​អ្នក​អាចជាមនុស្សដែលជោគជ័យផ្នែកហិរញ្ញវត្ថុនៅ​ពេល​អនាគត​ បើអ្នកមានលក្ខណៈ​សម្បត្តិ​ពិសេសៗ​​១៩ចំណុច​នេះ

មនុស្សយើងទាំងអស់ក្នុងលោកយើហនេះ មិនថា​អ្នក​មាន​ ឬ​អ្នក​ក្រ ​គឺ​សុទ្ឋតែមាន២៤ម៉ោងក្នុងមួយថ្ងៃ​ដូចគ្នា។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ខុស​ ពី​អ្នក​ក្រ​នោះ​ គឺ​​ស្ថិត​នៅ​ត្រង់​ថា តើ​មនុស្ស​ពីរ​នាក់​នេះ​មាន​ទម្លាប់ និង​ផ្នត់​គំនិត​បែប​ណា​ដើម្បី​ប្រើប្រាស់​ពេលវេលា​ទាំង​នេះ​ឲ្យ​មាន​ប្រយោជន៍​សម្រាប់​បង្កើត​​ប្រាក់​ចំណូល​របស់​ខ្លួន។ យ៉ាងណាមិញ អ្នក​នឹង​ក្លាយ​ជា​អ្នក​ដែលជោគជ័យផ្នែកហិរញ្ញវត្ថុនៅ​ពេល​អនាគតប្រសិន​បើ​អ្នក​មើល​ឃើញ​ខ្លួន​ឯង​ថា អ្នក​មាន​ចំណុច​ទាំងអស់​ខាងក្រោម​នេះ​៖​

១. ចេះ​រក​លុយ​តាំង​ពី​​ក្មេង

ផ្នត់​គំនិត​​​ធ្វើ​ជា​អ្នក​រកស៊ី​ ដោយ​ផ្តើម​ចេញ​ពី​ការ​ចេះ​រកប្រាក់ចំណូលតាំង​ពី​ក្មេង គឺ​ជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​ដែល​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​ក្លាយ​ជា​អ្នកជោគជ័យផ្នែកហិរញ្ញវត្ថុ​នៅ​ពេល​ធំ​ឡើង។ មហាសេដ្ឋី Mark Cuban ធ្លាប់​លក់​ថង់​ដាក់​សម្រាមតាំង​ពី​អាយុ ១២ឆ្នាំ ពេល​ធំឡើង​លោកក៏​ក្លាយ​ជា​មហាសេដ្ឋី។

២. ជា​មនុស្ស​​មាន​មហិច្ឆតា​ធំ

ខណៈ​ដែល​មនុស្ស​ទូទៅ​​មាន​ក្តី​ស្រមៃ​ចង់​រក​លុយ​ត្រឹម​ខ្ទង់ម៉ឺន​ដុល្លារ មនុស្ស​ដែល​មាន​ផ្នត់​គំនិត​ជា​អ្នក​ជោគជ័យផ្នែកហិរញ្ញវត្ថុ គឺ​មាន​មហិច្ឆតា​ចង់​រក​លុយ​​រាប់​ពី​រាប់​លាន​ដុល្លារ​ឡើង​ទៅ ពោល​គឺ​ចង់​រក​លុយ​ឲ្យ​បាន​កាន់តែ​ច្រើន​គ្មាន​ដែន​កំណត់​។

៣. ជា​មនុស្ស​ទាក់ទាញ

ការ​ស្រាវជ្រាវ​មួយ​របស់​ សាកលវិទ្យាល័យ ​Texas ​បាន​ឲ្យ​ដឹង​ថា មនុស្ស​ដែល​មាន​ភាព​ទាក់ទាញ​ អាច​រក​ចំណូល​លើស​ពី​មនុស្ស​ទូទៅ​យ៉ាងហោចណាស់​ក៏​ពី ៣​% ទៅ ៤%​ ដែរ។

៤. ជា​មនុស្ស​សកម្ម

មនុស្សសកម្ម គឺជាប្រភេទ​មនុស្ស​ដែល​មិន​ចូលចិត្ត​នៅ​ទំនេរ សកម្ម​នឹង​ការងារ ចេះ​ឆក់​យក​ឱកាស មិន​ពឹង​លើ​​ព្រេងវាសនា ​​​ទាំងនេះគឺ​ជា​សញ្ញាណ​ល្អ​នៅ​ក្នុង​ការ​កសាង​ទ្រព្យសម្បត្តិ។

៥. ជា​មនុស្ស​​មិន​ចូលចិត្ត​បង្អែបង្អង់​យូរ​​

មនុស្ស​ដែល​មាន​ផ្នត់គំនិត​​ចូលចិត្ត​​ចាប់​ផ្តើម​​ធ្វើ​អ្វី​ភ្លាមៗ មិន​ចេះ​បង្អែបង្អង់​យូរ​ មិន​​ដេក​រង់ចាំ​​ឱកាស ឬ​ពេលវេលា​ល្អ​បំផុត​មក​ដល់​​ មិន​យូរ​មិន​ឆាប់​បុគ្គល​នេះ​នឹង​​អាច​ក្លាយ​ជា​ជោគជ័យផ្នែកហិរញ្ញវត្ថុ។

៦. ជា​មនុស្ស​ផ្ដោត​លើ​ការ​​រក​ចំណូល​បន្ថែម​ឲ្យ​កាន់តែ​ច្រើន​ជាជាង​គិតតែ​ពី​សន្សំ​លុយ

នេះ​​គឺ​ជា​លក្ខណៈ​សម្បត្តិ​​មួយ​ទៀត​របស់​អ្នក​ជោគជ័យផ្នែកហិរញ្ញវត្ថុ ព្រោះ​នៅ​ពេល​ដែល​​បុគ្គល​នោះ​ដាស់តឿន​ខ្លួន​ឯង​ឲ្យ​រក​ប្រាក់ចំណូល​ឲ្យបាន​កាន់តែច្រើន ​ជាង​ចំណាយ​ តាម​រយៈ​ចំណេះ​ដឹង​វិនិយោគ​​ពី​ប្រាក់​សន្សំ​របស់​ខ្លួន​ដើម្បី​ឲ្យ​​​លុយ​ចេញ​ទៅ​រក​លុយ​​ដោយ​ខ្លួន​ឯង​។

​៧. ជា​មនុស្ស​​មាន​​គំនិត​ទូលំទូលាយ

មនុស្ស​ដែល​មាន​គំនិត​ទូលំទូលាយ​ មាន​គំនិត​ច្នៃប្រឌិត មើល​​អនាគត​​បាន​វែងឆ្ងាយ ស្គាល់​ពី​ឱកាស​រក​លប្រាក់ចំណូល ស្គាល់​ពី​ទីផ្សារ​ច្បាស់លាស់ និង​ស្គាល់​ពី​មនុស្ស​ដែល​ត្រូវ​ទំនាក់ទំនង​ដើម្បី​កសាង​ភាព​ជោគជ័យ​លើ​ទ្រព្យសម្បត្តិ​របស់​ខ្លួន។

៨. មាន​ចំណង​​មិត្តភាព និង​មនុស្ស​រាប់អាន​​ច្រើន​នៅ​មហាវិទ្យាល័យ

សាកលវិទ្យាល័យ Essex របស់​អង់គ្លេស​បាន​រក​ឃើញ​ថា មនុស្ស​ដែល​មាន​មិត្តភាព​រាប់​អាន ឬ​អ្នក​ស្គាល់​ច្រើន​ជា​ពិសេស​នៅ​ថ្នាក់​មហាវិទ្យាល័យ​​មាន​ឱកាស​ជោគជ័យ​ដល់​ទៅ ១០% ខ្ពស់​ជាង​មនុស្ស​ទូទៅ។

៩. អាច​រស់​នៅ​តាម​​បែប​សាមញ្ញ​

លក្ខណៈ​សម្បត្តិ​រួម​មួយ​ទៀត​​ដែល​មើល​ឃើញ​ជា​ទូទៅ​នៅ​ក្នុង​ចំណោម​​ក្រុម​អ្នក​ជោគជ័យផ្នែកហិរញ្ញវត្ថុ គឺ​ពួកគេ​ជា​មនុស្ស​​សាមញ្ញ មិន​ចូលចិត្ត​​​​ប្រើប្រាស់របស់​ថ្លៃៗ​សម្ញែង​​អួត​ដាក់​អ្នកដទៃ​នោះ​ឡើយ។

១០. ជា​មនុស្ស​មិន​​ប្រើ​អារម្មណ៍​មក​គ្រប់គ្រង​​​ការ​ចំណាយ​​របស់​ខ្លួន

ខណៈ​ដែល​អ្នក​ក្រ​​ភាគច្រើន​ចូលចិត្ត​ទិញ​របស់​ថ្លៃៗ តែ​មិន​ចាំបាច់ លក្ខណៈ​សម្បត្តិ​បែប​អ្នក​ជោគជ័យផ្នែកហិរញ្ញវត្ថុ​វិញ គឺ​ពួកគេមិន​ប្រើ​អារម្មណ៍​​មក​គ្រប់គ្រង​ការ​ចំណាយ​របស់​ខ្លួន​ឡើយ។ ដោយសារតែ​​ការ​កសាង​ទ្រព្យ​វា​ជា​រឿង​លំបាក ការ​សន្សំសំចៃ​លើ​ការ​ចាយវាយ មិន​ទិញ​របស់​ឥតប្រយោជន៍​ គឺ​ជា​​គ្រឹះ​ដ៏សំខាន់​មួយ​ក្នុង​ការ​កសាង​ភាព​មាន​បាន​នៅ​ពេល​អនាគត។

១១. មាន​មនុស្ស​ជំនិត​ ឬ​គ្រូបង្គោល​សម្រាប់​ណែនាំ​ផ្លូវ

មនុស្ស​ដែល​មាន​អ្នក​ប្រឹក្សា ឬ​គ្រូបង្គោល​​សម្រាប់​ជួយ​តម្រង់​ផ្លូវ​​អប់រំ​ចិត្តសាស្ត្រ គោលដៅ​ជីវិត និង​របៀប​ធ្វើ​ជំនួញ​រក​លុយ​នឹង​មាន​ពន្លឺ​ក្នុង​ការ​ទទួល​បាន​​​មាគ៌ា​​ភាព​ជោគជ័យ​ហិរញ្ញវត្ថុ។

១២. ជា​មនុស្ស​​មិន​អណ្ដែតអណ្ដូង​​ញាំញី​នឹង​រឿង​អតីតកាល​ឥតប្រយោជន៍

រស់​នៅ​តាម​បែប​អ្នក​ជោគជ័យផ្នែកហិរញ្ញវត្ថុ​ គឺ​យក​ការ​បរាជ័យ និង​បទពិសោធន៍​មិន​ល្អ​ពីអតីតកាល​ មក​បម្លែង​ទៅ​ជា​ភាព​ជោគជ័យ​នៅ​ពេល​បច្ចុប្បន្ន​ និង​ពេល​អនាគត។ មនុស្ស​ដែល​មិន​​អណ្ដែតអណ្ដូង​​ញាំញី​នឹង​រឿង​អតីតកាល​ឥតប្រយោជន៍ គឺ​ជា​មនុស្ស​ដែល​មាន​​ឆន្ទ:​​ល្អ ចិត្ត​រឹងប៉ឹង​ និង​​​ផ្តោត​លើ​រឿង​វិជ្ជមាន​នៅ​ពេល​អនាគត​ជា​ចម្បង។

១៣. ជា​មនុស្ស​មាន​គោលដៅ​ច្បាស់លាស់

អត្តចរិត​របស់​អ្នក​ជោគជ័យផ្នែកហិរញ្ញវត្ថុ ​គឺ​ចូលចិត្ត​ធ្វើ​អ្វីមួយ​តាម​ផែនការ​ច្បាស់លាស់ ដូច​ជា​ការ​រៀបចំ​គោលដៅ​រក​ប្រាក់ចំណូល ​ក្នុង​រយៈពេល​ខ្លី និង​រយៈ​ពេល​វែង។ មនុស្ស​បែប​នេះ​មាន​យុទ្ធសាស្ត្រ និង​មធ្យោបាយ​​ដើម្បី​សម្រេច​គោលដៅ​តាម​អ្វី​ដែល​ខ្លួន​ចង់​បាន។

១៤. ជា​មនុស្ស​ដែល​ស្គាល់​ពី​ចំណុច​ខ្លាំង​របស់​ខ្លួន

លក្ខណៈ​សម្បត្តិ​របស់​មនុស្ស​ដែល​ជោគជ័យ​​ហិរញ្ញវត្ថុ​ គឺ​ជា​មនុស្ស​ដែល​មិនមែន​ព្យាយាម​ធ្វើ​ការ​អ្វី​ដែល​មិនមែន​ជា​ទេពកោសល្យ​​របស់​ខ្លួន។ គ្រប់​អ្នក​មាន​នៅ​លើ​លោក​យើង​នេះ​សុទ្ធតែ​ជា​មនុស្ស​ដឹង​ពី​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​ខ្លួន។ ពួកគេ​ស្រលាញ់​​ពេញចិត្ត​នូវ​មុខរបរ​ការងារ ឬ​ជំនាញ​​ដែល​​ខ្លួន​កំពុង​ធ្វើ ហើយ​​ខិតខំ​អភិវឌ្ឍ​វា​ឲ្យ​កាន់តែ​​រីកចម្រើន​ជា​លំដាប់។

១៥. ជា​មនុស្ស​មាន​សុទិដ្ឋិនិយម

មនុស្ស​ដែល​មាន​សុទិដ្ឋិនិយម នឹង​គិត​ពី​រឿង​វិជ្ជមាន​នៅ​ក្នុង​ជីវិត។ មនុស្ស​ដែល​មាន​ផ្នត់​គំនិត​វិជ្ជមាន នឹង​មើល​ឃើញ​រឿងរ៉ាវ​ល្អ​ៗ​នៅ​ជុំវិញខ្លួន។ មនុស្ស​ប្រភេទ​នេះ​ទទួល​ស្គាល់​បញ្ហា​ប្រឈម​ដែល​នឹង​កើត​មាន​ឡើង មិន​ត្អូញត្អែរ ឬ​យក​លេស​ច្រើន​ ហើយ​ចេះ​រក​មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ដែល​ជា​បច្ច័យ​ល្អ​ជួយ​ដល់​ភាព​រឹងមាំផ្នែក​ហិរញ្ញវត្ថុ​​។

១៦.​ ជា​មនុស្ស​ចេះ​ញាំ​ស្រា តែ​មិន​ជក់បារី

សាកលវិទ្យាល័យ Columbia បាន​រក​ឃើញ​ថា មនុស្ស​ស្រី​ដែល​​ចេះ​ទទួល​ទាន​ស្រា មាន​ឱកាស​ជោគជ័យ ២១% ជាង​មនុស្ស​ស្រី​ដែល​មិន​ទទួល​ទាន​ស្រា។ ទោះបីជាយ៉ាង មិនថាមនុស្ស ឬមនុស្សប្រុសនោះទេ ខ្ញុំមិនលើកទឹកចិត្តឲ្យទទួលទានស្រា ឬគ្រឿងស្រវឹងនោះទេ ជាពិសេសការទទួលទានរហូតមានបញ្ហាសុខភាព ក៏ដូចជាប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ដើម្បីគ្រាន់តែទទួលបានភាពជោគជ័យផ្នែកហិរញ្ញវត្ថុនោះទេ។

​​១៧. ជា​មនុស្ស​​ក្លាហាន និង​​មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង

មនុស្ស​ដែល​មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង មិន​ភ័យខ្លាច ឬតក់ស្លុត​ទៅ​នឹង​បញ្ហា​ប្រឈម​ដែល​នឹង​កើត​មាន​នៅ​ជុំវិញ​ខ្លួន​ឯង​នោះ​ឡើយ។ មនុស្ស​ប្រភេទ​នេះ​​ជឿ​លើ​សមត្ថភាព​របស់​ខ្លួន​ និង​អាច​តតាំង​បាន​គ្រប់​កាលៈទេសៈ​ដោយ​​យក​គំនិត​បញ្ញា​របស់​ខ្លួន​​ធ្វើ​ជា​យាន​​​សម្រាប់​​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​ដែល​​នេះ​ គឺ​ជា​គុណសម្បត្តិ​​ទូទៅរបស់​អ្នក​ជោគជ័យផ្នែកហិរញ្ញវត្ថុ​។

១៨. ជា​មនុស្ស​ចូលចិត្ត​តាមដាន​ព្រឹត្តិការណ៍​នៅ​ពេល​បច្ចុប្បន្ន

ការ​អាន​សៀវភៅ កាសែត សារព័ត៌មាន និង​​​ឯកសារ​ផ្សេងៗ ​គឺ​ជា​ចំណង់ចំណូលចិត្ត​មួយ​​របស់​អ្នក​ជោគជ័យផ្នែកហិរញ្ញវត្ថុ​ហើយ។

១៩. ជា​មនុស្ស​ដែលសិក្សា​រៀនសូត្រ​ជា​ប្រចាំ

មនុស្ស​ដែល​មាន​ផ្នត់​គំនិត​ជា​អ្នក​ជោគជ័យផ្នែកហិរញ្ញវត្ថុ នឹង​បែងចែក​ពេលវេលា​មួយ​ផ្នែក​មក​សិក្សា​រៀនសូត្រ​ស្រាវជ្រាវ​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​បន្ថែម។ អ្នក​ជោគជ័យផ្នែកហិរញ្ញវត្ថុ តម្កល់​ផ្នត់​គំនិត​មួយ​ គឺបន្តសិក្សា​រៀនសូត្រ​ជាប់រហូតមិន​ឈប់ឈរ​​ (Life Long Learning) ទោះបី​ជា​ស្ថិត​នៅ​ក្នុង​វ័យ​ណា​ក៏ដោយ។

តើអ្នកមានប៉ុន្មានចំណុច ក្នុងចំណោម១៩ចំណុចខាងលើ? សូមដាក់ពិន្ទុឲ្យខ្លួនអ្នក និងរកចំណុចដែលអ្នកមានទៅរក្សា ពង្រឹង ពង្រីកបន្ថែម ហើយបង្កើត និងអភិវឌ្ឈចំណុចដែលអ្នកមិនទាន់មាន។

លោក Bill Gates បាននិយាយថា៖ “វាមិនមែនជាកំហុសរបស់អ្នក ប្រសិនបើអ្នកកើតជាអ្នកក្រ ប៉ុន្តែវាជាកំហុសរបស់អ្នក ប្រសិនបើអ្នកស្លាប់ជាអ្នកក្រ។” ដូចនេះ ទ្រព្យសម្បត្ដិ គឺជាជម្រើសមួយ ដែលយើងទាំងអស់គ្នាត្រូវតែធ្វើឱ្យបាន។


អត្ថបទទាក់ទង

សម្រង់សម្តីដ៏មានអត្ថន័យ ២០ឃ្លា របស់ ណាប៉ូឡេអុង ហ៊ីល អ្នកនិពន្ឋជនជាតិអាមេរិកដ៏ល្បីល្បាញ

 

Leave a Reply