឬ​លុប​បំបាត់​ការ​ខ្ចី​ជា​ប្រភព​មូលនិធិ​រយៈពេល​ខ្លី។ ការ​វិភាគ​ពី​កំហុសឆ្គង​ដែល​មាន​កន្លង​មក អាច​ជួយ​ឱ្យ​អ្នក​ចៀស​ផុត​ពី​កំហុស​ច្រំ​ដែល និង​ឈាន​ដល់​ការ​គ្រប់គ្រង​សាច់ប្រាក់​កាន់តែ​ប្រសើរ​ឡើង។

* សាច់ប្រាក់​ដែល​ត្រូវ​ទទួល​បាន

នីតិវិធី​ក្នុង​ការ​ប្រមូលប្រាក់ គឺ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​បញ្ចូល​សាច់ប្រាក់។ កត្តា​នេះ ក៏​រាប់​បញ្ចូល​ផង​ដែរ ប៉ុន្តែ​មិន​ត្រូវ​បាន​កំណត់​នូវ​កត្តា​ផ្សេង​ៗ​ ដូច​ជាការ​ធ្វើ​ឲ្យ​បាន​ច្បាស់លាស់​នៃ​វិក្កយបត្រ​ប្រចាំខែ​ទៀងទាត់ពេលវេលា​ ការ​ពិនិត្យពិច័យ​ប្រាក់​ដែល​ទទួល​បាន និង​ពិសោធន៍​ឲ្យ​ឃើញ​ដូច​គ្នា​នូវ​បណ្តា​អតិថិជន​ដែល​បង់ប្រាក់​យឺតយ៉ាវ​ ការ​បង្កើត​នីតិវិធី​ផ្សេង​ៗ​សម្រាប់​អនុវត្ត​ស្រប​តាម​ការ​បង់​យឺតយ៉ាវ​ ការ​ពង្រឹង​នូវ​គោលការណ៍​ណែនាំ​ក្នុង​ការ​ផ្តល់​ឲ្យ​ឥណទាន និង​ការ​បញ្ចុះតម្លៃ​ដល់​អតិថិជន​ដែល​បាន​បង់ ឬ​ទូទាត់​លើ​វិក្កយបត្រ​មុន​ពេល​កំណត់។

សរុបមក ការងារ​គ្រប់គ្រង​សាច់ប្រាក់​ឱ្យ​មាន​ប្រសិទ្ធភាព​សម្រាប់​រក្សា​មុខ​ជំនួញ គឺជា​ហេតុផល​ដ៏​សំខាន់​ដើម្បី​ទប់ទល់​ការ​បរាជ័យ​ក្នុង​ការ​ប្រកប​ជំនួញ​របស់​លោក​អ្នក។


អត្ថបទទាក់ទង

យុទ្ធសាស្ត្រទីផ្សារសំខាន់ៗចំនួន ៤ ដែលក្រុមហ៊ុនភាគច្រើនកំពុងប្រើប្រាស់

One thought on “អាថកំបាំងក្នុងការគ្រប់គ្រងសាច់ប្រាក់ប្រកបដោយប្រសិទ្ឋភាព សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម

Leave a Reply

Your email address will not be published. Required fields are marked *