បុគ្គលិក ៦ ប្រភេទដែលអ្នកត្រូវថែរក្សាឱ្យបានល្អ

ក្នុងពិភពការងារបច្ចុប្បន្ន ជាមួយនឹងអត្រាទាបនៃភាពគ្មានការងារធ្វើ វាពិតជាមិនងាយស្រួលឡើយក្នុងការជួលបុគ្គលិកខ្លាំងៗឱ្យមកសហការជាមួយ។ ក្រុមហ៊ុនខ្លះចង់បានបុគ្គលិកមានជំនាញ និងសមត្ថភាពបំពេញការងារប្រកបដោយប្រសិទ្ធិភាព និងមានភាពគំនិតច្នៃប្រឌិតខ្ពស់ ស្របពេលដែលលក្ខន្តិកៈនៃការជួលរបស់ពួកគេចាត់ទុកបុគ្គលិកទាំងនោះត្រឹមតែជាឧបករណ៍រកចំណូល។ ជំនួសឱ្យការស្វែងរកមនុស្សថ្មីដែលមានសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់មកជួយជ្រោមជ្រែងដំណើរការអាជីវកម្ម បណ្ដាក្រុមហ៊ុនរកស៊ីទាំងឡាយគួរខ្នះខ្នែងក្នុងការរក្សាបុគ្គលិកពូកែៗដែលមានស្រាប់ឱ្យនៅបំពេញការងារជាមួយបន្ត។

នៅក្នុងទីផ្សារធនធានមនុស្សនៅកម្ពុជា មិនទាន់មានការប្រកួតប្រជែងខ្លាំងដូចប្រទេសអភិវឌ្ឍរួចហើយនោះទេ រីឯធនធានមនុស្សរបស់ប្រទេសយើងក៏មានកម្រិតដែរ ហេតុនេះការគ្រប់គ្រងបុគ្គលិកមានសក្ដានុពលដែលមាននៅក្នុងក្រុមហ៊ុនស្រាប់ទើបជាប្រការដែលត្រូវយកចិត្តទុកដាក់។

នៅក្នុងអង្គភាពនីមួយៗ តែងតែមានបុគ្គលិកជាច្រើនប្រភេទ ដោយមានទាំងប្រភេទបុគ្គលិកល្អ និងប្រភេទបុគ្គលិកមិនល្អ ប៉ុន្តែម្ចាស់អាជីវកម្ម ត្រូវតែផ្ដោតឱ្យខ្លាំង ព្រមទាំងត្រូវតែរក្សាឱ្យបានល្អលើប្រភេទបុគ្គលិកដែលមានប្រភេទដូចខាងក្រោម៖

. មានគំនិតបង្កើតថ្មី និងច្នៃប្រតិដ្ឋ

បុគ្គលិកប្រភេទនេះ ចូលចិត្តសិក្សាស្រាវជ្រាវច្រើន និងតេស្តនូវអ្វីដែលពួកគេចង់ចេះ ចង់ដឹងបន្ថែម ដើម្បីជួយដល់ការងាររបស់គេឱ្យកាន់តែមានលទ្ធផលខ្ពស់ និងងាយស្រួលជាងមុន។ លើសពីនេះ ចូលចិត្តបង្កើតអ្វីថ្មីៗ គិតបែបថ្មីៗ និងរិះរកមធ្យោបាយថ្មីៗ ដើម្បីធ្វើយ៉ាងណាឱ្យឆាប់សម្រេចបាននូវគោលដៅរបស់អង្គភាព។

២. មានសមត្ថភាពដោះស្រាយបញ្ហាដ៏ល្អ

បុគ្គលប្រភេទនេះ ចូលចិត្តស្ដាប់ ចូលចិត្តវិភាគ ដើម្បីឈ្វេងយល់អំពីស្ថានភាពបញ្ហា និងមានការគំនិតបែបច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហាប្រកបដោយភាពឆ្លាតវៃ។ លើសពីនេះ ពួកគេជាមនុស្សដែលមានជំនាញទំនាក់ទំនងដ៏ល្អជាមួយក្រុមការងារ និងចេះវិធីក្នុងការសម្រេចបានយ៉ាងល្អ។

៣. មានផ្នត់គំនិតចង់រីកចម្រើន

ជាប្រភេទបុគ្គលិកដែលមានសមត្ថភាពអាចគ្រប់គ្រងផ្នត់គំនិតផ្ទាល់ខ្លួន និងរៀនអ្វីថ្មីៗ។ លើសពីនេះ ជាមនុស្សហ៊ានប្រឈមមុខនឹងបញ្ហានានា ហ៊ានទទួលស្គាល់ការពិត ជំនះរាល់ភាពខ្ជិល ស្រ្តេស ឬលេសជាដើម និងផ្ដោតលើភាពរីកចម្រើនផ្ទាល់ខ្លួន ព្រមទាំងផ្ដោតលើការធ្វើឱ្យមានភាពប្រសើរឡើងនៅក្នុងកន្លែងការងារ និងជីវិតផ្ទាល់ខ្លួន។

៤. មានផែនការច្បាស់លាស់ក្នុងការងារ

ជាប្រភេទបុគ្គលិកដែលស្គាល់ច្បាស់ពីតួនាទី ទំនួលខុសត្រូវផ្ទាល់ខ្លួន និងស្គាល់ច្បាស់ពីគោលដៅរបស់អង្គភាពទាំងមូល ព្រមទាំងរៀបឱ្យមានផែនការប្រចាំថ្ងៃ ប្រចាំខែ ប្រចាំឆ្នាំ ដើម្បីឆ្លងជាមួយថ្នាក់ដឹកនាំ ឬប្រធាន បន្ទាប់មកអនុវត្តន៍ដើម្បីធ្វើយ៉ាងណាឱ្យឆ្ពោះទៅកាន់គោលដៅរបស់អង្គភាព និងតែងតែត្រួតពិនិត្យលទ្ធផលការងារជាប្រចាំថ្ងៃ។ អ្វីដែលសំខាន់ ជាមនុស្សដែលដឹងច្បាស់ថា ថ្ងៃនេះ ពួកគេត្រូវធ្វើការងារអ្វី ត្រូវបញ្ចប់ការងារណាសំខាន់មុន គោរពពេលវេលា គោរពពាក្យសន្យា ម៉ត់ចត់ និងធ្វើអ្វីដោយផ្ដោតលើអ្វីដែលថ្នាក់ដឹកនាំត្រូវការ ហើយតែងតែផ្ដល់ជូននូវលទ្ធផលលើសពីការរំពឹងទុកទៅកាន់ប្រធាន ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធទាំងអស់។

៥. មានផែនការច្បាស់លាស់នៅក្នុងជីវិត

ជាបុគ្គលិកធ្វើការងារដែលខ្លួនឯងស្រលាញ់ពេញចិត្ត មិនងាយបោះបង់ និងតែងតែឆ្ពោះទៅមុខដើម្បីការងាររីកចម្រើន និងអាចសម្រេចបានក្ដីប្រាថ្នានៅក្នុងជីវិតរបស់ពួកគេ។ លើសពីនេះ ជាបុគ្គលដែលខិតខំធ្វើការពោរពេញដោយថាមពល និងមានមហ្ឆិចតាខ្ពស់ ដើម្បីឱ្យស្របជាមួយនឹងអ្វីដែលពួកគេបានកំណត់នៅក្នុងគោលដៅរបស់ពួកគេ ថែមទាំងជាមនុស្សរីករាយនឹងជីវិតខ្លួនឯង និងជាបុគ្គលរីកចម្រើន។

៦. មានបុគ្គលិកលក្ខណៈល្អ

សំដៅលើបុគ្គលិកដែលមានផ្នត់គំនិតវិជ្ជមាន មានអាកប្បកិរិយាល្អ មានភាពស្មោះត្រង់ តស៊ូ ព្យាយាម អំណត់ និងជាបុគ្គលដែលមានគុណភាព ដោយធ្វើអ្វីគឺតែងតែទទួលបានលទ្ធផលល្អ និងមានការផ្ដោតខ្លាំង។


អត្ថបទទាក់ទង

ច្បាប់បង្កើតភាពជោគជ័យកម្រិតកំពូលទាំង ៥ ប្រការសម្រាប់អ្នកជំនួញជាពិសេស

 

Leave a Reply

Your email address will not be published. Required fields are marked *