រឿងខ្លី៖ ប្តូរអាជីព ប្តូរចរិត ផ្តល់ទស្សនៈថាប្រកប​អាជីព​អ្វី​មួយ​ ​យើង​ត្រូវ​តែ​ពត់​ចរិត​និស្ស័យ​ឱ្យ​ស្រប​តាម​អាជីព​នោះ

នៅ​ក្នុង​ភូមិ​មួយ​ ​ប្រជាជន​ចេះ​ស្រឡាញ់​ និង​តែងតែ​ចេះ​យក​អាសា​គ្នា​ជា​ប្រចាំ។​ ​មាន​បុរស​ម្នាក់​ជា​មនុស្ស​មាន​ចិត្ត​សប្បុរស​ និងយក​ចិត្ត​ទុកដាក់​ជួយ​យក​អាសា​ដល់​មិត្ត​ជិត​ខាង​ជា​ខ្លាំង។​ ​នៅ​ពេល​ណា​គាត់​មាន​លុយ​កាក់​ ​ហើយ​ឃើញ​អ្នកណា​ខ្វះខាត​ ​គាត់​ក៏​ឱ្យ​តែ​ម្ដង​ ដោយ​មិន​ចាំ​បាច់​សង​វិញ​ទេ​ ​ឬ​មួយ​ប្រសិន​បើ​មាន​អ្នកណា​មក​ពឹង​ពាក់​ឱ្យ​ជួយ​ធ្វើអ្វី​ ​គាត់​ក៏​នឹង​ចេញ​ទៅ​ជួយ​ដោយ​ពុំ​មាន​ចង្អៀត​ចង្អល់​អ្វី​ឡើយ។​

ដោយសារ​តែ​គាត់​មាន​ចិត្ត​ល្អ​បែប​នេះ​ហើយ​ ​ទើប​បាន​ជា​អ្នក​ស្រុក​អ្នក​ភូមិ​នាំ​គ្នា​គោរព​ស្រឡាញ់​ ​និង​លើក​តម្កើង​រូបគាត់​ជា​ខ្លាំង។​

ក្រោយ​ពី​នោះ​មិន​យូរ​ប៉ុន្មាន​ ​បុរស​នោះ​ក៏​ចាប់​ផ្ដើម​មាន​មុខរបរ​ជា​អ្នក​លក់ដូរ។​ ពេល​នោះ​ចរិត​និស្ស័យ​របស់​គាត់​ក៏​ផ្លាស់​ប្ដូរ​ខុស​ពី​មុន​ដាច់​ស្រឡះ​ក្នុង​រយៈពេល​ដ៏ខ្លី។​ ​គាត់​លក់​ទំនិញ​ឱ្យ​អ្នក​រាល់​គ្នា​ក្នុង​តម្លៃ​ដូចៗ​គ្នា​ដោយ​គ្មាន​យោគ​យល់​ថា​ ​គ្នា​ឯង​គ្នា​គេ​ ​ឬ​ធ្លាប់​ស្គាល់​ ឬ​មិន​ធ្លាប់​ស្គាល់​អ្វី​ឡើយ​ ដែល​ថ្វី​ត្បិត​តែ​គាត់​លក់​មិន​កោរ​គេ​ក៏​ពិត​មែន​ ​ប៉ុន្តែ​គាត់​លែង​មាន​ទឹកចិត្ត​យោគយល់​អធ្យាស្រ័យ​ដូច​ពីមុន​ទៀត​ហើយ។​

ទង្វើ​របស់​គាត់​ ​ធ្វើ​ឱ្យ​អ្នក​ដែល​ធ្លាប់​តែ​គោរព​សរសើរ​ ​នាំ​គ្នា​និយាយ​ដូចៗ​គ្នា​ថា​ ​“គាត់​ប្រែ​ក្លាយ​ជា​អ្នក​ជំនួញ​ចំ​តួ​មែន​តែម្ដង!”​

គំនិតអប់រំ

ទោះ​តិច​ ឬ​ច្រើន​ ​កាល​បើ​យើង​តាំង​ចិត្ត​ថា​នឹង​ប្រកប​អាជីព​អ្វី​មួយ​ ​យើង​ត្រូវ​តែ​ពត់​ចរិត​និស្ស័យ​ឱ្យ​ស្រប​តាម​អាជីព​នោះ​ បើ​ពុំ​ដូច្នោះ​ទេ​ ​អាជីព​ក៏​មិន​ងាយ​នឹង​រីក​ចម្រើន​បានដែរ។

  • មនុស្ស​គ្រប់​រូប​មិន​ត្រូវ​ងាប់​ក្រឡា​នោះ​ទេ​ ​ត្រូវ​ចេះ​បត់​បែន​តាម​កាលៈទេសៈ។​
  • ត្រូវ​ចេះ​យល់​ពី​កាលៈទេសៈ​ ​និង​ភាព​បត់​បែន​របស់​អ្នក​ដទៃ។​
  • សន្ដាន​ចិត្ត​ ​នាំ​មក​នូវ​សេចក្ដី​គោរព​ស្រឡាញ់​រាប់អាន​ពី​អ្នក​ដទៃ។​

ដក​ស្រង់​ចេញ​ពី​សៀវភៅ​ ​“រយ​ពាន់​និទាន”​ ​ក្នុង​ទំព័រ​ទី​ ​១៩៤​ និង ១៩៥​ ​ដែល​បោះពុម្ព​លើក​ទី៣​ ដោយ​គ្រឹះស្ថាន​បោះពុម្ព​ ​ម៉ាញ​ ​ប៊ុក្ស


អត្ថបទទាក់ទង

Leave a Reply