![A9C504F2-1A30-44CD-A5D1-15B86A0ED674](https://www.thehrdaily.com/wp-content/uploads/2024/12/A9C504F2-1A30-44CD-A5D1-15B86A0ED674.jpeg)
ស្ថាប័ន គឺជាការប្រមូលមនុស្សដែលធ្វើការជាមួយគ្នាដើម្បីសម្រេចផលប្រយោជន៍ផ្ទាល់ខ្លួន និងសម្រេចគោលបំណងរបស់ស្ថាប័នទាំងមូល។
ឥរិយាបទស្ថាប័ន គឺជាការសិក្សាដែលពិនិត្យនូវផលបះពាល់ទង្គិចរបស់បុគ្គលិកម្នាក់ៗក្រុម និងរចនាសម្ព័ន្ធ ទៅលើឥរិយាបទនៅក្នុងស្ថាប័ន ហើយចំណេះដឹងនេះត្រូវបានយកមកប្រើប្រាស់ក្នុងគោលបំណងអភិវឌ្ឍប្រសិទ្ធភាពស្ថាប័ន។
ការស្វែងយល់ពីបុគ្គលិក និងការសិក្សាពីធម្មជាតិដ៏សែនស្មុគស្មាញរបស់មនុស្សម្នាក់ៗ ជារឿងមួយចាំបាច់ខ្លាំងណាស់ដើម្បីឲ្យការគ្រប់គ្រងក្នុងស្ថាប័នមួយកាន់តែល្អប្រសើរឡើង ក៏ដូចជាបង្កើនគុណតម្លៃធនធានមនុស្សក្នុងស្ថាប័នផងដែរ។ ឥរិយាបថស្ថាប័ន ជួយអ្នកសិក្សាពីដើមហេតុដែលមានឥទ្ធិពលលើឥរិយាបថរបស់បុគ្គលិកក្នុងកន្លែងការងាររបស់អ្នក។ ខាងក្រោមនេះ ជាហេតុផលសំខាន់ៗ ៥ យ៉ាង ដែលអ្នកគួរយល់ដឹងពីឥរិយាបថស្ថាប័ន÷
១. ទស្សន៍ទាយ ឬព្យាករណ៍ពីឥរិយាបថមនុស្ស
នេះអាចជាហេតុផលមួយដ៏សំខាន់ដើម្បីសិក្សាពីឥរិយាបថស្ថាប័នក្នុងការគ្រប់គ្រង ដោយជួយឲ្យអ្នករៀនបានក្លាយជាអ្នកគ្រប់គ្រងមួយដ៏ល្អ ដែលអាចធ្វើឲ្យសម្រេចគោលបំណង និងទស្សនវិស័យរបស់ស្ថាប័ន ក៏ដូចជាចូលរួមចំណែកក្នុងការស្វែងរកប្រាក់ចំណេញដល់ស្ថាប័នយ៉ាងមានប្រសិទ្ធភាព។
២. ពង្រឹងទំនាក់ទំនងក្នុងស្ថាប័នឲ្យកាន់តែប្រសើរឡើង
វាជួយឲ្យអ្នកឲ្យដឹងពីដើមចមនៃបញ្ហា ព្យាករណ៍ពីអនាគត និងគ្រប់គ្រងលើអ្វីដែលជាផលវិបាក។ ជាលទ្ធផល អ្នកគ្រប់គ្រង នឹងអាចរក្សាបាននូវទំនាក់ទំនងល្អ ស្អិតល្មួតរវាងបុគ្គលិកនឹងបុគ្គលិក និងបុគ្គលិកទៅស្ថាប័ន។
៣. ប្រសិទ្ធិភាពនៃការប្រើប្រាស់ធនធានមនុស្ស
ចំណេះដឹងដែលបានមកពីការសិក្សាលើឥរិយាបថស្ថាប័ន ជួយអ្នកគ្រប់គ្រងសម្រេចបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលធក្នុងការគ្រប់គ្រងបុគ្គលិក បំផុសគំនិត និងលើកទឹកចិត្តបុគ្គលិក ដើម្បីទទួលបានផលិតភាពការងារកាន់តែប្រសើរ។
៤. យល់ដឹងពីទំនាក់ទំនងរវាងបុគ្គលិក និងស្ថាប័ន
ការយល់ដឹងនេះ ជួយឲ្យយុទ្ធសាស្ត្រនៃការគ្រប់គ្រងបុគ្គលិកបានកាន់តែប្រសើរឡើង ជួយបង្កើនបរិយាកាសការងារឲ្យកាន់តែល្អ និងជួយឲ្យបុគ្គលិកមានភាពស្មោះត្រង់នឹងអង្គភាព។ និយាយជារួម គឺការលើកកម្ពស់ផ្នែកធនធានមនុស្សក្នុងស្ថាប័ន។
៥. យល់ពីរបៀបលើកទឹកចិត្តបុគ្គលិក
ការសិក្សាពីឥរិយាបថស្ថាប័ន ជួយឲ្យអ្នកគ្រប់គ្រងយល់ពីបុគ្គលិក ឬអ្នកក្រោមបង្គាប់ខ្លួន ហើយលើកទឹកចិត្តពួកគេ ផ្តល់នូវការលើកទឹកចិត្តផ្សេងៗដល់បុគ្គលិកម្នាក់ៗតាមតម្រូវការរបស់ពួកគេក្នុងគោលបំណងបង្កើនផលិតភាពការងាររបស់ស្ថាប័នទាំងមូល។
សៀវភៅ ការគ្រប់គ្រង និងអភិវឌ្ឍស្ថាប័ន
![](https://www.thehrdaily.com/wp-content/uploads/2024/10/IMG_1314.jpg)