ប្រសិនបើអ្នកមានទម្លាប់ទាំង ១៥ នេះ អ្នកអាចជាសហគ្រិនដ៏មានសក្តានុពលម្នាក់

តើអ្នកធ្លាប់លក់របស់ញ៉ាំអ្វីមួយកាលពីនៅតូចដែរឬទេ? បើធ្លាប់មែន អ៊ីចឹងអ្នកប្រហែលជាមានគ្រប់លក្ខណៈសម្បត្តិដើម្បីក្លាយជាសហគ្រិនមួយរូបហើយ។ រាល់សញ្ញានៃសហគ្រិនពិតប្រាកដបានរំលេចឡើងតាំងពីនៅវ័យក្មេងៗម៉្លេះ។ អ្នកអាចអង្កេតឃើញសញ្ញាទាំងនេះចំពោះក្មេងៗ ឬកូនៗរបស់អ្នកផងដែរ។ ជាពិសេស អ្នកតែងតែឃើញសហគ្រិនជោគជ័យជាច្រើនមិនថា​នៅ​ក្នុងប្រទេសកម្ពុជាយើង និងប្រទេសដទៃទៀតនោះទេ ដោយអ្នកទាំងនោះភាគច្រើនសុទ្ធតែមានក្រុមហ៊ុនជាច្រើនក្នុងដៃ។ ទោះបីជាអ្នកមើលពីក្រៅឃើញថាពួកគេទាំងនោះជាបុគ្គលដ៏ជោគជ័យ តែអ្នកមិនបានដឹងទេថា តើពួកគេមានទម្លាប់អ្វីខ្លះដែលធ្វើឲ្យពួកគេក្លាយជាបុគ្គលជោគជ័យរហូត​មក​ដល់​ពេល​នេះ?

១. អ្នកចូលចិត្តរៀនអ្វីដែលថ្មី

អ្នកខ្លះនិយាយថាការអប់រំគឺបញ្ចប់នៅពេលអ្នករៀបចប់ តែមិនមែនសម្រាប់អ្នកនោះទេ! ប្រសិនបើអ្នកចូលចិត្តរៀន និងចាប់យកអ្វីដែលថ្មី អ៊ីចឹងគំនិតរបស់អ្នកកំពុងស្ថិតលើផ្លូវមួយឆ្ពោះទៅស្វែងរកអ្វីដែលអ្នកពូកែខាង និងអ្វីដែលធ្វើឲ្យអ្នកចាប់អារម្មណ៍ផ្ទាល់ខ្លួន។ ប្រសិនបើអ្នកមានលក្ខណៈពិសេសផ្សេងច្រើនទៀត អ៊ីចឹងអ្នកនឹងមានឱកាសដ៏ល្អមួយធ្វើឲ្យវាកើតចេញជាផ្លែផ្កានៅពេលដែលឱកាសនោះមកដល់។ 

២. អ្នកអាចមើលធ្លុះគុណវិបត្តិក្នុងផែនការរបស់អ្នកដទៃ

តើអ្នកធ្លាប់ខាំក្រចកដៃអន្ទះអន្ទែងក្នុងចិត្តនៅពេលដែលនរណាម្នាក់កំពុងអនុវត្តផែនការរបស់ពួកគេទេ? អ្នកមិនចង់ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ពួកគេទេ ប៉ុន្តែអ្នកប្រហែលជាបានដឹងថាត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យផែនការនោះដើរទៅយ៉ាងរលូន។ ទោះយ៉ាងណា ប្រសិនបើអ្នកអាចរកឃើញគុណវិបត្តិទាំងនោះ និងផ្តល់នូវការណែនាំដ៏ទន់ភ្លន់តែបន្តិច វាពិតជារឿងដ៏ប្រពៃណាស់ ហើយវាក៏សបញ្ជាក់ថាអ្នកមានភាពជាសហគ្រិនក្នុងខ្លួនផងដែរ។

៣. អ្នកមានមោទភាពចំពោះខ្លួនឯង

នេះពុំមានន័យថាអ្នកមានមោទនភាពដោយសារតែខ្លួនឯងជាមនុស្សសំខាន់ និងមានបុព្វសិទ្ធិលើសមនុស្សគ្រប់គ្នានោះទេ តែអ្នកជាមនុស្សមិនចេះខ្លាចនឹងមោទភាពចំពោះស្នាដៃរបស់ខ្លួន និងការរក្សាភាពឈានឆ្ពោះទៅមុខជានិច្ចដើម្បីទៅដល់គោលដៅរបស់អ្នក។ ភាពជោគជ័យគឺជាមេដាយ ដែលអ្នកពាក់នៅក្នុងចិត្ត មិនមែនពាក់នៅខាងក្រៅរាងកាយទេ។ 

៤. អ្នកទទួលយកការរិះគន់ទុកក្នុងចិត្តមិនមែនចាត់ទុកវាជាការប្រមាថបុគ្គលនោះទេ

ការរិះគន់អាចធ្វើឲ្យកើតមានអ្វីៗទាំងអស់រាប់ចាប់តាំងពីការជ្រួញចិញ្ចើមរហូតដល់ការធ្វើឲ្យស្រក់ទឹកភ្នែក ជាពិសេសនៅពេលដែលវាជាការរិះគន់សំដៅលើអ្វីមួយទាក់ទងនឹងបុគ្គល។ ប្រសិនបើអ្នកអាចទទួលយកការរិះគន់ដោយពុំមានអារម្មណ៍ថាដូចត្រូវគេទះកំផ្លៀងទេនោះ អ៊ីចឹងអ្នកមានផ្នត់គំនិតរបស់សហគ្រិននៅកន្លែងធ្វើការហើយ។ សរុបសេចក្តីមក សហគ្រិនពិតប្រាកដតែងស្តាប់កូនចៅក្រោមឱវាទរបស់ខ្លួនជានិច្ច។

៥. អ្នកដោះរបស់ផ្សេងៗចេញពីគ្នាដើម្បីមើលថាតើវាដំណើរការយ៉ាងដូចម្តេច

គ្មានអាថ៍កំបាំងអ្វីដែលអ្នកដោះស្រាយមិនចេញនោះទេ! ប្រសិនបើអ្វីមួយហាក់ដូចជាស្មុគ្រស្មាញ អ្នកនឹងយករបស់នោះមករុះរើ ហើយសិក្សាមើលពីវា។ រាប់ចាប់ពីក្បាល VCR រហូតដល់កុំព្យូទ័រ និងរហូតដល់ទៅរបស់ក្មេងលេងធម្មតា អ្នកក៏ច្បាស់ជានឹងចង់ដឹងផងដែរថាវាដំណើរការដូចម្តេច។

៦. អ្នក​មិន​ភ្លេច​ពី​អារម្មណ៍​របស់​អ្នក​ដទៃ

មនុស្សដែលអ្នកបញ្ចុះបញ្ចូល និងធ្វើការជាមួយ គឺនៅតែជាមនុស្សលោកធម្មតា។ ក្នុងនាមជាសហគ្រិនមួយរូប គឺគេមិន​ភ្លេច​ពី​អារម្មណ៍​របស់​អ្នក​ដទៃនោះទេ មិនត្រឹមដោយសារពួកគេបានទទួលស្គាល់ពីសារៈសំខាន់នៃបណ្តាញការងារ និងក្រុមការងារល្អប៉ុណ្ណោះទេ តែពួកគេក៏ដឹងផងដែរថា អារម្មណ៍របស់អ្នកដទៃ គឺសំខាន់ដូចគ្នា។ 

៧. អ្នកពូកែតស៊ូ

ការបញ្ឈប់រូបអ្នក គឺជារឿងមិនអាចទៅរួចទេ។ គ្មានវិធីណាមួយផ្សេងដើម្បីផ្គុំរបស់នោះឡើងវិញទេ។ ឧបសគ្គមួយចំពោះអ្នក គឺគ្រាន់តែជាបទពិសោធន៍មួយទៀតដើម្បីរៀនសូត្រ និងទទួលយកអត្ថប្រយោជន៍ពីវាប៉ុណ្ណោះ។

៨. អ្នកមិនចូលចិត្តឲ្យគេប្រាប់ថាត្រូវធ្វើអ្វីនោះទេ

តើមាននរណាអាចប្រាប់អ្នកថាត្រូវធ្វើអ្វីទេ? គ្មាននោះទេ ពាក្យថានរណាមកបញ្ជា! ជាការពិតណាស់ បណ្តាសហគ្រិន គឺជាមេដឹកនាំ មិនមែនជាអ្នកដើរតាមគេនោះទេ។ ការទទួលបញ្ជាគេមិនមែនជាស្តាយរបស់អ្នកនោះឡើយ។ 

៩. អ្នកមានការប្រកួតប្រជែងយ៉ាងពិសេស

គ្មាននរណាម្នាក់ចូលចិត្តចាញ់នោះទេ ប៉ុន្តែប្រសិនបើអ្នកពង្រឹងសមត្ថភាពឡើងទៅដល់កម្រិតថ្មីមួយទាំងស្រុង នោះអ្នកនឹងអាចក្លាយជាសហគ្រិនដែលកំពុងរំលេចខ្លួនឡើងបន្តិចម្តងៗជាមិនខាន។ វាតែងមានអ្វីមួយនៅក្នុងមហិច្ឆតា និងក្តីរំភើបនៃជ័យជម្នះ ដែលគ្រប់សហគ្រិនទាំងអស់មានក្នុងខ្លួនតាំងពីធម្មជាតិ។ ជ័យជម្នះ គឺសម្រាប់អ្នកធ្វើ និងអ្នកឈ្នះ ហើយនោះ គឺជារូបអ្នក!

១០. អ្នកបានកំណត់គោលដៅ

មិនត្រឹមតែនឹកឃើញបង្កើតផែនការទេ តែថែមទាំងកាលកំណត់មួយជាក់លាក់ និងសញ្ញាដៅសម្គាល់ជាច្រើនដើម្បីទៅដល់កន្លែង ដែលអ្នកកំពុងបោះជំហានទៅយ៉ាងឈ្មុសឈ្មុលផងដែរ។ ពេលវេលារបស់អ្នកមានតម្លៃណាស់ ហើយអ្នកបានចំណាយវាដើម្បីទៅដល់កន្លែងដែលអ្នកចង់ទៅ។ 

១១. អ្នកអាចបញ្ចុះបញ្ចូលមនុស្សឲ្យឈរនៅខាងអ្នក

តួនាទីរបស់អ្នកការទូតតម្រូវមានចិត្តត្រជាក់ដូចចំណុចខាងលើ។ វាក៏តម្រូវឲ្យមានលទ្ធភាពបញ្ចុះបញ្ចូលមនុស្សឲ្យចុះចូលមកខាងអ្នក និងយកឈ្នះលើចិត្តរបស់ពួកគេផងដែរ។ សហគ្រិនដែលគេចូលចិត្ត និងមានចិត្តទូលាយមិនដែលភ្លេចនូវមូលដ្ឋានគ្រឹះទាំងនេះទេ៖ ការផ្សារភ្ជាប់ទំនាក់ទំនងជាមួយមនុស្សអាចជួយក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត ជាពិសេសមនុស្សដែលអាចគោរព និងគាំទ្រខាងអ្នក។ 

១២. អ្នកធ្វើការសម្រេចចិត្តជាមួយនឹងការពិចារណារកហេតុផល មិនមែនជាមួយនឹងអារម្មណ៍របស់អ្នកទេ

ពាក្យថា “ធ្វើតាមបេះដូងរបស់អ្នក” គឺជាពាក្យទូទៅបំផុតមួយក្នុងបណ្តាភាពយន្តរបស់ Gen Y និង Disney។ វាជាដំបូន្មានដ៏អស្ចារ្យ ប៉ុន្តែមិនមែនចេះតែអនុវត្តបាននោះទេ នៅពេលនិយាយដល់ការធ្វើសេចក្តីសម្រេចចិត្ត។ ការក្លាយជាបុគ្គលដែលពោរពេញដោយក្តីមេត្តា និងក្តីស្រឡាញ់គឺអស្ចារ្យមែនហើយ ប៉ុន្តែអ្នកត្រូវតែធ្វើការសម្រេចចិត្តជាមួយនឹងការត្រិះរិះពិចារណារកហេតុផល។ ការដែលដឹងថាការពិចារណារកហេតុផលគឺជាទិសដៅត្រូវ ជាសញ្ញាមួយបង្ហាញថាអ្នកជាមនុស្សចិត្តត្រជាក់ មិនមែនជាមនុស្សមានអំណួតនោះទេ។ 

១៣. អ្នករៀបចំគម្រោងលើអ្វីមួយយ៉ាងលម្អិត

គ្មានចន្លោះប្រហោងណាមួយអាចគេចផុតពីភ្នែកដ៏រវៀសរវៃរបស់អ្នកបានឡើយ។ ប្រសិនបើអ្វីមួយមិនដំណើរការតាមការគ្រោងទុក វានឹងមិនអាចចៀសផុតពីក្រសែភ្នែករបស់អ្នកបាននោះឡើយ ហើយអ្នកមានភាពប្រាកដប្រជាណាស់ថា អ្នកនឹងមិនឲ្យអ្វីៗចេញផុតពីការត្រួតត្រារបស់អ្នកបានឡើយ។ 

១៤. អ្នករក្សាចិត្តត្រជាក់ក្នុងពេលមានវិបត្តិ

វិបត្តិអាចធ្វើឲ្យមនុស្សម្នាក់ៗបាត់បង់អារម្មណ៍ត្រជាក់ៗរបស់ខ្លួន។ តែមិនមែនចំពោះអ្នកនោះទេ។ អ្នកគឺជាអ្នកដោះស្រាយបញ្ហា ជាមេដឹកនាំចិត្តត្រជាក់បំផុត ដែលត្រៀមខ្លួនជាស្រេចដើម្បីដោះស្រាយបញ្ហា និងបន្តដំណើរឆ្ពោះទៅមុខទៀត។ សហគ្រិនទាំងឡាយដឹងថា វិបត្តិនឹងតែងតែកើតឡើងនៅពេលណាមួយ ប៉ុន្តែជំនួសឲ្យការភ័យខ្លាច ពួកគេបានត្រៀមលក្ខណៈសម្រាប់វាយ៉ាងល្អ។ 

១៥. អ្នកបន្តប្រឹងប្រែងជាមួយមនុស្សគ្រប់គ្នា នៅពេលអ្នកកំពុងព្យាយាមសម្រេចអ្វីមួយ

ដូចចំណុចដែលបានលើកឡើងខាងលើអ៊ីចឹង ការភ្ជាប់ទំនាក់ទំនងជាមួយមនុស្ស គឺមានតម្លៃមិនអាចកាត់ថ្លៃបានទេ។ ការបន្តប្រឹងប្រែងជាមួយពួកគេនៅពេលដែលអ្នកកំពុងព្យាយាមសម្រេចអ្វីមួយក៏ជារឿងសំខាន់ដូចគ្នាដែរ។ យើងទាំងអស់គ្នាដឹងថានៅពេលគម្រោងអ្វីមួយជាប់គាំងគឺវានឹងធ្វើឲ្យមានការខកចិត្តជាខ្លាំង។ ប៉ុន្តែការបន្តការតស៊ូ និងការបន្តធ្វើអ្វីមួយជាមួយមនុស្សផ្សេងទៀតគឺជាសញ្ញានៃការតស៊ូ និងការគិត មិនខុសអ្វីពីសហគ្រិននោះឡើយ។ 

ជារួមមក មេរៀនដ៏ល្អដែល​យើងអាចរៀន គឺរៀនពីបទពិសោធន៍នានាតាមរយៈការអង្កេតមើលទៅលើអ្នកដែល​ជោគជ័យនៅក្នុងប្រទេស ក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក។ ការចេះយកទម្លាប់ល្អៗទាំងនេះមកអនុវត្តន៍ នឹងជួយឲ្យភាពជាអ្នក​ដឹកនាំរបស់អ្នកកាន់តែប្រសើរឡើង អភិវឌ្ឍការសម្រេចចិត្ត និងការសម្របខ្លួនកាន់តែល្អដើម្បីធ្វើឲ្យអ្នកក្លាយជា​ស្ថាបនិកមួយដ៏ជោគជ័យ។​


អត្ថបទទាក់ទង

អាថកំបាំងក្នុងការគ្រប់គ្រងសាច់ប្រាក់ប្រកបដោយប្រសិទ្ឋភាព សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម

Leave a Reply

Your email address will not be published. Required fields are marked *