ការចេះនិយាយពាក្យថា “ទេ” ឬការបដិសេធ គឺជាជំនាញជីវិតដ៏សំខាន់មួយដែលជួយឱ្យយើងមានសេរីភាពផ្លូវចិត្ត និងពេលវេលាផ្ទាល់ខ្លួនកាន់តែច្រើន។
១. ការបដិសេធមិនមែនមានន័យថាយើងជាមនុស្សមិនល្អនោះទេ
- ការបដិសេធ គឺជាការជ្រើសរើសផ្ដល់អាទិភាពដល់ខ្លួនឯង ជាជាងការបង្ខំចិត្តធ្វើតាមតម្រូវការរបស់អ្នកដទៃទាំងដែលយើងមិនចង់ធ្វើ។
- ឧទាហរណ៍ មិត្តភ័ក្តិបបួលទៅដើរលេងនៅយប់ដែលអ្នកមានអារម្មណ៍ថាហត់ខ្លាំង ហើយចង់សម្រាក។ ការបដិសេធមិនទៅ មិនមែនមានន័យថាអ្នកស្អប់មិត្តភក្តិទេ តែអ្នកកំពុងថែរក្សាសុខភាពខ្លួនឯង។
២. យើងមិនអាចគ្រប់គ្រងសម្ដីរបស់អ្នកដទៃបានឡើយ
- អ្វីដែលយើងអាចធ្វើបាន គឺការរក្សាគម្លាតពីអ្វីដែលរំខានដល់សេចក្តីសុខរបស់យើង។
- ឧទាហរណ៍ នៅពេលមាននរណាម្នាក់និយាយដើម ឬបង្កបញ្ហានៅកន្លែងធ្វើការ អ្នកមិនចាំបាច់ទៅតបត ឬពន្យល់គ្រប់គ្នានោះទេ គ្រាន់តែដកខ្លួនចេញមកឱ្យឆ្ងាយគឺគ្រប់គ្រាន់ហើយ។
៣. ការបដិសេធដោយសុជីវធម៌ និងម៉ឺងម៉ាត់
- វានឹងជួយបង្កើនទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំង និងធ្វើឱ្យអ្នកដទៃផ្ដល់តម្លៃឱ្យយើង។
- ឧទាហរណ៍ “ខ្ញុំពិតជាអរគុណដែលអ្នកបានផ្ដល់ឱកាសនេះឱ្យខ្ញុំ ប៉ុន្តែពេលនេះខ្ញុំមានការងារច្រើនក្នុងដៃពេក មិនអាចទទួលធ្វើបន្ថែមបានទេ បើមិនដូច្នោះទេលទ្ធផលការងារនឹងមិនល្អឡើយ។”
៤. យកចិត្តទុកដាក់លើខ្លួនឯងឱ្យបានមុន
- មុននឹងទៅជួយអ្នកដទៃ យើងត្រូវប្រាកដថាខ្លួនឯងមានលទ្ធភាព និងមានភាពរឹងមាំគ្រប់គ្រាន់ជាមុនសិន។
- ឧទាហរណ៍ បើអ្នកមានលុយមិនគ្រប់គ្រាន់សម្រាប់ចំណាយប្រចាំខែ កុំទាន់ផ្ដល់ការខ្ចីបុលដល់អ្នកដទៃ ព្រោះវានឹងធ្វើឱ្យអ្នកចួបទុក្ខលំបាកខ្លាំងជាងគេ។
៥. ការប្រកាន់ខ្ជាប់នូវគោលជំហររបស់ខ្លួនឯង
- នៅពេលយើងមានគោលការណ៍ច្បាស់លាស់ វានឹងជួយឱ្យយើងបដិសេធអ្នកដទៃបានកាន់តែងាយស្រួល និងមិនមានអារម្មណ៍ខុស។
- ឧទាហរណ៍ ប្រសិនបើអ្នកមានគោលការណ៍ថាមិនផឹកគ្រឿងស្រវឹង ទោះបីជាមានគេមកបង្ខំក្នុងពិធីជប់លៀងយ៉ាងណាក៏ដោយ ក៏អ្នកអាចបដិសេធបានយ៉ាងងាយដោយគ្រាន់តែនិយាយថា “នេះជាគោលការណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំ”។
អត្ថបទទាក់ទង៖ ៦០ ឃ្លា ដែលអ្នកអាចស្វែងយល់ពីសិល្បៈនៃការប្រើប្រាស់ពាក្យសម្ដី
៦. ពេលវេលា គោលដៅ និងជីវិតរបស់យើងត្រូវតែមកមុន
- កុំឱ្យពេលវេលារបស់អ្នកត្រូវខ្ចាត់ខ្ចាយដោយសារតម្រូវការរបស់អ្នកដទៃដែលមិនមានប្រយោជន៍ដល់គោលដៅរបស់អ្នក។
- ឧទាហរណ៍ ការសម្រេចចិត្តមិនទៅចួបជុំផឹកស៊ីដែលមិនសូវសំខាន់ ដើម្បីយកពេលវេលាមកអានសៀវភៅ ឬធ្វើកិច្ចការងារសាលាដែលជិតដល់ថ្ងៃកំណត់។
៧. ហ្វឹកហាត់បដិសេធក្នុងរឿងតូចតាច
- ការចាប់ផ្ដើមបដិសេធរឿងតូចៗ នឹងជួយកសាងសាច់ដុំ “ទំនុកចិត្ត” សម្រាប់បដិសេធរឿងធំៗនៅថ្ងៃក្រោយ។
- ឧទាហរណ៍ បដិសេធការទិញទំនិញដែលអ្នកលក់ព្យាយាមបញ្ចុះបញ្ចូលឱ្យអ្នកទិញទាំងដែលអ្នកមិនត្រូវការវាទាល់តែសោះ។
៨. ការបដិសេធផ្ដល់ពេលវេលា និងសេរីភាព
- នៅពេលអ្នកឈប់យល់ព្រមលើអ្វីដែលអ្នកមិនចូលចិត្ត នោះអ្នកនឹងមានពេលធ្វើអ្វីដែលអ្នកស្រឡាញ់កាន់តែច្រើន។
- ឧទាហរណ៍ នៅពេលអ្នកមិនទទួលធ្វើការងារក្រៅម៉ោងដែលអ្នកមិនចូលចិត្ត នោះអ្នកនឹងមានពេលទៅហាត់ប្រាណ ឬនៅជាមួយក្រុមគ្រួសារកាន់តែច្រើន។
៩. ភាពសុភាពរាបសារជួយកុំឱ្យមានសត្រូវ
- ការបដិសេធដោយប្រើពាក្យសម្តីផ្អែមល្ហែម និងមានហេតុផល នឹងធ្វើឱ្យអ្នកដទៃយល់ចិត្ត និងមិនមានការអាក់អន់ចិត្ត។
- ឧទាហរណ៍ “ខ្ញុំពិតជាចង់ជួយអ្នកខ្លាំងណាស់ ប៉ុន្តែថ្ងៃនេះខ្ញុំមានធុរៈជាប់រវល់ដែលមិនអាចខានបាន សង្ឃឹមថាអ្នកនឹងយោគយល់។”
១០. និយាយពាក្យពិត និងផ្ដល់ហេតុផលត្រង់ៗ
- កុំកុហកដើម្បីតែចង់គេចវេស ព្រោះការកុហកនឹងនាំមកនូវបញ្ហាកាន់តែច្រើននៅថ្ងៃក្រោយ។
- ឧទាហរណ៍ ប្រសិនបើអ្នកមិនចង់ទៅញ៉ាំអីជាមួយមិត្តភ័ក្តិ គ្រាន់តែប្រាប់ថា “ថ្ងៃនេះខ្ញុំចង់សម្រាកនៅផ្ទះម្នាក់ឯង” ជាជាងការកុហកថា “ខ្ញុំជាប់រវល់ការងារ” ទាំងដែលការពិតអ្នកកំពុងលេងហ្គេមនៅផ្ទះ។
១១. ពេលវេលារបស់យើងមានតម្លៃណាស់
- កុំឱ្យពេលវេលាដ៏មានតម្លៃរបស់អ្នកទៅនរណាម្នាក់ដែលមិនផ្ដល់តម្លៃមកឱ្យអ្នកវិញ ឬក្នុងរឿងដែលគ្មានប្រយោជន៍។
- ឧទាហរណ៍ ការបដិសេធមិនចំណាយពេលរាប់ម៉ោងស្ដាប់ការត្អូញត្អែរដដែលៗរបស់មនុស្សម្នាក់ដែលមិនដែលគិតចង់កែលម្អខ្លួនឯង។
១២. យើងមិនចាំបាច់ទទួលខុសត្រូវចំពោះអារម្មណ៍របស់អ្នកដទៃឡើយ
- ប្រសិនបើយើងបដិសេធដោយសមរម្យ និងត្រឹមត្រូវហើយ ប៉ុន្តែអ្នកសុំនៅតែខឹង ឬមិនពេញចិត្ត នោះគឺជាបញ្ហារបស់ពួកគេ មិនមែនជាកំហុសរបស់យើងឡើយ។
- ឧទាហរណ៍ អ្នកបដិសេធមិនឱ្យគេខ្ចីម៉ូតូ ព្រោះអ្នកត្រូវប្រើវាចាំបាច់ដែរ។ ប្រសិនបើគេខឹងអ្នក នោះមកពីគេមិនចេះយល់ចិត្តអ្នក មិនមែនមកពីអ្នកជាមនុស្សអាក្រក់នោះទេ។
១៣. ពាក្យថា “ទេ” គឺជាប្រយោគដែលគ្រប់គ្រាន់ក្នុងខ្លួនវា
- អ្នកមិនចាំបាច់ផ្ដល់ការពន្យល់យ៉ាងវែងអន្លាយ ឬរកលេសដើម្បីសុំទោសចំពោះការបដិសេធនោះទេ។
- ឧទាហរណ៍ “សុំទោស ខ្ញុំមិនអាចជួយបានទេនៅពេលនេះ” គឺគ្រប់គ្រាន់ហើយ អ្នកមិនបាច់រៀបរាប់ពីបញ្ហាក្នុងគ្រួសារដើម្បីឱ្យគេអាណិតនោះទេ។
១៤. កុំបដិសេធភ្លាមៗ ប្រសិនបើអ្នកមិនទាន់ប្រាកដ
- ការសុំពេលគិត គឺជាទម្រង់មួយនៃការបដិសេធដោយឆ្លាតវៃ ដើម្បីចៀសវាងការឆ្លើយយល់ព្រមទាំងបង្ខំចិត្ត។
- ឧទាហរណ៍ “ទុកពេលឱ្យខ្ញុំពិនិត្យមើលកាលវិភាគបន្តិចសិន ចាំខ្ញុំប្រាប់អ្នកវិញនៅល្ងាចនេះ”។ វិធីនេះ ជួយឱ្យអ្នកមានពេលសម្រេចចិត្តឱ្យបានច្បាស់។
១៥. បដិសេធការងារដែលហួសពីលទ្ធភាពពេលវេលា
- កុំធ្វើខ្លួនជាមនុស្សដែលទទួលយកគ្រប់យ៉ាង រហូតដល់ការងារសំខាន់របស់អ្នកត្រូវខូចខាត។
- ឧទាហរណ៍ ប្រធានផ្នែកដាក់ការងារបន្ថែមឱ្យអ្នកនៅម៉ោង ៥ ល្ងាច។ ប្រសិនបើអ្នកមានធុរៈគ្រួសារ អ្នកអាចបដិសេធដោយប្រាប់ថាអ្នកនឹងធ្វើវាឱ្យបានល្អបំផុតនៅព្រឹកស្អែក។
១៦. កំណត់ព្រំដែនចំពោះមនុស្សដែលចូលចិត្តកេងចំណេញ
- មានមនុស្សមួយចំនួននឹងបន្តសុំជំនួយពីអ្នកដរាបណាអ្នកនៅតែយល់ព្រម។ ការបដិសេធ គឺជាការប្រាប់ពួកគេឱ្យស្គាល់ព្រំដែន។
- ឧទាហរណ៍ បដិសេធមិត្តម្នាក់ដែលតែងតែមកសុំឱ្យអ្នកជួយធ្វើកិច្ចការឱ្យគេរហូត ដោយលើកទឹកចិត្តឱ្យគេរៀនធ្វើដោយខ្លួនឯងវិញ។
១៧. បដិសេធដើម្បីរក្សាសុខភាពផ្លូវចិត្ត
- ប្រសិនបើកម្មវិធី ឬការចួបជុំណាមួយធ្វើឱ្យអ្នកមានអារម្មណ៍តានតឹង ឬបាក់ទឹកចិត្ត នោះអ្នកមានសិទ្ធិពេញលេញក្នុងការមិនចូលរួម។
- ឧទាហរណ៍ ការមិនចូលរួមក្នុងពិធីជប់លៀងដែលមានមនុស្សដែលធ្លាប់ធ្វើបាបផ្លូវចិត្តអ្នកកាលពីមុន។
១៨. ការបដិសេធជួយឱ្យអ្នកមានជំនាញច្បាស់លាស់
- នៅពេលអ្នកបដិសេធរឿងដែលមិនពាក់ព័ន្ធ នោះអ្នកនឹងមានពេលពង្រឹងជំនាញដែលអ្នកពូកែពិតប្រាកដ។
- ឧទាហរណ៍ បដិសេធការរៀនជំនាញទីផ្សារ ប្រសិនបើអ្នកចង់ក្លាយជាអ្នកសរសេរកម្មវិធី (Programmer) អាជីព។
១៩. កុំមានអារម្មណ៍ខុសចំពោះអ្វីដែលអ្នកមិនបានបង្ក
- ការបដិសេធ មិនមែនជាការធ្វើខុសច្បាប់ ឬខុសសីលធម៌នោះទេ។ វាគឺជាសិទ្ធិជាមូលដ្ឋានរបស់មនុស្សម្នាក់ៗ។
- ឧទាហរណ៍ កុំមានអារម្មណ៍ខុសពេលបដិសេធមិនឱ្យគេខ្ចីលុយ ព្រោះវាជាលុយដែលអ្នកខំរកមកដោយកម្លាំងញើសឈាម។
២០. បដិសេធការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ
- ការនិយាយថា “ទេ” ចំពោះការចង់បានដូចគេ នឹងជួយឱ្យអ្នករកឃើញសុភមង្គលពិតប្រាកដតាមបែបរបស់អ្នក។
- ឧទាហរណ៍ បដិសេធមិនទិញទូរសព្ទស៊េរីថ្មីបំផុតតាមមិត្តភ័ក្តិ ប្រសិនបើទូរសព្ទចាស់របស់អ្នកនៅប្រើបានល្អ។
២១. ការបដិសេធជួយឱ្យអ្នកដទៃរៀនរស់ដោយខ្លួនឯង
- ចួនកាល ការដែលអ្នកបដិសេធ គឺជាការជួយដល់អ្នកសុំឱ្យគេមានភាពរឹងមាំ និងម្ចាស់ការលើខ្លួនឯង។
- ឧទាហរណ៍ បដិសេធមិនជួយធ្វើលំហាត់ឱ្យប្អូន ដើម្បីឱ្យប្អូនបានរៀនគិត និងយល់ពីមេរៀនដោយខ្លួនឯង។
២២. សង្កេតមើលប្រតិកម្មរាងកាយរបស់អ្នក
- ប្រសិនបើបេះដូងអ្នកលោតញាប់ ឬមានអារម្មណ៍តឹងណែនក្នុងទ្រូងពេលគេសុំឱ្យជួយ នោះគឺជាសញ្ញាដែលខ្លួនប្រាណប្រាប់ឱ្យអ្នក “បដិសេធ”។
- ឧទាហរណ៍ នៅពេលមានគេបបួលទៅកន្លែងដែលអ្នកមានអារម្មណ៍មិនសុវត្ថិភាព ចូរជឿជាក់លើវិញ្ញាណទី៦ របស់អ្នក ហើយបដិសេធភ្លាម។
២៣. បដិសេធការរស់នៅតាមការរំពឹងទុករបស់អ្នកដទៃ
- ជីវិតរបស់អ្នកជារបស់អ្នក កុំឱ្យអ្នកដទៃមកគូរវាសវាសនាឱ្យអ្នក តាមរយៈការដែលអ្នកមិនហ៊ានបដិសេធពួកគេ។
- ឧទាហរណ៍ បដិសេធការរៀនជំនាញដែលឪពុកម្ដាយចង់ឱ្យរៀន ប្រសិនបើអ្នកដឹងច្បាស់ថាអ្នកមានចំណង់ចំណូលចិត្តលើជំនាញផ្សេងទៀត។
២៤. ការបដិសេធគឺជាការបង្ហាញតម្លៃខ្លួនឯង
- នៅពេលអ្នកចេះបដិសេធ នោះអ្នកកំពុងប្រាប់ពិភពលោកថា ពេលវេលា និងកម្លាំងរបស់អ្នកមានតម្លៃ មិនមែនសម្រាប់តែការហៅប្រើស្រួលៗនោះទេ។
- ឧទាហរណ៍ ការមិនទទួលការងារថែមម៉ោងដែលមិនផ្ដល់ប្រាក់ឧបត្ថម្ភសមរម្យ។
២៥. បដិសេធការសេពគប់មនុស្សដែលមានថាមពលអវិជ្ជមាន
- កុំខ្លាចក្នុងការបដិសេធការណាត់ចួបជាមួយមនុស្សដែលចូលចិត្តមើលងាយ ឬនាំរឿងអវិជ្ជមានមកឱ្យអ្នក។
- ឧទាហរណ៍ ការឈប់តបសារ ឬឈប់ទៅដើរលេងជាមួយមិត្តភ័ក្តិដែលចូលចិត្តបង្អាប់រូបរាងកាយរបស់អ្នក។
២៦. ការបដិសេធជួយរក្សាគុណភាពនៃ “ពាក្យសន្យា”
- នៅពេលអ្នកបដិសេធរឿងដែលអ្នកធ្វើមិនបាន នោះពាក្យ “យល់ព្រម” របស់អ្នកនៅពេលក្រោយនឹងមានតម្លៃ និងភាពជឿជាក់ខ្ពស់។
- ឧទាហរណ៍ មនុស្សជុំវិញខ្លួននឹងដឹងថា បើអ្នកឆ្លើយថា “ព្រម” គឺអ្នកនឹងធ្វើវាឱ្យបាន ១០០%។
២៧. ហ្វឹកហាត់និយាយពាក្យបដិសេធនៅមុខកញ្ចក់
- ការអនុវត្តនិយាយពាក្យថា “ទេ” ឱ្យបានស្ទាត់មាត់ នឹងជួយឱ្យអ្នកមានភាពក្លាហាននៅពេលចួបស្ថានភាពជាក់ស្តែង។
- ឧទាហរណ៍ សាកល្បងនិយាយថា “ខ្ញុំសុំទោស ខ្ញុំពិតជាមិនអាចទៅបានទេ” ដោយប្រើទឹកមុខញញឹម ប៉ុន្តែមានភ្នែកម៉ឺងម៉ាត់។
គ្រាន់តែចេះបដិសេធ ជីវិតនឹងប្រសើរជាងមុន
សៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ

