មនុស្សដែលមានថាមពលវិជ្ជមាន ជាមនុស្សដែលបញ្ចេញឥទ្ធិពលល្អដល់ខ្លួនឯង និងអ្នកនៅជុំវិញ តាមរយៈគំនិត អាកប្បកិរិយា និងការប្រព្រឹត្តរបស់ពួកគេ។ លក្ខណៈសំខាន់ៗរួមមាន៖
- មានទស្សនៈវិជ្ជមាន — មើលឃើញឱកាសក្នុងបញ្ហា មិនផ្តោតតែលើការលំបាក។
- មានទំនុកចិត្តលើខ្លួនឯង — ជឿលើសមត្ថភាពរបស់ខ្លួន ប៉ុន្តែមិនមើលងាយអ្នកដទៃ។
- គ្រប់គ្រងអារម្មណ៍បានល្អ — មិនងាយឱ្យកំហឹង ឬអារម្មណ៍អវិជ្ជមានគ្រប់គ្រងខ្លួន។
- ចេះស្តាប់អ្នកដទៃ — ស្តាប់ដោយការគោរព និងព្យាយាមយល់មុននឹងវិនិច្ឆ័យ។
- ចូលចិត្តជួយ និងលើកទឹកចិត្តអ្នកដទៃ — ការរីកចម្រើនរបស់អ្នកដទៃមិនមែនជាការគំរាមកំហែងសម្រាប់ពួកគេ។
- ចូលចិត្តរៀន និងអភិវឌ្ឍខ្លួន — មើលកំហុសជាមេរៀន និងបន្តកែលម្អខ្លួន។
- ចេះដឹងគុណ — ឱ្យតម្លៃចំពោះអ្វីដែលខ្លួនមាន និងមនុស្សដែលបានជួយខ្លួន។
- ប្រើពាក្យសម្តីដែលស្ថាបនា — និយាយដោយការគោរព និងមិនបំបាក់ទឹកចិត្តអ្នកដទៃ។
- នាំមកនូវបរិយាកាសល្អ — នៅជិតពួកគេ អ្នកដទៃមានអារម្មណ៍ថាត្រូវបានគោរព សុវត្ថិភាព និងមានកម្លាំងចិត្ត។
- ផ្តោតលើដំណោះស្រាយ — នៅពេលមានបញ្ហា ពួកគេសួរថា “តើយើងអាចធ្វើអ្វីបាន?” ជាជាង “តើអ្នកណាជាអ្នកខុស?”
តើអ្នកធ្លាប់សង្កេតឬទេ? មានមនុស្សខ្លះមានថាមពលល្អ បើនិយាយឱ្យស្រួលស្ដាប់ គឺជាមនុស្សមានបុណ្យ មានស្នេហ៍ មានលាភ មានរាសី ហើយមនុស្សប្រភេទនេះទោះធ្វើអ្វីទៅណាមកណាក៏ដោយ តែងតែមានគេគោរពស្រឡាញ់ច្រើន នៅក្បែរនរណាៗក៏មានភាពកក់ក្តៅ។ ខាងក្រោមនេះ ជាលក្ខណៈសម្បត្តិរបស់មនុស្សដែលមានថាមពលវិជ្ជមាន៖
អត្ថបទទាក់ទង៖ វិធីសាស្រ្ត ១៦ យ៉ាង ដើម្បីក្លាយជាមនុស្សមានឥទ្ធិពល
១. ជាអ្នកស្ដាប់ដ៏ល្អ និងជាទីប្រឹក្សាផ្លូវចិត្តដ៏កក់ក្ដៅ
អ្នកដែលមានថាមពលល្អ តែងតែផ្ដល់នូវទីសុវត្ថិភាពផ្លូវចិត្តដល់អ្នកដទៃ មនុស្សដែលមានទុក្ខលំបាក តែងតែចង់មករៀបរាប់ប្រាប់អ្នក ព្រោះពួកគេដឹងថាអ្នកនឹងស្ដាប់ដោយយកចិត្តទុកដាក់ ដោយក្ដីមេត្តា និងមិនវិនិច្ឆ័យពួកគេផ្ដេសផ្ដាស។ ត្រឹមតែវត្តមាន និងការស្ដាប់របស់អ្នក ក៏អាចជួយសម្រាលទុក្ខសោករបស់គេបានមួយកម្រិតធំដែរ។
២. មិនងាយឆ្លងថាមពលអវិជ្ជមានពីអ្នកដទៃ និងឆាប់កែប្រែអារម្មណ៍
ទោះបីជាត្រូវធ្វើការ ឬរស់នៅក្បែរមនុស្សដែលពោរពេញដោយមនុស្សមិនល្អ ក៏អ្នកមានខែលការពារផ្លូវចិត្តដ៏រឹងមាំ អ្នកមិនអនុញ្ញាតឱ្យពាក្យសម្ដីអាក្រក់របស់គេ មកបំផ្លាញថ្ងៃដ៏ល្អរបស់អ្នកបានយូរឡើយ អ្នកមានសមត្ថភាពក្នុងការ “Reset” អារម្មណ៍របស់ខ្លួនឯងឱ្យត្រឡប់មកប្រក្រតី មានភាពរីករាយឡើងវិញបានយ៉ាងឆាប់រហ័ស។
៣. តែងតែជួបរឿងចៃដន្យល្អៗ ឬទទួលបានជំនួយទាន់ពេលវេលា
តាមច្បាប់ស្រូបទាញនៃចក្រវាល អ្វីដែលអ្នកបញ្ចេញទៅក្រៅ អ្នកនឹងទទួលបានមកវិញ ដោយសារតែអ្នកតែងតែគិតល្អ និយាយល្អ និងធ្វើល្អ ចក្រវាលហាក់ដូចជាតែងតែរៀបចំផ្លូវឱ្យអ្នកជានិច្ច អ្នកច្រើនតែជួបមនុស្សល្អៗដោយចៃដន្យ ទទួលបានឱកាសការងារល្អៗដោយមិននឹកស្មាន ឬពេលជួបគ្រោះថ្នាក់ តែងតែមានអ្នកមកជួយសង្គ្រោះទាន់ពេលវេលាជានិច្ច ហាក់ដូចជាមានទេវតាតាមថែរក្សា។
៤. តែងតែមើលឃើញពន្លឺក្នុងរឿងដ៏អាក្រក់
ពេលប្រឈមមុខនឹងបញ្ហា ឬការបរាជ័យ អ្នកមិនអង្គុយត្អូញត្អែរទម្លាក់កំហុសឱ្យព្រហ្មលិខិតនោះទេ អ្នកមានសមត្ថភាពពិសេសក្នុងការទាញយកមេរៀនពីភាពបរាជ័យនោះ ហើយតែងតែរកឃើញនូវ “ចំណុចល្អតិចតួច” ក្នុងស្ថានការណ៍ដ៏អាក្រក់។ ផ្នត់គំនិតនេះធ្វើឱ្យអ្នកឆាប់ងើបឈរឡើងវិញ និងធ្វើជាបង្គោលដ៏រឹងមាំសម្រាប់អ្នកជុំវិញខ្លួនពឹងផ្អែកបាន។
៥. ជាមនុស្សដែលមានស្នាមញញឹមចេញពីបេះដូង និងកែវភ្នែកពោរពេញដោយក្ដីមេត្តា
គេថា “កែវភ្នែកគឺជាបង្អួចនៃបេះដូង” មនុស្សដែលមាន Aura ល្អ មិនបាច់ប្រឹងធ្វើពុតជាញញឹមនោះទេ ពេលពួកគេញញឹម វាសាយភាយដល់កែវភ្នែករបស់ពួកគេ កែវភ្នែកនោះមើលទៅស្រទន់ ស្មោះត្រង់ គ្មានការលាក់គំនួចអាក្រក់ ឬការច្រណែនឈ្នានីសឡើយ ដែលធ្វើឱ្យអ្នកសន្ទនាជាមួយមានអារម្មណ៍រលាយបាត់ការនឿយហត់។
៦. ពេលប្រាប់គេថា “អត់លុយទេ” តែងតែគ្មានអ្នកណាជឿ
នេះមិនមែនមានន័យថាអ្នកចូលចិត្តអួតសម្ញែងឡើយ ប៉ុន្តែវាបណ្ដាលមកពី “ឥរិយាបថនៃភាពបរិបូរណ៍” របស់អ្នក។ ការរៀបចំខ្លួនបានសមរម្យ ដំណើរប្រកបដោយភាពជឿជាក់ និងការដែលអ្នកមិនដែលបង្ហាញអាកប្បកិរិយាតក់ស្លុត ឬត្អូញត្អែររឿងខ្វះខាត ធ្វើឱ្យអ្នកដទៃមានអារម្មណ៍ថា អ្នកតែងតែមានហិរញ្ញវត្ថុរឹងមាំ និងមានស្ថិរភាពក្នុងជីវិតជានិច្ច។
៧. ចេះកំណត់ព្រំដែនផ្ទាល់ខ្លួន តែមិនក្រអឺតក្រទម
ថាមពលល្អមិនមែនមានន័យថាទន់ខ្សោយ ឬបណ្ដោយឱ្យគេជាន់ឈ្លីនោះទេ អ្នកយល់ច្បាស់ពីតម្លៃរបស់ខ្លួនឯង ហ៊ានបដិសេធចំពោះរឿង ឬមនុស្សដែលមានថាមពលអវិជ្ជមាន ដោយសន្តិវិធីនិងភាពថ្លៃថ្នូរ។ អ្នកគោរពខ្លួនឯង ក្នុងកម្រិតស្មើគ្នាដែលអ្នកផ្ដល់ការគោរពដល់អ្នកដទៃ។
៨. ពេលដើរចូលហាង ឬភោជនីយដ្ឋានដែលស្ងាត់ មិនយូរប៉ុន្មានក៏មានភ្ញៀវផ្សេងចូលមកតាមក្រោយរហូតដល់អ៊ូអរ
ក្នុងជំនឿទូទៅ គេហៅថា “មនុស្សមានរាសីនាំលាភ” តាមទិដ្ឋភាពថាមពល មនុស្សដែលមានរលកសញ្ញាវិជ្ជមានខ្លាំង តែងតែនាំយកនូវបរិយាកាសអ៊ូអរ និងភាពរស់រវើកទៅកាន់ទីកន្លែងដែលពួកគេឈានជើងចូល។ មនុស្សទូទៅតែងតែត្រូវបានទាក់ទាញដោយថាមពលល្អៗនេះ ធ្វើឱ្យពួកគេចង់ដើរចូលមកកន្លែងនោះតាមអ្នកដោយចៃដន្យ។
៩. ជាមនុស្សដែលសត្វចូលចិត្តចូលនៅក្បែរ
សត្វមានញាណពិសេសម្យ៉ាងដែលអស្ចារ្យជាងមនុស្សក្នុងការចាប់យករលកសញ្ញាថាមពល ប្រសិនបើអ្នកមានភាពស្ងប់ស្ងាត់ មានសេចក្ដីមេត្តា និងគ្មានថាមពលគំរាមកំហែង សត្វដូចជាឆ្មា ឬសុនខ នឹងមានអារម្មណ៍សុវត្ថិភាពពេលនៅក្បែរអ្នក។ ពួកវានឹងដើរមករកអ្នកដោយឯកឯង ព្រោះវាដឹងថាអ្នកគឺជាទីជម្រកដ៏កក់ក្ដៅ។
១០. មនុស្សដែលជិតស្និទ្ធនឹងធម្មជាតិ ហើយការដាំដុះច្រើនតែលូតលាស់ល្អ
ថាមពលរបស់មនុស្ស និងធម្មជាតិមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ មនុស្សដែលមានថាមពលខាងក្នុងល្អ និងមានចិត្តត្រជាក់ ពេលដែលពួកគេដាំរុក្ខជាតិ ឬថែទាំផ្កា រុក្ខជាតិទាំងនោះច្រើនតែលូតលាស់បានយ៉ាងល្អ បៃតងស្រងាត់ និងឆាប់ចេញផ្កាផ្លែ នេះមកពីពួកគេបានបញ្ជូនក្ដីស្រឡាញ់ និងថាមពលនៃជីវិតទៅកាន់ធម្មជាតិទាំងនោះ។
១១. ជាមនុស្សដែលកុមារតូចៗតែងតែមានអារម្មណ៍សុវត្ថិភាព និងចង់នៅក្បែរអ្នក
កុមារតូចៗ មានចិត្តបរិសុទ្ធដូចក្រដាសស ហើយពួកគេងាយនឹងប្រតិកម្មទៅនឹងអារម្មណ៍ពិតរបស់មនុស្សធំ។ ពេលដែលអ្នកមានថាមពលវិជ្ជមាន មានក្ដីស្រឡាញ់ពិតប្រាកដ កុមារនឹងមិនខ្លាចរអាអ្នកឡើយ ផ្ទុយទៅវិញ ពួកគេនឹងសម្លឹងមើលអ្នក ញញឹមដាក់ ឬរត់មកលេងជាមួយអ្នកដោយក្ដីទុកចិត្ត ព្រោះពួកគេអាចអានពីភាពស្មោះត្រង់ និងភាពកក់ក្ដៅចេញពីបេះដូងរបស់អ្នកបាន។
១២. មនុស្សជាច្រើនតែងតែសម្លឹងមើលអ្នកដោយក្ដីកោតសរសើរ
អំណាចនៃភាពទាក់ទាញរបស់អ្នក មិនមែនកើតចេញពីរូបរាងដ៏ស្រស់ស្អាតតែម្យ៉ាងនោះទេ តែវាកើតចេញពី “ពន្លឺខាងក្នុង” របៀបដែលអ្នកនិយាយស្ដី របៀបដែលអ្នកផ្ដល់ស្នាមញញឹម និងការគោរពអ្នកដទៃ ធ្វើឱ្យអ្នកក្លាយជាមនុស្សដែលមានសិរីសួស្ដី ដែលនរណាៗឃើញហើយក៏មានក្ដីគោរព ស្រឡាញ់ និងចង់យកគំរូតាមដោយមិនដឹងខ្លួន។
១៣. ជាមនុស្សដែលមានបញ្ញា និងភាពស្ងប់ស្ងាត់ក្នុងចិត្ត ទោះបីជាជីវិតត្រូវឆ្លងកាត់ការពុះពាររាប់រយជំពូកក៏ដោយ
ព្យុះភ្លៀងនៃជីវិត និងការឈឺចាប់ មិនបានប្រែក្លាយអ្នកឱ្យទៅជាមនុស្សកាចសាហាវ គុំកួន ឬអស់សង្ឃឹមឡើយ ផ្ទុយទៅវិញ បទពិសោធន៍លំបាកៗទាំងនោះបានលត់ដំអ្នកឱ្យក្លាយជា “គ្រាប់ពេជ្រ” ដែលមានភាពចាស់ទុំខាងផ្លូវអារម្មណ៍ អ្នកចេះអត់ធ្មត់ យល់ពីច្បាប់ធម្មជាតិនៃជីវិត និងអាចរក្សាភាពស្ងប់ស្ងាត់ ទោះបីជាកំពុងស្ថិតក្នុងកាលៈទេសៈដ៏តានតឹងបំផុតក៏ដោយ ភាពស្ងប់ស្ងាត់នេះហើយ គឺជាអាវុធដ៏មានឥទ្ធិពលបំផុតរបស់អ្នក។
១៤. ជាមនុស្សដែលមើលទៅក្មេងជាងវ័យ
សម្រស់ខាងក្រៅ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសន្តិភាពខាងក្នុង, ការមិនសូវរើសយកភាពស្មុគស្មាញដាក់ខ្លួន ការចេះលះនូវរឿងអវិជ្ជមាន និងការមានចិត្តសប្បាយរីករាយ ធ្វើឱ្យអ្នកកាត់បន្ថយភាពតានតឹងក្នុងខួរក្បាល កាលណាគ្មានស្រ្តេស កោសិកាក្នុងរាងកាយក៏មិនងាយចាស់ជរា ដែលធ្វើឱ្យស្បែកមុខអ្នកភ្លឺថ្លា ស្រស់បំព្រង និងតែងតែមើលទៅក្មេងជាលំដាប់។
ថាមពលវិជ្ជមាន មិនមែនមានន័យថាត្រូវញញឹមគ្រប់ពេល ឬមិនដែលមានបញ្ហានោះទេ។ វាមានន័យថា ទោះជួបការលំបាក ក៏នៅតែជ្រើសរើសការឆ្លើយតបដែលមានស្មារតី ទទួលខុសត្រូវ និងស្ថាបនា។
តើអ្នកមានប៉ុន្មានចំណុចខាងលើនេះ?
សៀវភៅ ជំនាញទន់ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងទំនាក់ទំនង

