វិធីសាស្រ្ត ៩ យ៉ាង ដើម្បីជ្រើសរើសសហស្ថាបនិកអាជីវកម្មរបស់អ្នក

ការ​ជ្រើស​រើស​ដៃ​គូ​ពាណិជ្ជកម្ម​ ឬ​សហស្ថាបនិក គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​សែន​ពិបាក​មួយ​សម្រាប់​សហគ្រិន​ទាំង​ឡាយ។ វា​ជា​ចំណុច​ស្នូល​ដ៏​ធំ​មួយ​ដែលមាន​សារៈ​សំខាន់​ជាង​ផលិតផល ការ​ស្វែង​រក​ទីផ្សារ និង​ម្ចាស់​ភាគហ៊ុន​របស់​អ្នក​ទៅ​ទៀត។

ស្ថាបនិក​សម្រាប់​ក្រុមហ៊ុន​ដែល​ចាប់​ផ្ដើម​ដំបូង មាន​គ្នា​ត្រឹម​តែ​ពីរ​នាក់​ គឺ​ល្អ​ និង​សាក​សម​បំផុត ហើយ​ចាំបាច់​អ្នក​ទាំង​ពីរ​ ត្រូវ​តែ​មាន​ប្រវត្តិ​ធ្លាប់​ធ្វើ​ការ​ជាមួយ​នឹង​គ្នា មាន​អាយុ​ស្របាល​គ្នា មាន​ប្រភព​ហិរញ្ញវត្ថុ​ក្នុង​ចំនួន​ប្រហាក់​ប្រហែល​គ្នា និង​ជា​ពិសេស​ គឺ​មាន​ការ​គោរព​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ក្នុង​នោះ​ត្រូវ​មាន​ម្នាក់​ជា​មនុស្ស​ដែល​ពូកែ​ផលិត ឬ​អភិវឌ្ឍន៍​ផលិតផល​ និង​សេវាកម្ម ចំណែក​ម្នាក់​ទៀត​ជា​មនុស្ស​ដែល​ពូកែ​ក្នុង​ការ​លក់​ផលិតផល ​និង​សេវាកម្ម​ទាំង​នោះ។

ខាង​ក្រោម​នេះ ជា​គន្លឹះខ្លះៗ​ ដែល​នឹង​ជួយ​ធ្វើ​ជា​ឧបករណ៍​ត្រួសត្រាយ​ផ្លូវ​ សម្រាប់​ផ្ដល់​ជា​គំនិត​ដល់​សហគ្រិន​ថ្មីថ្មោង ក្នុង​ការ​ជ្រើសរើស​ដៃ​គូ​ពាណិជ្ជកម្ម​របស់​ខ្លួន៖

១. ត្រូវ​ជ្រើសរើស​មនុស្ស​ដែល​អ្នក​ធ្លាប់​ធ្វើ​ការ ឬ​មាន​ទំនាក់​ទំនង​ជាមួយ​កាល​ពី​មុន​មក

ការ​ជ្រើសរើស​សហស្ថាបនិក​សម្រាប់​មុខ​ជំនួញ​មួយ គឺ​ប្រៀប​បី​ដូច​ជា​ការ​ជ្រើស​រើស​គូ​ស្រករ​សម្រាប់​ជីវិត​របស់​យើង​ដូច​គ្នា​ដែរ។ យើង​មិន​អាច​រៀប​ការ​ជាមួយ​នឹង​មនុស្ស​ណា​ម្នាក់​ ដែល​យើង​ទើប​តែ​ជួប​បាន​នោះ​ទេ អ្វីៗ​ត្រូវ​ចាប់​ផ្ដើម​ពី​ការ​ទាក់​ទង​ និង​មើល​ចិត្ត​គ្នា​ជា​មុន​សិន។ បទពិសោធន៍​នៃ​ការ​ធ្វើ​ការ​ជាមួយ​នឹង​គ្នា​រវាង​មនុស្ស​ពីរ​នាក់ និង​លទ្ធភាព​ក្នុង​ឆ្លង​កាត់​ដំណាក់​កាល​លំបាក​ៗជាមួយ​នឹង​គ្នា​បាន នោះ​ជា​អ្វី​ដែល​ដៃ​គូ​ជំនួញ​ត្រូវ​ការ​ពី​គ្នា​ទៅ​វិញ​ទៅ​មក។

២. ស្ថាបនិក​ត្រូវ​មាន​គោល​បំណង​ស្រប​គ្នា

ប្រសិន​បើ​ស្ថាបនិក​ម្នាក់​ ចង់​ផលិត​នូវ​ផលិតផល​ដែល​ល្អបំផុត ប៉ុន្តែ​ម្នាក់​ទៀត​បែរ​ជា​ចង់​តែ​ស្វែង​រក​ផល​ចំណេញ​ ឬ​ធ្វើ​ដើម្បី​តែ​កេរ្ដិ៍​ឈ្មោះ​និង​ភាព​ល្បីល្បាញ​ នោះ​អ្វីៗ​វា​នឹង​មិន​អាច​ទៅ​រួច​ឡើយ។ ពេល​ដែល​លោក​អ្នក​មាន​គោល​បំណង​ចង់​សហការ​ជាមួយ​នឹង​នរណា​ម្នាក់ សូម​ត្រួត​ពិនិត្យ​អោយ​បាន​ហ្មត់​ចត់​ ថា​តើ​គោល​បំណង​ពិត​ប្រាកដ​របស់​មនុស្ស​ម្នាក់​នោះ​គឺ​ជា​អ្វី ដោយ​សំអាង​ទៅ​លើ​សកម្មភាព របស់​គេ ជាជាង​ស្ដាប់​នូវ​អ្វី​ដែល​គេ​និយាយ។

៣. កុំ​បញ្ឈប់​ការ​ស្វែង​រក​ដៃ​គូ​ដែល​សាកសម​ជាមួយ​នឹង​អ្នក

ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា អ្វី​ៗ​ហាក់​មិន​ដំណើរ​ការ​ទៅ​តាម​អ្វី​ដែល​អ្នក​ចង់​បាន​នោះ​ទេ សូម​កុំ​បញ្ឈប់​ ត្រូវ​បន្ត​ស្វែង​រក​ដៃ​គូ​ដែល​អ្នក​មាន​អារម្មណ៍​ថា​សាក​សម​នឹង​ខ្លួន​ឯង ក៏​ដូច​ជា​ធ្វើ​អោយ​មុខ​ជំនួញ​របស់​អ្នក​អាច​ដំណើរ​ការ​ទៅ​មុខ​បាន។ ស្ថានភាព​ និង​ វប្បធម៌​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​គឺ​ជា​ឥទ្ធិពល​ដែល​ទទួល​បាន ពី​អត្តចរិត​របស់​ស្ថាបនិក​ដោយ​ផ្ទាល់។

៤. ក្រុមហ៊ុន​ដែល​មាន​ស្ថាបនិក​ចំនួន​ពីរ​រូប គឺ​សាក​សម​បំផុត

លេខ​ពីរ គឺ​ជា​លេខ​ដែល​សាក​សម​បំផុត ​ក្នុង​ការ​បង្កើត​ពាណិជ្ជកម្ម​ថ្មី។ ជា​ឧទាហរណ៍​សាកល្បង​គិត​ពី៖

  • ក្រុមហ៊ុន Apple ដែល​បង្កើត​ឡើង​ដោយ​លោក Steve Jobs និង​លោក Steve Wozniak
  • ក្រុមហ៊ុន Microsoft ដោយ​លោក Paul Allen និង​លោក Bill Gates
  • ក្រុមហ៊ុន Oracle ដោយ​លោក Larry Ellison និង លោក Ray Lane
  • ក្រុមហ៊ុន HP ដោយ​លោក Bill Hewlett និង​លោក Dave Packard
  • ​ក្រុមហ៊ុន​ Google ​ដោយ​លោក Larry Page និង​លោក Sergey Brin។

ក្រុមហ៊ុន​ដែល​បង្កើត​ដោយ​ស្ថាបនិក​តែ​ម្នាក់​ ក៏​អាច​ដំណើរ​ការ​ទៅ​មុខ​បាន​ដែរ តែ​ត្រូវ​ឆ្លង​កាត់​ព្យុះ​ភ្លៀង​ និង​ឧបសគ្គ​ច្រើន​ជាង​ក្រុមហ៊ុន​ដែល​បង្កើត​ដោយ​ស្ថាបនិក​ពីរ​នាក់។ ចំណែក​ក្រុមហ៊ុន​ដែល​មាន​ស្ថាបនិក​បី​នាក់​ ក៏​មាន​លទ្ធភាព​ប្រហាក់​ប្រហែល​នឹង​ក្រុមហ៊ុន​ដំណើរ​ការ​ដោយ​ស្ថាបនិក​តែ​ម្នាក់​ដែរ។ ក៏​ប៉ុន្តែ​នៅ​ក្នុង​ក្រុមហ៊ុន​ដែល​មាន​ស្ថាបនិក​បី​នាក់ បញ្ហា​ផ្ទៃ​ក្នុង​ ជួន​កាល​អាច​ចោទ​ឡើង​ជា​បញ្ហា ជា​ឧទាហរណ៍​ដូច​ជា​ការ​បោះ​ឆ្នោត​ទម្លាក់​មនុស្ស​ម្នាក់ ឬ​ការ​ដណ្ដើម​កៅអី​ថ្នាក់​ដឹក​នាំ​ជា​ដើម ​។ល។ ទោះ​បី​ជា​យ៉ាង​ណា​ បញ្ហា​ទាំង​អស់​នេះ​ ក៏​អាច​មាន​លទ្ធភាព​ដោះ​ស្រាយ​បាន​ដែរ ដោយ​ការ​ចរចារ​ និង​ដោះ​ស្រាយ​តាម​សន្តិវិធី។

ចំណែក​សម្រាប់​ក្រុមហ៊ុន​ដែល​មាន​ ស្ថាបនិក​៤​នាក់​វិញ ការ​បែង​ចែក​ការ​គ្រប់​គ្រង និង​ដំណើរ​ការ​នៃ​ការ​ងារ​ពិត​ជា​ស្មុគស្មាញ ហើយ​ប្រាកដ​ណាស់​ ស្ថាន​ភាព​ក្នុង​ក្រុមហ៊ុន​គឺ​ពិត​ជា​មិន​នឹង​នរ។​ ហើយ​បើ​សិន​ជា​ក្រុមហ៊ុន​មួយ​ មាន​ស្ថាបនិក​ចាប់​ពី​៥នាក់​ឡើង​វិញ គឺ​រឹត​តែ​មិន​ចាំ​បាច់​និយាយ​តែ​ម្ដង។ អ្វី​ដែល​ជា​ចំនុច​ដែល​ត្រូវ​កត់​ចំណាំ​នោះ​គឺ ប្រសិន​បើ​ក្រុមហ៊ុន​ដែល​មាន​ស្ថាបនិក​ ចាប់​ពី​៤ ទៅ​៥​នាក់​ឡើង​ អាច​ទទួល​បាន​ជោគជ័យ នោះ​គឺ​ដោយ​សារ​តែ​មាន​ស្ថាបនិក​ចំនួន​២​រូប ដែល​មាន​អាទិភាព​និង​សិទ្ធ​អំណាច​ធំ​ជាង​គេ​នៅ​ក្នុង​ក្រុមហ៊ុន​នោះ។

មូល​ហេតុ​ដែល​ក្រុមហ៊ុន​ មាន​ស្ថាបនិក​ពីរ​នាក់​ងាយ​នឹងទទួល​ជោគជ័យ​នោះ គឺ​ដោយ​សារ​តែ​ការ​ឯកភាព​ និង​យល់​ស្រប​យោបល់​អាច​មាន​លទ្ធភាព​កើត​ឡើង​បាន​ គ្មាន​ការ​ប្រកាន់​ ឬ​បែង​ចែក​បក្ស​ពួក ផល​ប្រយោជន៍​ងាយ​ស្រួល​ក្នុង​ការ​បែង​ចែក និង​ជា​ពិសេស​ភាគ​ហ៊ុន​របស់​ស្ថាបនិកគឺ​ខ្ពស់​ទៅ​តាម​ប្រាក់​ចំណេញ។

៥. ស្ថាបនិក​ម្នាក់​ត្រូវ​តែ​ពូកែ​បង្កើត​ផលិតផល ចំណែក​ម្នាក់​ទៀត​ត្រូវ​តែ​ពូកែ​លក់​ និង​ផ្សព្វផ្សាយ

ស្ថាបនិក​ដែល​ពូកែ​ក្នុង​ការ​បង្កើត​ ពេល​ខ្លះ​អាច​មាន​លទ្ធភាព​ផលិត​គម្រូ​ និង​បង្កើត​ដោយ​សម្រេច​នូវ​ផលិតផល​មួយ តាំង​ពី​ដើម​រហូត​ដល់​ចប់​បាន។ ចំណែក​ស្ថាបនិក​ដែល​ពូកែ​ផ្សព្វផ្សាយ អាច​មាន​លទ្ធភាព​លក់​អោយ​អតិថិជន ស្វែង​រក​ដៃគូ អ្នក​វិនិយោគ និង​បុគ្គលិក​បាន​យ៉ាង​ជំនាញ។

អ្នក​ដែល​មាន​តួនាទី​ក្នុង​ការ​ផ្សព្វផ្សាយ មិន​ចាំ​បាច់​មាន​ជំនាញ​ជា​អ្នក​លក់ ឬ ពាណិជ្ជករ​នោះ​ទេ ជួន​កាល​គាត់​អាច​មាន​បទពិសោធន៍​ជា​អ្នក​បច្ចេកទេស​ ក៏​ប៉ុន្តែ​គាត់​ត្រូវ​តែ​មាន​លទ្ធភាព​ប្រើ​ប្រាស់​ជំនាញ​បញ្ចុះបញ្ចូល។ ជាឧទាហរណ៍​លោក Bill Gates និង​លោក Steve Jobs មិន​មែន​ជា​អ្នក​លក់​ទេ ប៉ុន្តែ​ពួកគាត់​គឺ​ជា​អ្នក​ផ្សព្វផ្សាយ។

៦. សហគ្រិន​ដែល​ជោគជ័យ​ ត្រូវ​មាន​បី​ចំណុច​គឺ ភាព​ឈ្លាសវៃ ថាមពល​ និង​សុច្ចរិតភាព

ការ​ជ្រើស​រើស​ដៃគូ​ពាណិជ្ជកម្ម​ គឺ​មិន​មែន​ជ្រើស​រើស​មនុស្ស​ដែល​យើង​ធំដឹង​ក្ដី​មក​ជាមួយ​គ្នា ឬ​ជា​មនុស្ស​ដែល​យើង​ចូល​ចិត្ត​បំផុត​នោះទេ។ ប៉ុន្តែ​គឺ​ជា​មនុស្ស​ដែល​ពោរពេញ​ទៅ​ដោយ​ចំណុច​សំខាន់​បី នោះ​គឺ ភាព​ឈ្លាសវៃ ថាមពល រួម​នឹង​សុច្ចរិតភាព។ សម្រាប់​ខ្លួន​អ្នក​ផ្ទាល់​ អ្នក​ក៏​ត្រូវ​តែ​ទាមទារ​អោយ​មាន​នូវ​ចំណុច​សំខាន់​ទាំង​បី​នេះ​ដែរ ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​តែ​ធ្លាប់​សហការ ឬ​ធ្វើ​ការ​ងារ​ជាមួយ​នឹង​គ្នា ចំណុច​នេះ​គឺ​ដើម្បី​អ្នក​អាច​មាន​លទ្ធភាព​វាយ​តម្លៃ​សមត្ថភាព​របស់​ដៃ​គូ​អ្នក​ផង​ដែរ។

៧.​ ជ្រើសរើស​មនុស្ស​ដែល​ល្អ

ជៀសវាង​ការ​ជ្រើសរើស​មនុស្ស​ដែល​គិត​ខ្លី និង​គ្មាន​ទស្សនវិស័យ​វែង​ឆ្ងាយ។ ត្រូវ​ជ្រើស​រើស​មនុស្ស​ដែល​មាន​វិជ្ជាជីវៈ និង​សីលធម៌​ខ្ពស់ ឬ​ជា​មនុស្ស​ដែល​មាន​ជំនឿ​ថា មនុស្ស​ដែល​ល្អ​ពិត​ជា​អាច​ទទួល​បាន​ជោគជ័យ​នៅ​ទី​បំផុត។ ចំណុច​ដែល​គួរ​ប្រុង​ប្រយ័ត្ន​នោះ គឺ​ការ​ជ្រើសរើស​បុគ្គល​ដែល​នឹង​ក្លាយ​ទៅ​ជា​ ស្ថាបនិក​ផ្នែក​ផ្សព្វផ្សាយ និង​ផ្នែក​លក់​របស់​អ្នក។

៨. អ្វី​ដែល​សហគ្រិន​ភាគ​ច្រើន​មិន​បាន​ដឹង និង​ចាប់​អារម្មណ៍

ចំណុច​នេះ​គឺ​ស្ថាបនិក​ដែល​ជា​អ្នក​ផ្សព្វផ្សាយ ហើយ​គ្មានចំណេះដឹង​ផ្នែក​បច្ចេកទេស ​តែង​តែ​ជ្រើសរើស​សហស្ថាបនិក​ផ្នែក​បច្ចេកទេស​ដែល​ខុស ដូច​ជា​ជ្រើសរើស​ដោយ​មើល​ទៅ​លើ​បទ​ពិសោធន៍​ជាដើម​។ល។ ចំណែក​ស្ថាបនិក​ដែល​ជា​អ្នក​បច្ចេកទេស​វិញ តែង​តែ​ជ្រើស​រើស​សហស្ថាបនិក​ផ្នែក​ផ្សព្វផ្សាយ ដោយ​យោង​ទៅ​លើ​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​ពាណិជ្ជកម្ម​របស់​ពួក​គេ​ទៅវិញ។

អ្វី​ដែល​សហគ្រិន​ថ្មី​ថ្មោង​គួរ​ធ្វើ​នោះ​គឺ ស្វែង​យល់​អោយ​បាន​ច្រើន​ពី​ភាគី​ម្ខាង​ទៀត ដើម្បី​ទទួល​បាន​នូវ​គំនិត​ដែល​ពេញ​លេញ ហើយ​ប្រសិន​បើ​អ្នក​យល់​ថា​ម្នាក់​នោះ​មិន​សាកសម​នោះ​ទេ ត្រូវ​ស្វែង​រក​ដៃ​គូ​ដទៃ​ទៀត។

ចំពោះ​សំណួរ​ដែល​សួរ​ថា ប្រសិន​បើ​មនុស្ស​ដែល​សាក​សម​នឹង​អ្នក​ហើយ​នោះ មាន​មុខជំនួញ​ឬ​ពាណិជ្ជកម្ម​ផ្ទាល់​ខ្លួន​រួច​ហើយ តើ​អ្នក​គួរ​ធ្វើ​បែប​ណា? ងាយ​ស្រួល​បំផុត អ្នក​គ្រាន់​តែ​ស្នើ​អោយ​ពួក​គេ​ជួយ​អ្នក​ត្រឹម Part-time ក៏​បាន ពី​ព្រោះ​នៅ​ពេល​ដែល​គំនិត​ពាណិជ្ជកម្ម​របស់​អ្នក​មាន​ភាព​ទាក់​ទាញ ​មនុស្ស​ដែល​អ្នក​ជ្រើសរើស​នឹង​បញ្ឈប់​គំនិត​របស់​ពួក​គេ ហើយ​ចូល​រួម​ជាមួយ​អ្នក​ដោយ​ពេញ​លេញ។

៩. ត្រូវ​ចងចាំ​ថា​ការ​បែក​បាក់ ​គឺ​ពិត​ជាអារម្មណ៍​ដែល​ពិបាក​នឹង​ទទួល​យក

ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ចង់​ចែក​ផ្លូវ​ជា​មួយ​នឹង​ដៃ​គូ​ពាណិជ្ជកម្ម​របស់​អ្នក ពី​ព្រោះ​អ្វី​ៗ​ហាក់​មិន​ដំណើរ​ការ​តាម​ដែល​អ្នក​ចង់​បាន គួរ​តែ​ធ្វើ​វា​ឲ្យ​បាន​លឿន ​ពេល​អ្នក​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង ជ្រើសរើស​ទិញ​យក​ភាគ​ហ៊ុន​ដែល​អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នៅ​តែ​អាច​ដំណើរ​ការ​ទៅ​បាន ហើយ​ធ្វើ​ការ​ជ្រើសរើស​មនុស្ស​ដែល​ល្អសាកសម​ជាង​ដៃ​គូ​ចាស់​របស់​អ្នក​ ដើម្បី​មក​បំពេញ​តួនាទី​ដែល​ខ្វះខាត។ ចូរបង្កើត​នូវ​ប្រព័ន្ធ​តម្លៃ​ភាគហ៊ុន​របស់​ស្ថាបនិក ( Founder Vesting) ​សម្រាប់​ស្ថាបនិក​ដែល​ចង់​ចាក​ចេញ​ ហើយ​លក់​ភាគហ៊ុន​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​ការ​បែកបាក់​កាន់​តែ​មាន​ភាព​ស្មុគស្មាញ​ និង​រញ៉េរញ៉ៃ។ ចំណុច​សំខាន់​បន្ទាប់​ដែល​អ្នក​ត្រូវ​ចងចាំ គឺ​ត្រូវ​ស្វែង​រក​ដៃ​គូ​ថ្មី ហើយ​កុំ​ព្យាយាម​ធ្វើ​វា​តែ​ម្នាក់​ឯង​ឲ្យសោះ ពី​ព្រោះ​ការ​ដំណើរ​ការ​ក្រុមហ៊ុន​តែ​ម្នាក់​ឯង ប្រៀប​បី​ដូច​ជា​ការ​មើល​ថែ​កូន​ ដោយ​គ្មាន​ប្ដី ឬ​ប្រពន្ធ​យ៉ាង​ដូច្នោះ​ដែរ។

សម្រួលពី៖ AngelList (July 14, 2017), How To Pick A Co-Founder


អត្ថបទទាក់ទង

៥ ចំណុចសំខាន់ៗដែលអ្នកត្រូវដឹងអំពីភាពជាដៃគូអាជីវកម្ម

 

Leave a Reply