ការគ្របដណ្ដប់ និងអំណាចនៃសម្ដី
១. សម្ដីប្រៀបដូចជាអាវុធមុខពីរ ប្រសិនបើប្រើមិនប្រុងប្រយ័ត្ន នោះវានឹងមុតដៃខ្លួនឯង។
២. មុនពេលនិយាយអ្វី យើងជាម្ចាស់នៃសម្ដី តែក្រោយពេលនិយាយរួចហើយ សម្ដីគឺជាម្ចាស់របស់យើងវិញ។
៣. ក្នុងសម័យឌីជីថល សំណេរ រូបភាព និងវីដេអូ ដែលអ្នកបង្ហោះ មានតម្លៃស្មើនឹងសម្ដីចេញពីមាត់ផ្ទាល់។
៤. ភាសានិយាយ គឺជាការច្នៃប្រតិដ្ឋដ៏ជ្រាលជ្រៅបំផុតមួយរបស់មនុស្សជាតិ។
៥. សម្ដីអាចធ្ងន់ជាងផ្ទាំងថ្ម ហើយក៏អាចស្រស់ស្អាតជាងផ្កាព្រៃដែរ តើអ្នកចង់ផ្ដល់ “ថ្ម” ឬ “ផ្កា” ទៅឱ្យអ្នកដទៃ?
៦. នៅក្នុងប្រវត្តិសាស្ត្រ មនុស្សជាច្រើនអាចជោគជ័យ ឬវិនាសអន្តរាយ ក៏ដោយសារតែសម្ដីរបស់ខ្លួន។
៧. ការគិតក្នុងចិត្ត ក៏ជាទម្រង់នៃការសន្ទនាជាមួយខ្លួនឯងដែរ។
៨. សេចក្ដីស្រឡាញ់ ឬសេចក្ដីស្អប់ ច្រើនតែមានចំណុចចាប់ផ្ដើមចេញពីសម្ដី។
អត្ថបទទាក់ទង៖ រឿង ៣០ យ៉ាង ដែលត្រូវធ្វើឲ្យបានជាប់លាប់ដើម្បីទទួលបានជោគជ័យ
សីលធម៌ និងការប្រុងប្រយ័ត្ន
៩. សូមគិតឱ្យគ្រប់ជ្រុងជ្រោយមុននឹងហើបមាត់ តែមិនត្រូវនិយាយរាល់អ្វីៗដែលអ្នកបានគិតនោះទេ។
១០. ប្រសិបើនិយាយទៅមិនចំណេញ ឬនាំទុក្ខទោស ការនៅស្ងៀមគឺជាជម្រើសដ៏ប្រសើរបំផុត។
១១. សម្ដីដែលគួរនិយាយត្រូវមានធាតុផ្សំ ៣ យ៉ាង៖ ១) ជាការពិត ២) មានប្រយោជន៍ និង ៣) ត្រូវតាមកាលៈទេសៈ។
១២. កុំប្រើសម្ដីជា “ទឹកមាត់” ទៅពន្លត់ភ្លើងនៃក្ដីស្រមៃរបស់អ្នកដទៃ។
១៣. សម្ដីផ្អែមល្ហែមដែលបង្កប់ដោយការមើលងាយតម្លៃមនុស្ស គឺឈឺចាប់ជាងពាក្យជេរប្រមាថទៅទៀត។
១៤. មនុស្សដែលជេរប្រមាថគេច្រើនតែភ្លេចខ្លួនឯងលឿន តែអ្នកដែលរងការប្រមាថ ច្រើនតែចងចាំមិនភ្លេច។
១៥. ការអត់ទោសដែលមិនចេញពីចិត្ត មិនត្រឹមតែមិនធ្វើឱ្យអ្នកស្ដាប់បាត់ខឹងទេ តែពេលខ្លះវាធ្វើឱ្យគេកាន់តែឈឺចាប់លើសដើម។
១៦. ការបង្អួតខ្លួន និងការដើរនិយាយដើមគេ គឺជាការហែកកេរ្តិ៍ខ្លួនឯងឱ្យគេស្គាល់ច្បាស់ជាងមុន។
១៧. មានតែមនុស្សល្ងង់ខ្លៅប៉ុណ្ណោះ ដែលតែងតែរំភើបញាប់ញ័រទៅតាមសម្ដីអួតអាង។
ការផ្ដល់កម្លាំងចិត្ត និងទំនាក់ទំនង
១៨. ពាក្យអរគុណ គឺជាឱសថទិព្វសម្រាប់អ្នកដែលបានធ្វើល្អដាក់យើង កុំកំណាញ់នឹងពាក្យនេះអី។
១៩. ការផ្ដល់កម្លាំងចិត្តតាមរយៈសម្ដីល្អៗ គឺជាទានដែលមិនចាំបាច់ប្រើប្រាស់ប្រាក់កាស។
២០. ពាក្យថា “ហត់ទេ?” ឬ “ញ៉ាំបាយហើយឬនៅ?” គឺជាសារដែលបង្កប់ដោយសេចក្ដីបារម្ភយ៉ាងជ្រាលជ្រៅ។
២១. ចំពោះអ្នកមានគុណ ពាក្យថា “កូនស្រឡាញ់ពុកម៉ែ” គួរនិយាយឱ្យបានញឹកញាប់ កុំមានការអៀនខ្មាសអី។
២២. កុំសួរគេគ្រាន់តែដើម្បីចង់ឱ្យមានរឿងនិយាយ តែចូលសួរនូវអ្វីដែលអ្នកចង់ស្ដាប់ចម្លើយដោយចិត្តពិតប្រាកដ។
២៣. កុំសន្យានឹងនរណាម្នាក់ នៅពេលដែលអ្នកកំពុងសប្បាយខ្លាំង ខឹងខ្លាំង ឬខូចចិត្តខ្លាំង។
២៤. ការចេះប្រើពាក្យសម្ដីឱ្យមានប្រសិទ្ធភាព និងសន្សំសំចៃ នឹងធ្វើឱ្យជីវិតអ្នកមានភាពប្រសើរឡើង។
២៥. បើអាចធ្វើទៅបាន ចូលព្យាយាមកុំទាមទារ ឬសុំអ្វីពីអ្នកដទៃដោយងាយៗពេក។
សិល្បៈនៃការរិះគន់ និងការសរសើរ
២៦. ការរិះគន់ ឬស្ដីបន្ទោស គួរធ្វើឡើងនៅកន្លែងស្ងាត់ និងមានតែយើងពីរនាក់។
២៧. ការសរសើរ និងលើកទឹកចិត្ត គួរធ្វើឡើងនៅចំពោះមុខមនុស្សម្នាច្រើន ដើម្បីជាថាមពលឱ្យគេអភិវឌ្ឍខ្លួន។
២៨. ការសរសើរគួរមានកម្រិតសមរម្យ បើលើសពេក វានឹងក្លាយជាការបញ្ជោរដែលខ្វះភាពស្មោះត្រង់។
២៩. យើងអាចជជែកដេញដោលគ្នាបាន ប៉ុន្តែត្រូវឈរលើហេតុផល ភាពគួរសម និងការផ្ដល់កិត្តិយសឱ្យគ្នា។
៣០. ការហាមប្រាមនរណាម្នាក់ គួរធ្វើតែលើរឿងណាដែលចាំបាច់បំផុត។ ការផ្ដល់ជាព័ត៌មានឱ្យគេគិតដោយខ្លួនឯង គឺប្រសើរជាងការបង្ខិតបង្ខំ។
ការស្ដាប់ និងការយល់ដឹង
៣១. យើងមានត្រចៀកពីរ និងមាត់មួយ ដើម្បីឱ្យយើង “ស្ដាប់” ឱ្យបានច្រើនជាង “និយាយ”។
៣២. មនុស្សខ្លះមិនបានត្រូវការការណែនាំពីយើងទេ គេគ្រាន់តែត្រូវការ “អ្នកស្ដាប់” ដែលយល់ចិត្តម្នាក់ប៉ុណ្ណោះ។
៣៣. សិល្បៈនៃការនិយាយដ៏ល្អ មិនមែនជាការរៀបចំពាក្យពេចន៍ឱ្យពិរោះរណ្ដំតែសំបកក្រៅទេ តែវាគឺជាការបញ្ជូនព័ត៌មានដោយក្ដីមេត្តា។
៣៤. មុននឹងនិយាយអ្វីមួយ ត្រូវពិនិត្យមើលផងថា តើអ្នកស្ដាប់គេចង់ស្ដាប់អ្វីដែលយើងនិយាយដែរឬទេ?
៣៥. ការអាន និងការសរសេរជាប្រចាំ គឺជាគ្រឹះដ៏រឹងមាំដែលជួយឱ្យការនិយាយរបស់អ្នកកាន់តែមានខ្លឹមសារ។
៣៦. ការនិយាយត្អូញត្អែរជាមួយមិត្តភក្តិ គឺជាការរំភាយភាពតានតឹង តែបើនិយាយច្រើនហួសហេតុ វានឹងក្លាយជាការបន្សល់ទុកនូវគំនិតអវិជ្ជមានដដែលៗ។
៣៧. សំឡេងនៃអារម្មណ៍ពិត នឹងលេចឮឡើងច្បាស់បំផុត នៅពេលដែលអ្វីៗគ្រប់យ៉ាងស្ថិតក្នុងភាពស្ងប់ស្ងាត់។
ការគ្រប់គ្រងចិត្ត និងបញ្ញា
៣៨. ចូលប្រើសម្តីក្នុងពេលដែលចិត្តស្ងប់ បើប្រើសម្ដីក្នុងពេលចិត្តក្ដៅ វានឹងក្លាយជាការបន្ថែមបញ្ហា។
៣៩. “មិនដឹង” មិនមែនជាពាក្យដែលគួរឱ្យខ្មាសអៀនទេ គឺវាប្រសើរជាងការ “មិនដឹងហើយនៅតែព្យាយាមនិយាយភូតភរ”។
៤០. កុំប្រើចំណេះដឹងដែលខ្លួនមាន ទៅនិយាយជិះជាន់ ឬបន្ទាបបន្ថោកអ្នកដទៃ។
៤១. រៀនស្ដាប់ពាក្យសម្ដីក្នុងចិត្ត តែមិនត្រូវបណ្ដោយឱ្យពាក្យសម្ដីទាំងនោះមកបញ្ជាជីវិតយើងឡើយ។
៤២. គ្រាន់តែនិយាយពាក្យពិតគឺមិនទាន់គ្រប់គ្រាន់ទេ ត្រូវសួរខ្លួនឯងថា តើយើងត្រៀមខ្លួនទទួលយកការពិតដែរឬទេ មុននឹងនិយាយវាចេញទៅ។
៤៣. រៀនសង្កេតមើលថា តើក្នុងមួយថ្ងៃៗ អ្នកបានសន្ទនាជាមួយខ្លួនឯងញឹកញាប់កម្រិតណា?
៤៤. ទឹកដមសំឡេងអាចបញ្ជាក់ពីអារម្មណ៍ពិត ការប្រើពាក្យល្អគឺមិនទាន់គ្រប់គ្រាន់ទេ ត្រូវប្រើទឹកដមសំឡេងដែលចេញពីចិត្តល្អផងដែរ។
៤៥. ជួនកាលការនៅស្ងៀម គឺជាចម្លើយដ៏មានអត្ថន័យបំផុត។
៤៦. ពាក្យ “អញ ឯង” ឬពាក្យមិនផ្លូវការ មិនមែនសុទ្ធតែជាពាក្យអសុរោះទេ បើវាប្រើចំគោលដៅ និងកាលៈទេសៈក្នុងចំណោមមិត្តជិតស្និទ្ធ។
៤៧. ការណែនាំ និងបំណងល្អ នឹងមានតម្លៃបំផុត លុះត្រាតែវាត្រូវ “មនុស្ស” “ទីកន្លែង” និង “ពេលវេលា”។
៤៨. សម្ដីខ្លះគ្មានសំឡេងចេញមកក្រៅទេ តែវាបែរជាលេចឮយ៉ាងច្បាស់នៅក្នុងគំនិត។
៤៩. ការនិយាយឱ្យចំចំណុច និងចេះចាប់យកខ្លឹមសារសំខាន់នៃរឿង គឺជាបញ្ញានៃការសន្ទនា។
៥០. សម្ដីគឺជាវត្ថុមានមុខមុតស្រួច ដូច្នេះរាល់ពេលប្រើប្រាស់វា ត្រូវមានសតិស្មារតីឱ្យជាប់ជានិច្ច។
ការបង្កើនតម្លៃនៃសម្ដី
៥១. ការប្រើសម្ដីដើម្បីបិទបាំងការពិត ប្រៀបដូចជាការសង់ផ្ទះនៅលើខ្សាច់ វានឹងរលំនៅថ្ងៃណាមួយជាមិនខាន។
៥២. សម្ដីដែលទន់ភ្លន់ មានអំណាចអាចរំលាយចិត្តដែលរឹងរូសបាន ប្រសើរជាងការប្រើសម្ដីខ្លាំងៗដើម្បីយកឈ្នះ។
៥៣. កុំបណ្ដោយឱ្យ “អណ្ដាត” រត់លឿនជាង “ខួរក្បាល” ព្រោះការនិយាយដោយមិនគិត នឹងនាំទុក្ខមកឱ្យខ្លួនឯង។
៥៤. ការយកសម្ដីអ្នកដទៃទៅនិយាយបន្តដោយមិនបានពិចារណា គឺជាការជួយផ្សព្វផ្សាយថ្នាំពុលដោយមិនដឹងខ្លួន។
៥៥. អត្តចរិត និងចំណេះដឹងរបស់មនុស្សម្នាក់ អាចឆ្លុះបញ្ចាំងបានយ៉ាងច្បាស់តាមរយៈ “ជម្រើសនៃពាក្យពេចន៍” ដែលគេប្រើ។
៥៦. ការនិយាយក្នុងពេលខឹង ប្រៀបដូចជាការបោះកម្ទេចភ្លើងទៅក្នុងស្មៅស្ងួត វាងាយនឹងបង្កជាវិនាសកម្មដែលពិបាកនឹងគ្រប់គ្រង។
៥៧. ភាពដាក់ខ្លួននៅក្នុងការសន្ទនា គឺជាមេដែកដែលទាញយកបញ្ញា និងចំណេះដឹងពីអ្នកដទៃមកដាក់ខ្លួន។
៥៨. ពាក្យលើកទឹកចិត្តខ្លីៗរបស់អ្នក អាចជាកម្លាំងចលករផ្លាស់ប្ដូរទិសដៅជីវិតរបស់មនុស្សម្នាក់ឱ្យល្អឡើងវិញបាន។
៥៩. ការមិនចូលរួមនិយាយដើមគេ ឬចែកចាយរឿងមិនពិត គឺជាសញ្ញានៃអ្នកដែលមានស្មារតីរឹងមាំ និងមានគុណធម៌។
៦០. សម្ដីដ៏វិសេសបំផុត គឺជាសម្ដីដែលផ្ដល់សេចក្ដីសុខដល់ទាំង “អ្នកនិយាយ” និង “អ្នកស្ដាប់” ក្នុងពេលតែមួយ។
សៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ

