ការដេកចាំពេលវេលាល្អឥតខ្ចោះ គឺជាសត្រូវដ៏ធំបំផុតនៃភាពជោគជ័យ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរជីវិត អ្នកត្រូវឈប់ធ្វើជាទាសករនៃពាក្យថា “ចាំបន្តិច” ។ មានលេសច្រើន ធ្វើឱ្យយើងកាន់តែខ្ជិល ពន្យារពេលច្រើន ធ្វើឱ្យយើងខាតពេល ពេលវេលាកាន់តែដើរលឿន តើយើងពន្យារពេលដល់ណាទៀត? មនុស្សមួយចំនូន ព្រោះតែចាញ់ខ្លួនឯង គឺការពន្យារពេលនេះហើយ ទើបបំផ្លិចបំផ្លាញក្ដីសុបិន្ដ អនាគត និងបរាជ័យក្នុងជីវិតច្រើន។
លេស + ពន្យារពេល + ខ្ជិល = បរាជ័យ
ខាងក្រោមនេះ ជាមធ្យោបាយមួយចំនួនដើម្បីបញ្ឈប់លេសពន្យារពេល៖
១. កុំបណ្តោយឱ្យអារម្មណ៍ដឹកមុខ
អារម្មណ៍ គឺជាអ្វីដែលមិនទៀងទាត់ បើអ្នកចាំទាល់តែ “មានអារម្មណ៍ចង់ធ្វើ” ទើបធ្វើ អ្នកប្រហែលជាត្រូវចាំអស់មួយជីវិត។ ការសម្រេចចិត្តដោយផ្អែកលើអារម្មណ៍ឆេវឆាវ ឬភាពមួម៉ៅ តែងតែនាំទៅរកកំហុស។
ប្រសិនបើថ្ងៃណាមានអារម្មណ៍មិនល្អ ត្រូវសម្រាកឱ្យខួរក្បាលស្ងប់សិន នៅពេលអារម្មណ៍មានស្ថេរភាព ទើបសម្រេចចិត្តដោយប្រើ “វិន័យ” ជាជាងប្រើ “អារម្មណ៍”។
អត្ថបទទាក់ទង៖ ២៧ ឃ្លា អំពីសិល្បៈនៃការបដិសេធ ដើម្បីជីវិតកាន់តែប្រសើរ
២. ឈប់បារម្ភពីលទ្ធផលឆ្ងាយពេក
ការគិតដល់លទ្ធផលចុងក្រោយដែលធំធេងពេក ចួនកាលវាធ្វើឱ្យយើងភ័យខ្លាច ខ្លាចមិនជោគជ័យ ខ្លាចហត់ ខ្លាចខាតពេល ក្តីបារម្ភទាំងនេះហើយដែលធ្វើឱ្យយើងមិនហ៊ានចាប់ផ្តើម។
អ្នកមិនចាំបាច់មើលឃើញផ្លូវដល់ទីបញ្ចប់នោះទេ គ្រាន់តែសួរខ្លួនឯងថា “តើជំហានដំបូងដែលខ្ញុំត្រូវធ្វើឥឡូវនេះគឺជាអ្វី?” រួចធ្វើវាទៅ។
៣. បំបែកការងារធំឱ្យទៅជាតូចបំផុត
ប្រសិនបើការងារនោះមើលទៅគួរឱ្យខ្លាច មានន័យថាអ្នកមិនទាន់បានបំបែកវាឱ្យតូចល្មមនៅឡើយទេ ការងារធំដូចភ្នំ អាចបង្កើនភាពភ័យខ្លាច ប៉ុន្តែការងារតូចតាចដែលប្រើពេលត្រឹម ៥ នាទី គឺជារឿងងាយស្រួល។
បំបែកវាឱ្យតូចរហូតដល់អ្នកមានអារម្មណ៍ថា “ធ្វើវាមួយភ្លែតក៏រួចដែរ” មិនបាច់ស្អាតឥតខ្ចោះទេ គ្រាន់តែចាប់ផ្តើមធ្វើវាឱ្យចេញជារូបរាងសិន។
៤. រឿងសំខាន់បំផុត ត្រូវធ្វើនៅពេលព្រឹក
ពេលព្រឹកគឺជាពេលវេលាដែលខួរក្បាលស្រឡះបំផុត មិនទាន់មានរឿងរញ៉េរញ៉ៃពីពិភពខាងក្រៅមករំខាន ថាមពលរបស់អ្នកនៅពេញលេញ ចិត្តរបស់អ្នកនៅស្ងប់ល្អ។
យករឿងដែលពិបាកបំផុត និងសំខាន់បំផុតមកធ្វើមុនគេបង្អស់ នៅពេលរឿងពិបាកត្រូវបានដោះស្រាយតាំងពីព្រឹក នោះពេលវេលាដែលនៅសល់ពេញមួយថ្ងៃរបស់អ្នកនឹងមានអារម្មណ៍ស្រាល និងពោរពេញដោយមោទនភាព។
៥. ផ្តល់រង្វាន់លើកទឹកចិត្តដល់ខ្លួនឯង
នៅពេលអ្នកបញ្ចប់កិច្ចការណាមួយបានជោគជ័យ ចូរផ្តល់រង្វាន់តូចតាចឱ្យខ្លួនឯង ដូចជាការស្តាប់ចម្រៀង ការញ៉ាំអាហារដែលចូលចិត្ត ឬការសម្រាកខ្លីៗ ការធ្វើបែបនេះនឹងជួយឱ្យខួរក្បាលចងចាំនូវអារម្មណ៍ល្អបន្ទាប់ពីធ្វើការងាររួច និងចង់ធ្វើវាបន្តទៀតនៅពេលក្រោយ។
៦. រៀបចំបរិយាកាសជុំវិញខ្លួនឱ្យមានរបៀប
កុំទុករបស់ដែលរំខានអារម្មណ៍ដូចជា ទូរសព្ទ ឬគ្រឿងកម្សាន្តនៅជិតខ្លួនពេលកំពុងធ្វើការ បរិយាកាសដែលស្អាត និងមានរបៀប នឹងជួយកាត់បន្ថយការស្ទាក់ស្ទើរ និងជួយឱ្យអ្នកឆាប់ចូលទៅក្នុងស្ថានភាពផ្តោតអារម្មណ៍ បានលឿនជាងមុន។
៧. ផ្តោតលើរឿងតែមួយ
កុំព្យាយាមធ្វើអ្វីច្រើនក្នុងពេលតែមួយ ខណៈពេលដែលបរិយាកាសជុំវិញខ្លួនពោរពេញដោយការរំខាន ការធ្វើការងារច្រើនមុខ មិនមែនជារឿងអស្ចារ្យទេ វានឹងធ្វើឱ្យខួរក្បាលរបស់អ្នកហត់នឿយ និងបាត់បង់ការផ្តោតអារម្មណ៍។
ជ្រើសរើសកិច្ចការដែលសំខាន់បំផុតតែ “មួយគត់” រួចធ្វើវាឱ្យចប់សិន នៅពេលអ្នកបញ្ចប់រឿងមួយដោយជោគជ័យ អ្នកនឹងមានកម្លាំងចិត្តធ្វើរឿងបន្ទាប់ទៀត។
៨. កុំពន្យល់ខ្លួនឯងច្រើនពេក
កាន់តែអ្នកព្យាយាមរកហេតុផល កាន់តែអ្នកព្យាយាមរកលេស ការគិតច្រើនពេកនាំឱ្យកើតមាន “ភាពខ្វិននៃការវិភាគ” ដែលធ្វើឱ្យអ្នកនៅសម្ងំមួយកន្លែងមិនព្រមងើបទៅធ្វើសកម្មភាព។
មិនចាំបាច់យល់សាច់ការទាំងអស់មុននឹងចាប់ផ្តើមនោះទេ គ្រាន់តែងើបឈរ រួចចាប់ផ្តើមធ្វើសកម្មភាពដំបូងទៅ អ្វីៗនឹងច្បាស់លាស់នៅពេលអ្នកកំពុងធ្វើដំណើរ។
៩. បង្ហាញការតាំងចិត្តជាសាធារណៈ
ប្រាប់អ្នកដទៃ ឬមនុស្សជិតស្និទ្ធថាអ្នកនឹងធ្វើអ្វីមួយ នៅពេលអ្នកនិយាយចេញមក វាប្រៀបដូចជាការចងចំណងសន្យាជាមួយខ្លួនឯង សម្ពាធផ្លូវចិត្តតិចតួចពីខ្សែភ្នែកអ្នកដទៃនឹងក្លាយជាកម្លាំងរុញច្រានឱ្យអ្នកមិនហ៊ានបោះបង់ចោលងាយៗ។
ប្រាប់មិត្តភក្តិ ឬបង្ហោះលើបណ្តាញសង្គមថា “ខ្ញុំនឹងបញ្ចប់កិច្ចការនេះឱ្យបាននៅថ្ងៃស្អែក” សេចក្តីថ្លៃថ្នូររបស់អ្នក នឹងជួយឱ្យអ្នកឈប់ពន្យារពេល។
១០. ឈប់យកទម្លាប់អាក្រក់មកធ្វើជាលេស
ពាក្យថា “ខ្ញុំជាមនុស្សឆាប់ប្តូរចិត្ត” ឬ “ខ្ញុំជាមនុស្សខ្ជិលពីកំណើត” មិនមែនជាពាក្យដែលគួរឱ្យមានមោទនភាពឡើយ វាគ្រាន់តែជាលេសដែលជួយឱ្យអ្នកមានអារម្មណ៍ល្អក្នុងភាពបរាជ័យតែប៉ុណ្ណោះ។
ទទួលខុសត្រូវលើការសម្រេចចិត្តរបស់ខ្លួនឯង ប្រសិនបើអ្នកចង់ធំធាត់ក្នុងជីវិត អ្នកត្រូវហ៊ានប្រឈមមុខនឹងភាពលំបាក ហើយដើរទៅមុខដោយគ្មានលេស។
ការឈប់ពន្យារពេល មិនមែនជាការរង់ចាំ “កម្លាំងចិត្ត” នោះទេ ប៉ុន្តែវាគឺជាការបង្កើត “ទម្លាប់” និង “វិន័យ” ចាប់ផ្តើមពីឥឡូវនេះ ជំហានតូចមួយនៅថ្ងៃនេះ នឹងក្លាយជាសមិទ្ធផលដ៏ធំនៅថ្ងៃស្អែក។
ឈប់រកលេស ឈប់ពន្យារពេល
សៀវភៅ ជំនាញបង្វឹកសម្រាប់អ្នកដឹកនាំនៅកន្លែងធ្វើការ

