គន្លឹះសំខាន់ៗទាំង៧នេះ អាចឲ្យអ្នកគ្រប់គ្រងស្ថានការណ៍តឹងតែងបាន

ត្រឹមតែ​ជា​អ្នក​​គ្រប់គ្រង​​គ្រប់គ្រាន់​ដែរ​ឬទេ? នេះ​ជា​សំនួរ​មួយ​ដែល​បងប្អូនមិត្ត​អ្នកអាន​ ជា​ពិសេស​សហគ្រិន និងអ្នក​គ្រប់គ្រង​នានា​​គួរ​ស្វែង​យល់​យ៉ាង​ប្រុងប្រយ័ត្ន​។ ​អ្នក​​អាច​យល់​​ថា ដោយសារ​តែ​​លោក​អ្នក​ជា​មនុស្ស​មាន​សមត្ថភាព​ និងមាន​ទំនុកចិត្ត​ ទើប​​ត្រូវ​បាន​គេ​ចាត់តាំង​ឲ្យ​ទទួល​ខុសត្រូវ​ជា​អ្នក​​គ្រប់គ្រង​នៅ​​​ក្នុង​ស្ថាប័ន​ណា​មួយ។ យ៉ាងណាមិញ សូម​ចាំ​ថា រាល់​បុគ្គលិក​ទាំងអស់ ត្រូវ​ការ​អ្នក​​គ្រប់គ្រង​ម្នាក់​ដែល​មាន​គុណភាព គុណសម្បត្តិ និងមាន​គុណ​តម្លៃយ៉ាង​ច្រើន​​ដល់​បុគ្គលិក​គ្រប់គ្នា។ បើ​ដូច្នេះ​មែន​នោះ ត្រឹមតែ​​ជា​អ្នក​គ្រប់គ្រង វា​មិន​ទាន់​គ្រប់គ្រាន់​ទេ តែ​លោក​អ្នក​ត្រូវ​​​ក្លាយ​ជា​​អ្នក​គ្រប់គ្រង​មួយ​​​ដ៏​ល្អ​ផ្តល់​ភាព​ជា​​គំរូ​ដល់​មនុស្ស​គ្រប់គ្នា។

ខាងក្រោមនេះ គឺជា​គុណសម្បត្តិ​ចំនួន ៧ នៅ​ក្នុង​ចំណោម​គុណសម្បត្តិ​ទាំងឡាយ ​ដែល​មាន​តម្លៃ​សម្រាប់​អ្នក​គ្រប់គ្រង​នៅ​ពេល​ជួប​ស្ថានការណ៍​តឹងតែង៖​​​​

១.​ មានភាពក្លាហាន និងទំនុកចិត្ត

នៅ​ពេល​ស្ថានការណ៍​តឹងតែង​ចូល​មក​ដល់ អ្នក​ត្រូវ​មាន​ភាព​​ឈ្លាសវៃ​​បំផុត​ដើម្បី​បង្កើត​ការ​សម្រេចចិត្ត​ដ៏​ល្អ​មួយ។ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​មាន​ភាព​ក្លាហាន និង​មាន​ទំនុក​ចិត្ត​គ្រប់គ្រាន់ផងដែរ ​ដើម្បី​រក្សា​ឲ្យ​បាន​នូវ​ភាព​សុទិដ្ឋិនិយម បើ​ទោះបី​ជា​អ្នក​ត្រូវ​ឆ្លងកាត់​ពេលវេលា​ដ៏​លំបាក​បំផុត​មួយ​ក៏ដោយ។ ​​​គន្លឹះ​​ដ៏​ល្អ​នៅ​ចំណុច​នេះ គឺ​អ្នក​មិន​ត្រូវ​ផ្តោត​តែ​ទៅ​លើ​បញ្ហា​ ឬ​លទ្ធផល​អាក្រក់​ដែល​នឹង​កើត​មាន​នោះ​ឡើយ ពោល​គឺ​អ្នក​ក៏​ត្រូវ​មើល​ឃើញ​ពី​ឱកាស និង​​គុណសម្បត្តិ​របស់​វា​​ផងដែរ។

២. ភាព​ជឿជាក់ និង​ភាព​ត្រឹមត្រូវតាមផែនការ

នៅ​ក្នុង​ស្ថានភាព​ណា​ក៏ដោយ ភាព​ជឿជាក់ ​គឺ​លក្ខណៈសម្បត្តិ​ដ៏​មាន​សារសំខាន់​បំផុត​មួយ​ទៀត​របស់​អ្នក​គ្រប់គ្រង។ ប៉ុន្តែ​នៅ​ពេល​ស្ថានភាព​ច្របូកច្របល់​ចូល​មក​ដល់ វា​កាន់តែ​មាន​តម្លៃ​​ជាង​នេះ​ទៅ​ទៀត​សម្រាប់​ក្រុម​ការងារ​ទាំងមូល​​។ នៅ​ក្នុង​ស្ថានភាព​នេះ គម្រោង និង​ការ​រៀបចំ​លំដាប់លំដោយ​ផ្សេងៗ​​ទៀត​នៃ​ផែនការ​ដែល​ត្រូវ​សម្រេច​ពិត​​​បាន​ដើរ​តួនាទី​សំខាន់​។ អ្នក​គ្រប់គ្រង​ត្រូវ​រក្សា​​ភាព​ស្ងៀមស្ងាត់ ប្រើ​គំនិត​ជាជាង​ការ​ប្រើ​អារម្មណ៍ និង​បង្ហាញ​ឲ្យ​ក្រុម​ការងារ​ទាំង​មូល​បាន​ដឹង​ថា ផែនការ​ការងារ​ទាំងមូល​អនុវត្ត​បាន​ជា​ធម្មតា និង​ត្រឹមត្រូវ​តាម​ផែនការ។

៣. ការប្រាស្រ័យទាក់ទង

នេះ​គឺ​ជា​ជំនាញ​​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​​ចំណោម​ជំនាញ​ផ្សេងៗ​ទៀត​។ អ្នក​គ្រប់គ្រង​​ត្រូវ​ដឹង​ថា ខ្លួន​មាន​តួនាទី​ឈានមុខ​គេ​ក្នុង​ការ​បង្កើត​​ឲ្យ​មាន​បរិស្ថាន​ទំនាក់ទំនង​ដ៏​ល្អ​មួយ​នៅ​ក្នុង​ស្ថាប័ន។ បន្ថែម​លើ​នេះ​ខ្លួន​មិន​ត្រឹមតែ​​ជា​អ្នក​កំណត់​ចក្ខុវិស័យ​ជា​យុទ្ធសាស្ត្រ (ទិសដៅ​ដែល​ក្រុម​ការងារ​ត្រូវ​ទៅ និង​របៀប​ដែល​ត្រូវ​ទៅ​ដល់​គោលដៅ​នោះ) ប៉ុណ្ណោះ​ទេ ពោល​គឺ​ថែម​ទាំង​​ត្រូវ​អភិវឌ្ឍ និង​បង្ហាញ​នូវ​មតិ​​​ទស្សនៈ​​ច្បាស់លាស់​ផង​ដែរ​ដើម្បី​ឲ្យ​ចក្ខុវិស័យ​នោះ​ងាយស្រួល​​យល់ និង​អនុវត្ត​បាន​​ទូលំទូលាយ​ពី​ក្រុម​ការងារ​ទាំងមូល។

​៤. ការគិត​បែប​យុទ្ធសាស្ត្រ

អ្នក​គ្រប់គ្រង​ដ៏​ល្អ​ម្នាក់​ដែល​អាច​ឆ្លងកាត់​​ស្ថានការណ៍​តឹងតែង​មួយ គឺ​ត្រូវ​មាន​សមត្ថភាព​ខ្លាំង​​​ដើម្បី​សម្លឹង​មើល​​បាន​វែងឆ្ងាយ និង​​ដឹង​ច្បាស់​ពី​ជំហាន​ដែល​​ចាំបាច់​​សម្រាប់​សម្រេច​លទ្ធផល​នៅ​ពេល​ខាងមុខ។ ប៉ុន្តែ​អ្នក​គ្រប់គ្រង​ដែល​អស្ចារ្យ​ម្នាក់​ក៏​ត្រូវ​ចេញ​ទទួលស្គាល់​​ច្បាស់​នូវ​អ្វី​​ដែល​ពិតប្រាកដ និង​អាច​សម្រេច​បាន​ដោយ​ប្រើ​យុទ្ធសាស្ត្រ​នៅ​ក្នុង​កម្រិត​មួយ និង​ពេលវេលា​ដ៏​សមស្រប​មួយ​ដែល​ចាំបាច់​ដើម្បី​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព។ ក្រៅ​ពី​ចំណេះដឹង​ទាំង​នេះ សមត្ថភាព​​ក្នុង​ការ​វិភាគ​ទិន្នន័យ និង​ភាព​ជាក់ស្ដែង​និយម ក៏​អាច​ជួយ​ឲ្យ​អ្នក​ដឹកនាំ​បន្ធូរបន្ថយ​ស្ថានការណ៍​ស្មុគស្មាញ​មក​ឲ្យ​សាមញ្ញ​បាន​ដែរ។

៥. ការ​សម្រេចចិត្ត​នៅ​ពេល​មានស្ថានការណ៍​បន្ទាន់​កើត​ឡើង​

នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​មាន​ភាព​បន្ទាន់​ខ្លាំង ការ​សម្រេចចិត្ត​ភ្លាមៗ​ពិត​ជា​មាន​ភាព​លំបាក​ខ្លាំង​ណាស់ ហើយ​អាច​ធ្វើ​ឲ្យ​ការ​សម្រេចចិត្ត​នោះ​ខុស​ទៀត​ផង។ ប៉ុន្តែ​ស្ថានភាព​នេះ អ្នក​​គ្រប់គ្រង​​ត្រូវ​តែ​សម្រេចចិត្ត​ដើម្បី​ឲ្យ​ក្រុម​ការងារ​អនុវត្ត​ភ្លាមៗ។ នេះ​មានន័យ​ថា ការ​សម្រេចចិត្ត​​ខ្លះ​​នឹង​មិន​បាន​​ពឹងផ្អែក​លើ​ព័ត៌មាន​យ៉ាង​សុក្រឹត​ទាំងស្រុង​នោះ​​ទេ ឬ​អាច​ទទួល​ព័ត៌មាន​មិន​គ្រប់គ្រាន់​មុន​ពេល​សម្រេចចិត្ត។ យ៉ាងណា​មិញ កូន​សោ​សំខាន់​ដើម្បី​សម្រេចចិត្ត​នៅ​ក្នុង​កាលៈទេសៈ​​នេះ គឺ​ការ​សម្រេចចិត្ត​ដែល​អ្នក​យល់​ថា​ មាន​ភាគរយ​ខ្ពស់​ដែល​ត្រឹមត្រូវ ហើយ​​ត្រូវ​ធ្វើ​ការ​ផ្លាស់ប្ដូរ ​ប្រសិន​បើ​ចាំបាច់​នៅ​ពេល​មាន​ព័ត៌មាន​ថ្មី​បាន​កើត​មាន​ឡើង។

៦. ការ​សហការជាមួយគ្រប់ភាគីពាក់ព័ន្ឋ

ភាព​ជោគជ័យ​អាស្រ័យ​លើ​សមត្ថភាព​ក្នុង​ការ​ចូលរួម​ជាមួយ​ក្រុម​​អ្នកដឹកនាំ ​និង​អ្នក​ពាក់ព័ន្ធ​សំខាន់ៗ​ដទៃ​ទៀត​ដែល​រួមចំណែក​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​​ចក្ខុវិស័យ និង​គោលដៅ​​​សម្រេច​បាន​តាម​ផែនការ​កំណត់។  នេះ​ពិត​ជា​សំខាន់​ណាស់​ខ្លាំង​ណាស់​នៅ​ក្នុង​ការ​​ទទួល​បាន​លទ្ធផល​តាម​​ច្រើន​រូបភាព​តាម​រយៈ​ការ​បង្កើត​គម្រោង និង​ការ​អនុវត្ត។ ក្រុម​ការងារ​ទាំង​នេះ​មិន​ត្រឹម​តែ​អាច​ជួយ​​ស្វែង​រក​ដំណោះស្រាយ​​លើ​បញ្ហា​ជាប់​គាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ជួយ​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ចក្ខុវិស័យ​របស់​អ្នក ជា​អ្នក​នាំ​សារ និង​ជា​អ្នក​ជួយ​ជំរុញ​លើកទឹកចិត្ត​ដ៏​សំខាន់​ទៅ​​ដល់​បុគ្គលិក​ក្រោម​បង្គាប់​គ្រប់​ជាន់​ថ្នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ស្ថាប័ន​ទាំងមូល។

៧. ការ​យល់ចិត្ត​យល់​ថ្លើម

នៅ​ក្នុង​ស្ថានការណ៍​ដ៏​លំបាក​មួយ បើ​ទោះបី​ជា​អ្នក​ពូកែ​ ឆ្លាត ឬ​មាន​សមត្ថភាព​យ៉ាងណាក៏ដោយ ក៏អ្នក​នៅ​តែ​មាន​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​មួយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់។ ហេតុដូច្នេះ​ហើយ​ ក្នុង​នាម​ជា​អ្នក​គ្រប់គ្រង​ដ៏​ល្អ​ម្នាក់ អ្នក​​ត្រូវ​ថ្លឹងថ្លែង​ពី​​ស្ថានភាព​របស់​ក្រុម​ការងារ​ទាំងមូល​របស់​អ្នក​ថា តើ​ពួកគេ​មាន​អារម្មណ៍​បែបណា? ភ័យខ្លាច? ខឹង? នឿយហត់? ​អស់សង្ឃឹម? ​ទាំង​នេះ​ជា​អ្វី ដែល​អ្នក​ត្រូវ​ពិចារណា​​ ហើយ​ស្វែង​យល់​ថា តើ​អារម្មណ៍​របស់​ពួកគេ​ទាំង​នេះ​មាន​ប្រភព​មក​ពីណា។ បន្ទាប់​មក​ អ្នកត្រូវ​បើក​កិច្ចពិភាក្សា​ជាមួយ​គ្នា​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​រួម​មួយ​សម្រាប់​ស្ថាប័ន​​ទាំងមូល។

សរុបមក នៅ​ពេល​​ដែលមាន​ការ​ផ្លាស់ប្ដូរ​ដ៏​ធំ​មួយ​កើត​​ឡើង មនុស្ស​ជា​ច្រើន​អាច​ចោទសួរ​ឡើង​ថា តើ​អ្នក​​​គ្រប់គ្រង​ត្រូវ​ធ្វើ​អ្វី​ខ្លះ? ហើយ​ថា តើ​​​ខ្លួន​រំពឹង​អ្វី​ខ្លះ​ពី​ការ​សម្រេចចិត្ត​នៅ​ក្នុង​ស្ថានការណ៍​​នេះ? ដូចនេះហើយ ​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​ដែល​អ្នក​​គ្រប់គ្រង​ត្រូវ​មាន​ដូច​ជា ត្រូវ​មាន​ភាព​ស្មោះត្រង់ មានការតស៊ូ និង​ចក្ខុវិស័យ​ច្បាស់លាស់​ជា​ដើម។ យ៉ាងណាមិញ នៅ​ក្នុង​ក្រុមហ៊ុន ឬ​ស្ថាប័ន​ជា​ច្រើន​ អ្នក​គ្រប់គ្រង​នីមួយៗ ​​បាន​ប្រើ​យុទ្ធសាស្ត្រ​ និង​មាន​គុណសម្បត្តិ​ផ្សេងៗ​គ្នា។ នៅ​ក្នុង​ចំណោម​គុណសម្បត្តិ​ទាំង​នោះ អ្នកអាចប្រើប្រាស់គន្លឹះសំខាន់ៗខាងលើនេះ ​ដែល​មាន​តម្លៃ​សម្រាប់​អ្នក​គ្រប់គ្រង​​ត្រូវ​​នៅ​ពេល​ជួប​ស្ថានការណ៍​តឹងតែង។

សម្រួលពី៖ World Economic Forum


អត្ថបទទាក់ទង

សាកល្បងប្រើវិធីសាស្រ្តទាំង៤នេះ នៅពេលអ្នកមានគម្រោងថ្មីដែលត្រូវធ្វើ

 

Leave a Reply