តើសហគ្រិន និងសហគ្រិនភាព ជាអ្វី?

សហគ្រិនភាព

សហគ្រិនភាព គឺជាដំណើរការប្រព្រិត្តិទៅ ដែលតាមរយៈនេះបុគ្គលម្នាក់ ឬ មួយក្រុមប្រើប្រាស់ការប្រឹងប្រែងនិងមធ្យោបាយដែលបានរៀបចំដើម្បីស្វែងរកឱកាសនានាក្នុងការបង្កើតតម្លៃ និងស្វែងរកការលូតលាស់ដោយបំពេញចំណង់ និងតម្រូវការតាមរយៈនវានុវត្តន៍ និង ភាពមានតែមួយ (Uniqueness) ។ សហគ្រិនភាព គឺជាដំណើរការនៃការបង្កើតអ្វីដែលថ្មី និងទទួលយកនូវហានិភ័យ ព្រមទាំងអត្ថប្រយោជន៍នានា (Hisrich Peter, 1998)។

គំនិតយល់ច្រឡំ អំពីសហគ្រិនភាព

  • សហគ្រិនភាពដែលជោគជ័យគ្រាន់តែប្រមូលយកនូវគំនិតដែលល្អប៉ុណ្ណោះ ៖ ការប្រមូលនូវគំនិតដែលល្អៗ គឺគ្រាន់តែជាផ្នែកមួយតែប៉ុណ្ណោះ។ ការស្វែងយល់ពីដំណាក់កាលខុសៗគ្នានៃដំណើរការបង្កើតអាជីវកម្មថ្មី គឺត្រូវចាប់ផ្តើមពីការស្វែងរកឱកាស ការប្រឈមនឹងបញ្ហានានា ការបង្កើតផែនការ និងការគ្រប់គ្រងជាដើម ទាំងនេះមិនមែនជាកិច្ចការងាយដូចការគិតទេ។
  • សហគ្រិនភាព ជាការងាយស្រួល ៖​ អ្នកអាចគិតថាការបង្កើតអាជវកម្មថ្មី ហាក់ដូចជាងាយស្រួល ព្រោះថាអ្នកកំពុងស្វែងរកការបំពេញមហិច្ឆិតារបស់អ្នក នោះអ្នកមានចំណង់ខ្លាំង និងភាពជោគជ័យ ប៉ុន្តែជាក់ស្តែងការបង្កើតអាជីវកម្មថ្មី មិនមែនជាការងាយស្រួលនោះទេ។ សហគ្រិនត្រូវធ្វើការផ្តេជ្ញាការងារប្រឹងប្រែង និងភាពស្វិតស្វាញនឹងការងារដើម្បីទទួលបានជោគជ័យ។
  • សហគ្រិនភាព គឺជាល្បែងដែលប្រថុយនឹងហានិភ័យ ៖ ព្រោះភាពជាសហគ្រិនទាក់ទិននឹងការស្វែងរកនូវដំណោះស្រាយ និងគំនិតថ្មីៗដែលមិនឋិតថេរ នោះត្រូវតែប្រថុយប្រឋាន ពិតឬទេ ? ការអះអាងនេះមិនពិតទាំងស្រុងទេ ! ទោះបីយ៉ាងណាក៏ដោយ ក៏សហគ្រិននឹងមិនខ្លាចប្រឈមមុខនឹងហានិភ័យនោះដែរ។ ព្រោះការបង្កើតអាជីវកម្មថ្មី ត្រូវបានគិតគូរយ៉ាងប្រុងប្រយ័ត្ន ពីហានិភ័យ ហើយសហគ្រិនមានពេលវេលាគ្រប់គ្រាន់សំរាប់ការពារ និងកាត់បន្ថយហានិភ័យទាំងនោះផងដែរ។
  • សហគ្រិនភាព ត្រូវបានប្រទះឃើញនៅក្នុងអាជីវកម្មខ្នាតតូចប៉ុណ្ណោះ ៖ មានមនុស្សជាច្រើនមានគំនិតយល់ច្រឡំថា ភាពជាសហគ្រិនគឺទាក់ទងតែមួយគត់ជាមួយអាជីវកម្មខ្នាតតូចប៉ុណ្ណោះ តែតាមពិតភាពជាសហគ្រិនអាចត្រូវបានប្រទះឃើញនៅក្នុងអាជីវកម្មធំៗផងដែរ។

ភាពខុសគ្នារវាងសហគ្រិនភាព និងអាជីវកម្មខ្នាតតូច

អាជីវកម្មខ្នាតតូច

  • ឯករាជ្យភាព និងភាពជាម្ចាស់
  • មាននិយោជិកតិចជាង ១០០នាក់
  • គ្មានការអនុវត្តន៍អ្វីដែលថ្មី
  • មានតែឥទ្ធិពលតិចតួចក្នុងអាជីវកម្ម

ភាពជាសហគ្រិន

  • ការឆ្នៃប្រឌិត
  • ទំនិញគឺការរកចំណូល និងការរីកលូតលាស់
  • ស្វែងរកឱកាសថ្មី
  • មានឆន្ទៈក្នុងការទទួលយកហានិភ័យ

ដំណើរការនៃការសំរេចចិត្តរបស់សហគ្រិន

ដំណើរការនៃការសំរេចចិត្តរបស់សហគ្រិនមានដូចខាងក្រោម ៖

  • ផ្លាស់ប្តូរចេញពីរបៀបរស់នៅបច្ចុប្បន្ន៖ នៅក្នុងបរិយាកាសការងារពីរដែលជាករណីដ៏ប្រសើរសំរាប់បុគ្គលបង្កើតអាជីវកម្ម រួមមានការស្រាវជ្រាវអភិវឌ្ឍន៍ និង ម៉ាឃីតធីង ។

– បុគ្គលម្នាក់អាចចាកចេញពីការងារដើម្បីបង្កើតក្រុមហ៊ុនផ្ទាល់របស់គេនៅពេលដែលគេបានបង្កើតគំនិតថ្មី ហើយ តែមិនត្រូវបានទទួលយកដោយនិយោជកពួកគេ។

– អ្នកធ្វើការក្នុងវិស័យទីផ្សារ (Marketing) នៅពេលដែសសំឡឹងឃើញនូវចំណង់ ឬតំរូវការមិនទាន់បំពេញរបស់អតិថិជន ភាគច្រើនតែងតែចាកចេញពីការងាររបស់គេដើម្បីចាប់ផ្តើមអាជីវកម្មថ្មី ក្នុងបំណងបំពេញតំរូវការទាំងនោះ ។

  • ឆន្ទៈនៃការបង្កើតអាជីវកម្មថ្មីៈ  តាមការយល់ដឹងបានបង្ហាញថា ការចាប់ផ្តើមអាជីវកម្មថ្មីមួយ គឺជាលទ្ធផលនៃឆន្ទៈ ដែលកើតចេញមកពីវប្បធម៌  វប្បធម៌រង គ្រួសារ គ្រូបង្រៀន និងក្រុមមនុស្សដែលបុគ្គលមានចំពោះ ។
  •  
  • លទ្ធភាពនៃការបង្កើតអាជីវកម្មថ្មី

– ការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលបានជួយគាំទ្រដល់អាជីវកម្ម។

– ចំណេះដឹងខាងផ្នែកទីផ្សារ រួមមានថ្លៃផលិតផល ការផ្សព្វផ្សាយលក់ និងការទំនាក់ទំនង ក៏ការជំរុញអោយមានការបង្កើតអាជីវកម្មថ្មីផងដែរ។

សារៈសំខាន់នៃសហគ្រិនភាពបច្ចុប្បន្ន

  • នវានុវត្តន៍ (Innovation)
  • ចំនួននៃអាជីវកម្មបង្កើតថ្មី (Number of new start-ups)
  • ការបង្កើតអោយមានការងារ (Job creation)

សហគ្រិន

សហគ្រិន គឺជានរណាម្នាក់ដែលចាប់ផ្តើម និងប្រតិបត្តិការអាជីវកម្មមួយដែលថ្មី ដោយសកម្ម ជាអ្នកដែលស្វែងរកការផ្លាស់ប្តូរទៅកាន់ការរីកចំរើន វិធានការឆ្លើយតបទៅនឹង ការផ្លាស់ប្តូរទាំងនោះ ព្រមទាំងស្វែងរកឱកាសរីកចំរើនផ្សេងៗ។

សាវតាប្រជាសាស្ត្ររបស់សហគ្រិន

តាមការសិក្សាស្រាវជ្រាវបានរកឃើញកត្តាមួយចំនួនដែលទាក់ទងនឹងសាវតាប្រជាសាស្ត្ររបស់សហគ្រិន ៖

  1. លំដាប់កំណើតនៃគ្រួសារ (Family birth order) : ការសិក្សាជាច្រើនបានបង្ហាញថា កូនដែលមានកំណើតដំបូង មាននិន្នាការស្វែងរកនូវការទទួលខុសត្រូវកាន់តែច្រើន និង ក្លាយជាអ្នកសំរេចគោលដៅកាន់តែខ្ពស់ ដែលមានអ្នកស្រាវជ្រាវមួយចំនួន និយាយថា នេះហាក់មានទំនាក់ទំនងជាមួយការក្លាយជាសហគ្រិន។
  2. ភេទ (Gender) : ការសិក្សាជាច្រើនបានបង្ហាញថា បុរសហាក់មានការចាប់ផ្តើមគំនិតបង្កើតអាជីវកម្មថ្មីៗកាន់តែច្រើនបើធៀបទៅនឹងស្ត្រី។
  3. បទពិសោធន៍ការងារ (Work experience) : ការស្រាវជ្រាវបង្ហាញថា មានបទពិសោធន៍ការងារនៅក្នុងអាជីវកម្មខ្នាតតូច (Small business) & ធ្លាប់មានបទពិសោធន៍ជាសហគ្រិនពីមុន គឺអាចក្លាយជាសហគ្រិនយ៉ាងងាយស្រួល។
  4. កំរិតវប្បធម៌ (Education) : ការក្លាយជាសហគ្រិន គឺទាក់ទងយ៉ាងខ្លាំងទៅនឹងកំរិតវប្បធម៌ដែលសិក្សា។
  5. គ្រួសារជាសហគ្រិន (Entrepreneurial Family) : នេះទាក់ទិនទៅនឹងសាវតា​ នៃគ្រួសារ ដូចជាឪពុក ឬម្តាយដែលជាសហគ្រិន។

បុគ្គលិកលក្ខណៈប្រភេទណាដែលសហគ្រិនមាន ខុសពីអ្នកមិនមែនជាសហគ្រិន

  • កំរិតនៃការលើកទឹកចិត្តខ្ពស់
  • មានជំនឿលើខ្លួនឯង
  • សមត្ថភាពដែលពាក់ព័ន្ធមានរយៈពេលវែង
  • កំរិតថាមពលខ្ពស់
  • អ្នកដោះស្រាយបញ្ហាអចិន្ត្រៃយ៍
  • កំរិតនៃគំនិតផ្តួចផ្តើមខ្ពស់
  • សមត្ថភាពដាក់ចេញគោលដៅ
  • ឆន្ទៈ និងសមត្ថភាពធ្វើការដឹកនាំខ្លួនឯង
  • មានភាពស្វិតស្វាញនឹងការងារបានល្អ
  • ភាពប៉ិនប្រសព្វក្នុងការកែច្នៃ ។

តើសហគ្រិនមានតួនាទីធ្វើអ្វី?

សហគ្រិនមានតួនាទីត្រូវធ្វើជាបន្តបន្ទាប់តាមលំដាប់ដូចខាងក្រោម៖

  1. ជាដំបូងសហគ្រិនត្រូវចូលរួមវាយតំលៃសក្តានុពលសំរាប់អាជីវកម្ម និងបន្ទាប់មកត្រូវដោះស្រាយបញ្ហានានាក្នុងពេលចាប់ផ្តើម។
  2. ចាប់ផ្តើមដំណើរការធ្វើផែនការអាជីវកម្មថ្មី។
  3. ត្រូវក្រឡេកមើលពីការចាត់ចែងអាជីវកម្ម។
  4. ចាប់ផ្តើមដំណើរការអាជីវកម្ម
  5. គ្រប់គ្រងអាជីវកម្មអោយដំណើរការប្រកបដោយជោគជ័យ។ ដំណាក់កាលនេះទាក់ទិនទៅនឹងការធ្វើការសំរេច ការធ្វើផែនការសកម្មភាព ការវិភាគពីបរិស្ថាននានាដែលជាឱកាស និងការគំរាមកំហែង ព្រមទាំង ធ្វើការវាស់វែង និង វាយតម្លៃពីលទ្ធផលនានា ។
  6. ដំណាក់កាលចុងក្រោយ សហគ្រិន ចូលរួមក្នុងសកម្មភាពនានាដែលទាក់ទងនឹងការគ្រប់គ្រងការលូតលាស់នៃអាជីវកម្ម

 

Leave a Reply