តើធ្វើដូចម្តេចដើម្បីបំផុសគំនិតច្នៃប្រតិដ្ឋក្នុងការលក់?

យោង​តាម​វច​នា​នុ​ក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត៖

គំនិត ( ន. ) ការ​គិត, យោបល់ : គំនិត​ល្អ, គំនិត​អាក្រក់, គំនិត​ស្តាំ, គំនិត​ឆ្វេង​ ។ ទាល់​គំនិត គឺ​ទាល់​ផ្លូវ​គិត, អស់​ផ្លូវ​គិត ។ ព. ទ. បុ. ប្រាំ​បួន​ទាល់ ដប់​ទាល់ កុំ​ឲ្យ​តែ​ទាល់​គំនិត ។

  1. (សតិ) ការយល់ឃើញ ការគិត ឬរូបភាពនៅក្នុងសតិ (mind) របស់មនុស្ស ឧ. តើអ្នកមានគំនិតថាគាត់មានរូបរាងដូចម្ដេច?
  2. សំណើឬផែនការសម្រាប់ធ្វើអ្វីមួយ ឧ. ខ្ញុំមានគំនិតបន្តការសិក្សានៅបរទេស។
  3. ជំនឿ ឬ ទស្សនៈ ឧ. យើងមានគំនិតខុសគ្នាស្រឡះអំពីការដាក់ពិន័យចំពោះកុមារ។
  4. បំណងឬហេតុផលក្នុងការធ្វើអ្វីមួយ, ឧ. គំនិតរួមនៃការផ្សាយពាណិជ្ជកម្ម គឺធ្វើឱ្យមនុស្សទិញផលិតផលឬសេវា។ idea, idé

ច្នៃ ( កិ. ) ក្រឡឹង, ធ្វើ​ឲ្យ​មាន​ពន្លឺ​ដោយ​គ្រឿង​ប្រដាប់​សម្រាប់​ប្រកប​ការ​នោះ : ច្នៃ​ត្បូង ។ ព. ប្រ. លៃលក​ឲ្យ​បាន​ស្រួល, ឲ្យ​បាន​ល្អ​ឡើង​, កែ​សម្រួល : ច្នៃ​ពាក្យ, ច្នៃ​សេចក្ដី, ច្នៃ​ដំណើរ​រឿង ។ គុ. ដែល​គេ​ច្នៃ​រួច​ហើយ : ត្បូង​ច្នៃ ។ ម. ព. ចរណៃ ផង ។

ប្រតិដ្ឋ (ប្រតិដ បា.; សំ.) ( កិ. ) (បតិដ្ឋ; ប្រតិឞ្ឋ “ឋិត​នៅ​នឹង, តាំង​នៅ​ស៊ប់, តាំង​នៅ​ជាប់​លាប់; ឈរ​ស៊ប់,…”) ខ្មែរ​ប្រើ​ពាក្យ​នេះ​សំដៅ​សេចក្ដី​ថា បង្កើត​ឲ្យ​មាន​ឡើង​តាម​យោបល់​របស់​ខ្លួន ដោយ​ប្រដូច​ទៅ​នឹង​នេះ​នឹង​នោះ​ខុស​សោះ​ក៏​មាន ត្រូវ​ដែរ​ក៏​មាន : កុំ​អាល​ជឿ​ពេក ព្រោះ​អ្នក​និយាយ​ចេះ​តែ​ប្រតិដ្ឋ​ថា​ៗ​ទៅ​ទេ ។ ប្រើ​ជា គុ. ក៏​បាន : រឿង​ប្រតិដ្ឋ, ពាក្យ​ប្រតិដ្ឋ រឿង​ឬ​ពាក្យ​ដែល​គេ​ប្រតិដ្ឋ​ឲ្យ​មាន​ឡើង : សាស្ត្រា​ល្បែង​ថ្លែង​រឿង​ក្រៅ​ពី​ជាតក​មែន​ទែន, ដូច​ជា​រឿង​លក្សណ​វង្ស, រឿង​ស័ង្ខសិល្ប៍ជ័យ​, រឿង​សព្វសិទ្ធ​, រឿង​ជិនវង្ស … សុទ្ធ​តែ​ជា​រឿង​ប្រតិដ្ឋ ដូច​គ្នា​នឹង​រឿង​ប្រលោម​លោក​ដទៃ​ទៀត ដែល​ជា​រឿង​ប្រតិដ្ឋ​នោះ​ដែរ ។ ពាក្យ​ថា រូប​យាយ​ចាស់​រវៃ​អំបោះ​នៅ​ក្នុង​វង់​ព្រះ​ចន្ទ្រ ជា​សម្ដី​ប្រតិដ្ឋ​ប្រាប់​ក្មេង​តូច​ៗ​ដែល​វា​សួរ, ឯ​តាម​ការណ៍​ពិត គឺ​ជា​រូប​ទន្សាយ (ពោធិសត្វ) ដែល​មាន​ចែង​ក្នុង​គម្ពីរ​ជាតក (ខាង​ពុទ្ធ​និយម) ។ល។ តាម​ទម្លាប់​និយាយ​ថា ប្រឌិត ឬ​ធ្លាប់​សរសេរ ប្រឌិដ្ឋ ក៏​មាន, គួរ​សរសេរ ប្រតិដ្ឋ វិញ​ត្រឹម​ត្រង់​តាម សំ. និង បា. លាយ​ចម្រុះ​គ្នា, ត្រូវ​ការ​អាន ប្រដិត, ឬ​ថា ប្រឌិត តាម​ទម្លាប់​ក៏​សឹង​តែ​បាន, ដូច​ជា​សរសេរ អតិត ឬ​អតីត ធ្លាប់​អាន​ថា អឌិត នោះ​ដែរ ដ្បិត​ការ​អាន​ខុស​ពី​សរសេរ​នេះ រាប់​ថា​ជា អញ្ញត្រ​សព្ទ ក្នុង​អក្សរ​សាស្ត្រ ដូច​ជា អញ, អ្នក, នេះ, នោះ អាន​ថា អាញ់, នាក់, និះ, នុះ… ដូច្នោះ​ដែរ ។ល។

ចូលមកក្នុងរឿងការបំផុសគំនិតច្នៃប្រតិដ្ឋក្នុងការលក់វិញ អតិថិជនប្រៀបបានដូចជាប្រេងឥន្ធនៈដែលអាចឲ្យរថយន្តរបស់អ្នកទៅមុខរួច។ មិនថាអ្នកមានមនុស្សនៅក្នុងក្រុមហ៊ុន សុទ្ធតែអ្នកពូកែខាងគ្រប់គ្រង ខាងហិរញ្ញវត្ថុ ឬខាងរៀបចំគម្រោងយ៉ាងណាក៏ដោយ ប្រសិនបើអ្នកលក់ផលិតផល ឬសេវាកម្មមិនចេញនោះទេ អ្នកនឹងគ្មានលុយសម្រាប់បើកឲ្យបុគ្គលិក ហើយបន្តមកទៀត គឺត្រូវបិទទ្វា។

តើអ្នកកំពុងតែលក់ដោយប្រើគំនិតច្នៃប្រតិដ្ឋដែលអ្នកមានឬយ៉ាងណា? បើអ្នកកាន់តែមានសេចក្ដីប្រាថ្នាក្នុងការសម្រេចគោលដៅជាក់លាក់ និងចំៗខ្លាំងប៉ុណ្ណា អ្នកក៏កាន់តែមានភាពច្នៃប្រតិដ្ឋក្នុងការស្វែងរកវិធីសម្រេចគោលដៅកាន់តែខ្លាំងឡើងប៉ុណ្ណឹងដែរ។ បើអ្នកកាន់តែមានភាពពុះពារក្នុងការដោះស្រាយបញ្ហាសំខាន់ខ្លាំងប៉ុណ្ណា អ្នកក៏កាន់តែមានសមត្ថភាពក្នុងការស្វែងរកវិធីដោះស្រាយបញ្ហាដោយឡែកៗពីគ្នាកាន់តែច្រើនប៉ុណ្ណោះ។ ហើយបើសំណួរដែលអ្នកសួរមកលើខ្លួនឯង ឬសួរទៅកាន់អ្នកដទៃមានភាពមុះមុតខ្លាំងប៉ុណ្ណា នោះអ្នកក៏កាន់តែមានភាពច្នៃប្រតិដ្ឋក្នុងការគិតរកចម្លើយកាន់តែច្រើនឡើងយ៉ាងហ្នឹងដែរ។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺថាតើអ្នកអាចបំផុសនូវគំនិតច្នៃប្រតិដ្ឋរបស់អ្នកបានយ៉ាងដូចម្ដេចដើម្បីឲ្យការលក់មានប្រសិទ្ធភាព?

ខាងក្រោមនេះ គឺជាវិធីសាស្រ្ត ៣យ៉ាង ដែលនឹងជួយអភិវឌ្ឍ និងបំផុសនូវគំនិតច្នៃប្រតិដ្ឋរបស់អ្នកឲ្យកាន់តែប្រសើរឡើង៖

១. ហ្វឹកហាត់គិតប្រកបដោយភាពច្នៃប្រតិដ្ឋ

ការគិតបែបច្នៃប្រតិដ្ឋ វាមិនមែនជារឿងមួយដែលមនុស្សរាល់គ្នាអាចធ្វើបានទាំងអស់នោះទេ ប្រសិនបើពួកគេមិនមានការហ្វឹកហាត់ អនុវត្តន៍ និងមិនមានភាពអត់ធ្មត់ក្នុងការធ្វើវាទេនោះ ជាពិសេសចំពោះការលក់ ព្រោះវាមានផ្នែកជាច្រើនដែលអាចបង្កើននូវគំនិតច្នៃប្រតិដ្ឋរបស់អ្នកឲ្យកាន់តែមានភាពរស់រវើក។ ជាក់ស្ដែង បើអ្នកកាន់តែក្លាយជាមនុស្សច្នៃប្រតិដ្ឋនៅក្នុងផ្នែកនេះច្រើនប៉ុណ្ណា អ្នកក៏កាន់តែរកប្រាក់បានច្រើនប៉ុណ្ណឹងដែរ។

ចំពោះផ្នែកទី ១ ដែលថា គំនិតច្នៃប្រតិដ្ឋមានភាពសំខាន់នោះ គឺការស្វែងរកអតិថិជន ព្រោះភាពជោគជ័យដំបូងរបស់អ្នកក្នុងការស្វែងរកអតិថិជន វានឹងផ្ដល់ផលយ៉ាងធំធេងដល់ចំណូលរបស់អ្នក ហើយសមត្ថភាពរបស់អ្នកក្នុងការស្វែងរកអតិថិជនឲ្យបានកាន់តែច្រើន និងប្រសើរឡើងជាលំដាប់នោះ គឺវាអាស្រ័យទៅលើរូបារម្មណ៍របស់អ្នកនេះឯង។ រីឯផ្នែកទី ២ ដែលគំនិតច្នៃប្រតិដ្ឋ មានភាពសំខាន់នោះ គឺការស្វែងរកមូលហេតុដើម្បីទាក់ទាញចិត្តឲ្យគេទិញ។ អ្នកត្រូវមានភាពច្នៃប្រតិដ្ឋក្នុងការដាក់សំណួរដើម្បីស្វែងរកឲ្យឃើញថា តើអ្វីគឺជាតម្រូវការរបស់អតិថិជន? ហើយអ្វីជាមូលហេតុដែលធ្វើឲ្យអតិថិជនសម្រេចចិត្តទិញផលិតផល ឬសេវាកម្មនោះ? យ៉ាងណាមិញផ្នែកទាំង ២ នេះ វាគឺជាការដកពិសោធន៍សតិបញ្ញា ភាពវាងវៃ ភាពរហ័សរហួន ការបត់បែន និងថាមពលខួរក្បាលរបស់អ្នកយ៉ាងពិតប្រាកដ។

២. គិតរិះរកវិធីសាស្រ្តប្រើទំនិញបែបថ្មី

គំនិតច្នៃប្រតិដ្ឋរបស់អ្នក គឺជាកត្តាមួយដែលសំខាន់បំផុតក្នុងការរកវិធីសាស្ត្រ និងការប្រើទំនិញថ្មីឲ្យមានប្រសិទ្ធភាព។ អ្នកត្រូវប្រើថាមពលខួរក្បាលដើម្បីគិតរកវិធីសាស្ត្រ និងទិចនិកចំនួនក្នុងការប្រើទំនិញបែបថ្មី ដើម្បីធ្វើឲ្យការលក់ដែលនៅមិនទាន់មាននរណាធ្លាប់លក់ពីមុនមកនោះកើតឡើង។ តួយ៉ាង ការយកកត្តាផ្សំតូចៗនៃការធ្វើធុរកិច្ចមករួមបញ្ចូលគ្នារួមមាន រូបអ្នក ក្រុមហ៊ុនអ្នក អតិថិជន ទំនិញ ឬសេវាកម្ម តម្លៃ ការដឹកជញ្ចូន ការតម្លើង និងកិច្ចការផ្សេងៗ គឺសុទ្ធតែជារឿងមួយដែលស្មុគស្មាញ ដែលអ្នកចាំបាច់ត្រូវតែមានគំនិតច្នៃប្រតិដ្ឋខ្ពស់ក្នុងការដោះស្រាយ និងគ្រប់គ្រងវាឲ្យបានល្អ។

សមត្ថភាពរបស់អ្នកក្នុងការប្រើគំនិតច្នៃប្រតិដ្ឋ ដើម្បីយកឈ្នះលើមតិរិះគន់របស់អ្នកទិញ និងការឆ្លើយតបចំពោះការតវ៉ា គឺជារឿងសំខាន់មួយចំពោះភាពជោគជ័យនៅទឹកចុងក្រោយ ហើយសមត្ថភាពក្នុងការសម្រេចការលក់ និងធ្វើឲ្យអតិថិជនសម្រេចចិត្ត វាគឺជាកត្តាសំខាន់ក្នុងការសន្និដ្ឋានថា អ្នកលក់បានប៉ុណ្ណា ហើយអ្នកនឹងរកប្រាក់បានច្រើនប៉ុណ្ណា។

៣. ត្រូវដឹងថាខ្លួនឯងនិយាយពីអី្វ

ការលក់ប្រកបដោយភាពច្នៃប្រតិដ្ឋ គឺចាប់ផ្ដើមដោយការយល់ដឹងលម្អិតពីទំនិញ ឬសេវាកម្មរបស់អ្នក។ បើអ្នកកាន់តែដឹង និងយល់ច្បាស់ថា តើអ្នកកំពុងតែលក់អ្វីច្រើនប៉ុណ្ណា អ្នកក៏កាន់តែមានភាពច្នៃប្រតិដ្ឋក្នុងការលក់ច្រើនប៉ុណ្ណោះដែរ។ បើអ្នកកាន់តែមានការយល់ដឹងថា “ហេតុអ្វីបានទំនិញរបស់អ្នកល្អជាងទំនិញរបស់គូប្រជែង ឬហេតុអ្វីបានជាទំនិញរបស់អ្នកអន់ជាងដៃគូប្រកួតប្រជែងបាន?” នោះអ្នកនឹងអាចរកទិចនិកដើម្បីពង្រឹង និងអភិវឌ្ឍវាឲ្យកាន់តែរីកចម្រើន ជាពិសេស គឺអាចនិយាយរៀបរាប់ពីគុណភាព និងសារសំខាន់នៃផលិតផលរបស់អ្នកបានយ៉ាងល្អ។

សរុបមកវិញ បើសិនជាអ្នកចង់បំផុសនូវចំណេះដឹង និងគំនិតច្នៃប្រតិដ្ឋដែលមាននៅក្នុងខ្លួនអ្នក អ្នកត្រូវតែចំណាយពេលហ្វឹកហាត់ និងរៀនពីវាជារៀងរាល់ថ្ងៃតាមរយៈការធ្វើការងារ និងការសិក្សារៀនសូត្ររបស់អ្នក។ ដូចនេះចំពោះចំណុចធំៗទាំង ៣ ខាងលើដែលបានលើកឡើងមកនេះ ពួកយើងសង្ឃឹមថាវានឹងជួយអភិវឌ្ឍសមត្ថភាពនៃការគិតរបស់អ្នកឲ្យបានកាន់តែរីកចម្រើន និងជួយឲ្យការលក់របស់អ្នកកាន់តែទទួលបានជោគជ័យផងដែរ។


អត្ថបទទាក់ទង

មេរៀន ៦ យ៉ាងសម្រាប់អ្នកលក់ ដើម្បីបង្កើតទំនាក់ទំនងល្អជាមួយអតិថិជន

Leave a Reply

Your email address will not be published. Required fields are marked *