ការពិត ៩យ៉ាង ដើម្បីក្លាយជាអ្នកដឹកនាំដ៏ល្អម្នាក់

ទោះបីជាអ្នកមើលឃើញខ្លួនអ្នក​បែបណាក៏ដោយ ទោះបីជាអ្នកមានអាយុប៉ុន្មានក៏ដោយ ដរាបណាអ្នកបានជួលបុគ្គលិកជា​លើកទីមួយមានន័យថាអ្នកបានឈានជំហានទីមួយនៃការក្លាយជាអ្នកដឹកនាំដែលពោរពេញ​ដោយថាមពល។

នៅពេលដែលប្រាក់អ្នកមានចំនួនតិចតួច កម្រិតសម្ពាធខ្ពស់ ហើយ​ចក្ខុវិស័យចំពោះភាពជោគជ័យ មិនកើតឡើងដូចដែលអ្នកគិតនោះអារម្មណ៍ទាំងនោះនឹងងាយ​គ្រប់គ្រងលើខ្លួនអ្នកបាន ហើយក៏ដូចជាក្រុមអ្នកផងដែរ។

សូមដកដង្ហើមឲ្យស្រួល ទប់អារម្មណ៍​ខ្លួនឯង និងរំឮកខ្លួនអ្នកថា អ្នកជាអ្នកដឹកនាំ ហើយអ្នកចង់ក្លាយជាអ្នកដឹកនាំដ៏ល្អ។ ខាងក្រោមនេះ គឺជាគុណសម្បត្តិ​ ចំនួន៩ ដែលអ្នកដឹកនាំល្អគ្រប់រូបគួរមាន និងរៀនបង្កើនគុណសម្បត្តិទាំងនេះឲ្យបានល្អប្រសើរឡើង។

១. អព្ភន្តរញ្ញាណ (សមត្ថភាពក្នុងការយល់ដឹងដោយមិនបាច់ពិចារណា)

នៅពេលដឹកនាំមនុស្សមួយក្រុមតាមរយៈខ្សែទឹក ដែលមិនស្គាល់ ពុំមានផែនទីដែលបង្ហាញ​ផ្លូវ​ដែលអ្នកត្រូវដើរឡើយ គ្រប់យ៉ាងមិនប្រាកដប្រជា ហើយនៅពេលហានិភ័យកាន់តែខ្ពស់សម្ពាធក៏កាន់​តែខ្ពស់ដែរ។ នោះគឺជាចំណុចដែលត្រូវប្រើប្រាស់សមត្ថភាព ក្នុងការយល់ដឹងអ្វីៗដោយមិនបាច់​ពិចារណាដែលអ្នកមានពីធម្មជាតិ។

ការណែនាំក្រុមការងារ តាមរយៈដំណើរការនៃការងារពីមួយថ្ងៃទៅមួយថ្ងៃអាចមានភាពអន់ខ្សោយទៅតាមការប្រើប្រាស់ផ្នែកវិទ្យាសាស្រ្ត ប៉ុន្តែ​នៅពេលដែល​រឿងដែលមិនបានរំពឹងទុកជាមុនកើតឡើង ឬនៅពេលដែលអ្នកត្រូវបង្ខំឲ្យស្ថិតនៅក្នុង​សេណារីយ៉ូថ្មី​មួយ ក្រុមការងាររបស់អ្នកនឹងមករកអ្នកដើម្បីស្នើសុំការណែនាំ។

ការងាកទៅសម្លឹង​មើល​បទពិសោធន៍ពីអតីតកាល គឺជាការឆ្លុះបញ្ចាំងដ៏ល្អមួយ ដូចជាអ្នកកំពុងស្វែងរកទីប្រឹក្សា ​ដើម្បីស្នើសុំការគាំទ្រផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ នៅចុងក្រោយ ការសម្រេចចិត្តដ៏ល្អ ហើយពិបាក នឹងអាស្រ័យលើអ្នក អ្នកនឹងត្រូវសម្រេចចិត្ត ហើយអ្នកនឹងត្រូវពឹងផ្អែកលើសភាវគតិរបស់អ្នក​សម្រាប់ស្វែងរកចម្លើយ។

ការរៀនទុកចិត្តលើខ្លួនឯង គឺពិតជាសំខាន់ណាស់ ដូចដែលក្រុមការងាររបស់អ្នករៀន​ទុកចិត្តអ្នកដែរ។

២. ការទំនាក់ទំនង

ស្គាល់អំពីអ្វីដែលអ្នកចង់សម្រេចបានអាចមានភាពច្បាស់លាស់នៅក្នុងខួរក្បាលរបស់អ្នក ប៉ុន្តែ​ប្រសិនបើអ្នកព្យាយាមពន្យល់វាទៅកាន់អ្នកដទៃ ហើយចម្លើយតបមកវិញ គឺគេមិនយល់អ្វីទាំងអស់វិញ​នោះអ្នកដឹងថាវាមានបញ្ហា។

ប្រសិនបើអ្នកធ្លាប់មានបទពិសោធន៍បែបនេះ នោះអ្នកអាចមានបំណង​ផ្តោតការយកចិត្តទុកដាក់ទៅលើការពង្រឹងជំនាញក្នុងការទំនាក់ទំនង។ លទ្ធភាព​ក្នុង​ការបរិយាយយ៉ាងច្បាស់លាស់ និងចំចំណុចអំពីអ្វីដែលអ្នកចង់សម្រេចបាន គឺមានសារៈសំខាន់​យ៉ាងខ្លាំង។

ប្រសិនបើអ្នកមិនអាចធ្វើឲ្យក្រុមការងារ មានការពាក់ព័ន្ធនឹងចក្ខុវិស័យរបស់អ្នកបានទេ​ នោះអ្នកទាំងអស់គ្នានឹងមិនអាចធ្វើការងារឆ្ពោះទៅកាន់គោលដៅតែមួយបានឡើយ។

ទាំងការបណ្តុះបណ្តាលសមាជិកថ្មី និងទាំងការបង្កើតបរិយាកាសការងារប្រកបដោយផលិតភាព សុទ្ធតែ​ត្រូវពឹងផ្អែកលើបន្ទាត់ទំនាក់ទំនងដ៏ល្អ។ ទោះបីជាការទំនាក់ទំនងនោះ ជជែកវែកញែកជាមួយ​បុគ្គលិករបស់អ្នកជារៀងរាល់ថ្ងៃក៏ដោយ ការធ្វើឲ្យខ្លួនអ្នកមានភាពទំនេរក្នុងការពិភាក្សាអំពីបញ្ហារវាង​ការិយាល័យជាច្រើននៅក្នុងអង្គភាពរបស់អ្នក គឺសំខាន់។

ក្រុមការងាររបស់អ្នកនឹងរៀនទុកចិត្ត និង​ពឹងផ្អែកលើអ្នក ហើយពួកគេនឹងកាត់បន្ថយភាពរារែកក្នុងការខិតខំធ្វើការងារកាន់តែខ្លាំង។

ទឹកចិត្តមានការផ្សារភ្ជាប់ទៅនឹងផលិតភាពហើយ វាគឺជាកិច្ចការរបស់អ្នកក្នុងនាមជាអ្នកដឹកនាំក្រុមក្នុងការបញ្ចូលថាមពលវិជ្ជមានទៅក្នុងចិត្តរបស់ពួកគេ។ ការលើកទឹកចិត្ត​ឲ្យក្រុមការងាររបស់អ្នកសើចជំនួសឲ្យការយំ នៅពេលដែលពួកគេមានកំហុស។ ប្រសិនបើអ្នកបន្ត​រកឃើញភាពរីករាយនៅក្នុងការលំបាក បរិយាកាសការងាររបស់អ្នកនឹងក្លាយជាសប្បាយរីករាយ និង​មានផាសុខភាពជាកន្លែងដែលបុគ្គលិករបស់អ្នកចង់ធ្វើការ មិនមែនជាកន្លែងដែលបុគ្គលិករបស់អ្នក​មកធ្វើការដោយភាពភ័យខ្លាចនោះទេ។

ស្វែករកការបង្កើតការនិយាយលេងសើចជាមួយក្រុមការងារ​របស់អ្នក និងលើកទឹកចិត្តឲ្យមានការកិច្ចពិភាក្សាផ្ទាល់ខ្លួនអំពីគម្រោង និងការដើរកំសាន្ត​នាចុង​សប្តាហ៍។ការសម្រាកពីការងាររយៈពេលខ្លីទាំងនេះហើយ ដែលធ្វើឲ្យជួយរក្សាកម្រិតផលិតភាពឲ្យ​នៅតែមានកម្រិតខ្ពស់ និងរក្សាទឹកចិត្តរបស់បុគ្គលិកបានកាន់តែល្អ។

៣. សមត្ថភាពក្នុងការបំផុសគំនិត

ការបង្កើតអាជីវកម្ម តែងតែរួមបញ្ចូលការទស្សន៍ទាយជាមុនបន្តិចបន្តួច ជាពិសេសនៅដំណាក់កាល​ដំបូងនៃការចាប់ផ្តើម។ ការបំផុសគំនិតក្រុមរបស់អ្នក ឲ្យមើលឃើញចក្ខុវិស័យនៃភាពជោគជ័យដែលនឹង​ចូលមកដល់ គឺជារឿងសំខាន់។ ចូរធ្វើឲ្យក្រុមការងាររបស់អ្នកមានអារម្មណ៍ថា ពួកគេបានបណ្តាក់ទុន​នៅក្នុងការសម្រេចសមិទ្ធផលនានារបស់ក្រុមហ៊ុន។

សមត្ថភាពក្នុងការបំផុសគំនិតក្រុមការងាររបស់អ្នក គឺអស្ចារ្យ ដោយអ្នកត្រូវផ្តោតលើគោលដៅនា​ពេលអនាគត ប៉ុន្តែការផ្តោតលើបញ្ហាបច្ចុប្បន្នក៏មានសារៈសំខាន់ផងដែរ។នៅពេលដែលជួបប្រទះនឹង​ការលំបាកនៅក្នុងការងារ កម្លាំងចិត្តក្នុងការធ្វើការនឹងធ្លាក់ចុះ ហើយកម្រិតនៃ​ថាមពលក៏ចុះខ្សោយផងដែរ ដូច្នេះចូរទទួលស្គាល់ថាអ្នករាល់គ្នាត្រូវការសម្រាកម្តងម្កាល។ សូមទទួលស្គាល់​ការងារដែលអ្នករាល់គ្នា បានប្តេជ្ញា បានរួមចំណែកធ្វើ និងកោតសរសើរក្រុមការងារ ចំពោះការខិតខំ​ប្រឹងប្រែងរបស់ពួកគេ។

វាគឺជាការងាររបស់អ្នកក្នុងការរក្សាស្មារតីក្រុមឲ្យនៅតែខ្ពស់ ហើយ​វា​ចាប់ផ្តើមពីការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងធ្វើការងាររបស់ពួកគេ។

៤. គំនិតច្នៃប្រឌិត

ការសម្រេចចិត្តមួយចំនួន តែងតែមិនមានភាពដាច់ស្រេចឡើយ។ អ្នកអាចត្រូវបានបង្ខំឲ្យចេញឆ្ងាយពី​ផ្លូវដែលអ្នកបានកំណត់ ហើយធ្វើការសម្រេចចិត្តដោយមិនបានត្រៀមខ្លួនជាមុន។ នេះគឺជាចំណុច​ដែលគំនិតច្នៃប្រឌិតរបស់អ្នក នឹងបញ្ជាក់ថាវាមានសារៈសំខាន់។

នៅក្នុងអំឡុងពេលនៃស្ថានភាព​សំខាន់ៗទាំងនេះហើយ ដែលក្រុមការងារនឹងមកជួបអ្នក ដើម្បីស្នើសុំការណែនាំ ហើយអ្នក​អាចត្រូវបង្ខំឲ្យធ្វើការសម្រេចចិត្តបន្ទាន់មួយ។ ក្នុងនាមជាអ្នកដឹកនាំម្នាក់ វាមានសារៈសំខាន់ណាស់ ដែលអ្នក​ត្រូវរៀនគិតប្រកបដោយគំនិតច្នៃប្រឌិត ហើយធ្វើការជ្រើសរើស រវាងជម្រើសអាក្រក់ៗទាំងពីរ ថាតើ​មួយណាជាជម្រើសដ៏ល្អបំផុត។

ចូរកុំជ្រើសរើសយកជម្រើសទីមួយភ្លាមៗ ឬជម្រើសដែលអ្នកអាចធ្វើ​ទៅបាន ដោយងាយស្រួល​បំផុត ពេលខ្លះ វាជារឿងដ៏ល្អបំផុតក្នុងការគិតអំពីបញ្ហាទាំងនេះឲ្យបាន​ច្រើនដង និងងាកទៅស្នើសុំការណែនាំពីក្រុមការងាររបស់អ្នក។

តាមរយៈការប្រើប្រាស់ជម្រើសទាំងអស់មុនពេលធ្វើការសម្រេចចិត្តដ៏ប្រញាប់ប្រញាល់ តាមធម្មតា អ្នកនឹង​អាចឈានទៅដល់ការធ្វើសេចក្តីសន្និដ្ឋានចុងក្រោយ ដែលអ្នកចង់ឈានទៅដល់។

៥. ទំនុកចិត្ត

អាចមានថ្ងៃមួយណាមួយ នាពេលអនាគត ដែលក្រុមហ៊ុនរបស់អ្នក ជួបប្រទះនឹងបញ្ហា ហើយគ្រប់យ៉ាង​មិនដំណើរតាមអ្វីដែលបានគ្រោងទុក។ នេះជាការពិតចំពោះអាជីវកម្មមិនចំពោះថាខ្នាតធំ មធ្យម ឬតូចនោះ​ទេ ហើយចំណុចដែលសំខាន់បំផុតនោះ មិនមែនជាការតក់ស្លុតនោះទេ។ ផ្នែកមួយនៃការងាររបស់អ្នកក្នុង​នាមជាអ្នកដឹកនាំម្នាក់ គឺការពន្លត់ភ្លើង និងរក្សាទំនុកចិត្តរបស់ក្រុមការងារ។

រក្សាកម្រិតនៃភាពជឿជាក់​របស់អ្នក និងបញ្ជាក់ឲ្យមនុស្សគ្រប់រូបដឹងថា ឧបសគ្គ គឺរឿងធម្មជាតិ ហើយអ្វីដែលសំខាន់ គឺការផ្តោត​លើគោលដៅដែលកាន់តែធំ។ ក្នុងនាមជាអ្នកដឹកនាំ តាមរយៈការសម្រួលអារម្មណ៍ និងការមាន​ទំនុកចិត្ត អ្នកនឹងជួយរក្សាទឹកចិត្តក្រុមការងារឲ្យនៅដូចដើម។

ប្រសិនបើអ្នកមិន​អាចសម្រួលអារម្មណ៍ខ្លួនឯងបាននោះ ក្រុមការងាររបស់អ្នកនឹងទទួលយកអារម្មណ៍បែបនោះពីអ្នក។ គោលបំណងចម្បង គឺធ្វើឲ្យអ្នកគ្រប់គ្នាបន្តធ្វើការ និងដំណើរការទៅមុខជានិច្ច។

៦. ភាពស្មោះត្រង់

ទោះបីជាផែនការរបស់អ្នក គោរពតាមក្រមសីលធម៌យ៉ាងណាក៏ដោយ នៅពេលដែលមានទំនួលខុសត្រូវ​ចំពោះមនុស្សមួយក្រុម សារៈសំខាន់របស់វាក្នុងការបង្កើនគុណតម្លៃនៃភាពជាអ្នកដឹកនាំ គឺកាន់តែខ្លាំងក្លា។ អាជីវកម្មអ្នក និងបុគ្គលិកនៅក្នុងអាជីវកម្មនេះ គឺជាការឆ្លុះបញ្ចាំងអំពីខ្លួនអ្នក ហើយប្រសិនបើយក​ភាពស្មោះត្រង់ និងអាកប្បកិរិយាប្រកបដោយក្រមសីលធម៌ជាគុណតម្លៃដ៏សំខាន់នោះ ក្រុមរបស់អ្នក​នឹងដើរតាមអ្នក។

៧. សមត្ថភាពក្នុងផ្ទេរសិទ្ធិអំណាច

វា​មានសារៈសំខាន់ក្នុងការចងចាំថា ការទុកចិត្តក្រុមដែលកំពុងធ្វើការងារជាមួយនឹងគំនិតរបស់អ្នក គឺជា​សញ្ញាមួយនៃកម្លាំង មិនមែនជាភាពទន់ខ្សោយឡើយ។ ការផ្ទេរសិទ្ធិអំណាចការងារ ទៅឲ្យផ្នែកដែល​សមស្រប គឺជាជំនាញដ៏សំខាន់បំផុតមួយដែលអ្នកអាចអភិវឌ្ឍខ្លួនអ្នក ក៏ដូចជាធ្វើឲ្យអាជីវកម្មរបស់អ្នក​មានភាពរីកចម្រើន។

អ៊ីមែល និងការងារនឹងចាប់ផ្តើមមានចំនួនកើនឡើង គរដូចជាភ្នំ ហើយប្រសិនបើ​កាន់តែបន្ទាប​ខ្លួនអ្នកឲ្យទាបដើម្បីទប់ទល់នឹងទម្ងន់ភ្នំនោះ គុណភាពនៃការងាររបស់អ្នក នឹងកាន់តែ​ធ្លាក់ចុះ ហើយអ្នកនឹងសម្រេចបានលទ្ធផលកាន់តែតិច។

ចំណុចសំខាន់ក្នុងការផ្ទេរសិទ្ធិអំណាច គឺសម្គាល់អំពីភាពខ្លាំងនៃក្រុមការងារ និងទាញយក​ប្រយោជន៍ពីភាពខ្លាំងទាំងនោះ។ ចូរស្វែងរកអ្វីដែលសមាជិកម្នាក់ៗនៃក្រុមការងាររបស់អ្នកចូលចិត្តធ្វើ​ជាងគេ។

ឱកាស គឺប្រសិនបើពួកគេរកឃើញការងារ ដែលពួកគេកាន់តែចូលចិត្តធ្វើ នោះ​ពួកគេទំនង​ជានឹងផ្តោតចិត្តគំនិត និងខិតខំប្រឹងប្រែង ធ្វើការងារនោះកាន់តែខ្លាំង។ ចំណុចនេះមិនត្រឹមតែបញ្ជាក់​ឲ្យ​ក្រុមការងាររបស់អ្នកដឹងថា អ្នកទុកចិត្ត និងជឿជាក់លើពួកគេប៉ុណ្ណោះទេ ប៉ុន្តែវានឹងធ្វើឲ្យអ្នកមានពេល​ទំនេរកាន់តែច្រើន សម្រាប់ចំណាយទៅលើការងារ ដែលមានកម្រិតខ្ពស់ជាងនេះ ដែលមិនគួរធ្វើការ​ផ្ទេរសិទ្ធិអំណាចឡើយ។ វាបង្កើតតុល្យភាពដ៏ល្អមួយ ប៉ុន្តែវាគឺជាតុល្យភាពមួយដែលនឹងជះឥទ្ធិពល​យ៉ាងខ្លាំងក្លាទៅលើផលិតភាពនៃអាជីវកម្មរបស់អ្នក។

៨. ការប្តេជ្ញាចិត្ត

ប្រសិនបើអ្នករំពឹងថា ក្រុមការងាររបស់អ្នកនឹងខិតខំប្រឹងប្រែងធ្វើការ និងសម្រេចបាននូវសមិទ្ធផល​ដែលមានគុណភាពល្អនោះ អ្នកត្រូវដឹកនាំដោយប្រើសកម្មភាព។ “គ្មានការជម្រុញទឹកចិត្តមួយណា មានកម្លាំង​ជម្រុញខ្លាំងជាងការឃើញចៅហ្វាយនាយរបស់ខ្លួនធ្វើការប្រកៀកស្មាធ្វើការងារជាមួយអ្នកទេ” ដែលនេះបង្ហាញថា ការខិតខំធ្វើការងារ ត្រូវបានធ្វើឡើងដោយអ្នកធ្វើការនៅគ្រប់កម្រិតទាំងអស់។

តាមរយៈការបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់អ្នកចំពោះក្រុមហ៊ុន និងតួនាទីរបស់អ្នក អ្នកនឹងមិនត្រឹមតែ​ទទួលបានមកវិញ នូវការគោរពពីក្រុមការងារប៉ុណ្ណោះទេ ប៉ុន្តែអ្នកថែមទាំងបញ្ជាក់ថា ថាមពលនៃការខិតខំប្រឹងប្រែងធ្វើការ គឺមានដូចៗគ្នាក្នុងចំណោមបុគ្គលិកទាំងអស់។ វាមាន​សារៈសំខាន់ណាស់ ក្នុងការបង្ហាញការប្តេជ្ញាចិត្ត មិនត្រឹមតែចំពោះការងារនៅក្នុងដៃប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងចំពោះការសន្យាផងដែរ។

ប្រសិនបើអ្នកសន្យាថានឹងរៀបចំពិធីជប់លៀង​នា​ថ្ងៃឈប់សម្រាកមួយ ឬផ្តល់ការឧបត្ថម្ភសម្រាប់ថ្ងៃឈប់សម្រាកនៅថ្ងៃសុក្រ ឬថ្ងៃសៅរ៍ ចូររក្សាពាក្យសម្តីរបស់អ្នក។ អ្នក​ចង់​បង្កើតកេរ្តិ៍ឈ្មោះមួយដែលមិនត្រឹមតែសម្រាប់ការខិតខំប្រឹងប្រែងធ្វើការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានការទទួលស្គាល់ថាជាអ្នកដឹកនាំដែលមានសុក្រិតភាព។

នៅពេល​ដែលអ្នកបានទទួលការគោរពពីក្រុមការងារ នោះពួកគេទំនងជានឹងខិតខំប្រឹងប្រែងធ្វើការងារ​ប្រកបដោយគុណភាពក្នុងបរិមាណដែលច្រើនបំផុត តាមដែលពួកគេអាចធ្វើបាន។

៩. ឥរិយាបថវិជ្ជមាន

អ្នកមានបំណងបន្តជម្រុញទឹកចិត្តក្រុមការងារ ដើម្បីឆ្ពោះទៅកាន់ភាពជោគជ័យជាបន្តបន្ទាប់ក្នុង​ក្រុមហ៊ុន និងបន្តផ្តល់ថាមពលដល់ពួកគេ។ ទោះបីជាសំដៅដល់ការផ្តល់នំចំណី កាហ្វេ ដំបូន្មានអំពី​ទំនាក់ទំនង ឬសូម្បីតែការជប់លៀងម្តងម្កាលនៅក្នុងការិយាល័យក៏ដោយ ចូរចងចាំថា អ្នកគ្រប់​គ្នានៅក្នុងក្រុមការងារ គឺជាមនុស្ស។

ចូររក្សាបរិយាកាសដែលមានតុល្យភាពល្អរវាង​ផលិតភាព និងភាពរីករាយ។ ប្រសិនបើក្រុមការងាររបស់អ្នកមានអារម្មណ៍រីករាយ និងមានសុទិដ្ឋិនិយម នោះពួកគេនឹង​មិនប្រកាន់ធ្វើការបន្ថែមម៉ោង ដើម្បីបញ្ចប់របាយការណ៍មួយ ឬលះបង់ការធ្វើការងារដ៏ល្អបំផុតរបស់​ពួកគេ ដើម្បីធ្វើឲ្យម៉ាកសញ្ញាមានកេរ្ត៍ឈ្មោះល្អនោះទេ។

សរុបមក បើមានគំនិតល្អហើយ អ្នកក៏ត្រូវមានក្រុមមួយ ដែលអាចធ្វើឲ្យគំនិតនោះលេចចេញជារូបរាងនៅក្នុងជីវិតពិត នោះវាជាជំហាន​ដំបូងក្នុងការការវិនិយោគលើអាជីវកម្មឲ្យទទួលបានជោគជ័យ។ រីឯសមត្ថភាពក្នុងការអនុវត្តគំនិតឲ្យបានជោគជ័យ គឺជាការបែងចែកការស្រមើលស្រមៃដាច់ដោយឡែកពីភាពពិតនៃសហគ្រិនភាព។


អត្ថបទទាក់ទង

សហគ្រិនជំនាន់ថ្មី គួរយល់ដឹងអំពីចំណុចសំខាន់ៗទាំង៣នេះ

Leave a Reply