ចិត្តសាស្រ្ត (ឬ ចិត្តវិទ្យា) គឺជាវិទ្យាសាស្ត្រដែលសិក្សាអំពីសតិ បាតុភូតចិត្ត និងអាកប្បកិរិយារបស់មនុស្ស ឬសត្វលោក។ វាវិភាគលើដំណើរការខួរក្បាល គំនិត អារម្មណ៍ កាយវិការ និងរបៀបដែលបុគ្គលម្នាក់ៗធ្វើអន្តរកម្មជាមួយបរិយាកាសជុំវិញខ្លួន។
ការគ្រប់គ្រងមនុស្ស ឬការគ្រប់គ្រងធនធានមនុស្ស គឺជាសិល្បៈ និងវិទ្យាសាស្ត្រក្នុងការដឹកនាំ ចាត់ចែង និងអភិវឌ្ឍបុគ្គលិក។ វាមានគោលដៅជំរុញផលិតភាព និងសម្រេចគោលដៅស្ថាប័ន តាមរយៈការជ្រើសរើស ការបណ្តុះបណ្តាល ការវាយតម្លៃ និងការលើកទឹកចិត្តប្រកបដោយតម្លាភាព។ ការគ្រប់គ្រងមនុស្សនៅទីនេះ មិនមែនមានន័យថាជាការបង្ខិតបង្ខំនោះទេ ប៉ុន្តែវាគឺជាសិល្បៈនៃការមានឥទ្ធិពល ការដឹកនាំ និងការទាក់ទាញចិត្តដើម្បីឲ្យពួកគេស្ម័គ្រចិត្តសហការជាមួយយើងដោយចិត្តរីករាយ។
ខាងក្រោមនេះ ជាចិត្តនៃការគ្រប់គ្រងមនុស្សដែលយើងគួរស្វែងយល់៖
១. បង្កើតអារម្មណ៍ “កម្រ” ឬ “ខ្វះខាត” ដើម្បីជំរុញការសម្រេចចិត្ត
អារម្មណ៍មួយដែលមានតម្លៃ ឬកម្រ ធ្វើឲ្យមនុស្សប្រញាប់សម្រេចចិត្ត និងឲ្យតម្លៃវាកាន់តែខ្លាំង។ ការគូសបញ្ជាក់ពីតម្លៃ និងភាពពិសេស ជួយបង្កើតកម្លាំងទាក់ទាញយ៉ាងមានឥទ្ធិពល។
- ជំនួសឲ្យការនិយាយពីអ្វីដែលគេនឹង “ទទួលបាន” សូមប្រាប់ពីអ្វីដែលគេអាចនឹង “បាត់បង់” ឧទាហរណ “ប្រសិនបើអ្នកមិនចាប់យកឱកាសនេះទេ នោះអ្នកនឹងខកខានឱកាសឡើងប្រាក់ខែនៅឆ្នាំនេះហើយ”។
អត្ថបទទាក់ទង៖ សសរស្តម្ភ ៤ យ៉ាង ដើម្បីកសាងក្រុមដ៏រឹងមាំ
២. បច្ចេកទេស ចាប់ផ្ដើមពីការស្នើសុំតូចតាច
មនុស្ស ងាយនឹងយល់ព្រមលើសំណើធំ ប្រសិនបើពួកគេធ្លាប់បានយល់ព្រមលើសំណើតូចមួយរបស់អ្នករួចហើយ ព្រោះពួកគេចង់រក្សាគោលជំហរឲ្យស្របគ្នា។
- ប្រសិនបើអ្នកចង់ឲ្យគេជួយកិច្ចការធំ សូមចាប់ផ្ដើមពីការសុំឲ្យគេជួយមើលឯកសារមួយសន្លឹកសិន ពេលគេយល់ព្រម សឹមបន្តស្នើសុំឲ្យគេជួយកិច្ចការបន្ទាប់។
៣. ត្រាប់តាមកាយវិការដោយសម្ងាត់
មនុស្ស មានទំនោរចូលចិត្ត និងទុកចិត្តអ្នកដែលមានលក្ខណៈស្រដៀងនឹងខ្លួន។ ការត្រាប់តាមកាយវិការ អត្រានៃការនិយាយ ឬពាក្យពេចន៍របស់ពួកគេ ជួយភ្ជាប់ទំនាក់ទំនងផ្លូវចិត្តបានយ៉ាងលឿន។
- ប្រសិនបើគេនិយាយតិចៗ និងយឺតៗ អ្នកក៏ត្រូវបន្ថយល្បឿននិយាយរបស់អ្នកដែរ ប្រសិនបើគេអង្គុយផ្អែកខ្នងទៅក្រោយ សូមអ្នកធ្វើកាយវិការស្រដៀងគ្នានោះ (តែត្រូវធ្វើឲ្យមើលទៅរលូន កុំឲ្យគេដឹងខ្លួនថាអ្នកកំពុងចម្លងកាយវិការគេ)។
៤. សរសើរជាសាធារណៈ រិះគន់ជាឯកជន
នេះគឺជាច្បាប់នៃការគ្រប់គ្រងមនុស្ស។ ការសរសើរនៅមុខអ្នកដទៃ ជួយលើកទឹកចិត្ត និងកិត្តិយសរបស់គេ ចំណែកការកែតម្រូវកំហុសនៅកន្លែងស្ងាត់ៗ ជួយរក្សាមុខមាត់ និងទប់ស្កាត់ការគុំកួន។
- ប្រសិនបើកូនចៅ ឬមិត្តភក្ដិធ្វើខុស កុំស្រែកស្ដីឲ្យនៅមុខគេឯង សូមហៅគេមកនិយាយតែពីរនាក់ រួចប្រើរូបមន្ត “សរសើរ-រិះគន់-សរសើរ” ។
៥. ផ្ដល់ “ជម្រើស” ដើម្បីឲ្យពួកគេមានអារម្មណ៍ថាជាអ្នកសម្រេចចិត្ត
មនុស្ស ស្អប់ការត្រូវគេបង្គាប់បញ្ជា ប៉ុន្តែចូលចិត្តការសម្រេចចិត្តដោយខ្លួនឯង។
- ជំនួសឲ្យការបញ្ជាថា “ត្រូវធ្វើការនេះនៅថ្ងៃនេះ!” សូមសួរថា “តើអ្នកចង់ធ្វើកិច្ចការនេះនៅព្រឹកនេះ ឬទុកធ្វើនៅពេលរសៀល?” គោលដៅ គឺគេនៅតែធ្វើការងារដដែល តែគេមានអារម្មណ៍ថាគេជាអ្នករើសពេលវេលាដោយខ្លួនឯង។
៦. ប្រើប្រាស់កម្លាំងនៃពាក្យថា “ពីព្រោះ”
ខួរក្បាលមនុស្ស តែងតែស្វែងរកហេតុផល ការបន្ថែមពាក្យថា “ពីព្រោះ” ធ្វើឲ្យមនុស្សងាយនឹងយល់ព្រមតាមសំណើរបស់អ្នក ទោះបីជាហេតុផលនោះស្ដាប់ទៅធម្មតាក៏ដោយ។
- សូមកុំសុំត្រឹមថា “ជួយផ្ញើរបាយការណ៍នេះឲ្យខ្ញុំបន្តិច” ត្រូវសុំថា “ជួយផ្ញើរបាយការណ៍នេះឲ្យខ្ញុំបន្តិច ពីព្រោះខ្ញុំត្រូវយកវាទៅប្រជុំនៅម៉ោង ២” នោះអត្រានៃការយល់ព្រមនឹងកើនឡើងខ្ពស់។
៧. ដាក់ការរំពឹងទុកខ្ពស់ ដើម្បីជំរុញសក្ដានុពល
មនុស្ស ច្រើនតែព្យាយាមធ្វើឲ្យបានល្អស្របតាម “ការរំពឹងទុក” ដែលអ្នកដទៃមានមកលើពួកគេ។ ប្រសិនបើអ្នកជឿថាគេពូកែ នោះគេនឹងប្រឹងធ្វើឲ្យពូកែ។
- សូមនិយាយទៅកាន់ក្រុមការងារថា “ខ្ញុំប្រគល់ការងារនេះឲ្យអ្នក ព្រោះខ្ញុំជឿជាក់លើសមត្ថភាពរបស់អ្នក ហើយខ្ញុំដឹងថាអ្នកនឹងធ្វើវាបានល្អបំផុត” ។ ការនិយាយបែបនេះ គឺជាការចាក់សោរបេះដូងឲ្យពួកគេប្រឹងប្រែងអស់ពីសមត្ថភាពដោយមិនបាច់បង្ខំ។
៨. ការហៅ “ឈ្មោះ” របស់ពួកគេ
តាមផ្លូវចិត្តសាស្ត្រ សំឡេងដែលពិរោះបំផុតសម្រាប់មនុស្សម្នាក់ៗ គឺការឮគេហៅឈ្មោះរបស់ខ្លួន។ វាបង្ហាញពីការយកចិត្តទុកដាក់ និងការគោរព។
- សូមចងចាំឈ្មោះអ្នកដែលអ្នកជជែកជាមួយ ហើយហៅឈ្មោះគេនៅកណ្ដាលការសន្ទនា ឬពេលចាប់ផ្ដើមសំណួរ ឧទាហរណ៍ “ចុះចំណែក បង សៅ វិញ បងយល់យ៉ាងណាដែរ?”។
៩. ភាពស្ងប់ស្ងាត់
នៅក្នុងការចរចា ឬពេលប្រឈមមុខ ការចេះនៅស្ងៀម គឺជាអាវុធដ៏មុតស្រួច។ មនុស្សភាគច្រើន ខ្លាចភាពស្ងាត់ជ្រងំ ហើយតែងតែព្យាយាមនិយាយដើម្បីបំបាត់ភាពស្ងាត់នោះ ដែលជារឿយៗពួកគេអាចនឹងទម្លាយព័ត៌មានសំខាន់ៗ ឬយល់ព្រមតាមយើង។
- នៅពេលអ្នកសួរសំណួរសំខាន់ ឬដាក់សំណើអ្វីមួយរួច សូមបិទមាត់ ហើយនៅស្ងៀម សម្លឹងមើលភ្នែកគេ ទុកឲ្យភាគីម្ខាងទៀតជាអ្នកនិយាយមុន។
១០. ធ្វើជាគំរូជាក់ស្ដែង
អ្នកមិនអាចគ្រប់គ្រង ឬបញ្ចុះបញ្ចូលឲ្យនរណាម្នាក់ធ្វើរឿងមួយ ដែលសូម្បីតែខ្លួនអ្នកក៏មិនព្រមធ្វើនោះទេ។ ទង្វើ មានសម្លេងខ្លាំងជាងពាក្យសម្ដី។
- ប្រសិនបើអ្នកចង់ឲ្យក្រុមការងារមកធ្វើការទាន់ពេល អ្នកត្រូវតែជាមនុស្សដែលមកដល់មុនគេជានិច្ច។ ប្រសិនបើអ្នកចង់ឲ្យគេធ្វើការលះបង់ អ្នកត្រូវតែបង្ហាញការលះបង់របស់អ្នកជាមុនសិន។
១១. បង្ហាញពីភាពទន់ខ្សោយខ្លះៗ
គ្មាននរណាម្នាក់ចូលចិត្តមនុស្សដែលអួតថាខ្លួនឯងល្អឥតខ្ចោះគ្រប់រឿងនោះទេ។ ការហ៊ានបង្ហាញពីចំណុចខ្សោយ ឬធ្វើខុសឆ្គងបន្តិចបន្តួច ធ្វើឲ្យអ្នកមើលទៅជាមនុស្សធម្មតា មានភាពរាក់ទាក់ និងងាយស្រួលចូលចុះ។
- សូមកុំខ្លាចក្នុងការនិយាយលេងសើចពីកំហុសតូចតាចរបស់ខ្លួនឯង ឬសុំជំនួយពីកូនចៅក្នុងរឿងដែលអ្នកមិនសូវចេះ ពីព្រោះវានឹងធ្វើឲ្យពួកគេកាន់តែស្រឡាញ់ និងគោរពអ្នក។
១២. ការស្ដាប់ដោយយកចិត្តទុកដាក់ គឺជាចំណុចចាប់ផ្ដើមនៃការយល់ចិត្ត
ការស្ដាប់ មិនមែនគ្រាន់តែជាការឮនោះទេ តែវាជាការផ្ដល់ការយកចិត្តទុកដាក់ទៅលើអ្វីដែលភាគីម្ខាងទៀតដែលកំពុងនិយាយ។ ការស្ដាប់សកម្ម ជួយឲ្យយើងដឹងពីតម្រូវការ បញ្ហា និងអារម្មណ៍របស់ពួកគេ។ នៅពេលដែលពួកគេមានអារម្មណ៍ថាត្រូវបានគេឲ្យតម្លៃ នោះពួកគេនឹងបើកចិត្ត។
- សូមកុំគ្រាន់តែស្ដាប់ដើម្បីរង់ចាំវេនឆ្លើយតប សូមផ្តោតទំនាក់ទំនងតាមខ្សែភ្នែក ងក់ក្បាលយល់ស្រប និងសង្ខេបសម្ដីរបស់ពួកគេឡើងវិញ (ឧទាហរណ៍៖ “អញ្ចឹងតាមដែលអ្នកនិយាយ គឺមានន័យថា…”) ដើម្បីបញ្ជាក់ថាអ្នកពិតជាកំពុងស្ដាប់មែន។
១៣. ចិត្តអធ្យាស្រ័យល្អ និងការយល់ពីអារម្មណ៍ បង្កើតទំនាក់ទំនងពិតប្រាកដ
ការយល់ចិត្ត មិនមែនគ្រាន់តែនិយាយថា “ខ្ញុំយល់” នោះទេ តែគឺជាការធ្វើឲ្យភាគីម្ខាងទៀតទទួលអារម្មណ៍ថា យើងពិតជាខ្វល់ខ្វាយពីអ្វីដែលពួកគេកំពុងចួបប្រទះ។ ការធ្វើបែបនេះ ជួយកសាងទំនុកចិត្តក្នុងរយៈពេលវែង។
- ជំនួសឲ្យការផ្ដល់ដំបូន្មានភ្លាមៗ សូមសាកល្បងនិយាយថា “ខ្ញុំយល់ពីអារម្មណ៍របស់អ្នក រឿងនេះពិតជាពិបាកមែនហើយ តើមានអ្វីដែលខ្ញុំអាចជួយបានទេ?”
១៤. ប្រើប្រាស់ចិត្តសាស្ត្រ “ការតបស្នង” ដើម្បីកសាងទំនាក់ទំនង
ការជួយជ្រោមជ្រែងរឿងតូចតាច ឬការផ្ដល់ដំបូន្មាននៅពេលចាំបាច់ ធ្វើឲ្យភាគីម្ខាងទៀតមានអារម្មណ៍ថា “ជំពាក់គុណ” និងចង់តបស្នងយើងវិញនៅថ្ងៃក្រោយ។
- សូមផ្ដល់ជំនួយដល់គេ “មុនពេល” ដែលអ្នកត្រូវការសុំជំនួយពីគេ ទិញកាហ្វេផ្ញើគេ ឬជួយសម្រួលការងារគេបន្តិចបន្តួច នោះនៅពេលអ្នកសុំការសហការពីគេ នោះគេនឹងមិនហ៊ានបដិសេធឡើយ។
១៥. ការសួរសំណួរបើក ជួយបើកចិត្ត និងគំនិត
សំណួរបើក ជំរុញឲ្យភាគីម្ខាងទៀតបញ្ចេញមតិ និងទស្សនៈរបស់ខ្លួន។ វាជួយឲ្យយើងមើលឃើញបញ្ហាក្នុងជ្រុងថ្មី និងនាំទៅរកដំណោះស្រាយប្រកបដោយភាពច្នៃប្រតិដ្ឋ។
- សូមចៀសវាងសំណួរដែលតម្រូវឲ្យឆ្លើយ “បាទ/ចាស ឬ ទេ” ជំនួសមកវិញត្រូវប្រើសំណួរដូចជា “តើអ្នកយល់យ៉ាងណាដែរចំពោះរឿងនេះ?” ឬ “តើយើងគួរដោះស្រាយបញ្ហានេះដោយវិធីណា?”
១៦. កំណត់គោលដៅឲ្យបានច្បាស់លាស់ដើម្បីភាពជោគជ័យរួមគ្នា
ការប្រាស្រ័យទាក់ទងពីគោលដៅឲ្យបានច្បាស់លាស់ ជួយឲ្យមនុស្សគ្រប់គ្នាយល់ថា សកម្មភាពរបស់ពួកគេមានឥទ្ធិពលអ្វីខ្លះ។ ពេលគ្រប់គ្នាមើលឃើញផលប្រយោជន៍រួម នោះភាពជោគជ័យនឹងក្លាយជារឿងងាយស្រួល។
- សូមកុំប្រាប់តែពី “អ្វីដែលត្រូវធ្វើ” ប៉ុន្តែត្រូវពន្យល់ពី “មូលហេតុ” ឧទាហរណ៍៖ “យើងត្រូវធ្វើកិច្ចការនេះឲ្យរួចរាល់ ព្រោះវានឹងជួយឲ្យក្រុមយើងទាំងមូលទទួលបានប្រាក់លើកទឹកចិត្តនៅខែនេះ”។
១៧. ទំនុកចិត្ត គឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងដ៏រឹងមាំ
ការកសាងទំនុកចិត្ត ផ្ដើមចេញពីភាពស្មោះត្រង់។ អ្នកដែលទុកចិត្តយើង នឹងត្រៀមខ្លួនជានិច្ចក្នុងការទទួលយកមតិយោបល់ ឬការណែនាំរបស់យើង។
- វិធីលឿនបំផុតដើម្បីឲ្យគេទុកចិត្ត គឺការហ៊ានទទួលស្គាល់កំហុសរបស់ខ្លួនឯងដោយបើកចំហ។ ការនិយាយពាក្យថា “ខ្ញុំសុំទោស នេះជាកំហុសរបស់ខ្ញុំ” នឹងធ្វើឲ្យអ្នកមើលទៅជាមនុស្សចាស់ទុំ និងគួរឲ្យគោរព។

