បើយោងតាម អនុក្រឹត្យលេខ១៥១ អនក្រ.បក. ចុះថ្ងៃចន្ទ ១៥រោច ខែកត្តិក ឆ្នាំខាល ទោស័ក ព.ស.២៥៥៤ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១០ ស្តីពីការបណ្តុះបណ្តាលថ្នាក់បណ្ឌិត របស់រាជរដ្ឋាភិបាលកម្ពុជា បានបែងចែកសញ្ញាបត្របណ្ឌិតជា ៣ ប្រភេទដូចខាងក្រោម៖
១. សញ្ញាបត្របណ្ឌិតស្រាវជ្រាវ
នេះជាប្រភេទសញ្ញាបត្រឧត្តមសិក្សាកម្រិតខ្ពស់បំផុត ដែលត្រូវបានប្រគល់ជូនទៅបុគ្គលណាម្នាក់ ដោយផ្អែកលើការទទួលស្គាល់ស្នាដៃឆ្នើម ទាំងខាងវិធីសាស្ត្រស្រាវជ្រាវ ទាំងខាងលទ្ធផលនៃការស្រាវជ្រាវ ដែលអាចបោះពុម្ភផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ ព្រមទាំងមានការរួមចំណែកក្នុងការសិក្សាស្រាវជ្រាវសម្រាប់ការបង្កើតចំណេះដឹង និងការអនុវត្តថ្មី។
២. សញ្ញាបត្របណ្ឌិតវិជ្ជាជីវៈ
នេះជាប្រភេទសញ្ញាបត្រឧត្តមសិក្សាកម្រិតខ្ពស់បំផុត ដែលត្រូវបានប្រគល់ជូនទៅបុគ្គលណាម្នាក់ ដែលបានសិក្សាមុខជំនាញ ដូចជា វេជ្ជសាស្ត្រ ទន្តវទនសាស្ត្រ ឱសថសាស្ត្រ វិស្វកម្ម អប់រំ ធុរកិច្ច និងវិចិត្រសិល្បៈជាដើម។ បុគ្គលទទួលសញ្ញាបត្រប្រភេទនេះ បំពេញកិច្ចការជាក់ស្តែងជាចម្បង និងបានចងក្រងចំណេះដឹងដែលបានពីការសិក្សា និងបទពិសោធការងារទៅតាមវិធីសាស្ត្រ។ បុគ្គលទទួលសញ្ញាបត្រប្រភេទនេះ មានបំណងជាចម្បង គឺការបង្កើនសមត្ថភាពវិជ្ជាជីវៈផ្ទាល់ខ្លួនឱ្យកាន់តែប្រសើរឡើង។ ចំពោះគោរម្យងារជាព្រឹទ្ធាចារ្យសិល្បៈ មានកម្រិតសមមូលនឹងសញ្ញាបត្របណ្ឌិតវិជ្ជាជីវៈ។
៣. សញ្ញាបត្របណ្ឌិតកិត្តិយស
នេះជាសញ្ញាបត្របណ្ឌិតដែលគ្រឹះស្ថានឧត្តមសិក្សា ប្រគល់ជូនបុគ្គលណាម្នាក់ ដោយសារការទទួលស្គាល់ស្នាដៃឆ្នើមកម្រិតខ្ពស់ ដែលមានអត្ថប្រយោជន៍ដល់សង្គម និងមនុស្សជាតិ តាមរយៈសមិទ្ធផលការងារ ការសរសេរសៀវភៅ ឬការផ្សព្វផ្សាយការស្រាវជ្រាវជាដើម។
តើអ្នកយល់យ៉ាងណាដែរចំពោះសញ្ញាបត្រទាំងបីខាងលើ?

