
១. នៅពេលចាប់ផ្តើម នោះគឺអ្នកសម្រេចលទ្ធផលបានពាក់កណ្តាលរួចបាត់ទៅហើយ
- គំនិតពិចារណា៖ គ្រប់កិច្ចការទាំងអស់ ការចាប់ផ្តើម គឺសំខាន់ខ្លាំងណាស់ ពីព្រោះកិច្ចការភាគច្រើននៅលើលោកនេះមិនអាចទទួលបានផ្លែផ្កាក៏ដោយសារតែការមិនព្រមចាប់ផ្តើមនេះឯង។ ដូចនេះ ប្រសិនបើអ្នកចាប់ផ្តើមធ្វើអ្វីមួយ ទោះបីលទ្ធផលចុងក្រោយបែបណាក្តី ក៏មានន័យថាអ្នកសម្រេចលទ្ធផលបានពាក់កណ្តាលមុនរួចស្រេចទៅហើយ។
២. កុំព្យាយាមយកដៃបាំងមេឃ
- គំនិតពិចារណា៖ អ្នកអាចបិទបាំងមេឃបាន ដោយអ្នកគ្រាន់តែយកម្រាមដៃបិទកែវភ្នែកទាំងពីររបស់ខ្លួន ប៉ុន្តែត្រូវចាំថាមេឃនៅតែជាមេឃដដែល។ ដូចនេះ អ្នកមិនគួរព្យាយាមបិទបាំងការពិតដែលធ្លាប់កើតឡើងចំពោះរូបអ្នកឡើយ ពីព្រោះអ្នកដទៃគង់តែដឹងនៅថ្ងៃណាមួយជាក់ជាមិនខាន។ សូមចងចាំថា នៅលើលោកនេះមានរបស់បីយ៉ាងដែលយើងមិនអាចលាក់បាន នោះគឺព្រះអាទិត្យ ព្រះច័ន្ទ្រ និងការពិត។ ហេតុដូច្នេះហើយ ទោះបីធ្វើអ្វីក៏ដោយ សូមស្មោះត្រង់ចំពោះខ្លួនឯង និងអ្នកដទៃ។
អត្ថបទទាក់ទង៖ មនុស្ស ៧ ប្រភេទ ដែលអ្នកមិនគួរមើលរំលងនៅក្នុងជីវិត
៣. សត្វស្វាក៏គង់នឹងធ្លាក់ពីដើមឈើ
- គំនិតពិចារណា៖ ទោះបីអ្នកជំនាញខ្លាំងប៉ុណ្ណាក៏ដោយ ក៏រមែងនឹងធ្វេសប្រហែស ឬបង្កើតកំហុសណាមួយជាក់មិនខាន។ ប៉ុន្តែ សូមកុំមានការភ័យខ្លាចក្នុងការបង្កើតកំហុសដោយអចេតនាបែបនោះអី។ ត្រូវចាំថា រាល់កំហុសឆ្គង និងការបរាជ័យ វានឹងក្លាយទៅជាបទពិសោធន៍ដ៏មានតម្លៃដែលនឹងបង្រៀនអ្នកឲ្យក្លាយទៅជាមនុស្សដែលរឹងមាំម្នាក់។ អ្វីដែលសំខាន់បំផុតនោះ គឺប្រសិនបើអ្នកធ្លាក់ពីលើមែកឈើហើយ តើអ្នកមានភាពក្លាហានឡើងទៅលើដើមឈើនោះម្ដងទៀតដែរឬក៏អត់?
៤. ទោះបីអ្នកស្គាល់ផ្លូវមួយច្បាស់យ៉ាងណាក្តី សូមកុំភ្លេចឆ្លៀតសួរគេបញ្ជាក់ម្តងទៀត
- គំនិតពិចារណា៖ ចំពោះរឿងអ្វីក៏ដោយ ទោះបីជាអ្នកច្បាស់ខ្លាំងយ៉ាងណាក៏ដោយ ក៏កុំមានជំនឿជាក់ជ្រុលហួសហេតុខ្លាំងពេក ពីព្រោះថាអ្វីៗសុទ្ធតែអាចប្រែប្រួល និងមិនអាចរំពឹងទុកមុនបានរហូតនោះទេ។
៥. រទះទទេរ រមែងលាន់សម្លេងខ្លាំង
- គំនិតពិចារណា៖ នេះមានន័យស្រដៀងនឹងឃ្លាថា មេមាន់ដែលស្រែកខ្លាំង រមែងពងមិនច្រើនដូចមេមាន់ដែលសំងំក្រោបពងឡើយ។ វាមានអត្ថន័យដូចនឹងសុភាសិតខ្មែរយើងមួយដែរនោះ គឺ ឆ្កែព្រុសមិនដែលខាំ។ សម្រាប់មនុស្សវិញ មិនសំខាន់ថាអ្នកពូកែនិយាយ ឬពូកែអួតអាងប៉ុណ្ណាទេ សំខាន់គឺលទ្ធផលដែលអ្នកធ្វើសម្រេចប៉ុណ្ណោះ។
៦. ទីណាមានឆន្ទៈ ទីនោះតែងមានផ្លូវ
- គំនិតពិចារណា៖ ឲ្យតែមនុស្សមានឆន្ទៈ និងមានបំណងមុតមាំច្បាស់លាស់ ទោះធ្វើកិច្ចការអ្វីក៏ដោយ វាពិតជាអាចទៅរួច ឬប្រាកដជាមានវិធីសាស្រ្តដែលអាចធ្វើទៅបាន។ ប្រសិនបើមនុស្សមានឆន្ទៈដើម្បីសម្រេចអ្វីមួយហើយ នោះគេនឹងព្យាយាមស្វែងរកវិធីសាស្រ្តដើម្បីធ្វើវាឲ្យបានដូចគ្នា។
៧. គ្រាប់សណ្តែកតែងតែដុះចេញពីកន្លែងដែលគេដាក់ដាំវា
- គំនិតពិចារណា៖ ស្រដៀងគ្នានឹងសុភាសិតខ្មែរមួយ គឺ ស្លឹកឈើ ជ្រុះមិនឆ្ងាយពីគល់។ សម្រាប់ជីវិតរស់នៅវិញ គឺក្មេងៗតែងតែមើលឃើញអ្វីដែលឪពុកម្តាយ ឬមនុស្សជុំវិញខ្លួនគេប្រព្រឹត្ត ហើយគេនឹងធ្វើតាមគំរូទាំងអស់នោះ។ អ៊ីចឹងមានន័យថា ប្រសិនបើក្មេងនោះសំដែងចេញឥរិយាបថបែបណា នោះមានន័យថា ឪពុកម្តាយរបស់គេក៏ប្រហែលជាមានឥរិយាបថបែបនោះដូចគ្នាដែរ។
សៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ
