កត្តាចម្បងៗ ចំនួន៤ ដែលធ្វើឲ្យអាជីវកម្មរបស់អ្នកឆាប់ដួលរំលំ

បច្ចុប្បន្ននេះ កំណើននៃអាជីវកម្មថ្មីៗមានការកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់  មិនថានៅក្នុងរាជធានីភ្នំពេញ ឬនៅតាមបណ្តាខេត្តនានានោះទេ។ ប៉ុន្តែយើងដឹងហើយថា អ្វីដែលម្ចាស់អាជីវកម្មទាំងអស់មិនចង់គិតដល់ នោះគឺ​​ការបរាជ័យនៃអាជីវកម្មរបស់ខ្លួន ហើយយើងក៏សង្កេតឃើញផងដែរថា មានអាជីវកម្មថ្មីៗជាច្រើនបានដួលរំលំទៅវិញ ក្រោយបើកដំណើរការបានប៉ុន្មានខែតែប៉ុណ្ណោះនៃឆ្នាំដំបូង។ ខាងក្រោមនេះ គឺជាកត្តាសំខាន់ៗ ចំនួន៤ ដែលនាំឲ្យអាជីវកម្មជាច្រើនងាយកើតឡើង ហើយក៏ងាយដួលរំលំទៅវិញ៖

១. រចនាសម្ព័ន្ធមិនមានរបៀបរៀបរយ

នៅពេលចាប់ផ្តើមអាជីវកម្មដំបូងភ្លាម រចនាសម្ព័ន្ធពិតជារឿងដ៏សំខាន់ ព្រោះបើអាជីវកម្មរបស់អ្នកមិនមានរចនាសម្ព័ន្ធត្រឹមត្រូវនោះទេ វានឹងធ្វើឲ្យផ្នែកនីមួយៗក្នុងក្រុមហ៊ុនរបស់អ្នក ដំណើរការទៅដោយគ្មានទិសដៅជាក់លាស់នោះឡើយ។ ក៏ព្រោះតែមូលហេតុនេះហើយ ទើបធ្វើឲ្យការងារដែលត្រូវបំពេញឲ្យបានល្អ បែរជាទទួលបានមកវិញត្រឹមតែជារឿងដែលមិននាំឲ្យមានការរីកចម្រើនមកកាន់ក្រុមហ៊ុនសោះឡើយ។

២. យុទ្ធសាស្រ្តមិនត្រឹមត្រូវ

ភាគច្រើននៃអាជីវកម្ម តែងតែមានការប្រកួតប្រជែងខ្លាំង បើទោះបីជាអាជីវកម្មរបស់អ្នក ទើបតែចាប់ផ្តើមកកើតឡើងក៏ដោយ។ មានក្រុមហ៊ុនចាស់ៗជាច្រើន បាននាំគ្នាដណ្តើមនូវអតិថិជនពីគ្នាទៅវិញទៅមក ហើយក្នុងនោះផងដែរក្រុមហ៊ុនថ្មី តែងតែមិនសូវបាននាំយកមកនូវយុទ្ធសាស្រ្តគោលដៅថ្មីៗ ក្នុងការគ្រប់គ្រងអាជីវកម្មរបស់ខ្លួន ឲ្យបានយូរអង្វែងនោះឡើយ។

៣. បញ្ហាហិរញ្ញវត្ថុ 

ការចាប់ផ្តើមអាជីវកម្មនីមួយៗ តែងតែត្រូវការថវិកាដើម្បីអាចរៀបចំផលិតផល ឬសេវាកម្ម បុគ្គលិក និងទីកន្លែងឲ្យបានល្អ។ ក្នុងនោះផងដែរ យើងតែងតែសង្កេតឃើញថា គ្រប់អាជីវកម្មទាំងអស់ រមែងចាប់ផ្តើមឲ្យបានយ៉ាងតិចក្នុងរយៈពេល៣ខែដំបូង ដែលជាដំណាក់កាលដ៏គ្រោះថ្នាក់ ព្រោះថាផលិតផល ឬសេវាកម្មរបស់អ្នកថ្មី ដូច្នេះវាប្រាកដណាស់ថា អ្នកមិនសូវរកបានប្រាក់ចំណូលច្រើន ដូចអាជីវកម្មជើងចាស់នោះឡើយ។ ហេតុនេះ ម្ចាស់អាជីវកម្មគ្រប់រូប តែងតែធ្វើឲ្យអាជីវកម្មរបស់ខ្លួនដួលរំលំ ក៏ដោយសារតែកត្តាដ៏ចាំបាច់មួយនេះផងដែរ។

៤. ការគ្រប់គ្រងធនធានមនុស្ស

កម្លាំងមនុស្សក្នុងការជួយអាជីវកម្មថ្មី ពិតជារឿងដែលចាំបាច់បំផុត ព្រោះប្រសិនបើគ្មានកម្លាំងមនុស្សទៅតាមផ្នែកនីមួយៗគ្រប់គ្រាន់ ឬក៏គ្មានការគ្រប់គ្រងធនធានមនុស្សឲ្យមានរបៀបរៀបរយទៅតាមផ្នែកនោះទេ វានឹងបណ្តាលឲ្យក្រុមហ៊ុនថ្មី ផ្តល់ជូននូវសេវាកម្ម ឬផលិតផលជូនទៅកាន់អតិថិជនមិនបានទាន់ពេលវេលា។


 អត្ថបទទាក់ទង

យុទ្ឋសាស្រ្តសំខាន់ៗ ចំនួន៣ ក្នុងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មឲ្យដំណើរការរលូន

Leave a Reply