ដំណោះស្រាយចំពោះអតិថិជន ៤ ប្រភេទដែលអ្នកត្រូវដឹង

មនុស្សគ្រប់គ្នាមានចរិកលក្ខណៈខុសគ្នាអាស្រ័យទៅតាមការគិត ការធ្វើ ផ្លូវអារម្មណ៍ ការរំពឹងទុក និងឆ្លើយតបលើអ្វីមួយ។ ប្រសិនបើអ្នកជាមនុស្សដែលមានការយល់ដឹង និងកត់សម្គាល់នូវលក្ខណៈទាំងនេះបានល្អ នោះការទំនាក់ទំនងរបស់អ្នក និងអ្នកជុំវិញខ្លួននឹងមានភាពងាយស្រួល ហើយបើអ្នកស្ថិតនៅក្នុងការងារផ្នែកលក់ នោះនឹងរឹតតែមានគុណសម្បត្តិ។

ពេលនេះយើងនឹងមកស្គាល់ចរិកលក្ខណៈ ៤ ប្រភេទរបស់អតិថិជនដែលអ្នកលក់បានជួបជាញឹកញាប់៖

១. អតិថិជនរីករាយ

អតិថិជនរីករាយ ជាមនុស្សដែលសម្រេចចិត្តតាមអារម្មណ៍ និយាយអ្វីដែលបានគិត ចូលចិត្តការសរសើរ ទៅតែកន្លែងសប្បាយៗស្អាតៗ និងធ្វើអ្វីមិនសូវជាមានផែនការទុកមុននោះទេ។

ដំណោះស្រាយ៖ ជាមួយអតិថិជនប្រភេទទី៤ អតិថិជនរីករាយ៖ មុនពេលសន្ទនា ត្រូវតែមានការស្វាគមន៍ទទួលរាក់ទាក់ឲ្យមានភាពរីករាយ ប្លែកអារម្មណ៍ និងផ្តល់ឲ្យនូវបទពិសោធន៍ថ្មីនឹងកាន់តែទាក់ទាញ។ ពួកគាត់ងាយស្រួលក្នុងការទាញយកចំណាប់អារម្មណ៍ តែក៏ងាយស្រួលក្នុងការបាត់បង់ទៅវិញដូចគ្នា។ ច្បាស់លាស់ និងកំសាន្តត្រូវតែឈានមុខ។

២. អតិថិជនមានការយោគយល់

អតិថិជនមានការយោគយល់ ជាមនុស្សដែលមិនសូវនិយាយស្តី មានមនោសញ្ចេតនា ផ្តល់ការគាំទ្រ កិច្ចសហការល្អ និងស្មោះត្រង់។

ដំណោះស្រាយ៖ ជាមួយអតិជនប្រភេទទី២ អតិថិជនមានការយោគយល់៖ អ្នកត្រូវតែផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់ឲ្យការស្រស់ស្រាយផ្លូវអារម្មណ៍។ នៅពេលធ្វើការសន្ទនា ត្រូវតែនិយាយបែបស្រាលៗ លម្ហែរអារម្មណ៍ និងស្តាប់ដោយការយកចិត្តទុកដាក់នៅពេលឆ្លើយតបទៅវិញ។

៣. អតិថិជនពូកែវិភាគ

អតិថិជនដែលពូកែវិភាគ ជាមនុស្សដែល មិនសូវនិយាយ គិតច្រើន មានហេតុផល សមហេតុផល ម៉ត់ច៉ត់ ម៉ឺងម៉ាត់ ពិស្តារ ប្រុងប្រយ័ត្ន និងគោរពតាមគោលការណ៍អ្វីមួយ។

ដំណោះស្រាយ៖ ជាមួយអតិថិជនប្រភេទទី១ ដែលជាអតិថិជនពូកែវិភាគ៖ អ្នកត្រូវតែនិយាយអោយបានច្បាស់ៗ មានហេតុផលសមរម្យ ប្រើប្រាស់កាយវិការ និងពាក្យសម្តីផ្លូវការ ប្រើប្រាស់កែវភ្នែកបញ្ជាក់ពីទំនុកចិត្ត ជៀសវាងការប្រើអារម្មណ៍ ហើយត្រូវប្រើពេលយូរដើម្បីសន្ទនា។

៤. អតិថិជនមានឥទ្ធិពលក្នុងក្រុម

អតិថិជនមានឥទិ្ធពលក្នុងក្រុម ជាមនុស្សដែលគិតបានល្អ និយាយមានហេតុផល ជាអ្នកសម្រេចចិត្ត ដោះស្រាយបញ្ហាបានលឿន និងមានអ្នកជឿទុកចិត្តច្រើន។

ដំណោះស្រាយ៖ ជាមួយអតិថិជនប្រភេទទី៣ អតិថិជនមានឥទ្ធិពលក្នុងក្រុម៖ អ្នកត្រូវតែរៀបចំការសន្ទនាបែបផ្តល់តម្លៃដល់អ្នកដឹកនាំ មានការតុបតែងតុ និងបន្ទប់ដែលមានការរៀបចំបែបថ្លៃថ្នូ។ ពេលសន្ទនា អ្នកត្រូវតែលើកច្រើនអំពីផលប្រយោជន៍រយៈពេលវែង មានពាក្យកោតសរសើរ និយាយធ្វើបទបង្ហាញប្រកបដោយភាពជឿជាក់ ត្រូវដឹងថាអតិជនប្រភេទនេះមិនងាយក្នុងការបញ្ចុះបញ្ចូលនោះទេ តែបើចាប់យកពួកគាត់បាននឹងទទួលបានភ្ញៀវធំ។

ប្រសិនបើអ្នកមានចំណេះដឹងនេះខ្លះៗ ហើយយកវាទៅប្រើប្រាស់ នោះវានឹងកាន់តែផ្តល់ទំនុកចិត្តក្នុងការលក់ និងទំនាក់ទំនង។


 អត្ថបទទាក់ទង

តើធ្វើដូចម្តេចដើម្បីបំផុសគំនិតច្នៃប្រតិដ្ឋក្នុងការលក់?

Leave a Reply