អារម្មណ៍អវិជ្ជមាន អាចគ្រប់ដណ្តប់លើការសម្រេចចិត្តរបស់យើងបាន ប្រសិនបើយើងមិនចេះគ្រប់គ្រងវាឱ្យបានល្អ។ ជីវិតអ្នកនឹងស្រស់ថ្លា បើអ្នកចេះរបៀបលុបបំបាត់វា។ ខាងក្រោមនេះ ជាវិធីដែលអ្នកអាចយកទៅប្រើប្រាស់ ដើម្បីឱ្យអារម្មណ៍អវិជ្ជមានរបស់អ្នកស្ថិតនៅក្រោមការគ្រប់គ្រង៖
១. បង្កើតព្រំដែនការពារផ្លូវចិត្ត
- ចាត់ទុកសម្ដីឌឺដង ឬការមើលងាយទាំងនោះដូចជា “ផ្សែងពុល”។ បើអ្នកដកដង្ហើមយកវាចូល វានឹងធ្វើឱ្យអ្នកឈឺ។ បើអ្នកដើរចេញ ឬមិនខ្វល់ ផ្សែងនោះនឹងរលាយបាត់ទៅវិញដោយខ្លួនឯង។
- ផ្តោតលើគោលដៅជីវិត ការងារ និងមនុស្សដែលស្រឡាញ់អ្នកពិតប្រាកដវិញ។
២. រៀនបដិសេធ
អ្នកមិនគួរយល់ព្រម ឬមិនបដិសេធសោះនោះទេ។ ប្រសិនបើអ្នកមានបន្ទុកច្រើន ឬស្មុគស្មាញខ្លាំងហើយ ចូររៀននិយាយបដិសេធខ្លះ ដើម្បីទប់ស្កាត់ការដាក់សម្ពាធលើខ្លួនឯងលើសកម្រិតពេក។ ការរៀននិយាយបដិសេធជាមួយអ្នកផ្សេងខ្លះ គឺអាចជួយសម្រាលបន្ទុកដែលអ្នកកំពុងដាក់លើខ្លួនឯង ដោយអ្នកនឹងមានពេលវេលាផ្ដោតលើ ឬគ្របគ្រងបញ្ហាខ្លួនឯងច្រើន។
អត្ថបទតាក់ទង៖ តើជំងឺធ្លាក់ទឹកចិត្តគឺជាអ្វី?
៣. ជ្រើសរើសការ “ឆ្លើយតប” ជាជាង “ប្រតិកម្ម”
- ប្រតិកម្ម៖ គឺការខឹង ស្រែកតបត ឬដេកតូចចិត្ត (អ្នកចាញ់សម្ដីគេ)។
- ឆ្លើយតប៖ គឺការគ្រប់គ្រងស្ថានការណ៍។ វិធីឆ្លើយតបដ៏ល្អបំផុតចំពោះការឌឺដងមានដូចជា៖
- ស្ងៀមស្ងាត់ និងសម្លឹងចំភ្នែក៖ ការមិននិយាយអ្វីទាំងអស់ ហើយសម្លឹងមើលទៅគេដោយស្ងប់ស្ងាត់ អាចធ្វើឱ្យអ្នកឌឺដងមានអារម្មណ៍អៀនខ្លួន និងទាល់តម្រិះ។
- ឆ្លើយតបដោយភាពរាបសារតែមានឥទ្ធិពល៖ ឧទាហរណ៍៖ “អរគុណសម្រាប់មតិ”, “តើអ្នកនិយាយបែបនេះចង់បានន័យថាម៉េច?” (ការសួរដេញដោលដោយសម្តីត្រជាក់ៗ នឹងធ្វើឱ្យគេពិបាករកលេសដោះស្រាយ)។
- ដើរចេញ៖ បើកន្លែងនោះមិនផ្តល់តម្លៃឱ្យយើង ដើរចេញដោយស្នាមញញឹម ព្រោះពេលវេលារបស់អ្នកមានតម្លៃជាងការទៅឈ្លោះជាមួយមនុស្សគ្មានបានការ។
៤. រត់ហាត់ប្រាណ
ទម្លាប់ល្អមួយទៀតនៃការថែរក្សាខ្លួនឯង គឺចំណាយពេលចេញទៅរត់នៅខាងក្រៅ ឬគ្រាន់តែរត់ត្រឹកៗនៅពេលដែលអ្នកអាចក៏បាន។ ការធ្វើបែបនេះ មិនត្រឹមតែជួយគ្រប់គ្រង ហើយកាត់បន្ថយកម្រិតនៃភាពស្ត្រេសតែប៉ុណ្ណោះទេ ប៉ុន្តែល្អប្រសើរបំផុតសម្រាប់សុខភាពទាំងមូលរបស់អ្នកតែម្ដង។ សាច់ដុំរបស់អ្នកនឹងប្រែជាកាន់តែរឹងមាំឡើង ហើយសុខភាពឆ្អឹងនិងបេះដូងក៏ល្អប្រសើរដូចគ្នាផងដែរ។
៥. ពង្រឹងតម្លៃខ្លួនឯងពីខាងក្នុង
- ប្រសិនបើអ្នកដឹងច្បាស់ថាខ្លួនឯងជាជានរណា មានចំណុចខ្លាំងអ្វី និងកំពុងធ្វើអ្វី… សម្ដីមើលងាយរបស់អ្នកដទៃនឹងក្លាយជាគ្រាប់ខ្សាច់ដែលបក់កាត់មុខតែប៉ុណ្ណោះ។
- កុំយកតម្លៃខ្លួនឯងទៅដាក់លើមាត់របស់អ្នកដទៃ។ គេអាចនិយាយអ្វីក៏បាន ប៉ុន្តែអ្នកមានសិទ្ធិពេញលេញក្នុងការ “មិនទទួលយក” សម្ដីទាំងនោះមកគិត។
៦. យល់ដឹងពី “ទ្រឹស្តីកញ្ចក់ឆ្លុះ”
- សម្ដីរបស់គេជាបញ្ហារបស់គេ មិនមែនរបស់អ្នកទេ៖ នៅពេលនរណាម្នាក់ឌឺដង ឬមើលងាយអ្នក វាមិនមែនឆ្លុះបញ្ចាំងពីតម្លៃពិតរបស់អ្នកនោះទេ ប៉ុន្តែវាឆ្លុះបញ្ចាំងពី កម្រិតចំណេះដឹង ធនធានផ្លូវចិត្ត និងចរិតលក្ខណៈ របស់បុគ្គលនោះទៅវិញទេ។
- មនុស្សដែលមានក្តីសុខ និងមានទំនុកចិត្តលើខ្លួនឯងពិតប្រាកដ មិនដែលចំណាយពេលទៅជាន់ពន្លិច ឬឌឺដងអ្នកដទៃឡើយ។ មានតែមនុស្សដែលមានរបួសខាងក្នុង ឬមានចិត្តច្រណែនទេ ដែលធ្វើបែបនោះ។
៧. អនុវត្តវិធីសាស្ត្រ “ផ្អាក ៥ វិនាទី”
- នៅពេលឮសម្ដីមិនល្អ កុំអាលតបតភ្លាមៗ។ ការតបតទាំងកំហឹងភ្លាមៗ គឺជារឿងដែលពួកគេចង់បាន (ព្រោះគេចង់ឃើញអ្នកខឹង ឬរៀបរាប់មិនត្រូវ)។
- ធ្វើបែបនេះ៖ ដកដង្ហើមចូលជ្រៅៗ រាប់ ១ ដល់ ៥ ក្នុងចិត្ត។ ការធ្វើបែបនេះជួយកាត់ផ្តាច់អារម្មណ៍ឆេវឆាវមួយឆាវ និងទុកពេលឱ្យខួរក្បាលផ្នែកហេតុផលដំណើរការ។
ចំណាំ៖ មនុស្សចិត្តធ្ងន់ មិនមែនជាមនុស្សដែលមិនចេះឈឺចាប់នោះទេ ប៉ុន្តែជាមនុស្សដែលដឹងថារឿងណាគួរខ្វល់ និងរឿងណាគួររំលង។ ការឈ្នះដែលល្អបំផុត គឺការរស់នៅឱ្យបានល្អ មានក្តីសុខ និងជោគជ័យជាងមុន ព្រោះវាជាការតបតដ៏មានឥទ្ធិពលបំផុតចំពោះអ្នកដែលធ្លាប់មើលងាយអ្នក។
សៀវភៅ ជំនាញទន់ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងទំនាក់ទំនង

