មានបុរសកំសត់ទុគ៌តម្នាក់ រកស៊ីកាប់ឧសលក់ ។ ថ្ងៃមួយកំពុងតែលីឧសមួយបាច់ ទាំងមែកទាំងស្លឹកយ៉ាងធ្ងន់ ខ្លួនក៏ចាស់ ថ្ងូរផង ដើរផង ខ្នងកោង ៗ ក្បាលងក់ ៗ លើកជើងបោះជំហានស្ទើរមិនរួច គាត់ខំប្រឹងទៅឲ្យដល់ខ្ទមកន្រ្ទួចរុំសុទ្ធតែផ្សែងភ្លើង ។ ដោយនឿយព្រួយពេក អស់កម្លាំងស្ទើរដកដង្ហើមមិនដល់គ្នា គាត់ក៏ទម្លាក់បាច់ឧស អង្គុយគិតនឹកដល់សេចក្ដីទុក្ខលំបាករបស់គាត់ហើយពោលថាៈ «អ្នកឯងបានសេចក្ដីសប្បាយយ៉ាងណាហើយ ចាប់តាំងពីអ្នកឯងកើតមកក្នុងលោកនេះ ! បើគិតឲ្យសព្វទៅ មិនគឺអ្នកឯងហ្នឹងហើយ ដែលជាមនុស្សកំសត់ជាងគេនៅលើដីមូលនេះ ! ជួនកាលដាច់ពេល ហើយមិនដែលមានវេលាទំនេរសោះ ។ ប្រពន្ធអ្នកឯង កូនប្រុសស្រី ទាហាន ពន្ធដារសព្វគ្រប់ មេបំណុលនឹងកំណែនទាំងអស់នេះ បន្ថែមបង្ហើយនូវសេចក្ដីក្រមកលើអ្នក ហើយធ្វើឲ្យអ្នកឯងទៅជាមនុស្សលំបាកវេទនាមកដល់សព្វថ្ងៃនេះ » ។ គិតឃើញយ៉ាងដូច្នេះហើយ ទើបបុរសកំសត់ហៅម្រឹត្យូវមកកាច់យកឲ្យស្រឡះទៅ ។ ម្រឹត្យូវមកភ្លាម ហើយសួរថា ត្រូវឲ្យវាធ្វើដូចម្ដេច ។ បុរសកំសត់ឆ្លើយថាៈ «យើងហៅរកអ្នកឲ្យមកជួយលើកឧសដាក់លើស្មាបន្តិច រួចបង្អង់ ថយចេញឲ្យឆាប់ៗទៅ » ។ ទោះបីយើងចង់ស្លាប់ក៏ដោយ តែសេចក្ដីស្លាប់មកដល់ហើយ រមែងធ្វើឲ្យមនុស្សទាំងអស់ ស៊ូរងទុក្ខវេទនាជាជាងស្លាប់ៈ ហ្នឹងហើយជាបំណងរបស់មនុស្សលោក ។
ដកស្រង់ពីល្បើកឡាហ្វុងតែន
ស្ដាប់នៅលើយូធូប