វិធីសាស្រ្តទាំង៥នេះ ជាទុនគំនិតអ្នកលក់ឆ្លាតវៃ

ដើម្បី​ជោគជ័យ ក្នុង​ការ​លក់ ដំបូង​អ្នក​ត្រូវ​ផ្លាស់​ប្តូរ​ទស្សនៈ​របស់​អ្នក ស្តី​ពី​ការ​លក់​ជា​មុន​សិន។ ជំនួស​ឲ្យ​ការ​ស្វែង​រក​នូវ​ចំណុច​អវិជ្ជមាន អ្នក​ត្រូវ​ចាប់​ផ្តើម​បង្ហាញ​នូវ​ភាព​ខុស​ប្លែក​ទាំង​អស់។ ការ​លក់​ គឺ​ជា​ការ​បម្រើ និងជួយ​អ្នក​ដទៃទៅ​ដល់​កន្លែង​ណា​មួយ​ដែល​ពួក​គេ​ចង់​ទៅ។ នៅ​ក្នុង​ការ​លក់​ អ្នក​អាច​ទទួល​ជោគជ័យ​បាន​តែ​មួយ​គត់​ នៅ​ពេល​ដែល​អ្នក​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​ជោគជ័យ។ វា​ពិត​ជា​មាន​ភាព​លំបាក​ខ្លាំង​ក្នុង​ការ​ជោគជ័យ​ដើម្បី​លក់ ប្រសិន​បើ​អ្នក​បន្ត​រក្សា​ការ​ប្រាប់​ខ្លួន​ឯង​ថា តើ​អ្នក​ស្អប់​ការ​លក់​ប៉ុណ្ណា ហើយ​ប្រសិន​បើ​អ្នក​មិន​ដែល​ព្យាយាម​ផ្លាស់​ប្តូរនូវទស្សនៈ​អវិជ្ជមាន​របស់​ខ្លួន អំពី​អត្ថន័យ​នៃ​ការ​លក់​ពិត​ប្រាកដ។ ដើម្បី​​ក្លាយ​ជា​អ្នក​លក់​ដ៏​ពូកែ​ម្នាក់​ ​ត្រូវ​ការធាតុ​​​រួម​ផ្សំ​ជា​ច្រើន។​ ខាង​ក្រោម​នេះ​ គឺជាគន្លឹះ​សំខាន់ៗ​ ៥​យ៉ាង​ ដែលអាច​​ជា​ទុន​គំនិត​​​ជួយ​អ្នក​ឱ្យ​ក្លាយ​​លក់​ដ៏​ឆ្លាត​វៃ​ម្នាក់​បាន៖

១. ​ឈ្វេងយល់​តម្រូវ​ការ​​ស្នូល​របស់​អតិថិជន​

នេះ​​ជា​ចំណុច​សំខាន់​បំផុត​​ដែល​អ្នក​លក់​គួរ​ធ្វើ។ ​លោក​អ្នក​ត្រូវ​ឈ្វេង​យល់​ពី​តម្រូវ​ការ​ស្នូល​​អតិថិជន​របស់​អ្នក​ឱ្យ​បាន​ច្បាស់​ថា​ តើ​ពួក​គេ​ចង់​បាន​អ្វី​ឱ្យ​ពិត​ប្រាកដ។ ​ត្រូវ​ឆ្លាត​ក្នុង​ការ​ស្វែង​រក​ផលិតផល ឬសេវាកម្ម​ និង​របៀប​បង្ហាញ​វា​ឱ្យ​​ទាក់ចិត្ត​អតិថិជន។ ​លោក​អ្នក​ដឹង​កាន់​តែ​ច្រើន​អំពី​ការ​ចង់​បាន​របស់​អតិថិជន​ លោក​​អ្នក​នឹង​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​លក់​ទំនិញ​​​ ឬសេវាកម្មនោះ។

បើ​តាម​ការ​ស្រាវជ្រាវ បុគ្គល​ដែល​ពូកែ​ខាង​ការ​ទំនាក់ទំនង តែង​តែ​ចាប់​ផ្តើម​ចរចា​លក់​ ដោយ​ការ​ប្រើ​សំនួរ​នៅ​ពេល​ចាប់​ផ្តើម​ដំបូង។ ដើម្បី​ទំនាក់ទំនង​ការ​ចរចា​លក់​ប្រកប​ដោយ​ប្រសិទ្ធភាព​ នៅ​ពេល​ជជែក​ជាមួយ​អតិថិជន អ្នក​គួរ​ចាប់​ផ្តើម​ការ​សន្ទនា​ដំបូង​របស់​អ្នក​ជាមួយ​នឹង​សំនួរ ដោយ​អ្នក​ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ និង រៀប​ចំ​រាល់​សំនួរ​ដែល​ល្អ​ទុក​ជា​មុន​ដើម្បី​សួរ​ពេល​ជួប​ជាមួយ​អតិថិជន។

នៅ​ពេល​ដែល​អ្នក​សួរ​សំនួរ​ ដែល​ល្អ នោះ​មាន​ន័យ​ថា​អ្នក​កំពុង​ធ្វើ​រឿង ២ សំខាន់​ដើម្បី​ជួយ​អ្នក​ក្នុង​ការ​ចរចា​លក់។ ទី១ គឺ​អ្នក​បាន​បង្ហាញ​ ការ​ដាក់​ខ្លួន​ទាប គ្មាន​អំនួត ដែល​វា​នឹង​ជួយ​ធ្វើ​ឲ្យ​ការ​លក់​របស់​អ្នក ធ្វើ​ឡើង​ក្នុង​វិធី​មួយ​វិជ្ជមាន។ ទី២ អ្នក​ចាប់​ផ្តើម​ការ​សន្ទនា​ជាមួយ​នឹង​ការ​ទទួល​បាន​ ចម្លើយ​មួយ​ដែល​អ្នក​អាច​នឹង​ពិបាក​ស្វែង​រក។

២. ពន្យល់​ពី​គុណ​វិបត្តិ​ បើ​សិន​អតិថិជន​មិន​ទិញ​ផលិតផល​របស់​អ្នក

ក្រៅ​ពី​លក្ខណៈ​ពិសេស​នៃ​ផលិតផល​ ឬ​សេវាកម្ម​របស់​អ្នក​ ​លោក​អ្នក​អាច​នឹង​ពន្យល់​ពី​​គុណវិបត្តិ​ ឬ​ការ​សោកស្ដាយ​ បើ​សិន​ជា​អតិថិជន​មិន​សម្រេច​ចិត្ត​ទិញ​ផលិតផល ឬសេវាកម្ម​របស់​អ្នក​នោះ​ទេ។ ​ឧទាហរណ៍៖ ​ពួក​គេ​អាច​នឹង​ចំណាយ​ពេល​ច្រើន​ដើម្បី​ស្វែង​រក​​ផលិតផល​ប្រភេទ​នេះ​ ផលិតផល​ប្រហែល​គ្នា​នេះ​អាច​នឹង​ថ្លៃ​គុណភាព​អន់​ជាង​នេះ ​​មិន​ត្រូវ​នឹង​តម្រូវ​ការ​ក្រុមហ៊ុន​ជា​ដើម ។ល។

៣. បង្ហាញ ឬណែនាំ​ដល់អតិថិជន​របស់​អ្នក

បើ​អតិថិជន​នៅ​តែ​ស្ទាក់ស្ទើរ​​ក្នុង​ការ​ទិញ​ផលិតផល​ ឬ​សេវាកម្ម​របស់​អ្នក​ លោក​​អ្នក​គួរ​តែ​ព្យាយាម​ណែនាំ​បន្ថែម​ទៀត​ពី​គុណតម្លៃ​ ឬ​ចំណុច​ពិសេស​នៃ​ផលិតផល​របស់​អ្នក។ ព្យាយាម​ប្រៀប​ធៀប​ផលិតផល​របស់​អ្នក​ទៅ​នឹង​ដៃ​គូ​ប្រកួត បើ​សិន​ជា​អតិថិជន​​ប្រៀបធៀប​មុន។​​ ​ការ​ណែនាំ ឬ​​បង្ហាញ​បាន​ល្អ​ ​ឬ​​និយាយ​ដោយ​ខ្លី​ គឺ​ពន្យល់​ចាក់​ចំ​បេះ​ដូង​​របស់​អតិថិជន​ ​នោះ​អតិថិជន​អាច​នឹង​សម្រេច​ចិត្ត​ទិញ។

ការ​ក្លាយ​ខ្លួន​ជា​អ្នក​ដោះ​ស្រាយ​បញ្ហា ហើយ​ផ្ដល់​ជូន​នូវ​តម្លៃ​ពិត​នៅ​ក្នុង​ទីផ្សារ ធ្វើ​ឲ្យ​អ្នក​មាន​ភាព​ខុស​ប្លែក និងមាន​លក្ខណៈ​ពិសេស​ខុស​ពី​មនុស្ស​ដទៃ​ផ្សេង​ទៀត។ បុគ្គល​ជោគជ័យ​ខ្លាំង​ក្នុង​ការ​លក់ ពួក​គេ​មិន​ត្រឹម​តែ​មើល​លើ​ការ​លក់​ប៉ុណ្ណោះ​ទេ ពួក​គេ​ក៏​ជា​មនុស្ស​ដែល​ស្វែង​រក​ឱកាស​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទៀត​ផង។ នៅ​ពេល​អ្នក​ចាប់​ផ្ដើម​ ដោះ​ស្រាយ​បញ្ហា ហើយ​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ ថា​ជា​បុគ្គល​ពូកែ​ដោះ​ស្រាយ​បញ្ហា នៅ​មុន​ពេល​គេ​ស្គាល់​អ្នក​ ថា​ជា​អ្នក​ដែល​ពូកែ​លក់ នោះ​អាជីវកម្ម​របស់​អ្នក រួម​ទាំង​ជីវិត​របស់​អ្នក​ផង​នឹង​មាន​ការ​ផ្លាស់​ប្ដូរ។

៤. លើក​ឧទាហរណ៍​ជាក់​ស្ដែង ដើម្បីបន្ធូរបន្ថយ​ការ​បារម្ភ​​របស់​អតិថិជន​

អតិថិជន​តែង​មាន​ការ​បារម្ភ​ជា​និច្ច​​នៅ​ពេល​ដែល​ពួក​គេ​ចង់​ទិញ​ផលិតផល​អ្វី​មួយ​ ជា​ពិសេស​ផលិតផល​​ ឬ​សេវាកម្ម​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ។ ​ពួក​គេ​អាច​នឹង​បារម្ភ​ថា​ វា​នឹង​អាច​មាន​អ្វី​កើត​ឡើង​​ក្រោយ​ពី​ប្រើ​ប្រាស់​មួយ​រយៈ​ពេល។ អតិថិជន​ខ្លះ​ទៀត​ អាច​​នឹង​ស្ទាក់ស្ទើរ​ ​មិន​ហ៊ាន​សម្រេច​ចិត្ត​ទិញ​ ព្រោះ​​បារម្ភ​ថា​មិន​ចេះ​ប្រើ។ ដូច្នេះ​អ្នក​គួរ​លើក​យក​ឧទាហរណ៍​​ដែល​មាន​សាច់​រឿង​ប្រហាក់​ប្រហែល​​គ្នា​មក​ពន្យល់​ដល់​អតិថិជន។

៥. ចាប់ផ្តើមលក់ពីតិចទៅច្រើន

នៅ​ពេល​ដែល​តម្លៃ​​ក្លាយ​ជា​បញ្ហា​ដែល​គួរ​ឱ្យ​បារម្ភ​​ចំពោះ​អតិថិជន​របស់​អ្នក​ លោក​អ្នក​គួរ​ស្វែង​យល់​ពី​កម្រិត​នៃ​ថវិកា​របស់​អតិថិជន​ដែល​អាច​មាន​លទ្ធភាព​ទិញ​បាន។ ​បើ​ទំនិញ​របស់​អ្នក​មាន​តម្លៃ​ថ្លៃ​​ ​​ការ​លក់​ដំបូង​កុំ​រំពឹង​ខ្ពស់​ពេក​ ហើយ​​បើ​ផលិតផល​របស់​អ្នក​មាន​ច្រើន​ប្រភេទ​ ច្រើន​សន្ធាន​ អ្នក​គួរ​ពិចារណា​លក់​​បរិមាណ​តិច​សិន​ទៅ​កាន់​អតិថិជន​ ហើយ​​នា​ពេល​ក្រោយ​បន្ទាប់​ពី​មាន​ទំនុក​ចិត្ត​មក​លើ​​ផលិតផល​របស់​អ្នក​ហើយ​ គឺ​អាច​លក់​ក្នុង​បរិមាណ​​ច្រើន។

ជារួមមកវិញ ដើម្បី​​ក្លាយ​ជា​អ្នក​លក់​ដ៏​ពូកែ​ម្នាក់​ ​ត្រូវ​ការធាតុ​​​រួម​ផ្សំ​ជា​ច្រើន ហើយគន្លឹះ​សំខាន់ៗ​ខាងលើនេះ អាច​​ជា​ទុន​គំនិត​​​ជួយ​អ្នក​ឱ្យ​ក្លាយ​​លក់​ដ៏​ឆ្លាត​វៃ​ម្នាក់​បាន។


អត្ថបទទាក់ទង

តើអ្នកនឹងធ្វើដូចម្ដេចដើម្បីលក់ក្រាសសិតសក់ឱ្យព្រះសង្ឃ?

Leave a Reply