អត្ថប្រយោជន៍ទាំង ៩ នៃការ​ចងក្រង​វប្បធម៌ក្រុមហ៊ុន

វប្បធម៌ក្រុមហ៊ុន គឺជាបុគ្គលិកលក្ខណៈរបស់ក្រុមហ៊ុនមួយ។ វាកំណត់បរិស្ថានដែលនិយោជិកធ្វើការ។ វប្បធម៌របស់ក្រុមហ៊ុនរួមបញ្ចូលទាំងធាតុផ្សំជាច្រើន រួមមានបរិយាកាសការងារ បេសកកម្មរបស់ក្រុមហ៊ុន គុណតម្លៃ ក្រមសីលធម៌ ការរំពឹងទុក និងគោលដៅ។

ឧទាហរណ៍ ក្រុមហ៊ុនមួយចំនួនមានវប្បធម៌ជាក្រុមដែលមានការចូលរួមពីបុគ្គលិកនៅគ្រប់កម្រិតទាំងអស់ ខណៈដែលមានរចនាបទគ្រប់គ្រងជាប្រពៃណី និងបែបប្រពៃណី។

សហគ្រិន និងបុគ្គលិកត្រូវបានជម្រុញដោយឱកាស និងបេសកកម្មដ៏​ខ្លាំងក្លា​​របស់ក្រុមហ៊ុន។​ បុគ្គលិក ជាពិសេសអ្នកក្នុងជំនាន់សហសវត្សថ្មីនេះ មិនត្រូវ​បាន​លើកទឹកចិត្តដោយ​ប្រាក់ចំណេញសុទ្ធសាធនោះទេ។ ពួកគេ​ចូល​ចិត្តធ្វើការ​​ដែលជម្រុញទឹកចិត្តរបស់ពួកគេ​ រួមជាមួយនឹងមនុស្សល្អៗ និងនៅក្នុង​បរិស្ថាន​មួយ​ដែល​ជម្រុញនូវការរីកចម្រើនផ្ទាល់ខ្លួន និងវិជ្ជាជីវៈ។

លោក Dan Ariely សេដ្ឋវិទូផ្នែកអកប្បកិរិយា បានលើកនូវសំណួរមួយថា “តើអ្វីទៅដែលធ្វើឲ្យយើងមានអារម្មណ៍ល្អលើការងាររបស់យើង?” ចម្លើយដ៏​ភ្ញាក់​ផ្អើលនោះគឺថា “ពួកយើងភាគច្រើនជោគជ័យ​ ដោយ​ការ​បង្កើតការរីក​ចម្រើន​ជាប្រចាំ និងដឹងពីគោលបំណងរបស់ខ្លួន។”

អាស្រ័យហេតុនេះហើយ ក្រុមហ៊ុនដែលមានគុណតម្លៃស្នូលរឹងមាំ (Core Value)​​ ស្តែង​ឲ្យឃើញពីខ្លួនឯងបានយ៉ាងច្បាស់ ដែល​អាច​ទាក់ទាញ​ និងរក្សាទុកបុគ្គលិក​ដែលស្រឡាញ់អ្វីដែលពួកគេធ្វើ និងបំពេញការងារយ៉ាងអស់ពីសមត្ថភាព ដោយ​មិនអាចប្រកែកបាន។

ខាងក្រោមនេះជា​អត្ថប្រយោជន៍ទាំង ៩ នៃការ​ចងក្រង​វប្បធម៌ក្រុមហ៊ុន៖

១. គុណតម្លៃនាំមកនូវស្ថេរភាព

នៅពេលក្រុមហ៊ុនថ្មីបង្កើនចំនួនបុគ្គលិកទ្វេដង បាត់បង់​អតិថិជនដ៏ធំមួយ​ ទទួល​មូល​និធិដ៏សំខាន់ ការប្រែប្រួលដ៏ធំខាងមុខអាចបង្កើតការព្រួយបារម្ភ និង​ភាព​មិន​ច្បាស់លាស់សម្រាប់​បុគ្គលិក។ ដើម្បីបញ្ជៀសបញ្ហានេះ សហគ្រិន និង​​អ្នកគ្រប់​គ្រង​ក្រុម​ហ៊ុន ត្រូវយកចិត្តទុកដាក់ជាពិសេស ក្នុង​ការបង្ហាញ និង​ពង្រឹង​គុណ​តម្លៃ​ស្នូលរបស់​ក្រុមហ៊ុន។​ ប្រការនេះផ្តល់ឲ្យ​បុគ្គលិក​នូវសុវត្ថិភាព និងស្ថេរ​ភាព​​ដែល​ពួកគេត្រូវការ ដើម្បីបន្តភាពរីករាយ​ ផលិតភាព និងភាព​ជោគជ័យ។​

២. គុណតម្លៃបង្កើតគណនេយ្យភាព

បុគ្គលិក ដែលប្រកាន់យកការទទួលខុសត្រូវទាំងស្រុងលើសកម្មភាព​របស់ខ្លួន តែងតែជាបុគ្គលិកគួរឲ្យជឿជាក់និងទុកចិត្តបាន។ នៅក្នុងក្រុមហ៊ុន ដែល​បុគ្គ​លិកទទួលខុសត្រូវចំពោះគ្នាទៅវិញទៅមក និង​ក្រុមហ៊ុនទាំងមូល ពួកគេ​ខំប្រឹងធ្វើការដើម្បីបង្កើតលទ្ធផលដែលមានន័យ​ និងជៀសវាងធ្វើឲ្យសហ​ការី​ខ្លូនអាក់​អន់ចិត្ត។

៣. គុណតម្លៃបណ្តុះការ​លះបង់ និងភាពស្មោះត្រង់

យោងតាមគេហទំព័រ Monster.com បានឲ្យដឹងថា “ជោគជ័យដ៏យូរអង្វែង​របស់ក្រុមហ៊ុន អាស្រ័យភាគច្រើនទៅលើ​គុណភាព និងភាព​ស្មោះ​ត្រង់របស់​បុគ្គលិក។”​ គុណតម្លៃដ៏មុតមាំធ្វើឲ្យបុគ្គលិក​ផ្សារភ្ជាប់គ្នា និងរារាំងមិន​ឲ្យបុគ្គលិកថ្មី និងចាស់ចាកចេញពីក្រុមហ៊ុន។​ បុគ្គលិកដែលស្រឡាញ់ការងារ​ដែល​​ពួកគេធ្វើ និងមនុស្សដែលពួកគេធ្វើការជាមួយ នឹង​ស្ថិតនៅក្នុង​ក្រុមហ៊ុន​យូរ។

៤. គុណតម្លៃជម្រុញកិច្ចសហការគ្នា

កង្វះគុណតម្លៃក្នុងកន្លែងការងារ អាចធ្វើឲ្យបុគ្គលិកដាច់ចេញពីគ្នា។​ ផ្ទុយ​ទៅវិញ ក្រុមហ៊ុនដែលមាន​គុណតម្លៃរឹងមាំធ្វើឲ្យបុគ្គលិករួមគ្នា។​ បុគ្គលិកដែល​ចង់សម្រេច​បេសកកម្មមិនសូវមានភាពអាត្មានិយមនោះទេ ហើយ​ថែមទាំង​គាំទ្រ​គ្នាទៅវិញទៅមកទៀតផង។ ក្រុមដែលរួមសហការគ្នា​ បង្កើតលទ្ធផលបាន​កាន់​តែ​ល្អ ដោយសារ​ពួកគេធ្វើការរួមគ្នា។

៥. គុណតម្លៃកំណត់សេវាកម្មអតិថិជន

មានមូលហេតុដែល ក្រុមហ៊ុន Zappos ផ្តល់សេវាកម្មអតិថិជនបានល្អ​បំ​ផុត។​ គុណតម្លៃស្នូលរបស់ក្រុមហ៊ុននេះ គឺ “ផ្តល់ជូនភាពល្អអត់ខ្ចោះ (WOW) ដល់​អតិថិជនតាមរយៈសេវាកម្ម​។” ក្រុមហ៊ុនដែលជ្រើសរើសផ្តល់អទិភាពដល់​សេច​ក្តីត្រូវការបស់អតិថិជន អាចប្រែក្លាយអតិថិជនមិនពេញចិត្ត ទៅជាអ្នក​គាំទ្រ​ដ៏ស្មោះត្រង់នឹង​ផលិតផលរបស់ខ្លួនបានយ៉ាងងាយស្រួល។

៦. គុណតម្លៃជួយដល់ការលក់ផលិតផលរបស់អ្នក

នៅពេលអតិថិជនទទួលយកគុណតម្លៃរបស់ក្រុមហ៊ុន ពួកគេងាយនឹង​គាំ​ទ្រក្រុមហ៊ុនរបស់អ្នក។ ស្មារតីសប្បុរសរបស់ក្រុមហ៊ុន Warby Parker បានសាយ​ភាយទៅគ្រប់អតិថិជនរបស់ខ្លួន។ រាល់វ៉ែនតាដែលពួកគេលក់បាន ពួកគេ​បរិច្ចាកមួយទៀតទៅឲ្យ​អង្គការសប្បុរសធម៌។ ដោយមានតម្លៃទាប អតិថិជនគិត​ថា​វាមាន​តម្លៃថោកជាងធម្មតា ដែល​អាច​ផ្តល់ជូនទៅអ្នកដែលត្រូវការ និងអាច​បាន​ទិញ​​វ៉ែនតា​ទាន់​​សម័យមួយទៀត។​

៧. គុណតម្លៃរៀបចំគោលដៅផ្ទាល់ខ្លួនឲ្យត្រូវនឹងគោលដៅក្រុមហ៊ុន

ជាជាងចាត់វិធានការដើម្បីសុវត្ថិភាពការងាររបស់ខ្លួន ឬធានាការឡើង​តំណែង​របស់ខ្លួន បុគ្គលិកចំណាយពេលកាន់តែច្រើនឡើងផ្តោតលើគំនិត​ផ្តួច​ផ្តើមដែល​នឹងជួយក្រុមហ៊ុនទទួលបានការរីកចម្រើនកាន់តែប្រសើរ។ បុគ្គលិក​កំពុងបំពេញការងារប្រើវិធីសាស្រ្តគ្រប់ចំនុចដើម្បីដោះស្រាយបញ្ហា និងកំ​ណត់​​អទិភាព​​កិច្ចការដែល​ត្រឹមត្រូវសម្រាប់ក្រុមហ៊ុន។

៨. គុណតម្លៃបង្កើនការយល់ដឹងពីខ្លួនឯង

បេសកកម្មច្បាស់់លាស់ផ្តល់អំណាច​បុគ្គលិក ដើម្បីងាយស្រួលបែង​ចែក​អ្វី​ខុសអ្វីត្រូវ។ ប្រការនេះក៏ជួយអ្នកគ្រប់គ្រងនិងបុគ្គលិករៀនពីកំហុស​របស់ខ្លួន ដើម្បីក្លាយជាមនុស្សកាន់តែប្រសើរ និង​ធ្វើការងាររបស់ខ្លួនកាន់​តែ​ល្អ។

៩. គុណតម្លៃជម្រុញការសន្ទនាវែកញែក និងការប្រឆាំង

ក្រុមហ៊ុនជោគជ័យត្រូវការ​តុល្យភាព ដោយ​មានព័ត៌មានតបដែលចេញពី​គ្រប់​សមាជិកនៃក្រុមហ៊ុន។ ការសន្ទនាដោយបើកចំហរ​ប្រព្រឹត្តទៅបាន ​នៅ​ពេលសមាជិកក្រុម ញ៉ាំងឲ្យសមាជិកម្នាក់ៗ​ពិចារណាពីរបៀប​ដែល​សេចក្តី​សម្រេច​​ចិត្តថ្មីមានឥទ្ធិពលលើ​គុណតម្លៃស្នូល និងការរីកចម្រើនយូរអង្វែង​របស់​ក្រុម​ហ៊ុន។

ក្រុមហ៊ុនថ្មី ដែលសង្ឃឹមថា​នឹងបង្កើត​មុខជំនួញដែល​អតិថិជន​​ វិនិយោគិន និង​បុគ្គលិក​ស្ញើចសរសើរ គួរតែ​បង្កើត និង​ជម្រុញគុណតម្លៃ​រឹងមាំរបស់ក្រុម​​ហ៊ុន​​​ជា​​ប្រ​ចាំ។​

សម្រួលពី៖​ Entrepreneur


អត្ថបទទាក់ទង

កត្តាជោគជ័យចម្បងៗទាំង ៥ នៃអាជីវកម្ម

Leave a Reply