សុជីវធម៌ សម្គាល់ការរស់នៅល្អ មានរបៀបរៀបរយ ចេះគួរសមក្នុងការប្រាស្រ័យទាកទងជាមួយអ្នកដទៃ។ សុជីវធម៌ ពុំមែនជាបទបញ្ជា ឬជាច្បាប់ទេ ប៉ុន្តែវាគ្រាន់តែជាវិជ្ជាមួយសម្រាប់ឱ្យមនុស្សរៀនធ្វើខ្លួនឱ្យបានសមរម្យទៅតាមទំនៀមទម្លាប់ សុជីវធម៌សង្គម ចៀសវាងការប៉ះទង្គិចអារម្មណ៍រវាងមនុស្ស ដែលរស់នៅជាមួយគ្នានៅក្នុងសង្គម។ សុជីវធម៌ ជាសោភ័ណ និងវិធីសម្រាប់អប់រំមនុស្សឱ្យមានឬកពាថ្លៃថ្នូរ មានភាពស្លូតបូត មានសេចក្តីសុច្ចរិត ស្មោះត្រង់ មានសណ្តាប់ធ្នាប់ ចេះរៀបចំរបៀបរស់នៅឱ្យបានសមរម្យ ហើយមានតម្លៃនៅក្នុងសង្គម។ លក្ខណៈសម្បត្តិនៃសុជីវធម៌នេះហើយ ដែលបង្កើតឱ្យមានទំនាក់ទំនងរវាងមនុស្សនឹងមនុស្ស ហើយឱ្យមានការអភិវឌ្ឍទៅមុខជាលំដាប់ ដែលខុសពីទំនាក់ទំនងមនុស្សនឹងសត្វ។ សុជីវធម៌នៅក្នុងសង្គមនេះហើយ ដែលដឹកនាំសង្គមមនុស្សឱ្យចេះអប់រំគ្នាជារៀងរាល់ថ្ងៃ ដើម្បីសេចក្តីសុខ និងការអភិវឌ្ឍឡើង។
មនុស្សពុល ៨ ប្រភេទ ដែលយើងគួរចៀសវាងឲ្យឆ្ងាយ
ខាងក្រោមនេះ ជាសុជីវធម៌សង្គមមួយចំនួនដែលយើងគ្រប់គ្នាគួរដឹង៖
១. កុំនិយាយអាក្រក់ពីអ្នកដទៃក្រោយខ្នងគេ ព្រោះវាដូចជាអ្នកំពុងបង្ហាញប្រាប់ដៃគូសន្ទនាថា ថ្ងៃក្រោយអ្នកនឹងនិយាយដើមគេបែបហ្នឹងដែរ។
២. ត្រូវស្មោះត្រង់ ទោះបីជាវាពិបាកក៏ដោយ ហើយត្រូវហ៊ាននិយាយថាទេ នៅពេលដែលវាមិនស្រួលសម្រាប់អ្នក។
៣. កុំនិយាយដើមគេ ឬផ្សព្វផ្សាយពាក្យចចាមអារ៉ាម ទោះបីនៅលើបណ្តាញសង្គមក៏ដោយ។
៤. កុំសំឡក់សំឡឹង ឬបញ្ចេញមតិមិនសមរម្យអំពីអ្នកដទៃ។
៥. ប្រព្រឹត្តចំពោះអ្នកដទៃឱ្យដូចអ្វីដែលអ្នកចង់ឱ្យគេប្រព្រឹត្តមកលើអ្នកដែរ។
៦. ផ្តល់ជំនួយនៅពេលដែលអ្នកអាចធ្វើបាន ប៉ុន្តែកុំបង្ខំខ្លួនឯង។
៧. កុំឱ្យកំហឹងគ្រប់គ្រងសកម្មភាពរបស់អ្នក។
៨. កុំទម្លាប់និយាយកាត់ពេលអ្នកដទៃកំពុងនិយាយ។
៩. កុំវាយតម្លៃនរណាម្នាក់ដោយសាររូបរាងរបស់ពួកគេ។ មនុស្សជាច្រើន បានបាត់បង់ឱកាសដោយសារការវាយតម្លៃបែបនេះ។
១០. គោរពភាពឯកជនរបស់អ្នកដទៃជានិច្ច។
១១. កុំចេះតែស្មានៗចំពោះរឿងអ្នកដទៃ បើអ្នកខ្វល់ និងបារម្ភពិតប្រាកដ ត្រូវសួរនាំគេផ្ទាល់។
១២. សុំទោសនៅពេលដែលអ្នកធ្វើខុស។ ការខ្លាចបាក់អំនួត មិនបានជួយអ្វីឱ្យអ្នកទេ ផ្ទុយទៅវិញវានឹងបំផ្លាញអ្នក។
មនុស្សគ្រប់រូប សុទ្ធតែចង់រស់នៅក្នុងសិទ្ធិសេរីភាព សុភមង្គល និងសេចក្តីថ្លៃថ្នូរ។ ដើម្បីសម្រេចបំណងនេះបាន មនុស្សគ្រប់រូបត្រូវប្រព្រឹត្តិតាមច្បាប់ ប្រពៃណី ទំនៀមទម្លាប់ សុជីវធម៌របស់សង្គមឱ្យបានត្រឹមត្រូវ ព្រមទាំងចេះទទួលស្គាល់ចំណុចល្អ និងចំណុចមិនល្អរបស់ខ្លួន ដែលបានប្រព្រឹត្តកន្លងមក ហើយត្រូវព្យាយាមស្វែងយល់ និងកែលម្អរាល់ចំណុចខ្វះខាតទាំងនោះ ដើម្បីសម្អិតសម្អាងខ្លួនឱ្យក្លាយជាមនុស្សមានគុណតម្លៃ មានសេចក្តីថ្លៃថ្នូរសម្រាប់ខ្លួនឯង គ្រួសារ និងចេះរស់នៅចុះសម្រុងក្នុងសង្គម។ មនុស្សម្នាក់ៗកើតមកហើយត្រូវតែរស់នៅជាមួយអ្នកដទៃ រស់នៅជាមួយសង្គមមនុស្ស ដែលត្រូវមានទំនាក់ទំនងគ្នាទៅវិញទៅមក។ ទំនាក់ទំនងរវាងមនុស្សនឹងមនុស្ស និងការរស់នៅរបស់មនុស្សនៅក្នុងសង្គម តែងតែមានភាពសុខដុមរមនា គ្មានការប៉ះទង្គិច ការសៅម្មងក្នុងចិត្តដោយសារគេយល់ដឹង និងការប្រកាន់ភ្ជាប់សុជីវធម៌។