ក្រុម [ក្រុម] (សំ. ក្រម; បា. កម “លំដាប់”) ១) ន. លំដាប់; ប៉ែកដោយតំណែង, ដោយមុខ, ដោយសង្កាត់, ដោយពួក : ក្រុមរក្សាព្រះអង្គ, ក្រុមរាជតម្រួត, ក្រុមទាហានឆត្រយោង។ ២) (គណិត.) សំណុំមិនទទេមួយប្រកបដោយលក្ខខណ្ឌបី ក) មានធាតុណឺតតែមួយគត់ ខ) គ្រប់ធាតុមានចម្រាសមួយនៅក្នុងសំណុំនេះ គ) មានលក្ខណៈផ្ដុំចំពោះប្រមាណវិធីទ្វេធាតុ : សំណុំចំនួនគត់រ៉ឺឡាទីបជាក្រុមចំពោះប្រមាណវិធីបូក។ ៣) (គីមី.) អម្បូរធាតុគីមីទាំងឡាយដែលស្ថិតនៅក្នុងជួរឈរតែមួយនៃតារាងខួប មានចំនួនអេឡិចត្រុងស្រទាប់ក្រៅដូចគ្នា និងមានលក្ខណៈគីមីប្រហាក់ប្រហែលគ្នា។
នៅក្នុងស្ថាប័ន ឬអង្គភាពការងារ ការកសាងក្រុមមួយជារឿងងាយស្រួលបំផុត ដោយគ្រាន់តែចេញលិខិតតែងតាំង ឬរៀបចំបុគ្គលិកប៉ុន្មាននាក់ឱ្យអង្គុយក្នុងបន្ទប់តែមួយ គឺចប់សព្វគ្រប់។ ប៉ុន្តែការលាយបញ្ចូលបុគ្គលិកទាំងនោះឱ្យក្លាយជា “ក្រុមការងារដែលខ្លាំងពិតប្រាកដ” គឺជាសិល្បៈនៃការដឹកនាំកម្រិតកំពូល។ វាគឺជាដំណើរការដែលជួយមនុស្សមួយក្រុមធ្វើការជាមួយគ្នាឆ្ពោះទៅរកគោលដៅរួមមួយ។ វាអាចរួមបញ្ចូលនូវសកម្មភាព លំហាត់ ឬព្រឹត្តិការណ៍ដែលធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនង ការជឿទុកចិត្ត និងជំនាញដោះស្រាយបញ្ហា។ គោលដៅនៃការកសាងក្រុម គឺដើម្បីជំរុញមនុស្សឱ្យធ្វើការរួមគ្នា អភិវឌ្ឍភាពខ្លាំងរបស់ពួកគេ និងដោះស្រាយចំណុចខ្សោយ។ សិល្បៈនៃការកសាងក្រុមដ៏រឹងមាំ មិនមែនកើតឡើងដោយការហៅគ្នាទៅជប់លៀង ឬថតរូបជុំគ្នានោះទេ តែវាផ្តោតលើសសរស្តម្ភ ៤ យ៉ាងដូចខាងក្រោម៖
អត្ថបទទាក់ទង៖ របៀបដែលមនុស្សជំនាន់ Z កំពុងផ្លាស់ប្តូរកន្លែងធ្វើការ
១. ការបង្កើតសុវត្ថិភាពផ្លូវចិត្ត
នេះគឺជាកត្តាស្នូលបំផុត! ក្រុមដែលរឹងមាំ គឺស្ថិតក្នុងបរិយាកាសការងារដែលកូនចៅហ៊ានលើកដៃនិយាយថា “ខ្ញុំធ្វើខុស” ឬ “ខ្ញុំមានយោបល់ផ្សេង” ដោយមិនមានការភ័យខ្លាចការសើចចំអក ឬការគុំគួនពីថ្នាក់ដឹកនាំ។ ប្រសិនបើប្រជុំម្តងៗ មានតែមេជាអ្នកនិយាយ រីឯកូនចៅចាំតែងក់ក្បាលស្របអែបអប នោះមិនមែនជាក្រុមទេ វាគ្រាន់តែជា “កន្លែងផលិតពាក្យ បាទ/ចាស” ប៉ុណ្ណោះ។
២. គោលដៅរួម ធំជាងអត្មានិយម
សិល្បៈនៃការចងបេះដូងមនុស្ស គឺការធ្វើឱ្យពួកគេមើលឃើញថាជោគជ័យនៃការងារនេះគឺជាជោគជ័យ និងជាមោទនភាពរបស់ពួកគេគ្រប់ៗគ្នា មិនមែនធ្វើដើម្បីតែយកមុខឱ្យប្រធានក្រុម ឬប្រធាននាយកដ្ឋានទេ។ នៅក្នុងក្រុមដែលមានសិល្បៈកសាងល្អ គឺគ្មានការដណ្តើមស្នាដៃគ្នាពេលជោគជ័យ ហើយក៏គ្មានការទម្លាក់កំហុសដាក់គ្នាពេលបរាជ័យដែរ គឺមានតែពាក្យថា “ពួកយើង”។
៣. ភាពចម្រុះ មិនមែនធ្វើតាមគ្នា
មេដឹកនាំដ៏អស្ចារ្យ មិនរើសមនុស្សដែលមានចំណុចខ្លាំង ឬចរិតលក្ខណៈដូចខ្លួនឯងទាំងអស់នោះទេ តែរើសអ្នកដែលអាចមកបំពេញចំណុចខ្វះខាតរបស់ស្ថាប័ន។ ក្រុមដែលខ្លាំង ត្រូវការអ្នកមានគំនិតច្នៃប្រតិដ្ឋ (អ្នកគិត) អ្នកពូកែរៀបចំផែនការ (អ្នកចាត់ចែង) និងអ្នកពូកែចុះធ្វើផ្ទាល់ (អ្នកអនុវត្ត)។ ការមានកូនចៅដែលហ៊ានគិតផ្ទុយ និងផ្តល់យោបល់ប្លែកៗ ទើបធ្វើឱ្យក្រុមមានតុល្យភាព និងដើរទៅមុខបានឆ្ងាយ។
៤. ទំនុកចិត្តកើតចេញពីការផ្តល់សិទ្ធិ
អ្នកមិនអាចកសាងក្រុមខ្លាំងបានទេ ប្រសិនបើអ្នកនៅតែតាមត្រួតពិនិត្យគ្រប់សកម្មភាពតូចតាចរបស់ពួកគេ។ ការកសាងក្រុម គឺការប្រគល់ភារកិច្ច រួចផ្តល់សិទ្ធិ និងទំនុកចិត្តឱ្យពួកគេសម្រេចចិត្តអនុវត្ត។ មេដឹកនាំដើរតួត្រឹមតែជាអ្នកសម្របសម្រួល និងគាំទ្រផ្លូវច្បាប់ពីក្រោយប៉ុណ្ណោះ។
ការប្រមូលផ្តុំគ្នា គឺជាការចាប់ផ្តើម។ ការរក្សាភាពសាមគ្គី គឺជាដំណើរការ។ ប៉ុន្តែការធ្វើការងារស៊ីចង្វាក់គ្នាដោយគ្មានភាពអាត្មានិយម ទើបជាភាពជោគជ័យពិតប្រាកដនៃការកសាងក្រុម។ ក្រុមខ្លាំង មិនមែនកើតឡើងដោយសារមានមនុស្សពូកែៗច្រើននោះទេ តែដោយសារមនុស្សពូកែៗទាំងនោះ ចេះបញ្ចុះអំនួតខ្លួនឯង ដើម្បីធ្វើការរួមគ្នា។
━━━✥◈✥━━━
សៀវភៅ ការគ្រប់គ្រង និងអភិវឌ្ឍស្ថាប័ន

