ការជ្រើសរើសបុគ្គលិកបានត្រឹមត្រូវដើម្បីមកចូលរួមជាមួយស្ថាប័ន ពិតជារឿងមួយដែលមិនមែនងាយស្រួលទេ។ វាតម្រូវឲ្យអ្នកដែលជាអ្នកគ្រប់គ្រង ឬម្ចាស់ស្ថាប័នត្រូវពិនិត្យមើល និងវាយតម្លៃជាច្រើនទៅលើលក្ខណៈសម្បត្តិរបស់បេក្ខជន។ ការដែលទទួលបានបុគ្គលិកឆ្នើមមកចូលរួមជាមួយនឹងស្ថាប័នក្នុងរយៈពេលយ៉ាងយូរ គឺជាគោលបំណងធំបំផុតសម្រាប់ម្ចាស់អាជីវកម្មស្ទើរតែគ្រប់គ្នា ដែលកន្លងមក គាត់បានចំណាយថវិកាជាច្រើនទៅលើថ្លៃសេវាកម្មជំនួយនៅក្នុងការជ្រើសរើសបុគ្គលិក ប៉ុន្តែនៅតែមិនទាន់ទទួលបាននូវលទ្ធផល។
យ៉ាងណាមិញ តើធ្វើបែបណាទើបអាចវាយតម្លៃដឹងថាបេក្ខជនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់? តើធ្វើបែបណាទើបដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់បេក្ខជន? តើត្រូវពិនិត្យមើលលក្ខខណ្ឌអ្វីខ្លះ ទើបអាចកំណត់បានថាគាត់គឺជាបេក្ខជនម្នាក់ដែលអាចបំពេញការងារជាមួយស្ថាប័នយើងបានយូរអង្វែង? ខាងក្រោមនេះ គឺដំណើរការនៃការជ្រើសរើសបុគ្គលិកប្រកបដោយប្រសិទ្ធភាពដែលអ្នកត្រូវដឹង៖
ដំណាក់កាលទី១
ការធ្វើតេស្តសាកល្បង ឬការសម្ភាសន៍ជ្រើសរើសដំបូង ដើម្បីត្រួតពិនិត្យឲ្យឃើញថាតើបេក្ខជនណាគួរឲ្យទម្រង់ពាក្យស្នើសុំ (Application Form) ទៅបំពេញ និងដាក់ចូលជាបេក្ខជន។
ដំណាក់កាលទី២
វាគឺជាដំណាក់កាលបំពេញទម្រង់ពាក្យស្នើសុំ ដែលមានបញ្ជាក់ច្បាស់នូវអ្វីដែលជាលក្ខណ:សម្បត្តិរបស់បេក្ខជន និងតូនាទីដែលបេក្ខជនចង់បាន។
ដំណាក់កាលទី៣
ការធ្វើតេស្ត (Employment Test) ដើម្បីជ្រើសរើសបុគ្គលិក ដោយក្នុងដំណាក់កាលនេះមានការធ្វើតេស្តទៅលើចរិយាសម្បត្តិ ចំណេះដឹង បទពិសោធន៍ការងារ ចំណង់ចំណូលចិត្ត ជាដើម។
ដំណាក់កាលទី៤
ការសម្ភាសន៍ដើម្បីជ្រើសរើសបេក្ខជន គឺជាការសាកសួរដេញដោលពីបេក្ខជន ដើម្បីធ្វើការវាយតម្លៃលើបេក្ខជន។ ការសម្ភាសន៍នេះ ផ្ដោតលើសំណួរសំខាន់ៗ ដើម្បីដឹងថាតើសមត្ថភាពរបស់បេក្ខជនអាចទទូលធ្វើការងារដែលគេកំពុងពិចារណាផ្ដល់ឲ្យដែរឬទេ។
ដំណាក់កាលទី៥
ការត្រួតពិនិត្យលើសាវតារបស់បេក្ខជន (Reference and Background Check) គឺផ្អែកលើលិខិតបញ្ជាក់ការសិក្សា អត្តសញ្ញាណប័ណ្ណ ការសាកសួរសញ្ញាបត្រ។ វាក៏ផ្ដោតលើប្រវត្តិរូបរបស់បេក្ខជន ទីលំនៅអចិន្ត្រៃយ៍ បទពិសោធន៍ការងារ ស្ថានភាពគ្រួសារ ជាដើម ដែលជាកត្តាឈានដល់ការកំណត់លក្ខណៈសម្បត្តិរបស់បេក្ខជនថាតើគួរទទូលយកជាបុគ្គលិកឬយ៉ាងណា?
ដំណាក់កាលទី៦
ការវាយតម្លៃលើសុខភាព គឺធ្វើឡើងមុនការសម្រេចចិត្តជ្រើសរើសជាបេក្ខជន ជាបុគ្គលិករបស់ក្រុមហ៊ុន ឬអង្គភាពអាជីវកម្មណាមួយ ព្រោះចៀសវាងជំងឺរាំរ៉ៃ និងជំងឺឆ្លង។ ការពិនិត្យសុខភាព ត្រូវធ្វើឡើងដោយមានលិខិតបញ្ជាក់ពីវេជ្ជបណ្ឌិតជាផ្លូវការ ឬពិនិត្យដោយសេវាសុខភាពរបស់ក្រុមហ៊ុន ឬអង្គភាពអាជីវកម្មផ្ទាល់តែម្ដង។
ដំណាក់កាលទី៧
នេះគឺការសម្ភាសន៍ចុងក្រោយ ដោយក្នុងដំណាក់កាលនេះគឺធ្វើការសម្ភាសន៍ជាមួយអ្នកគ្រប់គ្រងផ្នែកជំនាញ ឬអាចជាអ្នកគ្រប់គ្រង ឬអង្គភាពអាជីវកម្ម។ ការធ្វើសម្ភាសន៍នៅដំណាក់កាលនេះ គឺដើម្បីបញ្ជាក់បន្ថែមទៅលើដំណាក់កាលមុនៗ ពិសេសសង្កត់ធ្ងន់លើសមត្ថភាពជំនាញ និងបទពិសោធន៍លើតំណែងដែលបេក្ខជនស្នើរសុំ។
ដំណាក់កាលទី៨
ជាចុងក្រោយ គឺជាការធ្វើការសម្រេចចិត្តជ្រើសរើសបេក្ខជន។ ការសម្រេចចិត្តជ្រើសរើសនិយោជិតជាប់ជាស្ថាពរ នៅពេលនេះជាសម្រេចចិត្តរបស់គណៈកម្មការជ្រើសរើសនិយោជិតដែលមានសមាសភាពចូលរួមពីអ្នកគ្រប់គ្រងធនធានមនុស្ស និងអ្នកគ្រប់គ្រងតាមជំនាញដែលត្រូវការបុគ្គលិក លើសពីនេះត្រូវមានការអនុម័តយល់ព្រមជាចុងក្រោយពីប្រធានក្រុមហ៊ុន ឬអង្គភាពអាជីវកម្ម ទើបចាត់ទុកថាជាផ្លូវការ។