តើអ្វីទៅជាការលំបាករបស់បុគ្គលិក អ្នកគ្រប់គ្រង និងថៅកែក្នុងអាជីវកម្មមួយ?

ជាទូទៅ ក្រុមហ៊ុនមួយរីកចម្រើនទៅបាន អាស្រ័យទៅលើសមត្ថភាពរបស់បុគ្គលិក ការតាំងចិត្តខ្ពស់ និងការចូលរួមចាប់ពីថ្នាក់ក្រោមរហូតដល់ថ្នាក់កំពូល លុះពេលក្រុមហ៊ុនទទួលបានភាពជោគជ័យ គ្មានបុគ្គលណាម្នាក់អាចនិយាយបានថា ក្រុមហ៊ុនជោគជ័យដោយសារតែខ្ញុំបានឡើយ គឺត្រូវនិយាយថាក្រុមហ៊ុនទទួលបានភាពជោគជ័យ គឺដោយសារយើងទាំងអស់គ្នា។ ចុះការលំបាកវិញ? មែនទែនទៅ បុគ្គលិក​មានការ​លំបាក​របស់​បុគ្គលិក អ្នកគ្រប់គ្រងមានការ​លំបាក​របស់​អ្នកគ្រប់គ្រង ហើយ​ម្ចាស់​អាជីវកម្ម ឬ​ក្រុមហ៊ុនក៏​មានការ​លំបាក​របស់គាត់​ដែរ​។

១. ការលំបាក​របស់​បុគ្គ​លិ​ក​

ពេល​អ្នក​គ្រាន់តែ​ជា​បុគ្គលិក​សាមញ្ញ​ម្នាក់ អ្នក​អាចមាន​អារម្មណ៍​ថា​ពិបាក​ណាស់ ពីព្រោះ​ថ្នាក់លើប្រើ​អ្នក​គ្រប់ពេលវេលា​។ ម្យ៉ាងទៀត យោបល់​របស់​អ្នក​ក្នុង​ក្រុមហ៊ុន មិនសូវ​ជា​ត្រូវបាន​គេ​យកចិត្តទុកដាក់​ស្តាប់ ឬ​ឱ្យ​តម្លៃ​ប៉ុន្មាននោះទេ​។ និយាយរួម ​ធ្វើជា​បុគ្គលិក​គេ អ្នក​ប្រឈម​នឹង​គំនាប​ផ្លូវ​អារម្មណ៍​។​

២. ​ការលំបាក​របស់​​អ្នកគ្រប់គ្រង

ពេល​អ្នកក្លាយជា​​អ្នកគ្រប់គ្រងអាជីវកម្ម​ក្រុមហ៊ុន​វិញ​ម្តង (​មិនមែនជា​ថៅកែ​ទេ​) អ្នក​ត្រូវ​ប្រឈម​បញ្ហា​មួយចំនួន​ដែរ​ ដូចជា៖

  • ត្រូវ​ជួយ​បង្កើត​ប្រាក់ចំណូល​ក្នុង​អាជីវកម្ម​ក្រុមហ៊ុន​ជាមួយ​ម្ចាស់​ក្រុមហ៊ុន
  • ត្រូវ​ជួយ​ដោះស្រាយ​បញ្ហា​មួយចំនួន​ជាមួយ​ថៅកែ​
  • ត្រូវ​ជួយ​ដោះស្រាយ​បញ្ហា​ដែល​បុគ្គលិក​ជួបប្រទះ​ក្នុងការ​បំពេញការងារ និង​
  • ត្រូវ​សម្របសម្រួល​ចំពោះ​ភាពខុសគ្នា​រវាង​បុគ្គលិក និង​ថៅកែ​

ពេលខ្លះ ដើម្បីចង់បង្ហាញដល់ថៅកែឱ្យមានភាពជឿជាក់មកលើខ្លួន និងផ្តល់នូវទំនុកចិត្តកាន់តែខ្លាំង បុគ្កលិកអាចនិយាយថា “បើខ្ញុំធ្វើមិនបានខ្ញុំសុខចិត្តដើរចេញ” ពាក្យទាំងនេះពេលបានស្តាប់ហើយហាក់ដូចជាបានធ្វើឱ្យ​អ្នកគ្រប់គ្រង និងថៅកែពេញចិត្តខ្លាំង ដោយយល់ថាបុគ្គលិកម្នាក់នេះគាត់ហ៊ានសុីហ៊ានសង ប៉ុន្តែការហ៊ានសុីហ៊ានសងបែបនេះ គឺពិតជាធ្វើឱ្យ​អ្នកគ្រប់គ្រង និងថៅកែ ទទួលរងនូវការលំបាកគ្រប់បែបយ៉ាងក្រោយពេលបុគ្គលិកចាកចេញពីក្រុមហ៊ុនបាត់។

ការរំពឹងទុករបស់ថៅកែ គឺការខិតខំប្រឹងប្រែងបំពេញការងាររបស់បុគ្គលិកទាំងអស់ ហើយត្រូវមានគំនិតគិតថាស្រឡាញ់ និងថែរក្សាក្រុមហ៊ុនឱ្យដូចជារបស់ខ្លួន ប៉ុន្តែក្តីរំពឹងទាំងនោះមិនទទួលបានផលវិជ្ជមាន ១០០ ភាគរយឡើយ ដោយហេតុថាបុគ្គលិកនៅតែគិតថាគាត់ជាបុគ្គលិក ហើយថៅកែនៅតែគិតថាមិនអាចធ្វើដូចបុគ្គលិកបានឡើយ។ ត្រង់ចំណុចនេះសបញ្ជាក់ឱ្យឃើញថា ការចង់បានរបស់បុគ្គលិក និងថៅកែមិនដូចគ្នាទេ តើត្រូវធ្វើបែបណាដើម្បីឱ្យការចង់បានរបស់បុគ្គលិក និងថៅកែស្របគ្នា?

​ក្នុងនាម​ជា​​អ្នកគ្រប់គ្រង អ្នក​អាច​លំបាក​ក្នុងការ​ប្រកាន់​ជំហរ​មួយ​ដាច់​ណាត់​ណាស់ ពីព្រោះ​អ្នក​ត្រូវធ្វើ​ការសម្របសម្រួល​ឱ្យ​ថៅកែ​សប្បាយចិត្ត​ផង និង​ត្រូវ​សម្របសម្រួល​ឱ្យ​បុគ្គលិក​ក្រោមបង្គាប់​សប្បាយចិត្ត​ផង ហើយ​មានពេលខ្លះ​ទាំងសងខាង អាច​សម្របសម្រួល​គ្នា​បាន អាច​សប្បាយចិត្ត​ជាមួយ​គ្នា​បាន​។ ប៉ុន្តែ​មានពេលខ្លះ កាលទេសៈ​ខ្លះ ឬ​ស្ថានការណ៍​ខ្លះ អ្នក​ទាំងពីរ មិនអាច​សម្របសម្រួល​ជាមួយគ្នា​បានទេ ហើយ​ស្ថានការណ៍​បែបនេះហើយ​ដែល​លំបាក​បំផុត​ក្នុងនាម​ជា​​អ្នកគ្រប់គ្រង ទោះបីជា​យើង​ដឹង​ហើយ​ថា ភាគច្រើន​រវាង​បុគ្គលិក និង​ថៅកែ ​អ្នកគ្រប់គ្រងនឹង​ជ្រើស​រើសយក​ថៅកែ​ហើយ ព្រោះបុគ្គលិក អាច​រក ឬ​រើស​ថ្មី​បាន ប៉ុន្តែ​ថៅកែ មិនអាច​ដូរ​បានទេ មានតែ​ថៅកែ​ដូរ​​អ្នកគ្រប់គ្រងវិញ​ទេ​។ ធ្វើជា​​អ្នកគ្រប់គ្រងគេ គឺ​ពិតជា​លំបាក​មែន មាន​សម្ពាធ​ពីលើ មាន​សម្ពាធ​ពីក្រោម មាន​សម្ពាធ​ពីឆ្វេង មាន​សម្ពាធ​ពីស្តាំ គ្រប់​ទិស​ទាំងអស់​។ ដូច្នេះហើយ ធ្វើជា​​អ្នកគ្រប់គ្រង​គេ មិន​ស្រួល​នោះទេ ហើយ​ពុំមាន​មនុស្ស​ច្រើន​នាក់​ទេ​ដែល​អាច​ទប់ទល់​ចំពោះ​ការលំបាក និង​សម្ពាធ​ទាំងអស់នេះ​បាន​។

៣. ​ការលំបាក​របស់​ថៅកែ​

​ពេល​អ្នក​ក្លាយជា​ថៅកែ​គេ​វិញ បញ្ហា​រឹតតែ​ស្មុគស្មាញ​ថែមទៀត លើសពី​ការលំបាក​ក្នុងការ​ធ្វើជា​បុគ្គលិក និង​អ្នកដឹកនាំ​គេ​ទៅទៀត​ ដូចជា៖

  • ​ត្រូវ​ដោះស្រាយ​គ្រប់​បញ្ហា​ទាំងអស់​របស់​បុគ្គលិក និង​អ្នកគ្រប់គ្រង
  • ត្រូវ​គិត​គ្រប់ពេលវេលា​ធ្វើ​យ៉ាងដូចម្តេច​ដើម្បីឱ្យ​ក្រុមហ៊ុន​អាច​ដំណើរការ​បានល្អ និង​ជោគជ័យ​
  • ត្រូវ​ខ្វល់ខ្វាយ និង​គិតគូរ​គ្រប់ពេលវេលា​ទាំងអស់ ថា​តើ​ត្រូវ​រកប្រាក់​ចំណូល​យ៉ាងដូចម្តេច ឬ​ពី​ណា​ដើម្បី​បើក​ប្រាក់ខែ និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ឱ្យ​បុគ្គលិក​ជា​រៀងរាល់ខែ សម្រាប់​ចំណាយ និង​សម្រាប់​ពង្រីក​អាជីវកម្ម ឬ​ក្រុមហ៊ុន​ថែមទៀត​។

ដូចដែល​យើងទាំងអស់គ្នា បានដឹង​យ៉ាងច្បាស់​ហើយ​ថា​៖

  • មាន​មនុស្ស​ច្រើន​នាក់​ណាស់​ដែល​ធ្វើជា​បុគ្គលិក​គេ​
  • មាន​មនុស្ស​តិច​នាក់​ណាស់​ដែល​អាច​ធ្វើជា​អ្នកគ្រប់គ្រង​គេ​បាន​
  • ប៉ុន្តែ ពុំមាន​មនុស្ស​ច្រើ​នាក់​ទេ​ដែល​អាច​ធ្វើជា​ថៅកែ​គេ​បាន​នោះ​

ជា​ឧទាហរណ៍​ក្នុង​ក្រុមហ៊ុន​មួយ​មាន​មនុស្ស​ចំនួន ១០០ នាក់​៖

  • មានតែ​មនុស្ស ១ ឬ ២ នាក់​ទេ​ដែល​ធ្វើជា​ថៅកែ ឬ​ម្ចាស់​ក្រុមហ៊ុន​
  • មានតែ​មនុស្ស​ចំនួន ៤ ឬ ៥ នាក់​ទេ​ដែល​ធ្វើជា​អ្នកគ្រប់គ្រង​
  • ដូច្នេះ មនុស្ស​ជាង ៩០ នាក់​ផ្សេងទៀត គឺជា​បុគ្គលិក​

សរុបជារួមមក គ្រប់មនុស្សនៅក្នុងក្រុមហ៊ុនមួយ មិនថាបុគ្គលិក អ្នកគ្រប់គ្រង និងដឹកនាំ ឬថៅកែនោះទេ សុទ្ឋតែមានការលំបាករៀងៗខ្លួន។ យ៉ាងណាមិញ ការដែល​អាចធ្វើ​ជា​ថៅកែ ឬ​ម្ចាស់​ក្រុមហ៊ុន​មួយ​បាន អ្នកខ្លះ​ថា​វា​ជា​សំណាង​។ ប៉ុន្តែសម្រាប់​យើងខ្ញុំ​វិញ មិន​គិតថា​ជា​សំណាង​ទេ ប៉ុន្តែ​វា​ជា​សមត្ថភាព ហើយ “​ជា​សមត្ថភាព​ពិសេស និង​ពិតប្រាកដ​ទៀតផង​” ទើប​អាចធ្វើ​ការងារ​នេះ​បាន​ជោគជ័យ​ល្អ និង​យូរអង្វែង​បាន​។ ប្រសិនបើ​ថៅកែ ឬ​ម្ចាស់​ក្រុមហ៊ុន គ្មាន​សមត្ថភាព​ខ្លាំងពូកែ​ទេនោះ អាជីវកម្ម ឬ​ក្រុមហ៊ុន​មួយ​នេះ មិនអាច​រីកចម្រើន និង​ឈរជើង​នៅលើ​ទីផ្សារ​ប្រកួតប្រជែង​គ្នា​យ៉ាងខ្លាំង​សម្បើម​ដែល​អ្នកខ្លះ​និយាយថា “វា​ជាការ​ប្រកួត​ស៊ីសាច់ហុតឈាម​គ្នា​” បានយូរ​អង្វែង​នោះទេ​។​

Leave a Reply