ការវិភាគការងារ (Job Analysis) គឺជានីតិវិធីដែលត្រូវបានរៀបចំជាលក្ខណៈប្រព័ន្ធ ដើម្បីប្រមែប្រមូល និងកត់ត្រាព័ត៌មានស្តីពីការងាររបស់បុគ្គលិកទាំងឡាយ ដោយផ្តោតជាសំខាន់ទាក់ទងទៅនឹងភារៈកិច្ច និងការទទួលខុសត្រូវរបស់បុគ្គលិក ហើយនិងតម្រូវការរបស់ពួកគេ ដើម្បីប្រតិបត្តិការងារទាំងអស់ប្រកបដោយប្រសិទ្ធិភាពខ្ពស់។
ការវិភាគការងារ តម្រូវឲ្យមានការអង្កេតសកម្មភាពការងារជាក់ស្តែងជាមួយនឹងរបាយការណ៍ប្រចាំថ្ងៃ ដើម្បីកំណត់លក្ខណៈនៃការងារជាក់លាក់មួយដែលឆ្លុះបញ្ចាំងឲ្យឃើញពីអត្តចរិតខាងក្នុង ភាពស្មោះត្រង់ ការទទួលខុសត្រូវ ភាពពេញចិត្តចំពោះការងារអង្គភាពបានដាក់ជូន និងភាពសកម្មក្នុងការស្វែងរកព័ត៌មានដែលអង្គភាពត្រូវការ និងមានទំនាក់ទំនងល្អនៅក្នុងអង្គភាពទាំងមូល។ រឿងដែលអាចកើតឡើងដោយសារការវិភាគការងារ គឺ៖
- បទពិពណ៌នាការងារ (Job Description )
- ការបញ្ជាក់ពីសមត្ថភាពការងារ (Job Specification)
បទពិពណ៌នាការងារ (Job Description)
បទពិពណ៍នាការងារ គឺជាការពិពណ៍នាអំពីភារៈកិច្ចការទទួលខុសត្រូវលើការងាររបស់និយោជិត លក្ខខណ្ឌធ្វើការងារ ហើយនិងធ្វើរបាយការណ៍ទំនាក់ទំនងផ្សេងៗដែលបានទទួលក្នុងការងារ។ ការពិពណ៍នាអំពីភារៈកិច្ចចម្បងនីមួយៗ ទិន្នផលនៃការងារនឹងត្រូវបង្ហាញនូវទំនាក់ទំនង់បរិមាណផលិតផលដែលគេអាចធ្វើបាន ដូចជាការងារមានទំហំប៉ុណ្ណា? គុណភាពដូចម្តេច? ត្រូវចំណាយពេលវេលាប៉ុន្មាន? ដើម្បីសម្រេចការងារទាំងនោះ។ សមាសធាតុការងារ គួរតែចុះនៅក្នុងបញ្ជី ព្រោះថាវាមានសារៈសំខាន់ណាស់ និងពេលវេលាដែលយើងបានចំណាយទៅលើភារៈកិច្ច នីមួយៗក៏យើងគួរយកចិត្តទុកដាក់ផងដែរ។
បទពិពណ៍នាការងារ (Job Description – JD) មាន ៤ ផ្នែកសំខាន់ៗ ដូចជាអត្តសញ្ញាណ សង្ខេបទូទៅ មុខងារ និងភារៈកិច្ចសំខាន់ៗ និងទំនាក់ទំនង។
- អត្តសញ្ញាណ៖ រួមមានឋានការងារ អង្គភាព និងទីកន្លែង។ កាលបរិច្ឆេទនៃកាលវិភាគ មានសារសំខាន់ដើម្បីធ្វើឲ្យយើងដឹងពីពេលវេលាក្នុងការត្រួតពិនិត្យបទពិពណ៌ការងារសម្រាប់តំណែងការងារនីមួយៗឡើងវិញ។
- សង្ខេបទូទៅ៖ សេចក្តីសង្ខេបអំពីទំនួលខុសត្រូវទូទៅ និងធាតុនានាដែលធ្វើការងារនោះខុសប្លែកការងារដទៃ។ ផ្នែកនេះ ក៏បញ្ចូលនូវលក្ខន្តិកៈ ដូចជាពេញម៉ោង ក្រៅម៉ោង និងនិយោជិតបណ្តែត និងការលើកលែង ឬមិនលើកលែង។
- មុខងារ និងភារៈកិច្ចសំខាន់ៗ៖ រៀបរាប់នូវមុខងារ និងភារៈកិច្ចសំខាន់ៗ។ វាក៏ពិតជាមានប្រយោជន៍ក្នុងការពិពណ៌នាឲ្យច្បាស់លាស់ និងជាក់លាក់អំពីករណីកិច្ចភារៈកិច្ច និងទំនួលខុសត្រូវចម្បងៗ។
- ទំនាក់ទំនង៖ កំណត់នូវទំនាក់ទំនង ការត្រួតពិនិត្យ និងការរាយការណ៍សម្រាប់តំណែងការងារ។
ការបញ្ជាក់ពីសមត្ថភាពការងារ (Job Specification)
ការបញ្ជាក់ពីសមត្ថភាពការងារ គឺជាការកំណត់នូវលក្ខណៈសម្បត្តិដែលអាចទទួលយកបាន ជាអប្បបរិមាដែលនិយោជិតគួរតែមានដើម្បីធ្វើការងារឲ្យបានគ្រប់គ្រាន់។ ព័ត៌មានដែលយើងអាច ទទួលបានក្នុងការបញ្ជាក់ពីសមត្ថភាពការងារ ជាធម្មតាវាតែងតែងមាន ៣ ប្រភេទដូចខាងក្រោម៖
- តម្រូវការឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជាទូទៅដូចជាបទពិសោធន៍ និងការបណ្តុះបណ្តាលនៅក្នុងអង្គភាពអាជីវកម្ម ឬអង្គភាពផ្សេងៗទៀត។
- ការតម្រូវឲ្យមានផ្នែកអប់រំចំណេះដឹងទូទៅ សាលាមធ្យមសិក្សា មហាវិទ្យាល័យ ឬសាលាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
- ចំណេះដឹង ជំនាញ បទពិសោធន៍ សមត្ថភាព ការបញ្ជាក់ពីសមត្ថភាពការងារ គួរតែបញ្ចូលនូវលក្ខណៈសម្បត្តិទាំងឡាយដែលទាក់ទងនឹងការធ្វើការងារដែលអាចទទួលយកបានតែប៉ុណ្ណោះ។
គុណសម្បត្តិនៃការវិភាគការងារ (Advantages of Job Analysis)
- ការកំណត់ផែនការនិយោជិត (Personnel Planning )៖ គឺដើម្បីអភិវឌ្ឍរាល់ប្រភេទការងាររបស់និយោជិត ឬកម្មករក្នុងអង្គភាពអាជីវកម្ម ក៏ដូចជាអង្គភាព ឬស្ថាប័នផ្សេងៗទៀត មិនថាផ្នែកឯកជន និងផ្នែកសាធារណៈ។
- ការប្រកាសជ្រើសរើស (Personnel Recruiting)៖ គឺដើម្បីពិពណ៌នាពីកន្លែងទំនេរ និងផ្សព្វផ្សាយពាណិជ្ជកម្មនូវបណ្តារតួនាទីថ្មីៗ របស់អង្គភាពអាជីវកម្មណាមួយក្នុងគោលបំណងជ្រើសរើសនិយោជិតពីមជ្ឈដ្ឋានខាងក្រៅឲ្យមកបំពេញការងារ ឬតួនាទីណាមួយក្នុងអង្គភាពរបស់គេ។
- ការជ្រើរើសយកនិយោជិត (Selection)៖ ដើម្បីកំណត់នូវជំនាញ និងសមត្ថភាពទាំងឡាយដែលត្រូវអនុវត្តដូចជាលក្ខណៈវិនិច្ឆ័យ ដើម្បីសម្រេចថាតើបេក្ខជនទាំងឡាយណាដែលត្រូវជ្រើសរើសសម្រាប់បម្រើអង្គភាពរបស់គេ។
- ការតម្រង់ទិសនិយោជិត (Orientation)៖ គឺប្រាប់និយោជិតទាំងឡាយនៅក្នុងអង្គភាពរបស់គេនូវរាល់សកម្មភាពការងារអ្វីខ្លះដែលពួកគេត្រូវធ្វើ ឬត្រូវប្រតិបត្តិ។
- ការវាយតម្លៃនិយោជិត (Evaluation)៖ គឺជាការកំណត់នូវបទដ្ឋានការងារ និងកម្មវត្ថុធ្វើការងារដែលនិយោជិតទាំងឡាយត្រូវវាយតម្លៃ។
- ការបើកកម្រៃឲ្យនិយោជិត (Compensation)៖ គឺជាការវាយតម្លៃការងារ ហើយជួយក្នុងការអភិវឌ្ឍនូវរចនាសម្ព័ន្ធប្រាក់ឈ្នួល។
- ការបណ្តុះបណ្តាលនិយោជិត (Training)៖ គឺដើម្បីគ្រោងនូវការប្រមើលពីតម្រូវការនៃការបណ្តុះបណ្តាលដោយធ្វើអត្តសញ្ញាណកម្មនូវសកម្មភាពទាំងឡាយដែលនិយោជិតទាំងអស់អាចធ្វើបាន។
- វិន័យ (Discipline)៖ គឺជាការធ្វើអត្តសញ្ញាណនូវបទដ្ឋានទាំងឡាយនៃការធ្វើការងារដែលអាចយកជាការបានដែលនិយោជិតទាំងអស់ត្រូវតែអនុវត្តតាម។
- សុវត្ថិភាព និងសុខភាពរបស់និយោជិត (Occupational Safety and Health)៖ គឺជាការកំណត់សម្គាល់នូវបែបបទធ្វើការងារគ្រោះថ្នាក់ពេលបំពេញការងារក្នុងអង្គភាព ដូចនេះសកម្មភាពទាំងឡាយដែលប្រកបដោយគ្រោះថ្នាក់អាចត្រូវផ្លាស់ប្តូរចេញ ហើយព្រមទាំងបញ្ឈប់សកម្មភាពទាំងនោះតែម្តង។
- ការរៀបចំការងារឡើងវិញ (Job Redesign)៖ គឺដើម្បីវិភាគនូវលក្ខណៈពិសេសរបស់ ការងារ ដែលត្រូវផ្លាស់ប្តូរក្នុងកម្លាំងរៀបចំការងារឡើងវិញ។