​បុគ្គលិក​ចង់​ធ្វើការ​ជាមួយក្រុមហ៊ុនដែលមានចំណុចសំខាន់ៗទាំង ៦ នេះ

វាគឺជារឿងធម្មតារបស់ស្ថាប័ននានា ដែលត្រូវការមនុស្សមានសមត្ថភាពមករួមការងារ និងព្យាយាមថែរក្សាបុគ្គលិកដែលមានសក្ដានុពលខ្លាំងឲ្យនៅធ្វើការបានយូរ។ ប៉ុន្តែក្រុមហ៊ុនជាច្រើនតែងជួបប្រទះបញ្ហាលំហូរបុគ្គលិក ឬបុគ្គលិកលាឈប់ញឹកញាប់។ ដូច្នេះ​ ដើម្បី​រក្សា​បុគ្គលិក​​ល្អៗ​ឲ្យ​ធ្វើ​ការ​ឲ្យ ​​មាន​គន្លឹះ​មួយ​ចំនួន​ដែល​​នាយក​ក្រុមហ៊ុន​អាច​​សាកល្បង​ធ្វើ​បាន​ ដើម្បី​កែប្រែ​ក្រុមហ៊ុន​របស់​​ខ្លួន​ឲ្យ​មាន​បរិយាកាស​ការងារ​ដ៏​ទាក់ទាញ៖

. ​​លើកទឹកចិត្តនៅពេលសម្រេចការងារ

ក្រុមហ៊ុន​ធំៗ​ជាច្រើន​មាន​ការ​វាយតម្លៃ​​ទៅ​តាម​ពេល​វេលា​ជាក់លាក់​ដូចជា ​៣ ខែ​ម្ដង​ ៦ ខែ​ម្ដង ​ឬ​១​ឆ្នាំ​ម្ដង។ ​​តាមរយៈ​ការ​វាយ​តម្លៃ​បែប​នេះ​បុគ្គលិក​នឹង​ខិតខំ​ធ្វើការ​ ព្រោះ​ពួកគេ​ដឹង​ថា ​អ្វី​ដែល​ពួកគេ​ធ្វើ​នឹង​ផ្ដល់​មក​វិញ​ទៅ​តាម​លទ្ធផល​ការងារ​ជាក់​ស្ដែង ។ ​​ក្រុមហ៊ុន​មួយ​ចំនួន​ក៏​បាន​ជ្រើសរើស​ការ​លើក​ទឹកចិត្ត​ផ្សេង​ៗ​ដូចជា​ការ​ជ្រើសរើស​ ​​”បុគ្គលិក​ល្អ​ប្រចាំ​ខែ” ​ឬ​ “បុគ្គលិក​ដែល​លក់​ដាច់​ច្រើន​ជាង​គេ​ប្រចាំ​ខែ”​ ជាដើម​​ ដែល​​នេះ​​​បុគ្គលិក​អាច​ទទួល​​បាន​​​​រង្វាន់​ជា​ទឹកប្រាក់​ ឬ​រង្វាន់​លើក​ទឹកចិត្ត​ដទៃ​ទៀត។

. ​​​​​បង្ហាញពីគម្រោង​​អនាគតដល់បុគ្គលិក

ក្រុមហ៊ុន​ដ៏​ល្អ​មួយ​ត្រូវ​មាន​គម្រោង​អនាគត​ច្បាស់លាស់។ ​​ស្រប​គ្នា​នេះ​ដែរ ​បុគ្គលិក​ក៏​ចង់​ដឹង​ដែរ​ថា​ ក្រុមហ៊ុន​ដែល​គេ​ធ្វើការ​មាន​ស្ថិរភាព​មិន​មែន​ត្រឹម​បច្ចុប្បន្នភាព​នេះ​ទេ ​ប៉ុន្តែ​នៅ​អនាគត​ដែរ ។​អាស្រ័យ​ហេតុនេះ​​គួរ​មាន​ការ​រៀបចំ​ជួបជុំ​បុគ្គលិក​បង្ហាញ​ពី​គម្រោង​ផែនការ​អនាគត​​ដើម្បី​លើក ​ទឹក​ចិត្ត​​ឲ្យ​បុគ្គលិក​ចង់​ធ្វើ​ការ​ឡើង។

. ​មានទំនាក់ទំនងល្អគ្រប់ជាន់ថ្នាក់

ជា​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​មួយ​​បញ្ហា​ប្រាក់ខែ​ជា​រឿង​មួយ​ដ៏​សំខាន់ ​ប៉ុន្តែ​មិន​មែន​ប្រាក់​ខែ​តែ​ម៉្យាង​ធ្វើ​ឲ្យ​គេ​ចង់​ធ្វើ​ការ​ឲ្យ​អ្នក​នោះ​ទេ។ ​ទំនាក់ទំនង​ល្អ​រវាង​អ្នក​គ្រប់គ្រង​ និង​បុគ្គលិក​តូចតាច​​ក៏​ជា​កត្តា​ជំរុញ​ចិត្ត​មួយ​ដែរ។ ​​ប្រសិន​ ​បើ​ក្រុមហ៊ុន​មួយ​ដែល​មាន​​មេដឹកនាំ​វាយឫក​ អំនួត​​មិន​ចង់​ជ្រលក់​សម្ដី​ជាមួយ​បុគ្គលិក​តូចតាច​ ក្រុមហ៊ុន​នោះ​រមែង​មិន​សូវ​មាន​បុគ្គលិក​ចូលចិត្ត​​ចង់​ធ្វើ​ការ​ឲ្យ​ឡើយ។ ​ផ្ទុយ​ទៅ​វិញ ​​បើ​មេដឹកនាំ​ ​មាន​ភាព​រួសរាយ​ ឧទាហរណ៍ ​ញញឹម​ដាក់ ​ឬ​និយាយ​​ “សួស្ដី” ​មួយ​ម៉ាត់​ដាក់​នៅ​ពេល​ជួប​គ្នា ​​បុគ្គលិក​នឹង​មាន​អារម្មណ៍​ថា ​​មេ​របស់​ខ្លួន​យក​ចិត្ត​ទុកដាក់​ដល់​​ខ្លួន​សូម្បី ​បុគ្គលិក​ធម្មតា​ក៏​ស្គាល់​ដែរ។

. ​ចែករំលែកប្រាក់ចំណេញប្រចាំឆ្នាំ

ជា​ក្រុមហ៊ុន​ល្អ​មិន​មែន​គិត​តែ​ពី​ផល​ចំណេញ​របស់​ខ្លួន​ឯង​តែ​ម៉្យាង​នោះ​ទេ ​​ប៉ុន្តែ​ត្រូវ​ចេះ​ចែក រំលែក​ផល​ចំណេញ​នោះ​ជាមួយ​បុគ្គលិក​ដែរ។ ​​ការ​ចែក​រំលែក​ផល​​ចំណេញ​នោះ​អាច​ជា​ ​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ (Bonus) ​ឬ​បើ​សិន​ជា​ក្រុមហ៊ុន​នោះ​ប្រឡូក​ចូល​ផ្សារ​ភាគហ៊ុន ​អាច​ជា​ការ​បញ្ចេញ​ភាគហ៊ុន​ក្នុង​ចំនួន​ណាមួយ​ឲ្យ​បុគ្គលិក​ទិញ​ក្នុង​តម្លៃ​ថោក។ ​​ធ្វើ​ដូច​នេះ​ បុគ្គលិក​នឹង​មាន​អារម្មណ៍​ថា​​ក្រុមហ៊ុន​​របស់​ខ្លួន​យកចិត្តទុកដាក់​ ឈឺឆ្អាល​ដល់​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួកគេ​ដែរ។

. ​​ផ្ដល់ពេលវេលាសម្រាកសមរម្យដល់បុគ្គលិក

ការ​ផ្ដល់​ពេលវេលា​សម្រាក​ជា​ចំណុច​ទាក់ទាញ​មួយ​ក្នុង​ចំណោម​ចំណុច​ដទៃ​ទៀត ។ ​​ក្រៅ​ពី​ការងារ​ដ៏​មមាញឹក​ក្នុង​មួយ​សប្ដាហ៍ ​បុគ្គលិក​ក៏​ចង់​មាន​ពេលវេលា​សម្រាប់​ខ្លួន​ឯង​លម្ហែ​​ជាមួយ​មិត្តភ័ក្ដិ​ ឬ​ក្រុម​គ្រួសារ​ដែរ។ ​ដូច្នេះ​ ប្រធាន​ក្រុមហ៊ុន​អាច​ពិចារណា​ផ្ដល់​ពេលវេលា​សមស្រប​​ដល់​បុគ្គលិក​សម្រាក​ដូចជា ​ធ្វើការ​ ៥ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ​ឬ​​ផ្ដល់​ពេល​សម្រាក​សមស្រប​នៅ​ពេល​មាន​ពិធី​បុណ្យ​ធំៗ​ជាដើម។

. ​​​ចូលរួមការងារសង្គម

ទន្ទឹម​នឹង​សម្លឹង​មើល​ផល​ចំណេញ​​របស់​ខ្លួន ​ក្រុមហ៊ុន​មួយ​ត្រូវ​មាន​ទំនួល​ខុសត្រូវ​​ចំពោះ​ការងារ​សង្គម​ដែរ។ ​ការ​ចូលរួម​សកម្មភាព​សង្គម​នានា​​នឹង​ធ្វើ​ឲ្យ​បុគ្គលិក​ មាន​អារម្មណ៍​ល្អ​ ​យល់​ថា ​គេ​កំពុង​ធ្វើការ​ក្នុង​កន្លែង​មួយ​​ដែល​រួមចំណែក​ដល់​សង្គមជាតិ​របស់​គេ។

សរុបមក ក្រុមហ៊ុន​មួយ​អាច​រីក​ចម្រើន​ទៅ​មុខ​បាន​ដោយ​រលូន​​ គឺ​អាស្រ័យ​មាន​អ្នក​ដឹកនាំ​ល្អ ​ចក្ខុវិស័យ ​និង​គម្រោង​ច្បាស់លាស់​ ​​ជាពិសេស​ គឺបុគ្គលិក​ដែល​មាន​ទេពកោសល្យ។​​ ​ក្រុមហ៊ុន​មួយ​ដែល​ផ្លាស់​ប្ដូរ​បុគ្គលិក​ញឹកញាប់​រមែង​មិន​សូវ​ជោគជ័យ​នោះ​ទេ ​ពោល​គឺ ខាត​ពេលវេលា​​បង្ហាត់បង្រៀន​បុគ្គលិក​ពី​ការងារ​ម្ដង​ហើយ​ម្ដង​ទៀត។ ​​


អត្ថបទទាក់ទង

អត្ថប្រយោជន៍ទាំង ៩ នៃការ​ចងក្រង​វប្បធម៌ក្រុមហ៊ុន

 

Leave a Reply

Your email address will not be published. Required fields are marked *