អ្នកប្រាជ្ញ គួរធ្វើល្ងង់ក្នុងកាលខ្លះ ដើម្បីសន្តិភាព។
កាលកន្លងមកជាយូវអង្វែង មានកូនបក្សីបី គឺ កូនក្ងោក កូនសាលិកា កូនកុក នៅអាស្រ័យក្នុងសំបុកលើមែកព្រឹក្សាជិតៗគ្នា។ គ្រានោះ មានព្រានព្រៃបីនាក់ មានមុខរបបចិញ្ចឹមជីវិតដោយការប្រម័ញ្ចសត្វ មុននឹងត្រលប់មកកាន់ផ្ទះរបស់ខ្លួន ព្រានព្រៃទាំងបីនាក់ប្រទះឃើញកូនបក្សីទាំងបីក៏ចាប់យកមួយៗម្នាក់មកចិញ្ចឹម។
ព្រានព្រៃទាំងបីនាក់ មានសេចក្ដីស្រលាញ់ចំពោះកូនបក្សីទាំងបីហាក់ដូចជាកូនបង្កើតរបស់ខ្លួន តាំងចិត្តចិញ្ចឹមយ៉ាងល្អដោយការហ្វឹកបង្រៀននូវសិល្បះដល់កូនបក្សីក្នុងចិត្ដគិតថា នឹងយកជាគ្រឿងបណ្ណាការថ្វាយដល់សេ្ដច។
ព្រានព្រៃម្នាក់ចិញ្ចឹមក្ងោក ព្យាយាមហ្វឹកហាត់អោយចេះរាំ ចេះក្រាបសំពះ ក្ងោកជាសត្វពុំសូវមានគំនិតចេះតែត្រាប់តាមរហូតធ្វើអោយបំណងរបស់ម្ចាស់បានសម្រេច។ព្រានម្នាក់ ទៀតចិញ្ចឹមសារិកាអោយចេះនិយាយភាសាមនុស្ស ដោយសារសារិកាជាសត្វមានគំនិតខ្លីខំប្រឹងនិយាយភាសាមនុស្សរហូតបានចេះចាំស្ទាត់។ចំនែកព្រានម្នាក់ទៀតចិញ្ចឹមកុកខំបង្រៀង កុកអោយធ្វើតាមបំណងរបស់ខ្លួន ដោយសារកុកជាសត្វមានគតិបណ្ឌិត គិតក្នុងខ្លួនថា «អញមិនគួរបើនឹងធ្វើជាអ្នកចេះរាំ ក្រាបសំពះ ឬនិយាយទេ បើអញធ្វើជាអ្នកចេះពិតជាត្រូវព្រានព្រៃចាប់ដាក់ទ្រុងជាពុំខាន» គិតដូច្នោះហើយធ្វើពើមិនរវល់នឹងត្រាប់តាមម្ចាស់ សូម្បីត្រូវម្ចាស់វាយដំ ស្រែកឡូឡាដាក់ក៏ដោយ។
ថ្ងៃមួយ ព្រានព្រៃទាំងបីនាក់ យកសត្វបក្សីរបស់ខ្លួនមកសំដែងអោយព្រះរាជាទ្រង់ទត ព្រានចិញ្ចឹមក្ងោក និងសារិកាបានបញ្ជាអោយសត្វបក្សីរបស់ខ្លួនសំដែងទៅតាមការណែនាំ ព្រះរាជាទតឃើញដូច្នោះ ទ្រង់សព្វព្រះហឫទ័យ ត្រាស់បង្គាប់អោយអាមាត្យចងបក្សីទាំងពីរ ទុកក្នុងក្រងក្បែរនោះ។ចំណែកព្រានម្នាក់ទៀត ក្រាបទូលព្រះរាជាថា«បពិតសម្មតិទេព សត្វកុកនេះល្ងង់ណាស់គ្មានចេះអ្វីទេ សូម្បីខំហ្វឹកហាត់យ៉ាងណាក៏ដោយ ចេះតែម្យ៉ាងគឺស្រែកក្រក ៗ » ព្រះរាជាត្រាស់បង្គាប់អោយព្រានព្រៃនេះដោះលែងសត្វកុក។ កុកបណ្ឌិត កាលត្រូវគេលែងហើយ ហើរទំលើកំពូលប្រាសាទ សូត្រគាថាជាភាសាមនុស្សថា៖
«ពក្កោ បណ្ឌិតោ រាជ ភាសកញ្ចេវមាវច មយូរា
សាលិកាចេវ ពហូ ញាតា ពហូ ពទ្ធា»
«បពិតមហារាជ ខ្ញុំជាកុកបណ្ឌិតមានប្រាជ្ញា ម្ចាស់ខ្ញុំព្រះអង្គអោយនិយាយ ខ្ញុំមិននិយាយឡើយ ដើម្បីដោះខ្លួនអោយរួចពីចំណង ឯក្ងោកនិងសាលិកាជាអ្នកចេះដឹងច្រើនជាប់ចំណងក៏ច្រើន»។
ព្រះរាជាទ្រង់ព្រះសណ្ដាប់ហើយ បន្លឺព្រះសូរសិហនាទថា«សាធុ ៗ អ្នកពិតជាបណ្ឌិត មានប្រាជ្ញាមែន»។ កុកបណ្ឌិតហើរទៅកាន់គោលដៅរបស់ខ្លួនតាមវត្ថុបំណង។ ចំណែកព្រះរាជា ទតឃើញសត្វក្ងោក និងសារិកាមានចិត្ដអាណិតទើបទ្រង់ត្រាស់អោយដោះលែង។